នៅដើមខែសីហា បុរសអាយុ២៩ឆ្នាំមួយរូប លោក Yu Liang បានហោះចេញពីកោះតៃវ៉ាន់មកកាន់ប្រទេសកម្ពុជា ជាមួយនឹងក្ដីសង្ឃឹមខ្ពស់ក្នុងការទទួលបានជីវិតដ៏ប្រសើរមួយ។ ទោះជាយ៉ាងណា រូបលោកបែរជាត្រូវបានគេយកមកដាក់ក្នុងទីតាំងប្រតិបត្តិការឆបោកទៅវិញ។
បុរសខាងលើបន្តថា រូបលោកដំបូងឡើយត្រូវបានក្រុមហ៊ុនសន្យាថានឹងផ្ដល់ជូននូវការងារជាមួយប្រាក់ខែខ្ពស់ ទីកន្លែងស្នាក់នៅដ៏ប្រណិត និងអាហារឆ្ងាញ់ៗ ប៉ុន្តែអ្វីដែលទទួលបានជាក់ស្ដែង គឺខុសពីអ្វីដែលបានសន្យាទាំងស្រុង។
លោកត្រូវបានគេបង្ខំឱ្យជ្រើសរើសកម្មករផ្សេងទៀត និងចូលរួមក្នុងគម្រោងបោកប្រាស់ផ្សេងៗ ខណៈលិខិតឆ្លងដែនរបស់ខ្លួនក៏ត្រូវបានក្រុមហ៊ុនរឹបអូសយក ហើយក៏មិនដែលទទួលបានប្រាក់ខែពីក្រុមហ៊ុនផងដែរ។ នៅពេលដែលលោកព្យាយាមលាឈប់ពីការងារនេះ គាត់ត្រូវបានក្រុមហ៊ុនគំរាមជាមួយនឹងការទាមទារនូវតម្លៃលោះក្នុងចំនួនច្រើន។
ក្នុងរយៈពេលត្រឹមតែមួយខែបន្ទាប់ពីមកដល់ប្រទេសកម្ពុជា លោក Yu Liang ត្រូវបានគេផ្លាស់ប្តូរទីកន្លែងចំនួនពីរដង ដោយលើកទីមួយគឺចេញពីបរិវេណលើកំពូលភ្នំបូកគោ ខេត្តកំពត ទៅកាន់បរិវេណអាគារ Kaibo (KB) ក្នុងខេត្តព្រះសីហនុ។
សម្រាប់លើកទីពីរ រូបលោករួមនឹងកម្មកររាប់សិបនាក់នៅក្នុងក្រុមហ៊ុនរបស់គាត់ ត្រូវបានគេបញ្ជូនក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ ឆ្លងកាត់ព្រំដែនអន្តរជាតិ ពីភាគខាងត្បូងប្រទេសកម្ពុជា ទៅភាគខាងជើងប្រទេសឡាវ។
ស្របពេលមានការចុះបង្រ្កាប និងការចាប់ខ្លួនកាន់តែខ្លាំងពីសំណាក់អាជ្ញាធរ ក្នុងនោះ គេសង្កេតឃើញថា ក្រុមអ្នកឆបោកដែលកំពុងតែធ្វើសកម្មភាពក្នុងប្រទេសកម្ពុជាហាក់កំពុងតែងាកទៅកាន់ប្រទេសផ្សេងៗ ខណៈរបាយការណ៍អំពីការកើនឡើងនៃករណីឆបោកក៏បានលេចឡើងនៅក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ា ផងដែរ។
យោងតាមករណីជនរងគ្រោះ និងក្រុមអ្នកជួយសង្គ្រោះនានា បានបង្ហាញថា ប្រតិបត្តិការបោកប្រាស់មួយចំនួនបានផ្លាស់ប្ដូរវិធីសាស្រ្តតាមរយៈការផ្លាស់ទីកម្មករពីទីតាំងចាស់របស់ពួកគេ ទៅកាន់ប្រទេសថ្មីមួយផ្សេងទៀត ដើម្បីរត់គេចចេញពីការចាប់ខ្លួន។
