ជនជាតិដើមភាគតិច​ជិត​១០០នាក់​នៅ​ខេត្តមណ្ឌលគិរី តវ៉ា​ប្រឆាំង​អាជ្ញាធរ​ដែល​កាត់ដី​របស់​ពួកគាត់​ឱ្យ​ទៅ​ឧកញ៉ា

ជនជាតិដើមភាគតិចពូនងជិត១០០នាក់ នៅឃុំសែនមនោរម្យ ស្រុក​​អូររាំង ខេត្ត​មណ្ឌល​គិរី បាន​នាំគ្នាតវ៉ា​មុខសាលាឃុំ ប្រឆាំងនឹង​អាជ្ញាធរដែល​បានកាត់ដីពួកគេចំនួន​២៥៥ហិកតា ទៅឱ្យឧកញ៉ាធ្វើការអភិវឌ្ឍ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ជនជាតិដើមភាគតិចពូនងជិត១០០នាក់ នៅឃុំសែនមនោរម្យ ស្រុក​​អូររាំង ខេត្ត​មណ្ឌល​គិរី បាន​នាំគ្នាតវ៉ា​មុខសាលាឃុំ នៅថ្ងៃពុធនេះ ប្រឆាំងនឹង​អាជ្ញាធរដែល​បានកាត់ដីពួកគេចំនួន​២៥៥ហិកតា ទៅឱ្យឧកញ៉ាធ្វើការអភិវឌ្ឍ។

កាលពី​ថ្ងៃទី​២​៤ ខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលបាន​ចេញអនុក្រឹត្យកាត់ដីរដ្ឋចំនួន​២ទីតាំង ដោយ​​ទីតាំង​ទី១ មាន​ដី​ជាង៧៩​​ហិកតា នៅភូមិ​ពូតាំង សង្កាត់​រមនា ក្រុង​​សែន​មនោរម្យ និងទីតាំង​ទី​២​ មានដីទំហំ​២៥៥ហិកតា ស្ថិតក្នុងភូមិ​ពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ផ្តល់ជាកម្មសិទ្ធិឯកជន​ឱ្យទៅឈ្មោះ​ ជឹង ធាង​សេង និងចេញបណ្ណកម្មសិទ្ធិ​ទៅតាមសំណើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប៉ុន្តែអ្នកភូមិជនជាតិដើមភាគតិចពូនង អះអាងថា ករណីរដ្ឋាភិបាលកាត់ដីលក់ទៅឱ្យឈ្មោះ ជឹង ធាងសេង ដែលមានងារជាឧកញ៉ានេះ បានធ្វើឱ្យប៉ះពាល់ដល់ដី២៥៥ហិកតាដែលជាដីអាស្រ័យផលជាសមូហភាពរបស់ពួកគេ។

អ្នក​ស្រី ហើត ភិត ជា​ជនជាតិ​ដើម​ភាគ​តិច​ពូនង ​នៅភូមិ​ពូរ៉ាង ឃុំ​សែន​មនោរម្យ ប្រាប់វីអូឌី​ថា អ្នក​ភូមិប្រហែល​ជិត​១០០​នាក់បាន​នាំគ្នាទៅតវ៉ានៅសាលាឃុំសែនមនោរម្យ នៅព្រឹកថ្ងៃពុធ​នេះ ដើម្បីទាមទារដល់​អាជ្ញាធរ​ឃុំ​ឱ្យ​ជួយ​ដោះស្រា​យ​ដី​ធ្លីជូន​ពលរដ្ឋបានអាស្រ័យផលវិញ។ អ្នកស្រីបន្តថា ដីទំហំ២៥៥ហិកតារបស់ប្រជាពលរដ្ឋដែលរដ្ឋាភិបាលកាត់ទៅឱ្យ​ឧកញ៉ា ជឹង ធាង​សេង នោះជា​ដី​ស្រែចម្ការ​​ និង​ដី​អាស្រ័យផល​ជា​សមូហភាពតាម​បែបប្រពៃណីរបស់​ជន​ជាតិ​ដើម​ភាគតិច។

