ភរិយាអ្នកគាំទ្របក្សភ្លើងទៀនខេត្តត្បូងឃ្មុំដែលត្រូវគេបាញ់សម្លាប់ បង្ខំចិត្តទទួលយកសំណងតែចង់បានយុត្តិធម៌លើសពីនេះ

ចំណុចកើតហេតុករណីអ្នកគាំទ្រគណបក្សភ្លើងទៀនម្នាក់ លោក ប៉ូ ហ៊ីនលាន រស់នៅភូមិព្រីង ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ ក្នុងពេលកំពុងរកត្រី កាលពីទាបភ្លឺថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២។ (អាដហុកខេត្តត្បូងឃ្មុំ)

ភរិយាអ្នកគាំទ្រគណ​បក្សភ្លើងទៀន​ខេត្តត្បូងឃ្មុំ​មួយរូបដែល​ត្រូវ​គេ​បាញ់​សម្លាប់ សម្រេច ទទួលយកសំណងទាំងមិនអស់ចិត្ត ខណៈតុលាការអះអាងថា សំណុំរឿងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលចៅក្រមស៊ើបសួរ។

ភរិយា​លោក ប៉ូ ហ៊ីនលាន គឺអ្នកស្រី វេន គឹមយី ប្រាប់វីអូឌីនៅថ្ងៃទី២៥ ខែតុលានេះថា  សមត្ថកិច្ចបានអានលិខិតឱ្យអ្នកស្រីស្ដាប់ ដោយលិខិតបញ្ជាក់ថា គាត់បានដកពាក្យបណ្ដឹង  ដោយទទួលយកសំណងចំនួន១២ ០០០ដុល្លារ ឬស្មើប្រមាណ៤៨លានរៀល។ អ្នកស្រីបន្តថា សមត្ថកិច្ចបានប្រាប់គាត់ថា បើទទួលយកសំណង ជនដែលប្រព្រឹត្តនឹងត្រូវដោះលែងវិញ។

អ្នកស្រី វេន គឹមយី បញ្ជាក់ថា គាត់នៅមិនទាន់បានដឹងនិងឃើញមុខជនល្មើសដែលបានបាញ់សម្លាប់ស្វាមីនៅឡើយ ដោយសារសមត្ថកិច្ចមិនអនុញ្ញាតឱ្យអ្នកស្រីបានឃើញនោះទេ។

អ្នកស្រីថា៖ «គាត់អានអក្សររួចហើយ ថាខ្ញុំដកពាក្យបណ្ដឹង ហើយលែងជនល្មើស។ ពេលខ្ញុំថា បើលែងជនល្មើសហើយ តិចមកសម្លាប់គេពេញទឹក ពេញដី ក្រុមគ្រួសារខ្ញុំ ម៉េចទៅ? ដល់នេះគាត់ បើសិនជាឈ្មោះហ្នឹងសម្លាប់ទៀត មានតែគុក»។

អ្នកស្រីថា៖ «ខ្ញុំមិនយល់ថាខ្ញុំដោះលែងជនល្មើស។ ខ្ញុំទាមទារសំណងនេះ ខ្ញុំមិនបានដោះលែងណា គ្រាន់តែទារសំណងយកមកធ្វើបុណ្យប្ដីខ្ញុំហ្នឹង»។

ភរិយារបស់អ្នកគាំទ្រគណបក្សភ្លើងទៀនរូបនេះ​បន្តថា រូបគាត់នៅតែមិនទាន់អស់ចិត្តនៅឡើយ ដោយចង់ឃើញជនល្មើសដែលបានបាញ់សម្លាប់ស្វាមីរបស់គាត់ និងចង់បានយុត្តិធម៌ជូនប្តី។

អ្នកស្រីថា៖ «ហេតុខ្ញុំគ្មានខ្សែ គ្មានអ្នកចេះច្បាប់នឹងគេ គ្មានបងប្អូនណាអ្នកចេះច្បាប់អ៊ីចឹង ​​ ម្នាក់ណាគេឱ្យទទួលប្រាក់សំណងមកធ្វើបុណ្យប្ដីខ្ញុំតើ!​ ខ្ញុំមិនចង់បានយកមកធ្វើមានអីទេលុយតែប៉ុណ្ណឹង។ ប្ដីខ្ញុំ! អាណិតគាត់ណាស់ មិនដឹងធ្វើម៉េច? ស្ដាយ! គាត់​ចង់តែរកឱ្យឃើញតើអ្នកណាសម្លាប់ប្ដីខ្ញុំ ឈ្មោះអីៗ ឃុំណា ខេត្តណា អ្នកណាដែលរករឿងមុនគេ? ខ្ញុំចង់ដឹងណាស់ ចង់រកឱ្យឃើញ ឱ្យប្ដីខ្ញុំបានស្ងប់អ៊ីចឹង ឱ្យអស់ចិត្ត ឱ្យរកឱ្យឃើញ។ ពាក្យចចាមអារ៉ាមខ្លះគេថា អូនអើយបានសំណងប៉ុណ្ណឹង កុំវែងឆ្ងាយទៀត ខ្លាចគេធ្វើបាបទៀត អ៊ីចឹង។ សម្រាប់ខ្ញុំនឹកឃើញថា ​ វាខ្លាច វាខ្លាចហើយ! ប៉ុន្តែប្ដីស្លាប់ទាំងមូលហើយ យើងមិនចង់ដឹងចង់ឃើញម៉េចកើត? បើបានឃើញទៅ វាអស់ចិត្តដែរ។ អ្នកណាអ្នកសម្លាប់ អ្នកណាជាអ្នកឱ្យកាំភ្លើង ហើយវាធ្វើការខាងអី»។

