សង្គមស៊ីវិលថាអ្នកប្រើបណ្ដាញសង្គមងាយរងគ្រោះទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច បើខ្វះការយល់ដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ (ហេង វិចិត្រ​)

មន្ត្រីសង្គមស៊ីវិល​ដែលធ្វើការពាក់ព័ន្ធនឹងការអប់រំផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន លើកឡើងថា កង្វះចំណេះដឹង​ផ្នែក​ការ​ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ អាចបណ្ដាលឱ្យអ្នកប្រើបណ្ដាញសង្គមងាយនឹងរងគ្រោះ​ពី​ការ​ឃោសនា ឬកេងប្រវ័ញ្ចទាំងផ្នែកន​យោបាយនិងសេដ្ឋកិច្ច ខណៈពួកគេ​​មើល​ឃើញ​​ថា ចំនួន​អ្នក​ប្រើ​ប្រាស់​​បណ្តាញសង្គមនៅកម្ពុជាកាន់តែកើនឡើង ស្របពេលអ្នកមួយចំនួន​មិនអាចបែងចែកបានថាព័ត៌មានណាពិត ឬមិនពិត។

ការលើកឡើងនេះធ្វើឡើងក្នុងសន្និសីទ​ស្ដីពី «បណ្ដាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និង​ព័ត៌មានកម្ពុជា» នៅរាជធានីភ្នំពេញ នា​​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ។

នាយិកានៃនាយកដ្ឋានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) អ្នក​ស្រី ឆន សុគន្ធា ថ្លែងថា ការ​ផ្សព្វផ្សាយ​អំពីចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ គឺធ្វើឡើងដើម្បីគាំទ្រនិងពង្រឹងសមត្ថភាពអ្នកប្រើប្រាស់ ជាពិសេសយុវជន ដើម្បីឱ្យពួកគេ​​ប្រើ​ប្រាស់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ត្រឹម​ត្រូវ មាន​ប្រយោជន៍ និងមានសុវត្ថិភាព។

អ្នកស្រីមើលឃើញថា បរិមាណអ្នកប្រើប្រាស់បណ្តាញសង្គមកាន់តែមានការកើនឡើងពីមួយឆ្នាំទៅមួយ​ឆ្នាំ ហើយ​ពួក​គេ​មួយ​ចំនួន​ប្រើប្រាស់សម្រាប់តែកម្សាន្ត​ ដោយ​ពុំអាច​បែង​ចែក​ដឹង​ថាព័ត៌មានណាក្លែង​ក្លាយ ឬពិតឡើយ។

អ្នកស្រីថា៖ «អ៊ីចឹងមានច្រើនណាស់ដែលយុវជនគាត់ត្រូវផ្ដោត ឧទាហរណ៍ថា បញ្ហាបរិស្ថាន បញ្ហាធន​ធាន​ធម្ម​ជាតិ បញ្ហា​ដីធ្លី ឬក៏បញ្ហាអីផ្សេងៗទៀត សួរថាគាត់ទាំងអស់ហ្នឹង ឬក៏នៅឆ្នាំក្រោយហ្នឹងនៅស្រុក​ខ្មែរ​មានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអីជាដើម អ៊ីចឹង​សួរ​ថា​យុវជន​គាត់ត្រូវប្រើប្រាស់បណ្តាញសង្គមទាំងអស់​ហ្នឹង​ជា benefits [អត្ថប្រយោជន៍] បែបណា? ហើយក៏ជាឱកាសសម្រាប់ពួកគាត់​ប្រើប្រាស់ឱ្យមានប្រយោជន៍សម្រាប់ខ្លួនគាត់ផង ហើយនិងសង្គមទៀត»។

មន្ត្រីសង្គមស៊ីវិលរូបនេះចង់ឃើញមានការអប់រំទៅសិស្សានុសិស្ស និងបញ្ជ្រាបទៅសហគមន៍អំពីផលវិជ្ជមាននិងអវិជ្ជមាននូវការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ។