ទាក់ទិននឹងករណីនេះ លោក Yu Liang បានប្រាប់ វីអូឌី តាមរយៈទូរសព្ទកាលពីសប្ដាហ៍មុនថា បន្ទាប់ពីត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រលប់ទៅកាន់ដែនកោះតៃវ៉ាន់វិញ គឺគាត់ក៏ធ្លាប់ត្រូវបានផ្លាស់ទៅកាន់ប្រទេសឡាវផងដែរ។
យោងតាមអង្គការក្រៅរដ្ឋាភិបាលមួយបានរាយការណ៍ថា កម្មករក្នុងប្រតិបត្តិការឆបោកជនជាតិថៃមួយចំនួនក៏ត្រូវបានផ្លាស់ពីកម្ពុជាទៅមីយ៉ាន់ម៉ាផងដែរ។
លោក Jaruwat Jinmonca អនុប្រធានមូលនិធិ Immanuel Foundation ជាអង្គការមិនរកប្រាក់កម្រៃមួយដែលធ្វើការលើបញ្ហាជួញដូរមនុស្សនៅក្នុងប្រទេសថៃ រួមទាំងការជួយសង្គ្រោះជនជាតិថៃដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងបរិវេណឆបោកក្នុងប្រទេសកម្ពុជា បានលើកឡើងថា មូលនិធិបានទទួលសំណើសុំជំនួយពីប្រជាជនថៃយ៉ាងតិចណាស់២៧នាក់ ដែលក្នុងនោះ ពួកគេអះអាងថា ពួកគេត្រូវបានផ្លាស់ប្តូរដោយបង្ខំពីទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជា ទៅកាន់ទីក្រុង Myawaddy ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ដែលមានទីតាំងតាមបណ្តោយព្រំដែនភាគខាងលិចរបស់ប្រទេសថៃ។
លោកបន្តប្រាប់ វីអូឌី តាមរយៈទូរសព្ទថា៖ «ពួកគេ [កម្មករក្នុងប្រតិបត្តិការឆបោក] ប្រាប់ថា ខ្លួនត្រូវបានផ្លាស់ទីកន្លែងពីក្រុងព្រះសីហនុ ប៉ោយប៉ែត ឬកោះកុង។ ខណៈអ្នកវិនិយោគចិនបានផ្លាស់ទៅកាន់ទីក្រុង Myawaddy ពួកគេមិនត្រូវបានបញ្ជូនចេញពីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ាដោយផ្ទាល់ទេ ប៉ុន្តែត្រូវឆ្លងកាត់តាមប្រទេសថៃជាមុនសិន»។
ទោះជាយ៉ាងណា លោក Jaruwat Jinmonca បន្តថា ក្នុងចំណោមពលករដែលត្រូវបានផ្លាស់ទីតាំងនោះ គឺគ្មានពលករថៃណាម្នាក់ត្រូវបានគេជួយសង្គ្រោះនៅឡើយទេ ដោយពួកគេកំពុងតែស្ថិតក្នុងដំណើរការសម្របសម្រួលជាមួយអាជ្ញាធរមីយ៉ាន់ម៉ានៅឡើយ។
យោងតាមលោក Jaruwat Jinmonca បណ្តាញភ្នាក់ងារខាងលើនេះផ្លាស់ទីកម្មករដោយឆ្លងកាត់ព្រំដែនគោក ហើយតែងតែប្ដូររថយន្តពីមួយទៅមួយ ដើម្បីចៀសវាងការចាប់បានដោយអាជ្ញាធរ។
