លោក កឹម សុខា លើកឡើង​ពី​លំហ​ប្រជា​ធិបតេយ្យ និង​សំណុំរឿង​នៅតុលាការ នៅ​ចំពោះមុខ​មន្ត្រី​ទូត​អាមេរិក

លោក កឹម សុខា អតីត​​​ប្រ​ធាន​​​​​គណបក្សជំទាស់ដែលត្រូវបានតុលាការរំលាយ សន្ទនាជាមួយលោក ផា​ទ្រីក មើ​ហ្វ៊ី (Patrick M​​urphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា នៅរាជធានី​ភ្នំពេញ។ (ហ្វេសប៊ុកលោក កឹម សុខា)

អ្នកនយោបាយ​ជាន់​ខ្ពស់​នៃ​គណបក្ស​ជំទាស់ បានលើកឡើងដោយផ្ទាល់​ជាមួយមន្រ្តីអគ្គរដ្ឋ​​ទូត​​​ប្រ​​​​​​​​​ទេស​​​មហា​អំណាចផ្នែក​ប្រជាធិបតេយ្យ អំពី​លំហ​ប្រជាធិបតេយ្យ និង​នីតិវិធី​នៃ​​​សវនា​​ការ​​រ​បស់​ខ្លួន ដែ​​​លរឿងក្ដីនេះកំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ ខណៈសហរដ្ឋអាមេរិក​ក៏​​​​​ចង់​​​​ឃើ​​​​​​ញ​ភាព​ជឿន​លឿន​នៃដំណើ​​រ​​ការនីតិវិធីនេះដោះស្រាយឱ្យបានឆាប់ និងជំ​​រុញឱ្យ​​ស្ដារឡើង​​វិ​​ញ​នូវ​សិទ្ធិធ្វើនយោ​​បា​​យ ​​ដើម្បី​​ជា​​ប្រ​​​យោជន៍សម្រាប់កម្ពុជា។

ថ្លែងនៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២៤ ខែតុលា នៅរាជធានី​ភ្នំពេញ លោក កឹម សុខា អតីត​​​ប្រ​ធាន​​​​​គណបក្សជំទាស់ដែលត្រូវបានតុលាការរំលាយ ឱ្យដឹងថា ក្នុង​​កិច្ចសន្ទនាជាមួយលោក ផា​ទ្រីក មើ​ហ្វ៊ី (Patrick M​​urphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ភាគី​ទាំង​ពីរ​ផ្តោត​សំខាន់​​​ទៅ​​លើ​​​ដំ​​ណើ​​រ​​ការ​​ប្រ​​ជាធិបតេយ្យ ការផ្លាស់ប្តូរទស្សនៈ និងព័ត៌មានគ្នាក្នុងក្របខណ្ឌតំបន់ និង​​​ពិ​​ភ​ព​​​លោក។

លោក កឹម សុខា លើកឡើងនៅក្នុងសំណេរផ្លូវការរបស់លោកតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា កិច្ចពិគ្រោះយោបល់នេះក៏ផ្តោតដែរទៅលើការវិវត្ត​នៃសវនាការនិងសិទ្ធិធ្វើ​​ន​​យោ​​បាយរបស់ខ្លួនដែលកំពុងជាប់បម្រាមតុលាការ។

លោកបន្តថា៖ «ថ្ងៃនេះ [ថ្ងៃទី២៤ ខែតុលា] ខ្ញុំបាន​ជួប​ពិភាក្សាការងារជាមួយឯកឧត្តម Patrick MURPHY ឯកអគ្គ​​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅនិវេសនដ្ឋាន​របស់គាត់ ដោយមានសហកា​រីចូលរួមផងដែរ។ ក្នុងជំនួបនេះ ក៏ដូចជាជំនួប​របស់ខ្ញុំ​ជាមួយឯក​អគ្គ​រដ្ឋ​ទូត រាជ​​ទូត នៃ​​ប្រទេស​ផ្សេងៗ​​​កន្លង​​មក​​ថ្មីៗ និង​​នៅពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ គឺដើម្បី​ផ្លាស់​ប្តូរ​ព័ត៌​មាននិង​​​ទស្សនៈ​គ្នាអំពី​ការវិវត្តនៃដំណើរការសវនាការ និងសិទ្ធិសេរីភាព​របស់​ខ្ញុំ ព្រម​ទាំង​លំហ​​ប្រជា​ធិបតេយ្យនៅកម្ពុជា»។

