ស្របពេលដែលរដ្ឋាភិបាលបានបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់តាំងពីដើមខែតុលា ឆ្នាំ២០២២នេះ គេសង្កេតឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាធ្វើដំណើរតាមផ្លូវជាហូរហែទៅកម្សាន្តនៅខេត្តព្រះសីហនុ ជាពិសេសនៅចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
យោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ ឱ្យដឹងថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្ដាហ៍មុននេះ មានចំនួនជាង១២ម៉ឺននាក់។
បើទោះជាគេសង្កេតឃើញមានប្រជាពលរដ្ឋទៅកម្សាន្តនៅទីនោះច្រើនក៏ពិតមែន ប៉ុន្តែក្រុមអាជីវករមួយចំនួនដែលលក់ដូរចំណីអាហារ សម្ភារប្រើប្រាស់ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានត្អូញត្អែរពីការធ្លាក់ចុះចំណូលរបស់ពួកគេ ដោយហេតុថា ជនជាតិចិនជាច្រើនពាន់នាក់បានចាកចេញពីទីនោះជាបន្តបន្ទាប់ក្រោយពីមានវិបត្តិកូវីដ-១៩ ខណៈដែលភ្ញៀវទេសចរក្នុងស្រុកទៅលេងតែថ្ងៃចុងសប្ដាហ៍។
អ្នកលក់ភេសជ្ជៈនៅក្បែរឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ដែលបានប្រកបរបរនេះអស់រយៈពេល៤ឆ្នាំមកហើយ កញ្ញា សុខ ស្រីល័ក្ខ បានឱ្យដឹងថា ភ្ញៀវទេសចរបានធ្លាក់ចុះខ្លាំងនៅអំឡុងពេលវិបត្តិកូវីដ-១៩ និងបន្តធ្លាក់ចុះកាន់តែខ្លាំងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈទេសចរណ៍បរទេសមានការថមថយ ហើយជនជាតិចិនដែលទៅវិនិយោគនៅក្នុងខេត្តនេះបានត្រលប់ទៅប្រទេសរបស់ពួកគេវិញ។

កញ្ញាបន្តថា សម្រាប់ភ្ញៀវទេសចរក្នុងស្រុក បានទៅកម្សាន្តនៅក្រុងព្រះសីហនុ តែនៅថ្ងៃចុងសប្តាហ៍ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលកត្តាទាំងនេះ បានធ្វើឱ្យការលក់ដូររបស់កញ្ញា និងអាជីវករផ្សេងទៀតនៅតំបន់ឆ្នេរ បានធ្លាក់ចុះ។
កញ្ញាថា៖ «ប៉ុន្តែឥលូវនេះ ចាប់តាំងពីវិបត្តិកូវីដដល់បច្ចុប្បន្ន គឺវាស្ងាត់មែនទែនបង! ភ្ញៀវទេសចរ គឺស្ងាត់មែនតែម្ដង»។
លោក ណក់ យឿន ជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ និងបានទៅប្រកបរបររត់តុកៗនៅក្រុងព្រះសីហនុ ចាប់តាំងពីឆ្នាំ២០១៩មកដល់បច្ចុប្បន្ន បានឱ្យដឹងថា មុនពេលមានវិបត្តិជំងឺកូវីដ-១៩ និងមានជនបរទេស ជាពិសេសជនជាតិចិន សម្រុកទៅស្នាក់នៅក្នុងខេត្តនេះច្រើន គឺលោករកចំណូលបានពីការដឹកភ្ញៀវក្នុងស្រុក និងភ្ញៀវបរទេស បានប្រមាណ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ន លោករកចំណូលបានតែប្រមាណ២ម៉ឺនរៀលក្នុងមួយថ្ងៃប៉ុណ្ណោះ។
លោកបន្តថា ការធ្លាក់ចុះចំណូលនេះ ដោយសារតែកាស៊ីណូជាច្រើនបានបិទទ្វារ។
លោកថា៖ «ស្ងប់ស្ងាត់អ៊ីចឹង មិនដឹងម៉េចដែរសព្វថ្ងៃហ្នឹង! វាស្ងប់ៗពេកហើយ រកអត់បានផង។ បើអ៊ីចឹងមែន មានតែរត់ចេញ ដូរមុខរបរផ្សេង គិតចំណុចហ្នឹងតើ! បើរកបានម៉ាស៊ីហ្នឹង មិនចង់គ្រប់ផង»។
តែយ៉ាងណា លោករំពឹងថា រដ្ឋាភិបាល ឬក្រសួងស្ថាប័នពាក់ព័ន្ធ នឹងជួយធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍នៅក្រុងព្រះសីហនុងើបដើរឡើងវិញ បើមិនដូច្នេះទេ អ្នកប្រកបមុខរបរដែលបម្រើដល់វិស័យទេសចរណ៍ មានតែត្រលប់ទៅស្រុកកំណើតវិញប៉ុណ្ណោះ។