លោកបន្តថា ពួកគេទាំងអស់នោះភាគច្រើនចូលមកក្នុងប្រទេសថៃ តាមរយៈខេត្តស្រះកែវ តាមបណ្តោយព្រំដែនភាគខាងកើតជាមួយប្រទេសកម្ពុជា មុននឹងចេញពីប្រទេសតាមរយៈខេត្តតាក (Tak) ជាប់ព្រំដែនខាងលិចជាមួយមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា សកម្មភាពដែលលើកឡើងខាងលើនេះ ក៏ស្រដៀងទៅនឹងអ្វីដែលលោក Yu Liang បានជួបប្រទះផងដែរ ដោយបន្ទាប់ពីរយៈពេលប្រមាណជាពីរសប្តាហ៍នៃការបង្ខំឱ្យធ្វើការបោកប្រាស់ដោយប្រើគេហទំព័រ e-commerce ក្លែងបន្លំ ក្នុងក្រុងព្រះសីហនុ រូបលោក និងកម្មករជាង ១០០នាក់ផ្សេងទៀតនៅក្នុងអគាររបស់លោក ក៏ត្រូវបានគេជូនដំណឹងឱ្យផ្លាស់ទីតាំងទាំងពាក់កណ្តាលយប់ផងដែរ។
លោក Yu Liang បានឱ្យដឹងថា៖ «[នៅពេលនោះ] យើងទើបតែចប់ពីការងារ និងរៀបចំដើម្បីចូលសម្រាក ប៉ុន្តែស្រាប់តែមានគេមកប្រាប់យើងឱ្យប្រញាប់រៀបចំកាបូប និងអីវ៉ាន់ទាំងអស់ ហើយជួបជុំគ្នានៅខាងក្រោមអាគារ»។
លោក Yu Liang បន្ថែមទៀតថា ពួកគេក៏ត្រូវបានប្រាប់ឱ្យយកកុំព្យូទ័រនិងទូរសព្ទការងារមកជាមួយផងដែរ ដែលបានធ្វើឱ្យអាគារការិយាល័យនៅពេលនោះ គឺទទេស្អាត និងគ្មានអ្វីទាល់តែសោះ។
ស្របពេលដែលដឹងថាខ្លួនត្រូវបានគេបញ្ជូនចេញទៅកាន់ប្រទេសឡាវ លោកបន្តថា កម្មករត្រូវបានបែងចែកជាក្រុមផ្សេងៗគ្នា ហើយបន្ទាប់មកដឹកតាមឡានទៅកាន់សណ្ឋាគារមួយកន្លែង។
លោកថា៖ «នៅពេលដែលយើងចូលទៅដល់ទីតាំងភ្លាម [សណ្ឋាគារ] អ្នកមើលការខុសត្រូវបានប្រាប់យើងកុំឱ្យចេញពីបន្ទប់របស់យើងជាដាច់ខាត»។
លោក Yu Liang ថាពួកគេនៅពេលនោះត្រូវរង់ចាំអស់រយៈពេលជាច្រើនយប់នៅសណ្ឋាគារ ដែលក្រោយមក ពួកគេក៏ទទួលបានដំណឹងឱ្យផ្លាស់ទីនៅពាក់កណ្តាលយប់សាជាថ្មីម្ដងទៀត។
លោក Yu Liang ត្រូវបានគេដាក់ចូលក្នុងឡានជាមួយមនុស្សប្រាំពីរនាក់ផ្សេងទៀត។ ពួកគេត្រូវចំណាយពេលបីថ្ងៃទៀតក្នុងការធ្វើដំណើរនៅលើដងផ្លូវ ដោយធ្វើដំណើរឆ្លងកាត់ផ្លូវភ្នំដ៏លំបាក និងផ្លាស់ប្តូររថយន្តពីរលើក មុនពេលទៅដល់គោលដៅរបស់ពួកគេនៅតំបន់ត្រីកោណមាស។
ទីតាំងថ្មី ការងារដដែល
ខណៈដែលធ្វើដំណើរមកដល់ប្រទេសឡាវ លោក Yu Liang បានឱ្យដឹងថា រូបលោកត្រូវបានគេដាក់នៅក្នុងបរិវេណដែលមានអាគារចំនួនបីនៅជិតកាស៊ីណូមួយដែលមានឈ្មោះថា Kings Romans ក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស (Golden Triangle Special Economic Zone)។
