មានរយៈពេល៥ខែហើយដែលលោក កែវ វណ្ណៈ ត្រូវបានបញ្ឈប់ពីការងារ ដោយសារព្យាយាមបង្កើតសហជីពកម្មករនៅរោងចក្រកាត់ដេរដែលលោកកំពុងបម្រើការងារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្នុងក្រុងប៉ោយប៉ែត ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ។
ដោយបានធ្វើការនៅក្រុមហ៊ុន អិមអិល អ៊ីនធីមេត អឹភែរិល (ML Intimate Apparel) តាំងពីឆ្នាំ២០១៩មក លោក កែវ វណ្ណៈ បាននិយាយថា ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ លោកត្រូវបានបញ្ឈប់ពីការងារ ដោយមិនទទួលបានសំណង និងយុត្តិធម៌ឡើយ។
លោកបាននិយាយថា៖ «យើងទទួលបានប្រាក់ខែ ៥០% ក្នុងអំឡុងពេលបិទប្រទេស ប៉ុន្តែប្រសិនបើកម្មករណាម្នាក់សុំច្បាប់ឈប់សម្រាកដោយសារជំងឺកូវីដ-១៩នោះ ក្រុមហ៊ុននឹងកាត់ប្រាក់ខែរបស់ពួកគេ»។
លោកបន្ថែមថា៖ «ខ្ញុំសង្កេតឃើញថា រោងចក្រមិនគោរពសិទ្ធិការងារឡើយ។ យើងមិនអាចលើកឡើងពីក្តីបារម្ភរបស់យើងបានឡើយ»។
លោកបានបន្តបង្កើតសហជីពកម្មករ នៅខែកុម្ភៈ ឆ្នាំ២០២២។
លោកបន្ថែមថា៖ «ខ្ញុំបានសម្រេចចិត្តបង្កើតសហជីពមួយ នៅពេលដែលខ្ញុំបានឃើញភាពអយុត្តិធម៌ជាច្រើនមកលើកម្មករ។ ខ្ញុំចង់ជួយពួកគេ ប៉ុន្តែខ្ញុំត្រូវបានគេបណ្ដេញចេញដោយមិនបានប្រាប់ពីមូលហេតុឡើយ»។
លោកបានចូលធ្វើការវិញក្នុងខែមេសា ឆ្នាំ២០២២ បន្ទាប់ពីបានដាក់ពាក្យបណ្តឹងទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្តែនៅក្នុងខែឧសភា លោកបានបាត់បង់ការងារជាថ្មីម្តងទៀត នៅពេលដែលក្រុមហ៊ុនបដិសេធបន្តកិច្ចសន្យារបស់លោក។ ចាប់តាំងពីពេលនោះមក លោកបានដាក់ពាក្យបណ្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួចរាល់ហើយ ប៉ុន្តែលោកមិនទាន់បានទទួលការឆ្លើយតបពីក្រសួងឡើយ។
អង្គការដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិការងារ លើកឡើងថា កម្មករដែលបម្រើការឱ្យបណ្តាក្រុមហ៊ុនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាចប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំងនៅពេលដែលព្យាយាមអះអាងពីសិទ្ធិការងាររបស់ខ្លួន បើធៀបនឹងអ្នកធ្វើការនៅខាងក្រៅ។
លោក វណ្ណៈ បន្តថា អតីតក្រុមហ៊ុនរបស់លោកមិនដែលមានក្រុមសហជីពទេ គឺមានតែតំណាងក្រុមហ៊ុនប៉ុណ្ណោះ ទើបលោកបង្កើតសហជីពឡើង។ ទោះយ៉ាងណា លោកថា នៅតាមរោងចក្រដែលលោកបានបម្រើការងារ នៅរាជធានីភ្នំពេញ តែងតែមានសហជីពឯករាជ្យ។
ខ្វះតម្លាភាព
