មន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ បានបណ្ដេញជនបរទេស ២៦៣នាក់ ចេញពីកម្ពុជា ក្រោយចាប់ខ្លួនពួកគេដោយរកឃើញថា ពួកគេទាំងនោះបានឆ្លងដែន និងស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែតុលា បានឱ្យដឹងថា ពីថ្ងៃទី២០ដល់ទី២២ ខែតុលា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសចំនួន ២៦៣នាក់ ស្រី២៦នាក់ មាន៤សញ្ជាតិចេញពីកម្ពុជា។ ប្រភពដដែលថា ក្នុងនោះ មានជនជាតិបង់ក្លាដេស ចំនួន២នាក់, ជនជាតិថៃ ចំនួន១៦នាក់ ជនជាតិវៀតណាមចំនួន ១៧១នាក់ និងជនជាតិចិនចំនួន ៧៤នាក់។
សេចក្តីប្រកាសព័ត៌មាននេះឱ្យដឹងថា ការបណ្តេញចេញនោះ ដោយអនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ហើយជនបរទេសទាំងនោះ ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ អះអាងថា ជនបរទេសទាំង ២៦៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ហើយត្រូវបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល ៣ឆ្នាំ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនជាតិវៀតណាម និងចិនចំនួន២៣០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា កាលពីម្សិលមិញ ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការកំណត់ និងប្រើប្រាស់ទិដ្ឋាការខុសគោលដៅ។
កាលពីខែកញ្ញា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបណ្ដេញជនបរទេសចំនួន២៣០នាក់ មានស្រី៥០នាក់ និងមានពីរសញ្ជាតិចេញពីកម្ពុជា។ លិខិតបន្តថា ក្នុងនោះជនជាតិវៀតណាមមាន ២២៨នាក់ និងជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធបទល្មើសដូចគ្នានេះដែរ ពោលគឺ បទល្មើសលួចស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការកំណត់ និងប្រើប្រាស់ទិដ្ឋាការខុសគោលដៅ ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ចេញផ្សាយនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេល ៥១ថ្ងៃដោយគិតចាប់ពីថ្ងៃ១៨ ខែសីហាដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្រុមការងារបានសហការចុះត្រួតពិនិត្យ ទីតាំងចំនួន១០ ក្នុងខេត្តព្រះសីហនុ។
គ.ជ.ប.ជ ថា ក្នុងពេលចុះពិនិត្យ១០ទីតាំងនោះ រកឃើញមានជនបរទេសចំនួន ២ ៧៦០នាក់ ក្នុងនោះជនបរទេសដែលមានលិខិតឆ្លងដែនត្រឹមត្រូវ ១ ៩៤៦នាក់ ប៉ុន្តែ គ្មានបណ្ណការងារ ១ ៥១២នាក់។ សមត្ថកិច្ចជំនាញអះអាងថា ក្នុងចំណោមជនបទល្មើសទាំងនោះ មានជនបរទេស ៦៨៥នាក់ សមត្ថកិច្ចកំពុងរៀបចំបែបបទបណ្ដេញពីកម្ពុជា ហើយចំនួន ៩២០នាក់ទៀត កំពុងស្នាក់នៅក្នុងទីស្នាក់ការដែលត្រៀមរៀបចំបណ្ដេញពីកម្ពុជាផងដែរ៕