ក្នុងរយៈពេលប្រមាណជាបីទៅបួនថ្ងៃបន្ទាប់ កម្មករទាំងឡាយបានចាប់ផ្តើមការងារដែលខ្លួនធ្លាប់ធ្វើកាលពីពេលកន្លងទៅ ដោយផ្អែកលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចឆបោក ដែលកំណត់គោលដៅលើស្ត្រីជនជាតិតៃវ៉ាន់។
ក្រុមជួយសង្គ្រោះ លោក Jaruwat Jinmonca បានឱ្យដឹងថា កម្មករថៃដែលបានទាក់ទងមកកាន់រូបគាត់ បន្ទាប់ពីត្រូវបានផ្លាស់ទៅប្រទេសមីយ៉ាន់ម៉ា ក៏បានប្រាប់ពីបទពិសោធស្រដៀងគ្នានេះផងដែរ។
លោកថា៖ «ពួកគេត្រូវបានគេដាក់នៅក្នុងអាគារមួយដែលមើលទៅដូចជាកាស៊ីណូ ដើម្បីធ្វើសកម្មភាពឆបោកអ្នកដទៃ ដែលដូចទៅនឹងអ្វីដែលពួកគេធ្លាប់ធ្វើនៅក្នុងប្រទេសកម្ពុជា។ ពួកគេទាំងអស់នោះក៏ត្រូវបានគេបង្ខាំង និងបង្ខំឱ្យធ្វើការផងដែរ»។
លោក Jaruwat Jinmonca បន្តថា អ្នកគ្រប់គ្រងក្នុងប្រតិបត្តិការឆបោកទាំងនេះបានជ្រើសរើសការផ្លាស់ទីតាំងចេញពីកម្ពុជា ដោយសារតែមានការកើនឡើងនៃការត្រួតពិនិត្យនៅក្នុងប្រទេស ខណៈការដឹកជញ្ជូនកម្មករឆ្លងប្រទេសក៏មិនមានការស្មុគស្មាញសម្រាប់អ្នកដែលដំណើរការប្រតិបត្តិការទាំងនេះផងដែរ។
លោកបន្ថែមថា៖ «ភាគច្រើន ពលករថៃអាចចូលមកក្នុងប្រទេសថៃបានដោយគ្មានបញ្ហានោះទេ ហើយនៅពេលដែលពួកគេនៅក្នុងប្រទេសថៃ វាពិតជាងាយស្រួលណាស់ក្នុងការផ្លាស់ទីពួកគេ។ ក្នុងចំណោមពួកគេទាំងអស់នោះ មានមួយចំនួនក៏មិនត្រូវបានបង្ខំឱ្យធ្វើការដែរ ដោយពួកគេពេញចិត្តធ្វើការងារនេះ»។
កាលពីខែមុន សមត្ថកិច្ចថៃបានបើកការបង្រ្កាបជាលើកដំបូងរបស់ពួកគេនៅក្នុងខេត្តកណ្ដាល ដែលជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដោយពួកគេបានលើកឡើងថា បណ្តាញឆបោកនៅក្នុងប្រទេសកម្ពុជាអាចនឹងចាប់ផ្តើមផ្លាស់ប្តូរទីលំនៅចេញពីចំណុចចាស់របស់ពួកគេ ដូចជា ក្រុងព្រះសីហនុ ឬ ប៉ោយប៉ែត ដោយសារតែការចុះបង្រ្កាបពីអាជ្ញាធរមានការកើនឡើង។
ការចាប់ខ្លួននៅក្នុងប្រទេសឆ្លងកាត់
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមថៃត្រូវបានវាយប្រហារដោយការផ្សាយពាណិជ្ជកម្មឆបោកសម្រាប់មុខតំណែងទាំងឡាយដែលមានដូចជា អ្នកគ្រប់គ្រង ឬទីផ្សារអនឡាញ ជាដើម ដោយសន្យាថានឹងផ្ដល់ប្រាក់ខែខ្ពស់ និងអត្ថប្រយោជន៍នៃការធ្វើការនៅក្រៅប្រទេស ជាមួយនឹងការស្នាក់នៅ និងអាហារដោយឥតគិតថ្លៃ។