អ្នកសម្របសម្រួលគម្រោង DW Akademic លោក ស ច័ន្ទដារ៉ា លើកឡើងថា ពលរដ្ឋទូទៅទាំងអស់ឱ្យតែប្រើប្រាស់​បណ្តាញសង្គម សុទ្ធតែ​ចាំបាច់​ត្រូវ​ឈ្វេង​យល់​ពីចំណេះដឹងនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វ​ផ្សាយ ខណៈ​ព័ត៌មា​ន​នៅ​លើបណ្តាញសង្គម​ងាយនឹងត្រូវបានផលិត ហើយខ្លឹមសារក៏ងាយនឹងចែកចាយ​ទៅម​នុស្ស​ច្រើន​នាក់ ស្របពេលព័ត៌មានមិនមែនសុទ្ធតែពិតទាំងអស់ផងដែរ។

លោកថា៖ «នៅពេលដែលគាត់ប្រើប្រាស់​ខ្លឹម​សារ contents ព័ត៌មាននៅក្នុង social media គាត់ត្រូវគិត​ឱ្យបានស៊ី​ជម្រៅសិ​ន គាត់​ពិចារណាឱ្យបាន​ច្រើន​សិន មិនមែនព័ត៌មានដែលគេបែងចែកនៅក្នុងបណ្តាញ​សង្គម​ហ្នឹង​ពិត​ទាំង​អស់​ទេ។ អ៊ីចឹង​យើង​ត្រូវ​មាន​ជំនាញ​មួយ​ចំនួ​ន​ក្នុងការ​វិនិច្ឆយ យើងត្រូវវិនិច្ឆយ​ទៅលើខ្លឹមសារដែលយើងប្រើប្រាស់។ ឧទាហរណ៍ថា គេបង្ហោះរឿងអីមួយ យើងត្រូវដឹងថា អ្នកណាជាអ្នកបង្ហោះ? អ្នកណាជាអ្នកបង្កើត? កើតថ្ងៃណា? រឿងហ្នឹងចាស់ឬថ្មី? រឿងហ្នឹងបានមកពីណា? វាប៉ះ​ពាល់អីខ្លះ? គោលដៅនៃអ្នកបង្កើតហ្នឹង គឺគេបង្កើតដើម្បីអី?»

លោក ស ច័ន្ទដារ៉ា មើលឃើញថា បច្ចេកវិទ្យាមានការ​ជឿន​លឿន​ខ្លាំង ហើយចំនួនអ្នកប្រើប្រាស់កាន់​តែ​កើន​ឡើង ខណៈពួកគេមួយចំនួនមិនមានចំណេះដឹងប្រើប្រាស់ផ្នែកនេះប៉ុន្មានទេ ដែលករណីនេះពលរដ្ឋ​អាច​ងាយ​នឹង​ចាញ់​បោក​ការឃោសនា​នានា មិនថារឿងនយោបាយ រឿងលុយកាក់ និងរឿងផ្សេងៗទៀត។

លោក​បន្ត​ថា៖ «នៅពេលដែលយើងអត់បានពិចារណាឱ្យបានស៊ី​ជម្រៅ ឬក៏យើងអត់ដឹងថា contents បែបណាមានចរិតលក្ខណៈបែបណា យើងងាយរងគ្រោះ។ នយោបាយ ឧទាហរណ៍ យើងអត់ដឹងថា contents បែបណាគេហៅថាបែបឃោសនានយោបាយ! អ៊ីចឹងយើងអាចជឿគេ ស្លុងទៅលើគេ អាចមានគ្រោះថ្នាក់ដល់ខ្លួនឯង គ្រួសារយើង ហើយអ្នកដែលយើងShare[ចែករំលែក]បន្តទៅឱ្យហ្នឹង ក៏អាចមានបញ្ហា សង្គមជាតិក៏អាចប៉ះពាល់ដោយសារយើងអត់បានគិត។ សេដ្ឋកិច្ច ឧទាហរណ៍ថា គេនិយាយថាញ៉ាំនេះញ៉ាំនោះ​ទៅ ​នឹង​ជា​សះស្បើយ​ពី​កូវីដ! ញ៉ាំនេះញ៉ាំ​នោះ​ទៅ​ វានឹងជាពីជំងឺ ១០០មុខ​ […] គេ​បន្លំ fake profile [ដាក់ប្រវត្តិក្លែងក្លាយ] មួយ​មក គេបន្លំអី! fake telegram មួយមក ពីស្រុកក្រៅ គេថាផ្ញើលុយមកឱ្យ ផ្ញើលុយឱ្យគេទៅ គេផ្ញើលុយមកឱ្យវិញ ឃើញទេ?»