អ្នកស្រីបន្ថែមថា៖ «តាមគម្រោង​ប្លង់របស់គាត់ [ឱ្យឧកញ៉ា ជឹង ធាងសេង] ដែលយើងដឹងជាក់ស្ដែង គឺ​ប៉ះពាល់​ដី​ពល​រដ្ឋ២៥៥​ហិកតា ប៉ះពាល់ទាំងអស់​ ចម្ការ​ស្វាយចន្ទី ចម្ការ​ដំឡូង ស្រូវ ដី​តំណម ដី​អារក្ខអ្នកតា ដីកប់ខ្មោច ដី​សម្រាប់​ឃ្វាលគោ-ឃ្វាល​ក្របី ដី​អាស្រ័យផលសម្រាប់រកបន្លែផ្លែឈើ។ ដីអាស្រ័យទាំងអស់ហ្នឹងជាអាយុជីវិតរបស់ប្រជាពលរដ្ឋហ្នឹង ហើយ​បើបាត់អស់ ឱ្យប្រជាពលរដ្ឋពឹងអី? បើមានតែធ្វើស្រែចម្ការហ្នឹងហើយ»

អ្នក​ស្រី បើក រើប ជាជនជាតិដើមភាគតិចពូនង​ រស់​​នៅភូមិពូរ៉ាងម្នាក់ទៀត​​ អះអាង​ដែរ​ថា​ ការដែល​​​រដ្ឋាភិបាល​​កាត់​​ដី​២៥៥​ហិកតា​ទៅ​ឱ្យ​ឧកញ៉ា ជឹង ធាងសេង នោះ​បានធ្វើ​ឱ្យប៉ះពាល់ដល់ការអាស្រ័យផលរបស់​ជន​ជាតិដើម​ភាគ​តិច​ទូទាំង​​ភូមិ​​ពូរ៉ាង ខណៈ​ដី​​នោះ ពួកគាត់អាស្រ័យផលជាសមូហភាពតាមបែបប្រពៃណីបន្តពីដូនតា ដោយ​ពុំទាន់មានការចុះបញ្ជី ឬមាន​បណ្ណកម្ម​សិទ្ធិនៅឡើយ​​។

អ្នកស្រី​បន្ត​ថា រូប​អ្នក​ស្រី និងពលរដ្ឋផ្សេងទៀតកំពុងពិបាកចិត្ត​ ដោយ​បារម្ភ​ខ្លាច​ឧកញ៉ា​យក​ដីនោះអស់ ដែលធ្វើ​ឱ្យ​​ពួក​គាត់គ្មាន​ដី​​សម្រាប់​អាស្រ័យផល​បន្តទៀត។ អ្នកស្រីថា ជនជាតិ​ដើម​ភាគតិច​មាន​កូន​ច្រើន និង​គ្មាន​មុខ​របរ​អ្វី​ផ្សេង​ក្រៅពី​ការ​ធ្វើស្រែ​ធ្វើ​ចម្ការ ចិញ្ចឹម​សត្វ និង​ការ​រក​អនុផល​ព្រៃឈើ​សម្រាប់​ចិញ្ចឹម​ជីវិត​នោះ​ទេ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសំណូមពរ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ និងរដ្ឋាភិបាលដោះស្រាយ ដោយ​កាត់​ឆ្វៀល​ដី​ជូនពលរដ្ឋវិញ។ ប្រជាពល​រដ្ឋ​រាល់​ថ្ងៃហ្នឹង​ មានទុក្ខកង្វល់ខ្លាំងណាស់។ គាត់​ធ្វើអ៊ីចឹង​ដូច​សម្លាប់​ប្រជាពលរដ្ឋទាំងអស់។ គាត់មិនយកកាំភ្លើងបាញ់ ឬយក​កាំបិត​​កាប់​សម្លាប់​ទេ តែគាត់​សម្លាប់​ពលរដ្ឋ​តាម​រយៈ​ការ​យក​ដី មិនឱ្យពលរដ្ឋបានអាស្រ័យផល។ រាល់ថ្ងៃ​នេះ ខ្ញុំ​ដេកអត់​លក់​ទេ ព្រោះគាត់ធ្វើអ៊ីចឹង កូន​ចៅ​ជំនាន់ក្រោយ​បានអី? ហើយប្រជាពលរដ្ឋសង្ឃឹមលើអី?»