ការផ្សាយពាណិជ្ជកម្មទាំងនេះ គឺផ្តោតលើអ្នកដែលកំពុងតែស្វែងរកការងារនៅជិតខេត្តស្រះកែវ ដែលជាប់ព្រំដែនជាមួយក្រុងប៉ោយប៉ែតប្រទេសកម្ពុជា។ បច្ចុប្បន្ន ប្រភេទនៃការផ្សាយពាណិជ្ជកម្មដូចគ្នានេះ ក៏បានចាប់ផ្តើមលេចឡើងសម្រាប់អ្នកដែលកំពុងស្វែងរកការងារនៅជិតតំបន់ Mae Sot ខេត្តតាក ដែលមានព្រំដែនជាមួយនឹងទីក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ាផងដែរ។
កាលពីចុងខែមុន យោធាថៃបានស្ទាក់ចាប់និងឃាត់ខ្លួនជនជាតិចិន៩នាក់ដែលត្រូវបានគេដឹកពីក្រោយរថយន្តមួយ ក្នុងខេត្តឈៀងរ៉ៃ (Chiang Rai) ភាគខាងជើង។ យោងតាមសេចក្តីរាយការណ៍របស់បណ្ដាញព័ត៌មានរបស់ប្រទេសថៃ ជនជាតិចិនទាំងអស់នោះបានអះអាងថា ពួកគេបានធ្វើការជាមួយបណ្តាញឆបោកតាមទូរសព្ទនៅក្នុងទីក្រុង Tachileik ប្រទេសមីយ៉ាន់ម៉ា ហើយកំពុងរត់គេចពីអាជ្ញាធរមីយ៉ាន់ម៉ា។
របាយការណ៍ដដែលបន្តថា ជនជាតិចិនទាំងនោះក៏ត្រូវបានគេរកឃើញមានទូរសព្ទចំនួន៤៥គ្រឿង និងសាច់ប្រាក់មួយចំនួននៅជាប់ខ្លួនផងដែរ ខណៈមន្ត្រីក្នុងតំបន់ឈៀងរ៉ៃមួយរូបដែលសង្ស័យជាប់ពាក់ព័ន្ធការដឹកជញ្ជូនពួកគេដោយខុសច្បាប់ ក៏ត្រូវបានឃាត់ខ្លួនផងដែរ។
លោក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប ខេត្តព្រះវិហារ ក៏បានឱ្យដឹងកាលពីថ្ងៃសុក្រកន្លងទៅថា មន្រ្តីកងរាជអាវុធហត្ថកម្ពុជាក៏បានឃាត់ជនជាតិចិនចំនួន១៦នាក់ដែលត្រូវបានជួញដូរពីខេត្តព្រះវិហារ ចូលទៅក្នុងប្រទេសឡាវផងដែរ។
លោកបន្តថា រថយន្តចំនួន៤គ្រឿងត្រូវបានឃាត់និងរឹបអូស នៅវេលាម៉ោងប្រមាណជា៧និង៣០នាទីយប់ថ្ងៃអង្គារសប្ដាហ៍មុន ហើយជនជាតិចិនទាំង១៦នាក់នោះត្រូវបានប្រគល់ឱ្យប៉ូលិសអន្តោប្រវេសន៍។
ជាមួយគ្នានេះ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ខេត្តព្រះវិហារ លោក តាន់ គឹមលេង បន្ថែមថា ពលរដ្ឋខ្មែរចំនួន២នាក់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ក៏ត្រូវបានចាប់ខ្លួនក្នុងយប់ដដែលនេះផងដែរ។
