លោក Rishi Sunak នឹងត្រូវតែងតាំងដោយព្រះមហាក្សត្រ Charles ទី៣ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី នៅថ្ងៃអង្គារនេះ បន្ទាប់ពីរូបលោកឈ្នះការប្រកួតប្រជែងក្នុងការដឹកនាំគណបក្ស Conservative Party។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុមួយរូបរបស់ចក្រភពអង់គ្លេសវ័យ៤២ឆ្នាំរូបនេះ ក៏នឹងក្លាយជាមេដឹកនាំវ័យក្មេងបំផុតរបស់ប្រទេសក្នុងសម័យទំនើប និងទី៣ ក្នុងរយៈពេលតិចជាងពីរខែផងដែរ បន្ទាប់ពីលោកស្រី Liz Truss បានប្រកាសលាលែងចេញពីតំណែងកាលពីសប្ដាហ៍មុន ក្នុងអំឡុងពេលដែលប្រទេសជាតិស្ថិតក្នុងភាពចលាចល។
ថ្លែងតាមរយៈបណ្តាញសង្គម ធ្វីតធ័រ (Twitter) កាលពីថ្ងៃអាទិត្យកន្លងទៅ លោក Rishi Sunak ក៏បានឱ្យដឹងផងដែរថា៖ «ចក្រភពអង់គ្លេស គឺជាប្រទេសដ៏អស្ចារ្យមួយ ប៉ុន្តែយើងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ នេះហើយជាមូលហេតុដែលខ្ញុំសម្រេចឈរឈ្មោះជាមេដឹកនាំគណបក្ស Conservative Party ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់អ្នករាល់គ្នា»។
ជាមួយគ្នានេះ លោក Rishi Sunak បន្ថែមថា៖ «សុចរិតភាព វិជ្ជាជីវៈ និងគណនេយ្យភាព នឹងកើតមានឡើងនៅគ្រប់កម្រិតនៃរដ្ឋាភិបាលក្រោមការដឹកនាំរបស់ខ្ញុំ ខណៈខ្ញុំនឹងខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យកិច្ចការងារទាំងឡាយសម្រេចទៅដោយរលូន»។
គួរបញ្ជាក់ថា ការរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីអង់គ្លេសថ្មីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកស្រី Liz Truss ប្រកាសលាលែងពីតំណែង ក្រោយកាន់កាប់បានរយៈពេលខ្លីបំផុតក្នុងប្រវត្តិសាស្ត្រ (ត្រឹម៤៥ថ្ងៃ) ដោយសារតែមានភាពចលាចលផ្នែកនយោបាយ៕