លោក ហ៊ុន សែន ជំរុញ​ឱ្យ​មេដឹកនាំ​បក្សភ្លើងទៀន​បកស្រាយ​ចំពោះ​ការលើកឡើង​របស់​លោក សម រង្ស៊ី ដែល​ប្រមាថ​ព្រះមហាក្សត្រ

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជំរុញ​ឱ្យ​មេដឹកនាំបក្សភ្លើង​ទៀន​ចេញមកបញ្ជាក់ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ដែលបានប្រមាថព្រះមហាក្សត្រ ដោយថា ដើម្បីឱ្យអស់មន្ទិលសង្ស័យ ខណៈបក្សភ្លើងទៀននេះ លោក សម រង្ស៊ី ជាអ្នកបង្កើតឡើង។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពិធីចុះចែកស្រូវពូជ និង​ស្បៀងអាហារ​​​ជូន​ប្រជាកសិករ​ដែល​រង​គ្រោះដោ​យ​ទឹក​ជំនន់ នៅ​ខេត្ត​កំពង់​ឆ្នាំង នា​ព្រឹក​ថ្ងៃ​ពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ជំរុញ​ទៅ​មេដឹកនាំដែលកំពុងដឹកនាំគណបក្សភ្លើង​ទៀន ក្នុង​នោះ រួមមាន លោក ទាវ វណ្ឌុល, លោក សុន ឆ័យ និងលោក ថាច់ សេដ្ឋា ចេញមកបញ្ជាក់ឱ្យ​សាធារណជន​បានដឹង ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ដែល​បានប្រមាថ​ព្រះ​មហាក្សត្រ។

លោកក៏បានអំពាវនាវ​​ឱ្យសមាជិកគណបក្សភ្លើងទៀនផ្ដាច់​ខ្លួន​ចេ​ញ​ពី​បក្ស​នេះ ដើម្បី​បញ្ចៀសបញ្ហា​ណាមួ​យ​ដែល​បាន​កើត​ឡើង ដោយ​លោក​ព្រមានថា បក្សនេះជាមុខសញ្ញា និង​មាន​គោល​ដៅ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

លោកថា៖ «ដូច្នេះ អ្វីដែលអ្នកឯងគួរធ្វើ ត្រូវបញ្ជាក់ឱ្យច្បាស់តើការអះអាងរបស់ សម រង្ស៊ី ថាព្រះមហាក្សត្រអត់មានមនសិការស្នេហាជាតិ ហើយមានការក្បត់ជាតិ ហើយដែលកាលពីឆ្នាំកន្លងទៅ តែង​តែ​ប្រមាថ​ព្រះ​មហា​ក្សត្រ ត្រឹម​ត្រូវ​ឬ​មិន​ត្រឹម​ត្រូវ​​ចំណុចនេះ? ​ខ្ញុំ​ចង់​បានការ​​ធានា​មួយ​ពី​សំណាក់​អស់​លោក។ អស់​លោក​កុំ​និយាយថា​នេះ​ជា​ការ​គំរាម​កំហែង ប៉ុន្តែ​​អស់លោក​ត្រូវដឹងថា ខ្ញុំរាជ​រដ្ឋាភិបាល ខ្ញុំត្រូវ​មាន​លទ្ធភាព​គ្រប់​គ្រាន់ ដើម្បី​​ការ​ពារ​ព្រះ​មហា​ក្សត្រ ​ការ​ពាររាជានិយម ការពារ​រាជបល្ល័ង្ក ​ខ្ញុំមិនអាចឱ្យអ្នកបំពានបានទេ»។