គិតពីថ្ងៃដែល​សមត្ថកិច្ចចាប់ខ្លួនទាំងពាក់កណ្តាលអធ្រាត្រ កាលពីដើមខែ​កញ្ញា ឆ្នាំ២០១៧ អ្ន​ក​​​នយោបាយ​ចាស់វស្សារូបនេះត្រូវ​បាន​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយប្រមាណ៥​​ឆ្នាំ​​មក​​ហើ​​​​យ។ តុលាការក្រុងភ្នំពេញ ទើបបានបិទបញ្ចប់នីតិវិធីនៃការសួរដេញដោល​លើអង្គសេចក្តី កា​ល​​​​​​ពីថ្ងៃទី១៩ ខែតុលា កន្លងទៅនេះ និងកំណត់ឱ្យភាគីក្នុងរឿងក្ដី ធ្វើសេចក្តីសន្និដ្ឋាន​​ជាលាយ​​លក្ខ​​ណ៍អក្សរ និងទាញហេតុផលផ្ទាល់មាត់ នៅថ្ងៃទី២១ ខែធ្នូ ​​ខាង​​មុខ​នេះ។​

ដោយ​ឡែក ​លោក Patrick Murphy ឯក​អគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ក្រោយជំនួប​បានបិទបញ្ចប់ជាមួយលោក កឹម សុ​​ខា ដែរ ថាសហ​រដ្ឋ​អាមេរិកប្តេជ្ញាចិត្ត​ក្នុង​ការ​គាំទ្រចំពោះគោ​ល​បំណង​​​របស់ពល​រដ្ឋ​​កម្ពុជាដែល​ចង់​បាន​ប្រទេស​កំពុង​អភិវឌ្ឍន៍មួយនេះមានភាពថ្កុំថ្កើង រុងរឿង និងប្រជាធិប​​តេ​​យ្យ។ ជាង​នេះទៀត លោកថា សិទ្ធិ​ធ្វើនយោបាយរបស់លោក កឹម សុខា គួរត្រូវ​បានផ្តល់សម្បទាឡើងវិញដោយពេញលេញ ក្រោយពីការឃុំខ្លួន និងបន្តនីតិវិធីនៅតុលាការប្រមាណ៥ឆ្នាំមកនេះ។  

លោកបន្តថា៖ «ថ្ងៃនេះ [ថ្ងៃទី២៤ ខែតុលា] ខ្ញុំបាន​ជួប​ជាមួយឯកឧត្តម កឹម សុខា ដើម្បីគូសបង្ហាញ​ពីការប្តេជ្ញាចិត្តរប​​​ស់យើង ចំពោះបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដើម្បីប្រទេស[កម្ពុជា]មួយ​ប្រកប​ដោយ​វិបុលភាព និងប្រជាធិបតេយ្យ។ ៥ឆ្នាំក្រោយនៃការឃុំខ្លួន និងជំនុំជម្រះ វាជាពេល​វេលា​មួយសម​​ស្រប ដើម្បី​បង្ហាញថា សិទ្ធិធ្វើនយោបាយលោក កឹម សុខា និងសិទ្ធិពលរដ្ឋ ត្រូវបានគេស្តារ​​ឡើង​វិញ​ដោយពេញលេញ និងផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជាផង»។

លោក កឹម សុខា បានបញ្ជាក់នៅក្នុងជំនួបដែរថា លោកមានកិត្តិយស និងមិនអាចបំភ្លេចបាន ដែ​​ល​​​​​តំណាងប្រ​​ទេសមហាអំណាច​​​ជា​​មិត្ត​​កម្ពុជា នៅចាត់ទុករូបលោកជាមេដឹកនាំនយោបាយដែល​​មិន​​​ខ្វះ​​បា​​ន​​​​មួយរូបនៅក្នុងប៉ូលនយោបាយសម្រាប់កម្ពុជា។ លោកបន្ថែមថា រាល់​កិច្ចពិគ្រោះ​យោ​​​បល់​​​ទាំ​​ង​​​​​​នោះ គឺផ្តោតលើប្រធានបទសំខាន់​ខុសៗគ្នា ដើម្បីជាប្រយោជន៍​​ចំពោះ​​ប្រទេ​​ស​​កម្ពុ​​ជា ដែល​​​​មិន​​​​​​​បានផ្តោតលើអត្ថ​​ប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់លោករូបក្នុងនាមជាអ្នកនយោ​​បា​​យ​​បក្ស​​​​ជំ​​ទាស់​​។

មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ឃើញថា ការជួបប្រាស្រ័យទាក់​​ទ​​​ង និងការលើកឡើងបែបណារបស់មេដឹកនាំនយោបាយ និងមន្រ្តីទូតមហាអំណាចនេះ គឺជា​សិទ្ធិ​​​សេ​​រី​ភាព​របស់​ពួក​គេ ​​ដូចមានបញត្តិនៅក្នុងច្បាប់កម្ពុជា ដែលវាមិនទាស់ខុសអ្វីឡើយ​​។ បើ​តាម​​​អ្ន​​ក​​​​​​នយោបាយរូបនេះ អ្វីដែលជាកង្វល់ដែលរដ្ឋាភិបាលត្រូវទទួលបន្ទុកក្នុងការដោះស្រាយ គឺវិ​បត្តិ​​​​ជំ​ងឺ​កូវីដ-១៩ និងសេដ្ឋកិច្ចជាតិ។

លោកបន្តថា៖ «ខ្ញុំយល់ថាជំនួបរវាងទូតអាមេរិក និងលោក កឹម សុខា ជាសិទ្ធិរបស់គាត់ ក្នុងនាម​​គា​​ត់​ជាទូត​ដែល​ធ្វើការ​នៅ​ក្នុង​ព្រះរា​ជា​ណាចក្រ​កម្ពុជា។ គាត់​ធ្លាប់​ជួប​ជាច្រើន​លើក​ច្រើន​ដង​មក​ហើយ។ ប៉ុន្តែ​ចំពោះ​ខ្លឹម​សារ​នៃ​ការ​ជជែក​គ្នា​ ខ្ញុំយល់ថា ជា​សិទ្ធិ​សេរី​ភាព​របស់​គាត់​ពេញ​លេញ​ក្នុង​ការ​ពិភាក្សាទ្វេភាគី​របស់​គាត់។ ដោយ​ឡែក​ ដែល​ថា​ឱ្យ​សម្រួល​បរិយា​កាស​នយោបាយ​យ៉ាង​ម៉េច​នោះ អា​ហ្នឹង​វាអាស្រ័យ​ទៅ​លើ​ការ​យល់​ឃើញ​របស់​មនុស្ស​ម្នាក់ៗ តាមមជ្ឈដ្ឋាន តាម​និន្នាការ​នយោ​បាយ​​​របស់​​ខ្លួន»។

បើតាមលោក សុខ ឥសាន ចំពោះការផ្តល់មធ្យោបាយ​ក្នុង​ការ​សម្រួលឱ្យមាន​​ការបន្ធូរបន្ថយ​បរិយា​​​កា​​​​​​សនយោបាយណាមួយនោះ នឹង​មិនអាចកើតឡើងបានទេ ព្រោះសំណុំរឿងលោក កឹម សុខា នេះ​ ​​​​​​​​​​កំ​​ពុ​​ង​​ស្ថិតនៅក្នុងដៃរបស់តុលាការនៅឡើយ។ ម្យ៉ាងវិញទៀត លោកថា ការ​សម្រេច​ចិត្ត​បែប​ណា គឺ​​​​​ជា​​សិទ្ធិ​​របស់តុលាការ រដ្ឋាភិបាលមិនអាចលូកលាន់កិច្ចការ​ណា​មួយនៅ​ក្នុង​​តុលា​ការ​​បាន​ទេ។ ក៏ប៉ុន្តែ​នៅ​​​​ចំ​​ពោះ​​​​​មុខ​នេះ លោកថា តុលាការកំពុងពន្លឿននីតិវិធីរបស់ខ្លួន ដើម្បីឈាន​​ទៅ​បញ្ចប់​កិច្ច​ការ​នានាតាម​​ផ្លូវ​​​ច្បា​ប់​​ហើយ សម្រាប់​សំណុំរឿងព្រហ្មទណ្ឌមួយនេះ។

ជុំវិញរឿង​ក្តី​អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយនេះ សហគ​​មន៍​​អន្ត​​រ​ជាតិបាន​ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលរាល់បទចោទប្រឆាំងលោក កឹម សុខា និង​ត្រូវផ្តល់សម្បទា​នៃការធ្វើនយោបាយឡើងវិញដោយពេញលេញសម្រាប់​​​រូបលោក​​។ ការ​​​ទាម​​ទា​រ​នេះ ស្របពេលដែលលោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងបរទេសសហរដ្ឋអាមេរិក ធ្លាប់​​បានហៅការចាប់ខ្លួនអ្នកនយោបាយជើងចាស់រូបនេះថាធ្វើឡើងដោយគ្មានហេតុផល។

ដោយឡែក ចំពោះមន្រ្តីរដ្ឋាភិបាលធ្លាប់ថ្លែងការពារពីការចាប់ខ្លួននេះជាញឹកញាប់ថា នេះជាការអ​នុវត្តច្បាប់ ដោយផ្អែកលើភស្តុតាង និងបទល្មើសជាក់ស្តែងស្របតាមច្បាប់កម្ពុជា។ ក្រៅពី​នេះ កា​​​រ​​​​​​ទាមទារណាមួយរបស់សហគមន៍អន្តរជាតិ គឺជាការយល់ឃើញរបស់ពួកគេប៉ុណ្ណោះ។

បើទោះជាបែបណា សម្រាប់អ្នកវិភាគនយោបាយធ្លាប់លើកឡើងថា កម្ពុជាគួរបើកចំហសេរីភាពនយោបាយនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកដល់ ជាពិសេសនៅមុនកិច្ចប្រជុំកំ​​ពូលសំខាន់ៗដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា និងខែធ្នូ ខាងមុខនេះ ដូចជា កិច្ចប្រជុំកំពូលអាស៊ាន ដែ​​ល​កម្ពុជាធ្វើជាម្ចាស់ផ្ទះ, កិច្ចប្រជុំ APEC នៅប្រទេសថៃ និងកិច្ចប្រជុំប្រទេស G20 នៅក្នុងប្រ​ទេ​ស​​​​​ឥណ្ឌូនេស៊ី ជាដើម។

ជាងនេះទៅទៀត អ្នកវិភាគនយោបាយក៏សង្កេតឃើញដែរថា ការផ្តល់សម្បទាឱ្យអ្នក​ទោស​​​មន​សិ​​ការ និងសម្រួលស្ថាន​​ភាព​​​​នយោបាយឱ្យល្អប្រសើរឡើងវិញ នៅមុនព្រឹត្តិការណ៍ដ៏សំខាន់នេះ អាច​​ជួយ​​​លើក​​ក​​​ម្ព​ស់​​មុ​​​ខមាត់កម្ពុជា ហើយក៏អាច​ផ្តល់​​​​​ផល​ប្រយោជន៍សម្រាប់កម្ពុជាដែរ ទៅលើ​​​ផ្នែក​សេ​​ដ្ឋកិច្ច និង​​សង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