យូនីសេហ្វ៖ កុមារ​កម្ពុជា​ជាង​២លាននាក់​កំពុង​ប្រឈម​ហានិភ័យ​ផ្នែក​សុខភាព​ដោយសារ​រលក​កម្ដៅ​ខ្ពស់

ការធ្វើដំណើរទៅរៀនរបស់សិស្សានុសិស្ស នៃសាលា​បឋម​សិក្សា​យុគន្ធរ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។ រូបភាព៖ ឃុត សុគន្ធ

អង្គការ​​យូនីសេហ្វ រកឃើញថា កុមារកម្ពុជាប្រមាណ២,២លាននាក់កំពុងប្រឈមនឹង​ហានិភ័យ​​​ផ្នែក​សុខ​​​ភាព ដោយ​សារ​រលកកម្ដៅ​ខ្ពស់​ជាញឹកញាប់នៃការ​​​បម្រែបម្រួលអាកាសធាតុ​​ ដែលករណីនេះ​ទាម​ទារ​ឱ្យ​​មាន​ការ​ចាត់​វិធាន​ការ​ជា​បន្ទាន់ ក្នុងការ​​បង្កើនមូលនិធិសម្រាប់ធ្វើការបន្សាំ ដើម្បី​ការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះ ពីរលកកម្ដៅកាន់តែអាក្រក់ឡើងៗ និងគ្រោះមហន្តរាយអាកាសធាតុផ្សេងៗទៀត។

សេចក្ដីប្រកាសព័ត៌មានរបស់​មូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០២២ ​បាន​​ផ្សព្វ​ផ្សាយ​នូវ​ការ​សិក្សាថ្មីមួយរបស់ខ្លួនថា កុមារ​កម្ពុជា​ប្រមាណ២,២​លាន​នាក់ ឬ ៣៧,១% នៃចំនួនកុមារសរុបក្នុងប្រទេស កំពុង​​ប្រឈម​​នឹង​រលកកម្តៅខ្ពស់ជាញឹកញាប់ ដោយ​សារ​បម្រែបម្រួលអាកាសធាតុ​។

ស្ថាប័នអន្តរជាតិមួយនេះបន្ថែមថា រលកកម្តៅបង្កគ្រោះថ្នាក់ដល់កុមារជាពិសេស ដោយសារពួកគេមិនអាចសម្របសីតុណ្ហភាពរាងកាយបានដូចមនុស្សពេញវ័យ ហើយ​នៅពេល​កុមារប្រឈមមុខនឹងរលកកម្តៅ​កាន់​តែ​ច្រើន ពួក​គេកា​ន់​តែ​ប្រឈមនឹងបញ្ហាសុខភាព​កាន់តែច្រើន ដែលរួមមាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើមរ៉ាំរ៉ៃ ជំងឺ​ហឺត និង​ជំងឺសរសៃឈាមបេះដូង។

សេចក្តីប្រកាសព័ត៌មានរបស់​យូនីសេហ្វ បញ្ជាក់​ថា៖ «ទារក និងកុមារតូចៗ ងាយនឹងបាត់បង់ជីវិតបណ្ដាល​មកពីការកើនឡើងនៃកម្ដៅ។ រលកកម្ដៅក៏អាចប៉ះពាល់លើបរិស្ថាន សុវត្ថិភាព អាហារូបត្ថម្ភ ទឹកប្រើប្រាស់ ការអប់រំ និងជីវភាពរស់នៅនាពេលអនាគតរបស់កុមារផងដែរ»។

របាយការណ៍ដដែលរកឃើញថា​ កម្ពុជាជាប្រទេស​មួយ​​ស្ថិតក្នុងចំណោមប្រទេសចំនួន​២៣ ដែល​ត្រូវបាន​ចាត់​ថ្នាក់​ថា​ជា​ប្រទេស​ដែល​កុមារ​មាន​ការ​ប្រឈម​ខ្ពស់​បំផុត​ទៅនឹងសីតុណ្ហភាពខ្ពស់ខ្លាំង។

ប្រភពដដែលបន្ថែមថា នៅកម្ពុជា បើទោះជាការកើនឡើងនៃកម្តៅផែនដីនៅលើពិភពលោកមានកម្រិតត្រឹម១,៧ដឺក្រេ ឬទាបជាងក៏ដោយ កុមារកម្ពុជាទាំងអស់នឹងទទួលរងនូវរលកកម្ដៅក្នុងមួយឆ្នាំ ខ្ពស់ជាងស្ថានភាពនាពេលបច្ចុប្បន្ន ចំនួន៤,៥ដង ដែលក្នុងនោះ កុមារ ៥៥,៧% នឹងជួបប្រទះនឹងសីតុណ្ហភាពខ្ពស់ខ្លាំង ដែលក្នុងនោះចំនួនថ្ងៃច្រើនជាង៨៣ថ្ងៃក្នុងមួយឆ្នាំ នឹងមានសីតុណ្ហភាពប្រចាំថ្ងៃក្ដៅលើសពី៣៥អង្សាសេ។