លោក​បន្តថា៖ «ខ្ញុំមានសិទ្ធិនឹងចោទចេញ​ជា​សំណួរសម្រាប់សួរទៅអស់​លោក​​អ្នក ព្រោះ​វា​​ស្ថិត​​នៅ​ក្នុង​បញ្ហា​នៃ​ការ​សង្ស័យអំពី​​ការ​ធ្វើភេរវកម្មបង្កចលាចល ដើម្បីផ្ដួលរំលំរា​ជ​រដ្ឋាភិបាល និង​ផ្ដួល​រំលំ​របបរាជា​និយម​​អាស្រ័យ​​[រដ្ឋ]ធម្មនុញ្ញ»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា​ មូលហេតុដែលលោកឱ្យថ្នាក់ដឹកនាំគណបក្ស​ភ្លើង​ទៀនចេញមុខបញ្ជាក់បែបនេះ ដោយសារតែ​លោក សម រង្ស៊ី ជា​អ្នកបង្កើតគណបក្ស​នេះ​ឡើង។ លោកបន្តថា បច្ចុប្បន្ន ដ្បិត​លោក សម រង្ស៊ី មិន​បាន​ដឹក​នាំ​គណបក្សនេះ​​ក៏ពិតមែន​ ប៉ុន្តែដើម្បី​ជម្រះ​មន្ទិល​​នោះ ថ្នាក់ដឹកនាំបក្សភ្លើងទៀនត្រូវចេញបកស្រាយឱ្យច្បាស់លាស់។

លោកបន្ថែម​ថា៖ «សង្ឃឹម​ថាឯកឧត្ដមនឹ​ង​ធ្វើការឆ្លើយតប​​ដោយសមហេតុសមផលជាមួយនឹងសំណូមពរបែប​នេះ ប្រកាន់​​យ​ក​ឥរិយាបថ ចំពោះពួក​ឯកឧត្ដម និងមេដឹកនាំ និងពួកនៅក្នុង​គណបក្សភ្លើងទៀន ព្រោះនេះគឺ​ជាផែន​ការនៃ​ការផ្ដួល​រំលំ​ផង និង​ការផ្ដួល​រំលំរាជរដ្ឋាភិបាលផង និងការដូររបបដែលអាមេខ្លោងមួយនេះ [លោក សម រង្ស៊ី] ​​វាធ្លាប់តែ​និយាយ​កន្លង​ទៅ។ ហេតុអ្វីខ្ញុំត្រូវចោទសួរ? ដោយសារអាភ្លើងទៀន វាបង្កើតដោយអាមួយហ្នឹង! អ៊ីចឹងទេ! ​តើអ្នកឯងពាក់ព័ន្ធ​អី? អ៊ីចឹងនេះជាកូនរបស់អាមួយហ្នឹង អ៊ីចឹងឥលូវវាផ្ដាច់គ្នាហើយឬនៅ? បញ្ហាវាស្ថិតនៅកន្លែងហ្នឹង»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដែរថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមិន​បាន​ចេញ​បក​ស្រាយ​ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ក៏មានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន និងប្តូររបបរាជានិយមអាស្រ័យរដ្ឋ​ធម្មនុញ្ញ​ផងដែរ។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់​ពីលោក ទាវ វណ្ឌុល លោក សុន ឆ័យ និង​លោក ថាច់ សេដ្ឋា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បាន​ទេ ជុំវិញករណីនេះ។

ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យមេដឹកនាំគណបក្សភ្លើងទៀនចេញ​មុខ​ឆ្លើយតបនោះ ជំទប់ទី២ នៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមាន​ជ័យ មកពីគណបក្សភ្លើងទៀន លោក ចាន់ សុខុន បានចេញសេចក្ដីថ្លែងការណ៍ថ្កោល​ទោសចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី។

តែយ៉ាងណា ប្រតិកម្ម​របស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាថ្ងៃនេះ ក្រោយ​ពេល​សហ​ស្ថាបនិក​​គណបក្សសង្គ្រោះ​ជាតិ​ដែលតុលាការ​បានរំលោយ លោក សម រង្ស៊ី បានថ្លែងក្នុងបទ​សម្ភាស​ជាមួយ​​​អាស៊ីសេរី កាលពីយប់ថ្ងៃម្សិលមិញ។

លោក សម រង្ស៊ី បាន​ចោទ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបាន​ប្រើ​ល្បិច ដើម្បី​ឱ្យ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​លើសន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ​២០០៥ ឱ្យ​​រស់ឡើង​វិញ បើទោះបីជាសន្ធិសញ្ញានេះត្រូវបានបញ្ចប់​ដោយ​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយក្ដី។