មេឃុំ​សែនមនោរម្យ អ្នកស្រី ថ្វាន់ ត្រែល មិនអាចបញ្ជាក់បានថា ដី២៥៥ហិកតាពិតជាដីដែលជនជាតិដើមភាគតិចបានអាស្រ័យ​ផល​ទាំង​អ​ស់​ឬ​យ៉ាង​ណាទេ​ ប៉ុន្តែពិតជាមានដីអាស្រ័យផលរបស់ជនជាតិដើមភាគតិចមួយចំនួនធំនៅក្នុងតំបន់នោះ។

មេឃុំរូបនេះ​បន្ត​ថា ជុំវិញ​រឿង​ជម្លោះដីធ្លីនេះ គឺ​ហួសពីសមត្ថកិច្ចរបស់អ្នកស្រី​ក្នុងការ​ដោះស្រាយ។ អ្នកស្រី​ថា ការ​តវ៉ា​របស់អ្នក​ភូមិ​ នៅ​ព្រឹកមិញនេះ មន្ត្រីរដ្ឋបាលស្រុក​បានឱ្យប្រជាពលរដ្ឋធ្វើបណ្ដឹងចំនួន​២ ក្នុងនោះមានបណ្ដឹងជា​បុគ្គល និង​បណ្ដឹងរួមរបស់ប្រជាពលរដ្ឋ ដើម្បីប្តឹងតវ៉ាប្រឆាំងការចេញបណ្ណឱ្យឧកញ៉ា ជឹង ធាងសេង។

អ្នកស្រីបន្ថែម​ថា៖ «នៅតំបន់ស្រុកអូររាំងនេះ [ដី]នៅតាមតំបន់ជ្រលង​ដង​អូរ​ហ្នឹង គឺ​របស់​ប្រជាពលរដ្ឋពិតប្រាកដមែនហើយ ហើយគាត់មកតវ៉ាកន្លែងហ្នឹង ព្រោះជាស្រុកកំណើត ភូមិកំណើតរបស់ពួកគាត់ ពីមុនមកគឺធ្វើអ៊ីចឹង។ គាត់​អាស្រ័យផល​ជាក់​ស្តែង​តាម​ជ្រលងដងអូរ​ តាមប្រពៃណីខាងជនជាតិដើមភាគតិចខាងខ្ញុំ ប៉ុន្តែរឿងនេះ ​ខ្ញុំ​គ្មាន​សិទ្ធិ​សម្រេច​ថាដោះស្រាយ​យ៉ាង​ម៉េចជូនពលរដ្ឋបានទេ មានតែថ្នាក់លើទេ»

បើតាមមេឃុំរូបនេះ នៅ​ភូមិពូរ៉ាង មានពលរដ្ឋជាជនជាតិដើមភាគតិចរស់នៅ​សរុបចំនួន​១៣២​គ្រួសារ ស្មើ​នឹង​៥១០​​​នាក់។

វីអូឌី មិនអា​ច​សុំកា​រ​ឆ្លើយ​តប​ពី​អភិបាល​ស្រុក​អូររាំង លោក សៀក មន្នី និង​បុគ្គល​ឈ្មោះ ជឹង ធាង​សេង បាន​ទេ​ នៅ​ថ្ងៃ​ពុធនេះ។

