សេតវិមានបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) និងនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក រីឈី ស៊ូណាក់ (Rishi Sunak) នៅក្នុងជំនួបតាមរយៈទូរសព្ទនៅថ្ងៃអង្គារម្សិលមិញ បានអះអាងសាជាថ្មីពីការកសាងទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ដែលក្នុងនោះ ពួកគេក៏បានក្រើនរំលឹកពីសារៈសំខាន់នៃការគាំទ្រដល់អ៊ុយក្រែនផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្តីថ្លែងការណ៍ដដែលបន្តថា លោក ចូ បៃឌិន និងលោក រីឈី ស៊ូណាក់ នៅក្នុងកិច្ចសន្ទនាជាមួយគ្នាជាលើកដំបូងនោះ ក៏បានយល់ព្រមគ្នាលើសារៈសំខាន់នៃការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបង្កឡើងដោយប្រទេសចិន និងដើម្បីធានាឱ្យបាននូវធនធានថាមពលប្រកបដោយនិរន្តរភាព និងតម្លៃសមរម្យផងដែរ។
គួរបញ្ជាក់ថា កិច្ចសន្ទនារវាងថ្នាក់ដឹកនាំទាំងពីរ ធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក រីឈី ស៊ូណាក់ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួសលោកស្រី លីស ត្រាស់ (Liz Truss) ដែលបានប្រកាសលាលែងចេញពីតំណែងកាលពីសប្ដាហ៍មុន៕