លោកថា៖ «យើងត្រូវទុកករណី​ហ្នឹង​ឱ្យនៅក្ដៅគគុក ពីព្រោះ​អ្វី​ដែល​ធ្វើ​ក្រោម​ការ​គំរាម​កំហែង មិ​ន​អាច​យក​ជា​ការ​បាន។ ថ្ងៃណាមួយ យើងនឹងប្ដឹង​ថាព្រះមហាក្សត្រ លោក​ចុះ[ព្រះ]ហត្ដលេខា​ គឺក្រោម​ការ​គំរាម​កំហែង ជាគោលការណ៍​អ្វីដែលធ្វើក្រោម​ការគំរាមកំហែង មិនអាចយកជាការបានទេ។ អ៊ីចឹងព្រះមហាក្សត្រខ្លួនឯង ព្រះអង្គខ្លួនឯង ត្រូវទទូលស្គាល់ថាខ្ញុំត្រូវបាន ហ៊ុន សែន គំរាម ពីព្រោះ ហ៊ុន សែន បាននិយាយច្បាស់ថា បើលោកមិនឡាយព្រះហស្ដ[លេខា]ទេ ហ៊ុន សែន នឹងរំលាយរាជបល្ល័ង្ក»។

ការលើកឡើងរបស់លោក សម រង្ស៊ី នេះ ប្រហែលជាលោកចង់សំដៅទៅលើការប្រកាសរបស់លោក ហ៊ុន សែន កាលពីឆ្នាំ២០០៥ ដែលកាលនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយម ហើយដាក់ជំនួសមកវិញ​នូវ​របប​សាធារណ​រដ្ឋ ប្រសិន​បើ​ព្រះមហាក្សត្រមិន​ព្រម​ឡាយ​ព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមស្ដីពីព្រំដែនកម្ពុជា-វៀតណាម។

លោកថា៖ «ខ្ញុំនិយាយ​ជាមួយ​សម្ដេច​ក្រុម​ព្រះ ខ្ញុំថាព្រះអង្គនិយាយប្រាប់ឯកឧត្ដម ស៊ុន ចាន់ថុល ឬម៉េច! កុល ផេង, អ៊ឹង កន្ថាផាវី, ស៊ីវត្ថិ លើយន្តហោះ ហើយខ្ញុំប្រាប់ថ្ងៃសម្ដេចក្រុមព្រះតេឱ្យជួបតាមទូរសព្ទ​ថា ព្រះអង្គបើលើកនេះពិបាកចុះហត្ថលេខា ត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬសាធារណរដ្ឋ ឱ្យវាមានប្រធានាធិបតីតែម្ដង»។

ទោះជាយ៉ាងណា អ្នក​នាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា កន្លងមក មន្ត្រីរដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​មក​លើ​ក្រុមអង្គការសង្គមស៊ីវិល​រួច​ទៅ​ហើយ​ថាមាន​ចេតនា​ចង់​ផ្ដួល​រំ​លំរដ្ឋាភិបាល។ លោកបង្ហាញការសោកស្ដាយចំពោះការចោទប្រកាន់នេះ ដោយថា ជម្លោះរបស់អ្នកនយោបាយ គួរដោះស្រាយតាមបែបនយោបាយ ដោយមិនគួរទាញ​ភ្ជាប់អង្គការសង្គមស៊ីវិលដែលធ្វើការឯករាជ្យឡើយ។

លោកថា៖ «ការចោទប្រកាន់ដោយមិនមានមូលដ្ឋានច្បាស់លាស់ យើងពិបាកនឹងទទួលយកណាស់​ នៅក្នុងការលើកឡើងបែបហ្នឹង។ ហើយ​យើង​ទទូចចង់ឱ្យថ្នាក់ដឹកនាំនយោបាយ នៅក្នុងជម្លោះរវាងអ្នកនយោបាយនេះ កុំមានការទាញយកអង្គការសង្គមស៊ីវិលទៅពាក់ព័ន្ធនឹងជម្លោះរបស់​ខ្លួន ពីព្រោះជម្លោះអ្នកនយោបាយនេះយូរណាស់មកហើយ ហើយធ្វើឱ្យមានការខាតបង់ផល​ប្រយោជន៍​ជាតិ ដែលយើងមើលឃើញកន្លងមក។ អ៊ីចឹងហើយបានសង្គមស៊ីវិលយើងទទូច​អ្នក​ដឹក​នាំនយោបាយទាំងអស់បញ្ចប់នូវជម្លោះ ហើយងាកមកគិតផលប្រយោជន៍ជាតិជាធំ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