របាយការណ៍បញ្ជាក់ថា៖ «បើកម្ដៅផែនដីកើនឡើងដល់២,៤ដឺក្រេ នោះមិនមែនត្រឹមតែ ១០០% នៃកុមារកម្ពុជាដែលប្រឈមនឹងរលកកម្តៅលើសពី៤,៥ដងក្នុងមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែជាង ៨៧,២% នៃពួកគេពិតជាជួបប្រទះទៅនឹងស្ថានភាពសីតុណ្ហភាពខ្ពស់ខ្លាំងជាក់ជាមិនខាន។ ការណ៍នេះមានន័យថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសទី២១ ក្នុងពិភពលោក ដែលទទួលរងផលប៉ះពាល់ខ្លាំងពីបាតុភាពនេះ»។

ប្រធានស្ដីទីយូនីសេហ្វប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត អានៀរបាន​ ឆាតឺរជី មានប្រសាសន៍ថា កុមារកម្ពុជាកំពុងរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ ខណៈនាពេលអនាគត កម្ពុជាអាចនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។

លោកថា៖ «បម្រែបម្រួលអាកាសធាតុកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងសុខុមាលភាពកុមារ​កម្ពុជារួច​ទៅ​ហើយ ប៉ុន្តែរបាយការណ៍នេះ បង្ហាញថា នៅពេលអនាគត ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតក្នុងពិភពលោក»។

យូនីសេហ្វ បន្ត​ទៀត​​ថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហា​ប្រឈម​នៃ​បម្រែបម្រួលអាកាសធាតុ និងការពារបរិស្ថាន​ តាមរយៈការវាយតម្លៃគ្រោះថ្នាក់ និងបង្កើតដំណោះស្រាយ ដើម្បីធានាថា កុមារអាចការពារខ្លួនពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងការសឹករេចរឹលនៃបរិស្ថាន។

លទ្ធផលនៃការស្រាវជ្រាវ បានគូសបញ្ជាក់ពីតម្រូវការបន្ទាន់ដែលកុមារត្រូវការដើម្បីសម្របខ្លួន ខណៈបើទោះកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ ប៉ុន្តែទាមទារឱ្យផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត។ ក្នុងនោះ យូនីសេហ្វ អំពាវនាវដល់រដ្ឋាភិបាលនានា រួមទាំងកម្ពុជាផង ការពារកុមារពីមហន្តរាយអាកាសធាតុ តាមរយៈ​ការកែសម្រួលសេវាសង្គម ដូចជា ទឹកស្អាតនិងអនាម័យ សុខភាព ការអប់រំ អាហារូបត្ថម្ភ កិច្ចគាំពារសង្គម និងការការពារកុមារនិងយុវជន។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក តូច ចាន់នី មាន​ប្រសាសន៍នៅថ្ងៃពុធនេះ​ថា លោក​មិន​ទាន់បានឃើញសេចក្តីប្រកាសព័ត៌មាន​នេះ​នៅ​ឡើយ។ លោក​​ថា កន្លងមក រដ្ឋាភិបាលមានវិធានការច្រើនហើយក្នុងកិច្ចគាំពារកុមារ ប៉ុន្តែលោក​ពុំបានបញ្ជាក់លម្អិតពីវិធានការ​នោះបានទេ ដោយសារជាប់ប្រជុំ។

លោកថា៖ «យើងមានវិធានការច្រើនហើយ ក៏ប៉ុន្តែសម្រាប់ climate change [បម្រែបម្រួលអាកាសធាតុ] ដែលថាកុមារប៉ុន្មានលាននាក់ដែលប្រឈមខ្លាំងហ្នឹង ខ្ញុំអត់ទាន់បានទទួលព័ត៌មានហ្នឹងទេ ហើយតួលេខក៏អត់ទាន់ឃើញដែរ។ សំណួរហ្នឹង ខ្ញុំអត់ទាន់ឆ្លើយ តែគ្រាន់ថាជារួម ជាគោលការណ៍ យើងបានគិត​​ច្រើន​​ហើយ មិន​មែន​ទាល់​តែ climate change ហ្នឹងមកដល់ បានយើងគិតគូរទេ»។

ជាការកត់សម្គាល់ របាយការណ៍មួយរបស់យូនីសេហ្វ ចេញផ្សាយកាលពីឆ្នាំ២០២១ ក៏បានរកឃើញរួចមកហើយថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥០ ដែលមានហានិភ័យខ្ពស់ពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