កូដករ​ម្នាក់​ទៀត​ស្នើ​សុំ​ពន្យារពេល​ចូលបំភ្លឺ​នៅ​តុលាការ ក្រោម​បណ្ដឹង​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍

កូដករណាហ្គាវើលដ៍បន្តតវ៉ាទាមទារដំណោះស្រាយការងារ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កូដករម្នាក់​ទៀតបានស្នើសុំពន្យា​រពេល​ចូល​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ​ករ​ណី​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្ដឹង ក្រោយវិវាទ​ការ​ងារ​​នៅ​​​ក្រុម​​ហ៊ុន​ល្បែង​មួយ​​​នេះ​​បានអូសបន្លាយ​ជិត​​១ឆ្នាំ​ ដោយ​ពុំទាន់មាន​​ដំណោះ​ស្រាយ។

ក្នុងដីកា​កោះចុះ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ២០២២ ព្រះរាជអាជ្ញារង​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង បានកោះហៅកូដករម្នាក់ទៀតគឺ អ្នកស្រី ម៉ម សុវឌិ្ឍន ឱ្យចូលបំភ្លឺនៅ​ចំពោះមុខ​តុលាការ នៅថ្ងៃទី១ ខែវិច្ឆកា ខាង​មុខនេះ ទៅតាម​បណ្តឹង​របស់​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ដែល​ប្តឹង​ពី​បទ «រំលោភលើលំនៅឋាន, ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់» ប៉ុន្តែត្រូ​វ​កូដកររូបនេះស្នើសុំពន្យារពេលចូលបំភ្លឺតាមការកំណត់របស់តុលាការ។

ក្នុងពាក្យស្នើសុំពន្យារពេល​ដាក់​ទៅសា​លាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលានេះ អ្នកស្រី ម៉ម សុវឌិ្ឍន បានបញ្ជាក់ប្រាប់​តុលាការ​ថា មូលហេតុដែលអ្នកស្រីសុំពន្យា​រពេល​ចូល​បំភ្លឺ​នៅ​តុលាការនេះ​ ដោយ​សារអ្នកស្រីមិនទាន់រកបានមេធាវីការ​ពារ​សិទ្ធិ​បាន​នៅ​ឡើយ។

កូដករ និងជា​អ្នក​នាំ​ពាក្យ​ឱ្យ​ក្រុមកូដករ​ អ្នក​ស្រី ទិត្យ បូរ៉ាវី មាន​ប្រសាសន៍​ថា ករណី​តុលាការកោះហៅកូដករណាហ្គាវើលដ៍​ឱ្យឆ្លើយបំភ្លឺជាបន្តបន្ទាប់នេះ ជារឿងអយុត្តិធម៌មួយសម្រាប់​ពួកគាត់។ អ្នក​ស្រី​ថា ក្រុមហ៊ុន​ណាហ្គាបាន​រំលោភ​បំពានសិទ្ធិ និងធ្វើទុក្ខបុកម្នេញលើពួកគាត់ហើយ ហើយ​ប្តឹងពួកគាត់ទៅតុលាការថែមទៀត។

អ្នកស្រីបន្ថែមថា៖ «វាអយុត្តិធម៌ខ្លាំងណាស់​សម្រាប់​កូដករ ព្រោះ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ប្រើប្រព័ន្ធតុលាការមកដាក់​សម្ពាធ និង​គំរាម​កំហែង​លើ​ក្រុម​កូដករ។ រឿងនេះ​ជា​រឿងវិវាទការងារ ហើយអូសបន្លាយជិត១ឆ្នាំហើយ បែរជាមិន​ដោះ​ស្រាយ ហើយ​បែរ​ជា[យក]​ប្រព័ន្ធ​តុលាការមកដាក់សម្ពាធលើ​ក្រុម​កូដករ​ទៅ​វិញ»

គិត​មក​ដល់​​ថ្ងៃទី​២៧ ខែតុលានេះ មានកូដករណាហ្គាចំនួន៧រូប​ហើយ រួមមានឈ្មោះ សៀក បញ្ញា, ជួប សោភ័ណ្ឌ, សុខ ថាវុធ, នេត ចរិយា, ឆាន បូរ៉ា, សាំង សុផល និង ម៉ម សុវឌ្ឍិន ដែលបានទទួល​​ដីកាកោះឱ្យចូលឆ្លើយបំភ្លឺនៅសាលា​ដំបូងរាជធានីភ្នំពេញ ប៉ុន្តែ​កូដករ​ទាំង​នោះ​បាន​​ដាក់​ពាក្យ​ស្នើ​សុំ​ពន្យារចូលបំភ្លឺជាបន្តបន្ទាប់ ដោយពួកគេអះអាងថា ទើបតែទទួល​បាន​ដីកា​​កោះ​មុន​ពីរទៅបីថ្ងៃនៃកាលបរិច្ឆេទដែលតុលាការឱ្យ​ចូលទៅបំភ្លឺ។

កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២ សហជីព​ទ្រទ្រង់​សិទ្ធិ​ការ​ងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​មួយ ចាត់​ទុក​ករណី​តុលាការ​កោះហៅកូដករ​ឱ្យ​​ចូល​​បំភ្លឺ​ជា​​បន្ត​​បន្ទាប់​នោះ​ថា ​​ជា​លេសរបស់​ថៅកែក្រុមហ៊ុនណាហ្គា ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដាក់​បន្ទុក​លើ​កម្មករ​រង​គ្រោះ ជំនួស​ឱ្យ​ការ​ផ្តល់​យុត្តិធម៌​ដល់​ពួក​គេ​ ហើយ​ថា​ការ​ប្ដឹង​ផ្ដល់​នោះ​ទៀត​សោតបង្ហាញ​ពី​ការ​​រំលោភសិទ្ធិការ​ងារនៅកម្ពុជា​មាន​គ្រប់​ទម្រង់។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើង​ជាង១ឆ្នាំមក​ហើយ ក្រោយ​ពេល​​ក្រុ​ម​ហ៊ុន​នេះបាន​បញ្ឈប់​​​បុគ្គលិក​ចំនួន១ ៣២៩នាក់ ក្នុង​ចំណោម​​បុគ្គលិក​សរុ​ប​ជាង៨ ០០០នាក់ ពី​ការ​ងារ ក្រោមហេតុផល​​ថា «ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​ដោយ​សារ​តែបញ្ហា​ជំងឺ​កូវីដ-១៩»។ យ៉ាងណា បុគ្គលិកដែល​ចេញធ្វើ​កូដកម្មរយៈពេល១០ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះដោយ​សារ​ថៅកែមា​ន​ចេតនា​រំលាយ​សហជីព​ការ​ពារ​សិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