អ្នក​សម្របសម្រួលបណ្តាញ​ជនជាតិដើមភាគតិច ​នៅ​ខេត្ត​មណ្ឌល​គិរី អ្នក​ស្រី ផ្លឹក ភីរុំ មាន​​ប្រសាសន៍​ថា ករណី​​​អ្ន​​ក​មាន​​លុយ​មាន​​អំណាច​​រំលោភ​យ​​ក​​​ដី​របស់ជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរីនេះ​ បាន​កើត​មាន​ស្ទើរ​គ្រប់​កន្លែង ខណៈ​ជនជាតិ​ដើម​​ភាគ​​តិច​​មិន​លូវ​យល់​ដឹង​​អំពី​ផ្លូវ​ច្បាប់ និងនីតិវិធីនៃកា​រ​ចុះ​បញ្ជី​ដីធ្លី​​​ជា​ប្រព័ន្ធ និងជាសមូហភាព។ អ្នកស្រី​អះអាងថា បញ្ហានេះកើតឡើងដោយសារតែមា​នការគប់គិតគ្នា និងការប្រព្រឹត្តអំពើពុករលួយ​ជាប្រព័ន្ធរវាងអាជ្ញាធរ និង​អ្នកមានលុយមានអំណាច។

តំណាងជនជាតិដើមភាគតិចរូបនេះបន្ត​ថា ប្រសិន​បើ​បញ្ហា​នេះ​មិន​​ត្រូ​វ​បាន​ដោះ​ស្រាយទេ នោះ​បញ្ហាការរំលោភបំពានដីធ្លីរបស់​ពលរដ្ឋ​នៅតែបន្តកើត​មាន ហើយ​សិទ្ធិជនជាតិដើមភាគតិច និងវប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់របស់ពួកគេនឹង​រង​ការរំលោភ​បំពាន។

អ្នកស្រី​បន្ថែម​ថា៖ «ប្រសិន​ជា​​រដ្ឋាភិបាលមិនមានចំណាត់ការ​ដោះស្រាយនិង​ទប់​ស្កាត់​ទេ វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់ ​និង​រំលោភ​ទៅ​ដល់​​សិទ្ធិរបស់ជនជាតិដើមភាគតិច ជាពិសេសការអាស្រ័យផលរបស់បងប្អូនជនជាតិដើមភាគតិច ដូចជា​ ដីព្រៃជំនឿ និងកន្លែងផ្សេង​ទៀត ហើយនឹងធ្វើឱ្យមានជម្លោះដីធ្លីមិនចេះចប់»

មាត្រា២​៥ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ចែងថា ដីសហគមន៍ជនជាតិដើមភាគតិច មិនមែនមានតែដីដាំដុះជាក់ស្ដែងនោះទេ ប៉ុន្តែ​ពួកគេត្រូវមានដីបម្រុងទុកជាចាំបាច់ក្នុងការដូរវេនដំណាំ និងដីប្រើប្រាស់តាមបែបប្រពៃណីផ្សេងៗទៀត។

កាល​ពី​​ឆ្នាំ​២០០៩ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យមួយ​ ស្តីពី នីតិវិធីនៃការចុះបញ្ជី​ដី​សហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះមាន​គោលដៅកំណត់​គោល​ការណ៍​នី​តិ​វិធី និង​យន្ត​ការ​សម្រាប់​ការ​​ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជា​កម្មសិទ្ធិ​សមូហភាព។

អនុក្រឹត្យនេះក៏​មានគោលបំណងផ្ដល់សិទ្ធិស្របច្បាប់ក្នុងការ​កាន់​កាប់​ដីធ្លី​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដើម្បីធានាសុវត្ថិភាព​​នៃការកាន់កាប់ដីធ្លី និង​ការពារសិទ្ធិសមូហភាព ដោយ​រក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀម​ទម្លាប់ និងប្រពៃណីល្អរបស់​សហគមន៍​ជនជាតិដើមភាគតិចផងដែរ។

មាត្រា៦ នៃ​អនុក្រឹត្យ​នេះ បាន​បញ្ជាក់​ថា ដី​ដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិជាសមូហភាពរបស់​សហគមន៍ជនជាតិដើមភាគតិច រួម​មាន ដី​លំនៅឋាន ដី​ដែល​សហគមន៍ប្រកបរបរធ្វើកសិកម្មតាមប្រពៃណី មានដីដាំដុះជាក់ស្ដែង ដីស្រែចម្ការ ដីបម្រុងទុកចាំបាច់​ក្នុង​ការ​ដូរ​វេន​ដំណាំ ដីព្រៃអារក្ខ និងដីកប់ខ្មោច ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