លោក Jaruwat Jinmonca ដែលមកពីមូលនិធិ Immanuel Foundation បានលើកឡើងថា រូបលោកបានចាប់ផ្តើមទទួលបានដំណឹងអំពីសកម្មភាពឆបោកទាំងនេះនៅអំឡុងខែកក្កដាឆ្នាំនេះ។
ទោះជាយ៉ាណា អាជ្ញាធរថៃ គិតរហូតមកដល់ពេលនេះ នៅមិនទាន់មានចេញរបាយការណ៍ផ្លូវការណាមួយអំពីករណីកម្មករក្នុងប្រតិបត្តិការឆបោកដែលត្រូវបានបញ្ជូនពីកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា តាមរយៈប្រទេសថៃ នោះទេ។
ទាក់ទិននឹងករណីនេះ លោក Jaruwat Jinmonca បានសម្តែងការព្រួយបារម្ភអំពីការផ្ទុះឡើងនៃប្រតិបត្តិការឆបោកនៅក្រៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកថា៖ «បច្ចុប្បន្ននេះ ជនជាតិចិននៅតែត្រូវការកម្មករបន្ថែមទៀត [ខណៈដែលពួកគេកំពុងផ្លាស់ប្តូរទីតាំង] ដើម្បីបន្តអាជីវកម្ម ហើយនៅពេលដែលពួកគេបញ្ចប់ការផ្លាស់ប្តូរទីតាំងចប់សព្វគ្រប់ ពួកគេក៏អាចនឹងចាប់ផ្តើមជ្រើសរើសកម្មករដោយផ្ទាល់ពីប្រទេសថៃក្នុងពេលឆាប់ៗនេះផងដែរ»។
ងាកមកកាន់ប្រទេសឡាវវិញ លោក Yu Liang បានលើកឡើងថា ខ្លួនត្រូវបានក្រុមហ៊ុនទាមទារប្រាក់លោះចំនួន៧ ០០០ដុល្លារ ប្រសិនបើគាត់ចង់ឈប់ពីការងារ ដែលរូបលោកនៅពេលនោះក៏ត្រូវបានគេហៅឱ្យទៅជួបអ្នកដឹកនាំនៅជាន់ខាងលើផងដែរ។
លោកបន្តថា រូបលោកត្រូវបានគេនាំទៅកាន់បន្ទប់មួយនៅជាន់ទី១១ និងបង្ខាំងរយៈពេល២ថ្ងៃ ដោយបង្អត់ទឹក និងអាហារ ខណៈក្រុមហ៊ុនបានប្រាប់ឱ្យរូបលោករកប្រាក់ដើម្បីបង់ថ្លៃលោះខ្លួនចេញពីក្រុមហ៊ុន។
លោកបន្ថែមថា អាជ្ញាធរតៃវ៉ាន់នៅពេលនោះបានចរចាជាមួយក្រុមហ៊ុន និងរៀបចំការជួយសង្គ្រោះតាមរយៈបុគ្គលមួយរូបនៅខេត្តឈៀងរ៉ៃ ប្រទេសថៃ។
ដោយធ្លាប់ឆ្លងកាត់បទពិសោធដ៏លំបាកនេះ លោក Yu Liang បានឱ្យដឹងថា រូបលោកនឹងមិនជឿជាក់លើនរណាម្នាក់ដោយងាយៗទៀតទេ៕
រាយការណ៍បន្ថែមដោយលោក ម៉ិច ដារ៉ា
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Scam Workers Relocated From Cambodia to Laos, Myanmar

អត្ថបទនេះត្រូវបានផលិតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Rosa-Luxemburg-Stiftung នៅអាស៊ីអាគ្នេយ៍ តាមរយៈការិយាល័យរបស់ខ្លួនក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។