តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​ស្នើសុំ​លិខិត​ឆ្លងដែន​នៃ​អតីត​បុគ្គលិក​អាស៊ីសេរី​នៅ​ដើមខែវិច្ឆិកា

លោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខបរិវេណតុលាការកំពូល ពាក់ព័ន្ធនឹង​​បណ្ដឹងសាទុក្ខ​​​​សុំលិខិតឆ្លងដែន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល គ្រោងនឹងប្រកាសសេចក្ដីសម្រេចចិត្តរបស់ខ្លួនលើ​​បណ្ដឹងសាទុក្ខ​​​​សុំលិខិតឆ្លងដែននេះ នៅដើមខែវិច្ឆិកា ខាងមុខ ខណៈសំណុំរឿងព្រហ្ម​​ទណ្ឌមួយនេះ តុ​​លា​​​​ការជាន់ទាបនៅបន្តបើកការស៊ើបអង្កេតទៀត ដែលធ្វើឱ្យសំណុំរឿងមួយនេះត្រូវអូស​​បន្លា​​យ​ជិត​​៥​​ឆ្នាំ​ទៅ​ហើយ។

លោក គង់ ស្រ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានជម្រាបអង្គសវនាការថា បណ្តឹងស្នើសុំដកលិ​​ខិត​ឆ្លង​​ដែនទៅកាន់កាប់នេះ តុលាការនឹងសម្រេចនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ខាង​​មុ​​​ខ​​។​​ លោក​​បន្តថា បើផ្អែកលើសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ គឺជនជាប់ចោទមិន​​អាច​​​ចេញ​​ក្រៅ​​ប្រទេសបានទេ រួមទាំងការផ្លាស់ប្តូរទីលំនៅផង។

បើតាមលោក គង់ ស្រ៊ីម ដែលជាប្រធានដឹកនាំនៃសវនាការ បានជម្រាបអង្គជំនុំជម្រះ ថាតុលាការ​​កំ​​ពូលមិនទាន់ហ៊ានសម្រេចបែបណាទេ ដូច្នេះ លោកស្នើឱ្យមេធាវី និងជនជាប់ចោទ ត្រូវស្នើ​​សុំ​​ទៅ​​​​​តុលាការជាន់ទាបវិញ។ ក៏ប៉ុន្តែប្រធានក្រុមប្រឹក្សាជំនុំជម្រះ​រូបនេះ បានអះអាងជាថ្មី​​ថា ខ្លួន​នឹង​​​ទ​​​ទួ​ល​​​យកសំណើនេះទៅពិចារណា ហើយបានកំណត់ថ្ងៃប្រកាសសេចក្តីសម្រេចនេះនៅដើមខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

ដោយឡែក អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល លោក ប៉ែន សារ៉ាត់ កត់សម្គាល់ថា ក្រោយពីបានស្ដាប់សំណុំរឿងដែលអានដោយសមាជិកក្រុមប្រឹក្សាជំនុំជម្រះ និងការថ្លែង​​រប​​ស់​​ជនជាប់ចោទ គឺពុំបានឃើញមានសារណាការពារមកជាមួយ ហេតុដូច្នេះ មហាអយ្យការ​​មិន​​មាន​​​មូលដ្ឋានក្នុងការពិចារណាទេ។

មិនបង្អង់យូរ មេធាវីការពារសិទ្ធិឱ្យលោក យាង សុធារិន្ទ ​គឺលោក សំ ចំរើន បានឆ្លើយតបវិញ​​ភ្លាម​ថា ក្នុងនាមជាមេធាវី លោកបានភ្ជាប់មកជាមួយនូវសារណាអំពីសេចក្តី​​ស​​ម្រេ​​​​​ច​​​​របស់ស​​ភា​​​ស៊ើ​​ប​​​សួ​​រ​​ដែរ ប៉ុន្តែប្រហែល​​តុលាការ​​មាន​​ភាព​​ខ្វះ​ចន្លោះក្នុងការត្រួត​​ពិនិត្យឯក​​សារនៃ​សំណុំរឿង។

ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខបរិវេណតុលាការកំពូល នៅព្រឹកថ្ងៃទី២៦ ខែតុលា លោ​​ក យាង សុជាមេត្តា (យាង សុធារិន្ទ) មានសុទិដ្ឋិនិយមថា ការស្នើសុំលិខិតឆ្លងដែនដើម្បីយកមកប្រើប្រាស់នេះ តុ​​​លា​​ការនឹងបើកផ្លូវសម្រាប់ខ្លួន ដោយយោងលើស្ថានភាពជាក់ស្តែង​​ សាច់ញាតិនៅឯ​​ដែន​​ដី​​កំ​​ណើ​​ត​កម្ពុជាក្រោម កំពុងជួបទុក្ខ ដែលលក្ខខណ្ឌនេះ តុលាការគួរពិចារណាក្នុងការផ្តល់លទ្ធ​​ភាព​​សម្រា​​ប់​​​​លោក។

លោកបន្តថា៖ «រឿងនេះ ខ្ញុំយល់ថា ប្រសិនជាការសម្រេចហ្នឹង វាអត់មានផ្សារភ្ជាប់នឹងរឿងនយោបាយ ហើយបើការសម្រេចហ្នឹង​ឈរលើគោលការណ៍មនុស្សធម៌ ដូចជាខ្ញុំបានស្នើសុំហើយ​​ថា ករណី​​ខ្ញុំ​​នេះ វាអភព្វមែនទែន ដែលថាមិន​មានឱកាសសូម្បីទៅជួបឪពុក​​ម្តាយពេលឪពុកម្តាយ​​ឈឺ។​​ ឥលូវ​​នេះ ​​​​បងឈឺធ្ងន់មែនទែន ឈឺដល់ដំណាក់កាលចុងក្រោយហើយ ហើយប្រសិនបើតុលាការ​​ពិចារ​​ណា​​ទៅលើគោលការណ៍មនុស្សធម៌ ហើយផ្សារភ្ជាប់ទៅនឹងការអះអាង​របស់មេធាវីខ្ញុំ ទាក់ទងនឹង​​ផ្លូវច្បាប់ ថាពួកខ្ញុំលែងជាប់កាតព្វកិច្ចក្រោមការត្រួតពិនិត្យរបស់តុលាការ។ បើគិតពីរយៈពេលនៃការស៊ើបអង្កេតមកដល់ពេលនេះ មានរយៈពេល៥ឆ្នាំហើយដែលអត់មានដំណើរការអីជាលទ្ធផលសោះហ្នឹង គឺផ្អែកលើហេតុផលទាំងបីហ្នឹង ខ្ញុំគិតថាលិខិតឆ្លងដែនដែលខ្ញុំស្នើសុំហ្នឹង វាគួរតែបាន»។

លោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា និងលោក អ៊ួន ឈិន អ្នករាយការណ៍ព័ត៌មាន​​វិទ្យុ​​អា​ស៊ី​សេរី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់ ម៉ារឌី ក្នុងខណ្ឌ​​មាន​​ជ័​យ​ រាជធានីភ្នំពេញ។ អ្នកទាំងពីរត្រូវរងការចោទប្រកាន់ពីបទ​​ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌​​​មានជា​អា​ទិ៍ ដែលអាចឱ្យអន្តរាយការការពារជាតិ»។ គិតពីថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនមកដល់ពេលនេះ សំ​​ណុំរឿងព្រហ្មទណ្ឌមួយនេះបានអូសបន្លាយជិត៥ឆ្នាំទៅហើយ។

កាលពីខែតុលា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមចាត់របៀប បើកផ្លូវឱ្យធ្វើការស៊ើបអង្កេតលើសំណុំរឿងនេះឡើងវិញ ក្រោយពីការជំនុំជម្រះត្រូវបិទបញ្ចប់។ ស្របពេល​​តុលាការកំពូលបើកសវនាការនៅថ្ងៃនេះ ទៅលើអង្គហេតុស្នើសុំដកលិខិតឆ្លងដែន មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្សកម្ពុជា ហៅកាត់ថា CCHR បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដោយហៅ​​នីតិ​​វិធីនៃការស៊ើបអង្កេតនេះថា បានដាក់ឱ្យស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ខណៈដែលនីតិវិធីនៅតែបន្តមិនដាច់ស្រេច។

