រថយន្ត​ដឹក​លើស​ទម្ងន់​ជាង​២​ពាន់​គ្រឿង​ត្រូវ​បាន​ផាក​​ពិន័យ​ក្នុង​រយៈពេល​៩​ខែ​​ឆ្នាំ​២០២២

រថយន្តដឹកដីកំពុងធ្វើចរាចរណ៍លើដងផ្លូវដែលកំពុងខូចខាត សង្កាច់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ (ពក ពន្លឺ)

ក្រសួងសារធារណការ និងដឹកជញ្ជូន ឱ្យដឹងថា រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួនជិត ២ ៥០០គ្រឿង ​ត្រូវបានផាកពិន័យ ក្នុងរយៈពេល ៩ខែ ​ឆ្នាំ២០២២។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ថា តាមរយៈកិច្ចប្រជុំមួយក្នុងសប្តាហ៍នេះ ស្តីពីលទ្ធផលការងាររបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បង្ហាញថា ក្នុងរយៈពេល៩ ខែនៃឆ្នាំ២០២២នេះ   មន្ត្រីជំនាញបានត្រួតពិនិត្យរថយន្ត​សរុបចំនួន ២ ៥៧៩ ២៦០គ្រឿង ក្នុងនោះរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ក្នុងកម្រិតអនុគ្រោះមានចំនួន ៨៤៤ ៥៧៨គ្រឿង ស្នើនឹង ៣២,៧៤% ។ បន្ថែមពីនេះ រថយន្តផ្ទុកលើសទម្ងន់ត្រូវបានពិន័យមានចំនួន ២ ៤៧០គ្រឿង ប៉ុន្តែក្រសួងមិនបានបង្ហាញចំនួនទឹកប្រាក់បានពីការផាកពិន័យរថយន្តទាំងនេះថាមានចំនួនប៉ុន្មាននោះទេ។

ប្រភពដដែលបន្តថា អង្គប្រជុំនោះ បានលើកឡើងពីការងារអនុវត្តបានក្នុងរយៈពេល៣ត្រីមាសនេះ ដូចជាចុះផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ជាពិសេសចុះអប់រំដល់ម្ចាស់ដេប៉ូខ្សាច់ ឱ្យចូលរួមគោរពតាមបទដ្ឋានបច្ចកទេសស្ដីពីការដឹកជញ្ជូនដើម្បីបញ្ចៀសឱ្យបាននូវការដឹកលើសទម្ងន់ដែលនាំឱ្យខូចខាតផ្លូវថ្នល់ជាតិ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាសោភ័ណភាពទីក្រុង។

បន្ថែមពីនេះ គណៈកម្មាធិការនេះ ក៏បានដាក់ប្រើប្រាស់ជញ្ជីងឌីណាមិចចំនួន ៤ស្ថានីយបន្ថែម និងការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធការពាររន្ទះនៅគ្រប់ស្ថានីយ ដើម្បីត្រួតពិនិត្យ និងតាមដានសកម្មភាពការងារ និងពង្រឹងការអនុវត្តការងារឱ្យបានគ្រប់ជ្រុងជ្រោយ។

ក្រសួងសាធារណការអះអាងថា ក្នុងទិសដៅការងារបន្ទាប់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងបន្តផ្សព្វផ្សាយបទដ្ឋានគតិយុត្តនៃការដឹកជញ្ជូនលើសទម្ងន់ជាពិសេសច្បាប់ផ្លូវថ្នល់មាត្រា៦០ ដល់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ និងសហការជាមួយភាគីពាក់ព័ន្ធដើម្បីទប់ស្កាត់បញ្ហាដឹកលើសទម្ងន់។ ទន្ទឹមនឹងនេះ គណៈកម្មាធិការ នឹងពង្រឹងការគ្រប់គ្រង និងការអនុវត្តការងារដូចជា ការសាងសងស្ថានីយថ្មី ការរុះរើ និងជួសជុលស្ថានីយ និងការតភ្ជាប់បណ្តាញបច្ចេកវិទ្យាពីគ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ មកទីស្តីការក្រសួង។

ច្បាប់ស្តីពីផ្លូវថ្នល់ដែលប្រកាសឱ្យប្រើកាលពីឆ្នាំ២០១៤ មាត្រា ៦០ បានចែងថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ មិនចូលថ្លឹងនៅស្ថានីយ៍ជញ្ជីងតាមបណ្តាញផ្លូវត្រូវពិនិត្យអន្តរការណ៍ចំនួន៥សែនរៀល។ បន្ថែមពីនេះ ប្រសិនបើរថយន្តនោះផ្ទុកលើសទម្ងន់មិនលើស៥ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវ​ព្រមានជាលាយលក្ខណ៍អក្សរ។ មាត្រាដដែលបញ្ជាក់ថា ករណីរថយន្តនោះផ្ទុកទម្ងន់លើសពី៥ភាគរយទៅ១០ភាគរយ ត្រូវរើទំនិញចេញនិងឃាត់យានជំនិះទុករយៈពេល១០ថ្ងៃ និងត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន១០ម៉ឺនរៀលឬ ១សែនរៀល ក្នុងទម្ងន់លើ១តោន ព្រមទាងដកបណ្ណបើកបរព្យួរទុករយៈពេល១០ថ្ងៃ។

មាត្រា៦០ បន្តថា ករណីរថយន្តផ្ទុកលើពី១០ភាគរយទៅ២០ភាគរយនៃទម្ងន់កម្រិតកំណត់ ត្រូវរើទំនិញចេញនិងឃាត់រថយន្តទុក១ខែ និងពិន័យអន្តរការណ៍ជាប្រាក់២សែនរៀលក្នុងទម្ងន់១តោន ហើយត្រូវដកបណ្ណបើកបរ និងព្យួរទុករយៈពេល៦ខែ។

មាត្រាដដែលនេះ ក្នុងករណីរថយន្តដឹកលើសពី២០ភាគរយនៃទម្ងន់កម្រិតកំណត់ ត្រូវរើទំនិញចេញ និងឃាត់រថយន្តទុករយៈពេល១ឆ្នាំ។ ជាមួយគ្នានេះ ត្រូវពិន័យអន្តរការណ៍ចំនួន៣សែនរៀលក្នុងទម្ងន់១តោន ព្រមទាំងដកបណ្ណបើកបរ និងព្យួររយៈពេល២ឆ្នាំ។  

​ច្បាប់ស្ដីពីផ្លូវថ្នល់ មាត្រា៦០ ក៏បានឱ្យដឹងថា ក្នុងករណីដែលទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្ត​ប្រព្រឹត្តល្មើសទៀត ត្រូវពិន័យ​ជាប្រាក់ទ្វេដង និងបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួនមួយឆ្នាំ។ ជាមួយគ្នានេះ ម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងថែទាំទំនិញនិងយានជំនិះដោយខ្លួនឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