វីអូឌី មិនអាចសុំការបំភ្លឺពីស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ុន មាគ៌ា បានទេ ដោយទូរសព្ទចូល លោកចុចបិទទៅវិញ។

ចំណែកអ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ លោក ថេង ជាង មានប្រសាសន៍ថា សំណុំរឿងនេះ សមត្ថកិច្ចបានបញ្ជូនមកតុលាការ ដោយមានជនត្រូវចោទមួយរូប ក្នុងនោះ តំណាងអយ្យការបានចោទប្រកាន់ពីបទ«មនុស្សឃាតដោយអចេតនា»

លោកបញ្ជាក់ថា ជនត្រូវចោទនោះត្រូវបានចៅក្រមស៊ើបសួរបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារ ប៉ុន្តែសុំមិនបញ្ចេញឈ្មោះ និងតួនាទីជនត្រូវចោទ ដែលបានបាញ់សម្លាប់អ្នកគាំទ្រគណបក្សភ្លើងទៀន លោក ប៉ូ​ ហ៊ីនលាន នោះទេ ។

លោកថា៖ «ខ្ញុំសូមមិនអាចផ្ដល់ព័ត៌មានជូនវិញបានទេ រឿងពាក់ព័ន្ធនឹងការសម្របសម្រួលយ៉ាងម៉េច ខ្ញុំជូនព័ត៌មានបានប៉ុណ្ណឹង ថារឿងនឹងត្រូវបានចៅក្រមស៊ើបសួរឃុំតាំងពីថ្ងៃនោះម៉្លេះ»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានលើកឡើងថា ជនរងគ្រោះមានសិទ្ធិក្នុងការធ្វើជាដើមបណ្ដឹងរដ្ឋប្បវេណី ដើម្បីទាមទារសំណងរដ្ឋប្បវេណី ប៉ុន្តែប្រសិនគាត់​យល់ថា សំណងនេះមិនគ្រប់គ្រាន់ ជនរងគ្រោះមានសិទ្ធិទាមទារបន្ថែមបាន។ លោកបញ្ជាក់ថា ទោះបីជនរងគ្រោះទទួលសំណង ប៉ុន្តែសម្រាប់បណ្ដឹងអាជ្ញាមិនអាចរលត់ ឬត្រូវបានបញ្ចប់ដោយសារការផ្ដល់សំណងនោះទេ។

លោក អំ សំអាត  បន្តថា បណ្ដឹងអាជ្ញានេះ ព្រះរាជអាជ្ញាជាដើមបណ្ដឹង ហើយជាអ្នកធានាអំពីយុត្តិធម៌ និងសន្តិសុខសុវត្ថិភាព ព្រមទាំងយុត្តិធម៌ក្នុងសង្គម។

លោកថា៖ «ព្រះរាជអាជ្ញាដើរតួជំនួសរដ្ឋ ក្នុងនាមរដ្ឋ ដើម្បីស្វែងរកយុត្តិធម៌ ហើយធ្វើការចោទប្រកាន់ទៅលើជនណាដែលពាក់ព័ន្ធជាមួយនឹងបទល្មើស ដើម្បីធ្វើឱ្យតុលាការបើកការស៊ើបអង្កេតបន្ត ដើម្បីស្វែងរកយុត្តិធម៌ក្នុងសង្គម ក៏ដូចជាជនរងគ្រោះ។ អ៊ីចឹងករណីហ្នឹង វាមិនអាចយកសំណងទៅ រលត់បណ្ដឹងអាជ្ញា ឬអាចទទួលសំណងហើយ អាចជនពាក់ព័ន្ធនិងប្រព្រឹត្តរួចខ្លួនទេ»។

អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន លោក ប៉ូ ហ៊ីនលាន រស់នៅ​​ភូមិ​ព្រីង ឃុំចក ស្រុក​អូររាំងឪ ខេត្តត្បួងឃ្មុំ ​ត្រូវបានជន​មិន​ស្គាល់​មុខ​បាញ់សម្លាប់ក្នុង​ពេល​កំពុង​រក​ត្រី កាល​ពី​ទាប​ភ្លឺ​ថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២ ខណៈអំពើឃាតកម្មនេះ គ្រួសារអះអាងថា នៅមិនទាន់ដឹងពីមូលហេតុអ្វីឱ្យពិតប្រាកដនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