បើទោះបែបណា ប្រធានក្រុមប្រឹក្សាជុំជម្រះ នៃតុលាការកំពូល លោក គង់ ស្រ៊ីម បានសម្អាងហេតុ​​ថា ការស្នើសុំនេះ វាមានភាពស្មុគស្មាញ ដោយសារជនជាប់ចោទនៅជាប់បម្រាមតុលាការ ដែល​​​មិនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបាន។ ក្នុងន័យនេះ ជនជាប់ចោទ ត្រូវបង្ហាញ​​​ខ្លួន​​​នៅ​ចំ​​ពោះ​​​​​មុខតុលាការជានិច្ច នៅពេលណាដែលតុលាការត្រូវការ។

​យ៉ាងនេះក្ដី មេធាវីការពារសិទ្ធិឱ្យលោក យាង សុធារិន្ទ គឺលោកមេធាវី សំ ចំរើន ជម្រាបអង្គ​​ស​វ​នា​​កា​​រថា នៅចំពោះមុខនេះ ជនជាប់ចោទលែងមានកាតព្វកិច្ចណាមួយដែលត្រូវ​​ស្ថិត​​ក្រោម​​ការ​​ត្រួត​​ពិនិត្យតាមផ្លូវតុលាការទៀតហើយ។

មិនខុសពីអ្វីដែលលោកបានជម្រាបអង្គជំនុំជម្រះទេ ប្រាប់ក្រុមអ្នកព័ត៌មាននៅព្រឹកថ្ងៃពុធនេះ ក្រោ​​​​យ​​ចេញពីបន្ទប់សវនាការ​ លោក សំ ចំរើន ឱ្យ​​ដឹង​​ថាសម្រាប់ការស្នើសុំដកលិខិតឆ្លងដែនដើ​​ម្បី​​​​យកមកប្រើប្រាស់វិញនេះ គឺជនជាប់ចោទមានសម្អាងហេតុគ្រប់គ្រាន់តាម​​ផ្លូវច្បាប់​​។ លោក​​ប​​ន្ត​​​ថា បើផ្អែកលើនីតិវិធីទាំងនេះ ទំនងជាតុលាការមានលទ្ធភាពសមរម្យ ដើម្បីពិចារណាក្នុ​​​​​​ង​​​​​​​​ការ​​​​​បើ​​ក​​​​ផ្លូវទៅតាមការស្នើសុំពីកូនក្តីរបស់ខ្លួនបាន។

លោកបន្តថា៖ «សម្រាប់រឿងក្តីលោក យាង សុធារិន្ទ ឈានផុតពីដំណាក់កាលនោះហើយ គឺយើង​​ឈានដល់ដំណាក់កាលជំនុំជម្រះហើយ ដែលមានន័យថា តុលាការបានចេញដីកាដំណោះស្រាយ គឺដីកាបញ្ជូនរឿងមកជំនុំជម្រះ។ នៅក្នុងបញ្ញត្តិច្បាប់ ដីកាបញ្ជូនទៅជំនុំជម្រះ គឺវាមានអានុភាពលុបទៅលើដីកាដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ។ បើចៅក្រមចង់ដាក់គាត់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ ចៅក្រមត្រូវចេញដីកាដំណោះស្រាយ ហើយចេញដីកា​ដោយឡែកពីដី​​កាដំណោះ​​ស្រាយ​​មួយ​​ទៀតបន្តដាក់ឱ្យពួកគាត់ស្ថិតក្រោមការត្រួតពិនិត្យ។ បើគ្មានដីកាដោយឡែកស្ថិតក្រោមការត្រួតពិនិត្យទេ គឺមានន័យកូនក្តីទាំងពីររួចផុតពីការត្រួតពិនិត្យ»។

ទាក់ទិននីតិវិធីនេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពី​​​ថ្ងៃ​ទី៧ ខែមេសា ឆ្នាំ២០២២ បានច្រានចោលម្តងរួចហើយ នៅបន្ទាប់ពី​លោក យាង សុធារិន្ទ តាម​​រ​​យៈ​​មេធាវី​​កា​​​រ​​​​ពារសិទ្ធិរបស់ខ្លួន ដាក់សំណើសុំលិខិតឆ្លងដែននេះដើម្បីយកទៅប្រើប្រាស់។