យ៉ាងណា លោកថា ដើម្បីពង្រីកវិសាលភាពនៃការអប់រំដល់ពលរដ្ឋ គឺទាមទារឱ្យមានការចូលរួមសកម្មពីស្ថាប័នពាក់ព័ន្ធ។

បុគ្គលិកធនាគារនៅរាជធានីភ្នំពេញ កញ្ញា ស៊ា វណ្ណារី ដែលបានចូលរួមសន្និសីទនេះ បានលើក​ឡើង​​​​ថា ការចូលរួមឈ្វេងយល់ពីអក្ខរកម្ម ឬចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ គឺជារឿងចាំបាច់សម្រាប់យុវជនក្នុងបរិបទនេះ ពោល​គឺត្រូវចេះ​ផ្ទៀងផ្ទាត់ព័ត៌មាន​មុន​នឹងចែក​រំលែក ​ជាដើម ដើម្បីការពារខ្លួនពីការងគ្រោះ។

កញ្ញាថា៖ «នៅក្នុងសម័យ Digital នេះ គឺ social media ដើរតួយ៉ាងសំខាន់មែនទែន​ សម្រាប់ការចែករំលែក​ ក៏​ដូចជាទទួលព័ត៌មានទៅវិញទៅមក ដូចថា sender និង receiver។ អ៊ីចឹងទៅ នៅក្នុងការដែលយើង​ផ្ទៀង​ផ្ទាត់ អ៊ីចឹងមានន័យថា social media វាអាចមានព័ត៌មានចម្រុះ មានទាំងព័ត៌មានពិត និងព័ត៌​មាន​មិន​ពិត។ អ៊ីចឹង social media គឺមានសារៈសំខាន់អាចជួយឱ្យយើងដឹងថា​ព័ត៌​មាន​ណាដែលពិតនិងមិនពិត ឬក៏ព័ត៌មានណាដែលគួរចែករំលែក»។

ចំណែកកញ្ញា អាត លីដា ជានិសិត្សនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ​កម្ពុជា ដែលបានចូលរួមសន្និសីទ​នេះ​ដែរ យល់ឃើញថា ក្នុងសម័យឌីជីថលនេះ អ្នកប្រើប្រាស់បណ្តាញសង្គមត្រូវមានការយកចិត្តទុក​ដាក់​ខ្ពស់​លើ​ការការ​​ពារ​ទិន្នន័យផ្ទាល់ខ្លួន។ យុវតីរូបនេះចង់ឃើញយុវជនផ្សេងទៀតទទួលបានឱកាសចូលរួមឈ្វេងយល់ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព។

កញ្ញាថា៖ «ពិតជាលើកទឹកចិត្តមែនទែន សម្រាប់យុវជនទាំងអស់ឱ្យមានការចូលរួម ពីព្រោះយើងឃើញថាមានរឿងកើតឡើងច្រើនណាស់នៅលើបណ្តាញសង្គម។ អ៊ីចឹងឱ្យពួកគាត់យល់ដឹងយ៉ាងហោចណាស់ត្រឹមមូលដ្ឋានគ្រឹះនៃការប្រើប្រាស់បណ្តាញសង្គមគ្រប់បែប និងការចេះមើលនូវព័ត៌មានផ្សេងៗ ពីព្រោះអីវាអាចការពារខ្លួនយើងពីហានិភ័យ ពីការបៀតបៀន ឬក៏ការលួចទិន្នន័យអីជាដើម។ អ៊ីចឹងទៅ វាសុវត្ថិភាព​យើងខ្លួនឯងផងដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