ពាក់ព័ន្ធនឹងបញ្ហានៅតំបន់សេដ្ឋកិច្ចពិសេសនេះដែរ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស មានប្រសាសន៍ថា តំបន់នេះនៅឆ្ងាយ ហើយសហជីព និងអង្គការមិនមែនរដ្ឋាភិបាល ពិបាកនឹងចូលទៅដល់។
លោកបន្តថា មានការព្យាយាមដើម្បីដាក់ចេញច្បាប់ដាច់ដោយឡែក សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ក្នុងឆ្នាំ២០០៨ ដែលប្រតិបត្តិការ និងការងារក្នុងតំបន់នេះ នឹងស្ថិតនៅក្រៅដែនសមត្ថកិច្ចនៃច្បាប់ស្តីពីការងារ។
ទោះយ៉ាងណា ដោយមានការជំទាស់យ៉ាងខ្លាំងដោយសហជីព និងសហគមន៍ការងារអន្តរជាតិ ផែនការនេះត្រូវបានយកទុកមួយឡែក។
នៅក្នុងច្បាប់នោះចែងថា ទីតាំងទាំងឡាយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានបកស្រាយថាជា «តំបន់ឯកជន» និងមានច្រកចេញចូលតែមួយ។ អង្គការមិនមែនរដ្ឋាភិបាល និងសហជីព អាចចូលបានលុះត្រាតែមានការអនុញ្ញាតពីអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ឬពីក្រុមហ៊ុនប៉ុណ្ណោះ។
ដោយមើលឃើញថា តំបន់សេដ្ឋកិច្ចពិសេសគឺជាតំបន់ឯកជន ក្តីកង្វល់ទាក់ទងនឹងលក្ខខណ្ឌការងារ និងការការពារមិនល្អ ឬការមិនបានទូទាត់ប្រាក់ឈ្នួលអប្បបរមា មិនអាចស៊ើបអង្កេតបានទេ។
លោក មឿន តុលា ថ្លែងថា៖ «សហជីពគ្រោងចុះទៅមើលដល់ទីតាំង ប៉ុន្តែភាគច្រើននៃកិច្ចការទាំងនេះត្រូវបានធ្វើឡើងដោយសហជីព ដែលជាធម្មតាគឺជាមិត្តភក្តិរបស់គណៈគ្រប់គ្រង ឬរបស់គណបក្សកាន់អំណាច ដែលមិនត្រូវបានគេចាត់ទុកថាជាអ្នកការពារកម្មករ ឬសមាជិក»។
ឯកសារដែលចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងឆ្នាំ២០១៨ បានលើកឡើងថា កម្មករនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខ្វះតម្លាភាព និងព័ត៌មាន ដើម្បីការពារខ្លួនឱ្យបានត្រឹមត្រូវ។ ប្រភពដដែលបន្តថា ពួកគេ [កម្មករ] ទទួលបានប្រាក់ឈ្នួលមិនសមរម្យ និងលក្ខខណ្ឌការងារមិនល្អ ហើយត្រូវបានរឹតត្បិតសេរីភាពបញ្ចេញមតិ និងការជួបជុំ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងថា ទោះបីជាមិនមានការរឹតត្បិតក្នុងការរៀបចំសហជីពឯករាជ្យក៏ដោយ ក៏មានការលំបាកក្នុងការបង្កើតសហជីពក្នុងតំបន់សេដ្ឋកិច្ចពិសេសដែរ។
ដោយលើកឡើងស្រដៀងនឹងលោក មឿន តុលា ដែរ លោក អាត់ ធន់ មានប្រសាសន៍ថា ដោយសារតំបន់សេដ្ឋកិច្ចពិសេសជាតំបន់ឯកជន ពិបាកទទួលបានព័ត៌មាន ដែលមានន័យថា គេមិនសូវដឹងអំពីកម្មករដែលត្រូវគេរំលោភបំពាន ឬបៀតបៀន។
លោក អាត់ ធន់ បានប្រាប់ វីអូឌី ថា៖ «យើងបានរៀបចំកិច្ចប្រជុំនៅតាមតំបន់សេដ្ឋកិច្ចពិសេស ដូចជា តំបន់សេដ្ឋកិច្ចពិសេសមេនហាត់ធេន [Manhattan] ក្នុងខេត្តស្វាយរៀង បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីកម្មករមួយចំនួនដែលត្រូវបានបញ្ឈប់ពីការងារ។ បន្ទាប់មកមានក្រុមហ៊ុនពីរឬបី បានអនុញ្ញាតឱ្យយើងរៀបចំសហជីព»។
ទោះយ៉ាងណា ក្រៅពីកត្តាទាំងនេះ សហភាពការងារកម្ពុជាមិនអាចបង្កើតសហជីពឯករាជ្យនៅតាមតំបន់សេដ្ឋកិច្ចពិសេសធំៗ ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
លោក អាត់ ធន់ បានថ្លែងថា៖ «នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ យើងបានព្យាយាមរៀបចំសហជីពពី៣ទៅ៤ ប្រហែល៥ឆ្នាំមុន ប៉ុន្តែបច្ចុប្បន្ននេះ សហជីពទាំងនោះត្រូវបានរំសាយទាំងស្រុង»។
ដោយលើកឡើងដដែលៗពីការលំបាកក្នុងការស្វែងរកយុត្តិធម៌ដោយគ្មានសហជីព សូម្បីតែនៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេស លោកបានលើកឡើងពីករណីក្រុមហ៊ុន Evergreen Apparel នៅរាជធានីភ្នំពេញ ដែលមនុស្សរាប់ពាន់នាក់ត្រូវបានបញ្ឈប់ដោយមិនទទួលបានសំណងនៅពេលដែលក្រុមហ៊ុនបានបិទទ្វារកាលពី៣ឆ្នាំមុន។
លោកបាននិយាយថា៖ «កម្មករនៅតែទារសំណងរបស់ពួកគេ»។
ក្នុងករណីខ្លះ លោក អាត់ ធន់ បានបញ្ជាក់ថា និយោជកព្យាយាមរឹតត្បិតសិទ្ធិកម្មករ សូម្បីតែនៅក្នុងក្រុមហ៊ុនដែលមានសហជីពឯករាជ្យ ដោយផ្តល់កិច្ចសន្យារយៈពេលខ្លី ឬបង្ខំកម្មករឱ្យធ្វើការច្រើនម៉ោង ដែលបណ្តាលឱ្យមានលក្ខខណ្ឌការងារមិនល្អ។
លោកបន្តថា ករណីនេះផ្អែកលើការពិត ដែលថាកម្មករត្រូវបានគេប្រាប់ថាពួកគេអាចត្រូវបានជំនួសដោយសារមាន «មនុស្សដែលចង់បង់ប្រាក់ដើម្បីទទួលបានការងារធ្វើនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស»។ លោកថា តំបន់សេដ្ឋកិច្ចពិសេសមួយចំនួនផ្តល់ការងារតិចតួច។
គ្មានករណីលើកលែង
ការដាក់ឱ្យប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសនៅចុងឆ្នាំ២០០៥ គឺជាអត្ថប្រយោជន៍មួយសម្រាប់ប្រទេសកម្ពុជា ដែលបានទាក់ទាញការវិនិយោគសរុបចំនួន៧,៥ពាន់លានដុល្លារ ទៅកាន់តំបន់សេដ្ឋកិច្ចចំនួន៤១ដែលបានអនុម័ត គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ដែលក្នុងឆ្នាំ២០១៤ មានតំបន់សេដ្ឋកិច្ចពិសេសតែ៩ប៉ុណ្ណោះ។
ទោះយ៉ាងណា មានតែតំបន់សេដ្ឋកិច្ចពិសេសចំនួន២៤ប៉ុណ្ណោះដែលកំពុងដំណើរការ។
វិនិយោគិនទទួលបានការបន្ធូរបន្ថយពន្ធកាន់កាប់ ភស្តុភារ និងហេដ្ឋារចនាសម្ពន្ធសាធារណៈ និងសន្តិសុខល្អប្រសើរ។
យោងតាមឯកសារការងាររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឆ្នាំ២០១៥ តំបន់សេដ្ឋកិច្ចពិសេសមានគោលបំណងជួយប្រទេសកំពុងអភិវឌ្ឍន៍ ទាក់ទាញការវិនិយោគផលិតកម្មដែលផ្តោតលើការនាំចេញទៅបរទេសជាចម្បង។
របាយការណ៍នោះបន្ថែមថា៖ «ស្ថានភាពក្នុងស្រុកដែលនឹងបង្អាក់ការវិនិយោគនេះ រួមមាន ហេដ្ឋារចនាសម្ពន្ធក្នុងស្រុកមិនល្អ សុវត្ថិភាពនៃការវិនិយោគ បទប្បញ្ញត្តិស្តីពីថ្លៃដើម និងការរឹតត្បិតពាណិជ្ជកម្ម»។
របាយការណ៍បន្ថែមទៀតថា៖ «គោលបំណងរបស់តំបន់សេដ្ឋកិច្ចពិសេស គឺដើម្បីកាត់បន្ថយការចំណាយដែលទាក់ទងនឹងការរារាំងទាំងនេះ ដែលទាក់ទាញការវិនិយោគ និងបង្កើតការងារក្នុងប្រទេស»។
ទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា បង្ហាញថា កម្មករចំនួន១៧៥ ៤៨១នាក់ ត្រូវបានជួលដោយក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានគម្រោងវិនិយោគចំនួន៦០៧។
ដោយបដិសេធមិនឆ្លើយតបនឹងសំណួរស្តីពីប្រតិបត្តិការនៃតំបន់សេដ្ឋកិច្ចពិសេស លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយថា គួរតែពិចារណាពីអត្ថប្រយោជន៍នៅពីក្រោយការអភិវឌ្ឍតំបន់នេះ។ លោកថា មានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ស្រដៀងគ្នានេះដែរ ចំពោះបញ្ហាសិទ្ធិការងារ ប្រាក់ឈ្នួល និងអវត្តមានសហជីពនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស លោក សុខ ចិន្តាសោភា បានប្រាប់ វីអូឌី ថា៖ «ខ្ញុំអាចប្រាប់ថា ច្បាប់ស្តីពីការងារត្រូវបានអនុវត្តនៅទូទាំងប្រទេស ដោយគ្មានករណីលើកលែងនៅក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេស។ សម្រាប់ប្រាក់ឈ្នួលក៏ដូចគ្នាដែរ»។
កំហុសបន្តិចបន្តួច
ត្រលប់មកនិយាយអំពីក្រុងប៉ោយប៉ែតឯណោះវិញ លោក កែវ វណ្ណៈ អតីតបុគ្គលិកក្រុមហ៊ុន ML Intimate Apparels បាននិយាយអំពីពេលមួយដែលលោកក្រោកឈរតំណាងឱ្យសហការីរបស់លោក ដែលគណៈគ្រប់គ្រងបញ្ជាឱ្យកម្មករធ្វើតេស្តរកជំងឺកូវីដ-១៩ នៅថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាក។
លោកបាននិយាយថា៖ «ខ្ញុំបានស្នើទៅអ្នកគ្រប់គ្រងឱ្យធ្វើតេស្តនៅថ្ងៃធ្វើការ ដូច្នេះយើងអាចសម្រាកនៅផ្ទះ។ កម្មករភាគច្រើនពិតជារីករាយ និងទះដៃគាំទ្រគំនិតរបស់ខ្ញុំ»។
លោកបន្ថែមថា៖ «អ្នកគ្រប់គ្រងបានមករកខ្ញុំ ហើយសួរថាតើខ្ញុំចង់ទៅផ្ទះ ឬបន្តធ្វើការនៅទីនេះ? នៅពេលនោះ ខ្ញុំមិនយល់ពីអ្វីដែលគាត់និយាយទេ ប៉ុន្តែក្រោយមក ខ្ញុំដឹងថា វាជាការគំរាមកំហែង»។
លោកបានមានប្រសាសន៍ថា មានកម្មករប្រហែល១០០នាក់ ក្នុងចំណោមកម្មករ៨០០នាក់ បានក្លាយជាសមាជិកសហជីពរបស់លោកជាលើកដំបូង។ លោកបានបន្ថែមថា លោកបានទៅចុះឈ្មោះសហជីពនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ុន្តែ «ពួកគេតែងតែរកឃើញកំហុសនៅក្នុងលិខិត»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មិនបានឆ្លើយតបនឹងសំណួរទេ។
អ្នកស្រី កែវ ចាន់ណេត អាយុ៣៦ឆ្នាំ ដែលធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងប៉ោយប៉ែតដែរ ក៏បានជួបបញ្ហាប្រឈមក្នុងការព្យាយាមបង្កើតសហជីពឯករាជ្យនៅក្នុងរោងចក្រកាត់ដេរ Hitech Apparel ដែលអ្នកស្រីបម្រើការងារដែរ។
អ្នកស្រីបាននិយាយថា មានសហជីពមួយក្នុងក្រុមហ៊ុនរបស់អ្នកស្រីជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមែនជាសហជីពឯករាជ្យដូចសហជីពរបស់អ្នកស្រីឡើយ។ ដូច្នេះប្រហែលជា៦ខែមុន អ្នកស្រី និងសហការីបានបង្កើតសហជីពឯករាជ្យមួយ និងបានចុះបញ្ជីជាផ្លូវការ។
អ្នកស្រីបន្ថែមថា៖ «ក្រសួងតែងតែបដិសេធការសុំចុះបញ្ជីដោយសារកំហុសបន្តិចបន្តួច»។
ដោយបានទទួលការបណ្តុះបណ្តាលស្តីពីសិទ្ធិនិងច្បាប់ស្តីពីការងារ ក៏ដូចជាការចូលរួមសិក្ខាសាលារៀបចំឡើងដោយសហភាពការងារកម្ពុជា អ្នកស្រី និងសហការី បានដឹងពីអត្ថប្រយោជន៍របស់សហជីព។
អ្នកស្រីបានសម្រេចចិត្តបង្កើតសហជីព បន្ទាប់ពីប្រាក់ខែរបស់អ្នកស្រីត្រូវបានកាត់មួយថ្ងៃ បន្ទាប់ពីអ្នកស្រីបានជូនដំណឹងដល់អ្នកគ្រប់គ្រងថា ផ្ទះរបស់អ្នកស្រីលិចទឹក ហើយមិនអាចទៅធ្វើការបានទេ ក្នុងអំឡុងពេលទឹកជំនន់កាលពីឆ្នាំមុន។
អ្នកស្រីបន្ថែមថា៖ «នៅពេលនោះ យើងមិនមានសហជីពឯករាជ្យទេ ដូច្នេះខ្ញុំបានរៀបចំបង្កើតសហជីពឯករាជ្យឡើង។ មានកម្មករប្រមាណ៦ពាន់នាក់ក្នុងរោងចក្រ។ គណៈគ្រប់គ្រងរបស់យើងជាជនជាតិថៃអនុញ្ញាតឱ្យកម្មករបង្កើតសហជីព។ ពួកគាត់យល់ពីសិទ្ធិការងារ»។
អ្នកស្រីបានកោតសរសើរចំពោះសហជីពនេះ ព្រោះបានជួយកម្មករក្នុងការទាមទារឱ្យមានការអនុញ្ញាតសម្រាប់ច្បាប់ឈប់សម្រាកពេលមានអាសន្ន និងច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងការជំនះនឹងការគំរាមកំហែង។
អ្នកស្រីបន្ថែមថា៖ «កម្មករជាច្រើននាក់ទៀតចង់ចូលរួមក្នុងសហជីពនេះដែរ ប៉ុន្តែរង់ចាំរហូតដល់ក្រសួងចុះបញ្ជីជាផ្លូវការ ដែលបានបដិសេធពាក្យស្នើសុំរបស់យើងដោយសារមានកំហុស ឬដោយសារភ្លេចដាក់ឈ្មោះសមាជិកក្រុមរបស់យើង»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ A Long Road for Independent Unions in SEZs

អត្ថបទនេះត្រូវបានផលិតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Rosa-Luxemburg-Stiftung នៅអាស៊ីអាគ្នេយ៍ តាមរយៈការិយាល័យរបស់ខ្លួនក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។