កាលពីថ្ងៃទី១២ ខែកក្កដា ជនជាប់ចោទ បានធ្វើបណ្តឹងសាទុក្ខ ប្តឹងមកតុលាការកំពូលបន្ត ក្រោ​​យពីសភាស៊ើបសួរនៃតុលាការថ្នាក់កណ្តាលបដិសេធជាថ្មីទៀត កាលពីខែមិថុនា ឆ្នាំ២០​​​២​​២​​​ ចំ​​ពោះ​​​​ការស្នើសុំដកលិខិតឆ្លងដែន។ បើតាមលោក យាង សុធារិន្ទ បញ្ជាក់ថា នេះមិនមែនជាលើក​​​ទី​​១​​​​​ទេ ដែលរូបលោកបានដាក់សំណើដើម្បីស្នើសុំដកលិខិតឆ្លងដែននេះ។ អង្គហេតុដូចគ្នានេះ តាម​​រ​យៈ​​​មេធា​​​វីរបស់ខ្លួន លោកបានប្រើប្រាស់សិទ្ធិដូចមានបញ្ញត្តិនៅក្នុងច្បាប់ ដាក់សំណើ២​​លើករួច​​ម​​ក​​​ហើយ ប៉ុន្តែត្រូវតុលាការបដិសេធរហូត។

អ្នកសម្របសម្រួលគម្រោងបង្កើនការគោរពសិទ្ធិនៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោ​​ក រស់ សារ៉ាត់ យល់ឃើញថា ដោយសារតែភាពស្មុគស្មាញនៃនីតិវិធី ទើបធ្វើឱ្យជនជាប់ចោទត្រូវ​​ជួបបញ្ហា សូម្បីជួបសាច់ញាតិ ក៏ត្រូវបាត់បង់សិទ្ធិដែរ។ ក៏ប៉ុន្តែលោកសង្កេតឃើញថា បើពិនិត្យ​​ទៅ​​​​លើ​​មូលដ្ឋានច្បាប់ ការស្នើសុំដកលិខិតឆ្លងដែននេះ តុលាការគួរពិចារណាក្នុងការបើកផ្លូវ​​ស​ម្រា​​​​​​​​ប់​​​​​ជនជាប់ចោទ។

លោកបន្តថា៖ «រហូតមកដល់ពេលនេះ តុលាការនៅតែបន្តនីតិវិធី ហើយមិនទាន់ផ្តល់​​ភាពច្បា​ស់​​​លា​ស់​​​​ណាមួយដល់ករណីគាត់ ដល់អ៊ីចឹងធ្វើឱ្យមានការរាំងស្ទះដល់ការធ្វើដំណើររបស់គាត់ ជា​​ពិសេ​ស​ដូច​គាត់បានលើកឡើងនៅក្នុងសវនា​​​ការមុននេះបន្តិចអ៊ីចឹង គឺមាន​សាច់ញាតិ​របស់​​​គាត់​​ជា​​​ច្រើ​ន​បានបាត់បង់ជីវិត ហើយគាត់ខកខានក្នុងការចូលរួម ហើយអ្នកដែលមាន​​ជំងឺ ជាពិសេស​ឪពុក​​ម្តា​យ​​របស់គាត់ដែលចាស់ជរា ហើយនឹងបងស្រីរបស់គាត់មានជំងឺធ្ងន់ធ្ងរ»។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រោយសវនាការបាន​​បិទ​​បញ្ច​​​​ប់ នៅថ្ងៃនេះ ដោយបង្ហាញនូវការនូវការខកចិត្តចំពោះការយាយីតាមប្រព័ន្ធតុលាការទៅលើលោ​ក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ដែលមកដល់ពេលនេះ នៅមិនទាន់ទទួលបានសេចក្តីសម្រេចស្ថាពរណាមួយអស់រយៈពេលជិតប្រាំឆ្នាំមកហើយ ចាប់តាំងពីពេលចាប់ខ្លួននៅថ្ងៃទី១៤ ខែ​​វិច្ឆិកា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