ចំណែកឯអ្នកលក់សម្លៀកបំពាក់ និងគ្រឿងអនុស្សាវរីយ៍តាមរទេះ នៅក្រុងព្រះសីហនុ អ្នកស្រី ភី សំបូរ ចាប់តាំងពីមានវិបត្តិកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ន បើទោះជាបីស្ថានភាពក្នុងប្រទេសបានបើកដំណើរការជាប្រក្រតីឡើងវិញ ប៉ុន្តែការរកចំណូលចិញ្ចឹមជីវិតរបស់គាត់នៅមិនទាន់មានភាពប្រសើរឡើងនៅឡើយ។ អ្នកស្រីបន្តថា សង្កេតឃើញដែរថា សម្រាប់នៅចុងខែកញ្ញា និងដើមខែតុលានេះ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះភាគច្រើន ជាជនជាតិខ្មែរ ហើយពួកគេមកលេងតែថ្ងៃចុងសប្ដាហ៍ប៉ុណ្ណោះ។
អ្នកស្រីថា៖ «ខ្ញុំចង់ឱ្យពួកគាត់មកលេងច្រើន ព្រោះអីឥលូវសន្តិសុខជាងមុន វាអត់មានការបាញ់បោះទៀតទេ [ក្រោយជនជាតិចិនត្រលប់ទៅវិញ]»។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រ បានឱ្យដឹងថា សម្រាប់អាជីវករលក់ដូរដែលមានតូបលក់ដូរច្បាស់លាស់ មិនសូវជាជួបបញ្ហាប្រឈមនោះទេ ដោយសារតែភ្ញៀវទេសចរជាតិយ៉ាងតិច១០ម៉ឺននាក់បានទៅកម្សាន្តនៅក្រុងព្រះសីហនុនាថ្ងៃចុងសប្តាហ៍ ប៉ុន្តែសម្រាប់អាជីវករដែលលក់ចល័តអាចជួបការលំបាកខ្លះក្នុងការរកចំណូល។
តែយ៉ាងណា លោកបន្តថា អាជ្ញាធរខេត្តបាននិងកំពុងរៀបចំក្រុងព្រះសីហនុឱ្យកាន់តែមានសោភ័ណភាពជាងមុន និងបង្កើតកន្លែងកម្សាន្តថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរខ្មែរនិងបរទេសឱ្យទៅកម្សាន្តនៅក្រុងព្រះសីហនុបន្ថែមទៀត។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា កាលមុនមានវិបត្តិកូវីដ-១៩ ភ្ញៀវទេសចរដែលជាជនជាតិចិន បានទៅលេងនិងស្នាក់នៅយ៉ាងគំហុកនៅក្រុងព្រះសីហនុ ជាហេតុធ្វើឱ្យម្ចាស់អាជីវកម្មខាងផ្នែកទេសចរណ៍បានពង្រីកអាជីវកម្មរបស់ខ្លួន។ តែនៅពេលដែលមានការរាតត្បាតជំងឺកូវីដ-១៩ អ្នកស្រីថាបានធ្វើឱ្យជនជាតិចិនទាំងនោះរងផលប៉ះពាល់ និងបានត្រលប់ទៅប្រទេសពួកគេវិញ ដែលករណីនេះក៏ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជាផងដែរ។
លោកស្រីបន្តថា ទោះបីជាបច្ចុប្បន្នវិបត្តិកូវីដ-១៩បានធូរស្បើយយ៉ាងណាក្ដី តែចំនួនភ្ញៀវទេសចរបរទេសដែលមកកម្ពុជានៅតែមានកម្រិតនៅឡើយ ហេតុដូច្នេះទើបធ្វើឱ្យអាជីករកម្ពុជាដែលបម្រើវិស័យទេសចរណ៍នេះនៅតែពិបាករកចំណូល។
លោកស្រីថា៖ «ពេលដែលភ្ញៀវចិន គាត់អត់ទាន់ត្រលប់មកវិញ ដូច្នេះហើយត្រឹមតែភ្ញៀវក្នុងស្រុក យើងមិនទាន់អាចចែកគ្នាក្នុងការផ្គត់ផ្គង់នៅក្នុងវិស័យហ្នឹងនៅឡើយ»។
ប្រធានសមាគមរូបនេះបន្តថា ទោះបីមានភ្ញៀវទេសចរជាតិបានទៅកម្សាន្តនៅក្រុងព្រះសីហនុច្រើននាថ្ងៃចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ក៏ដោយ ក៏នៅតែមានផលប៉ះពាល់ដល់អាជីវករមួយចំនួនផងដែរ ដោយសារតែពួកគេត្រូវរ៉ាប់រងថ្លៃចំណាយសម្រាប់បុគ្គលិក និងថ្លៃតូប នៅក្នុងថ្ងៃធម្មតាដែរ។
តែយ៉ាងណា លោកស្រីជំរុញដល់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត គួរបង្កើតព្រឹត្តការណ៍ផ្សេងៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់ទីនោះបន្ថែមទៀត ក៏ដូចជាជួយសម្រួលដល់ការរកទទួលទានរបស់អាជីវករទាំងនោះ ខណៈអាជីវករខ្លួនឯងក៏គួរតែពង្រឹងសេវាកម្មនិងរក្សាតម្លៃ ដើម្បីរក្សាទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរផងដែរ៕