UN ថ្កោលទោស​ការ​វាយប្រហារ​តាម​អាកាស​នៅ​ទីកន្លែង​ប្រគុំតន្ត្រី​សម្លាប់​មនុស្ស​៥០នាក់​នៅ​មីយ៉ាន់ម៉ា

ទិដ្ឋភាពក្រោយការវាយប្រហារមួយនៅក​ន្លែង​ប្រគុំតន្ត្រីមួយ​ក្នុង​ប្រទេស​មីយ៉ា​ន់​ម៉ា ដែល​រៀបចំឡើងដោយក្រុមជនជាតិភាគតិចដែលមានជម្លោះជាមួយយោធា​មីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃអាទិត្យ [ទី២៣ ខែ​តុលា ឆ្នាំ២០២២] នៅរដ្ឋភាគខាងជើងនៃកាជីន (Kachin)។ (រូបភាពថតពីអេក្រង់ចេញពីវីដេអូមួយ)

ក្រុមប្រឆាំង និង​ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យ​ដឹងកាលពីថ្ងៃចន្ទថា​ ការ​វាយ​ប្រហារ​តាម​អាកាសបាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៥០នាក់ នៅក​ន្លែង​ប្រគុំតន្ត្រីមួយ​ក្នុង​ប្រទេស​មីយ៉ា​ន់​ម៉ា ដែល​រៀបចំឡើងដោយក្រុមជនជាតិភាគតិច​ ដែលមានជម្លោះជាមួយយោធា​ដែល​កំពុង​កា​ន់អំណាច។ អង្គការសហប្រជាជាតិ និងស្ថានទូតលោកខាងលិច បានថ្កោលទោសការវាយប្រហារ​នោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ​​សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ការវាយប្រហារដោយ​យន្តហោះកាលពីល្ងាចថ្ងៃអាទិត្យ [ទី២៣ ខែ​តុលា ឆ្នាំ២០២២] នៅរដ្ឋភាគខាងជើងនៃកាជីន (Kachin) បានសម្លាប់ជនស៊ីវិល អ្នកចម្រៀង​ក្នុងស្រុក និងមន្ត្រីនៃកងទ័ពឯករាជ្យកាជីន (KIA)។ បើតាមសម្តីរបស់សាក្សីបាន​ឱ្យ​ដឹង​ថា យន្តហោះចំនួន៣គ្រឿងបានបើកការវាយប្រហារ។

សារព័ត៌មាន BBC ភាសាភូមា (BBC Burmese) បាននិយាយថា ការវាយប្រហារនេះបាន​កើតឡើង​នៅក្នុ​ង​តំបន់​អាណាងប៉ា (A Nang Pa) នៃទីប្រជុំជនប៉ាកខាន់ (Hpakant) និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៥០​នាក់ ខណៈសារព័ត៌មាន Irrawaddy បានចេញផ្សាយថា ចំនួនអ្នកស្លាប់កើនដល់១០០នាក់។ ភ្លាមៗ Reuters មិនអាចផ្ទៀងផ្ទាត់តួលេខបានទេ។

អ្នកនាំពាក្យកងទ័ពឯករាជ្យកាជីន (KIA) ឈ្មោះ ណ ប៊ូ (Naw Bu) បាននិយាយថា ការវាយប្រហារនេះមានគោលដៅវាយប្រហារការប្រារព្ធខួបលើកទី៦២ នៃការបង្កើតបក្សនយោបាយរបស់កងទ័ព Kachin គឺអង្គការឯករាជ្យកា​ជីន (KIO)។

លោក​បាន​និយាយ​តាម​ទូរសព្ទ​ថា៖​ «​នេះ​ជា​ទង្វើ​ដ៏​អាក្រក់​មួយ ​ដែល​អាច​ចាត់​ទុក​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ផង​ដែរ​»។

អង្គការសហប្រជាជាតិប្រចាំ​នៅ​មី​យ៉ាន់​ម៉ា ​បានបង្ហាញក្ដីបារម្ភ​យ៉ាងខ្លាំង និង​សោកស្ដាយ​ចំពោះ​​​ការ​វាយប្រហារ​នោះ។

អង្គការសហប្រជាជាតិ បានលើកឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការប្រើប្រាស់កម្លាំងវាយប្រហារលើជនស៊ីវិលដែលគ្មាន​អាវុធ គឺមិនអាចទទួលយកបានឡើយ»។

នៅក្នុងសេចក្តីថ្លែងការណ៍រួម​មួយ ប្រមុខ​បេសកកម្មការទូតក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងប្រទេសអូស្ត្រាលី អង់​គ្លេស សហរដ្ឋអាមេរិក និងសមាជិកសហភាពអឺរ៉ុប បានលើកឡើង​ថា ការ​វាយ​ប្រហារ​នេះ «គូសបញ្ជាក់ពីការទទួលខុសត្រូវរបស់របបយោធាចំពោះវិបត្តិ និងអស្ថិរភាព និងការ​មិន​យកចិត្តទុកដាក់ចំពោះភារកិច្ចរបស់ខ្លួនក្នុងការការពារជនស៊ីវិល»

រដ្ឋាភិបាល​រួបរួមជាតិ​​របស់​មី​យ៉ាន់​ម៉ា បាន​ជំរុញ​ឱ្យ​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ អន្តរាគមន៍ និង​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ឃោរឃៅនេះ​។

យោធាបានរិះគន់អង្គការសហប្រជាជាតិម្តងហើយម្តងទៀត ចំពោះអ្វីដែលខ្លួនហៅថាជាការជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុងរបស់​មីយ៉ាន់ម៉ា ហើយនិយាយថា ប្រតិបត្តិការរបស់ខ្លួន គឺសំដៅលើ «ភេរវករ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