គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនៅទូទាំងប្រទេសបណ្តាលឱ្យប៉ះពាល់ខេត្តចំនួន២៣ និងប៉ះពាល់ដល់ពលរដ្ឋចំនួនជិត ១៥ម៉ឺនគ្រួសារ ដែលស្មើចំនួនពលរដ្ឋជិត៧០ម៉ឺននាក់។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតមកដល់ត្រឹមថ្ងៃទី២៣ ខែតុលា គ្រោះទឹកជំនន់បានលិចលង់ខេត្តចំនួន២៣ ដែលស្មើ ក្រុង ស្រុក ខណ្ឌចំនួន១២៥ និង៥១៣ឃុំ-សង្កាត់នៅទូទាំងប្រទេស។
គ្រោះទឹកជំនន់នេះ ធ្វើឱ្យប៉ះពាលដល់ប្រជាពលរដ្ឋ ១៤៨ ៧៣៩គ្រួសារ ស្មើប្រមាណ ៦៦៩ ៣២៦នាក់ ដោយក្នុងនោះមានប្រជាពលរដ្ឋ ៥ ៦៣៦គ្រួសារ ស្មើប្រមាណ ២៥ ៣៦២នាក់បានចម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាព។ របាយការណ៍ដដែលបញ្ជាក់ថា គ្រោះទឹកជំនន់នេះក៏បានបណ្តាលឱ្យមនុស្ស ១៤នាក់ស្លាប់ផងដែរ។
របាយការណ៍លើកឡើងបន្តថា ទឹកជំនន់នេះក៏បានធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៧៤ ៦៥០ខ្នង និងខូចខាត ១៥៩ខ្នង ប៉ះពាល់សាលារៀន ៣៨២សាលា និង ១១៣វត្ត ។ ដោយឡែក ទឹកលិចស្រូវមានប្រមាណ ២១៩ ០១៤ ហិកតា ដោយខូចខាតទាំងស្រុង ១១៩ ៨១៥ហិកតា។ ដំណាំរួមផ្សំលិចទឹកចំនួន ៧៥ ៣២៨ហិកតា និងខូចខាតទាំងស្រុងចំនួន ៣៥ ៩៨៦ហិកតា។ ជាមួយគ្នានេះ ផ្ទៃដីដែលអាចស្តារស្រូវឡើងវិញបានមានចំនួន ៦០ ២៦៧ ហិកតា និងមានគ្រួសារដែលអាចស្តារស្រូវឡើងវិញបាន មានចំនួន ៦៨ ០៧៤ហិកតា។
បណ្តាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់ឆ្នាំ២០២២នេះ រួមមានខេត្តបន្ទាយមានជ័យ កំពង់ធំ បាត់ដំបង និងពោធិ៍សាត់ ជាដើម។
ឆ្លើយតបទៅនឹងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នេះ រាជរដ្ឋាភិបាលបានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធចុះស្រាវជ្រាវនិងស្រង់ទិន្នន័យជាក់លាក់ពីផលប៉ះពាល់ដើម្បីបញ្ចេញស្បៀងឬជំនួយបឋម និងគ្រាប់ពូជសម្រាប់ជួយដល់ប្រជាកសិករឱ្យទាន់ពេលវេលា។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា លោក ហ៊ុន សែន បានស្នើទៅដល់គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ផ្តល់ការអនុគ្រោះដល់អ្នកខ្ចីឥណទានដែលរងផលប៉ះពាល់ផ្ទាល់ដោយគ្រោះទឹកជំនន់។
ភាពអនុគ្រោះទាំងនោះ ដូចជាតាមរយៈការពន្យារពេលសង បន្ធូរបន្ថយអត្រាការប្រាក់ និងការរៀបចំឥណទានឡើងវិញ ដោយមិនត្រូវទៅរឹបអូសផ្ទះសម្បែងរបស់ពួកគាត់នោះឡើយ។
ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រី ក៏បានផ្តាំទៅមន្ត្រីកសិកម្មទាំងអស់ រួមទាំងអាជ្ញាធរដែនដី ត្រូវចុះទៅពិនិត្យវាយតម្លៃផលប៉ះពាល់ទឹកជំនន់ និងស្ថិតិពលរដ្ឋដែលរងគ្រោះ ព្រមទាំងដោះស្រាយបញ្ហាភ្លាមៗជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕









