អូស្ត្រាលីនឹងបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនទៅហ្វឹកហាត់ទាហានអ៊ុយក្រែន

ទាហាន​អ៊ុយក្រែន​ជិះ​លើ​រថយន្ត​យោធានៅ​លើ​ផ្លូវចន្លោះក្រុង Kostiantynivka និង Bakhmut ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ២០២២។ (REUTERS/Carlos Barria)

អូស្ត្រាលី បាន​ឱ្យដឹង​នៅថ្ងៃព្រហស្បតិ៍​នេះ​ថា ខ្លួន​នឹង​បញ្ជូន​ទាហាន​ជំនាញ​ចំនួន៧០​​នាក់ទៅ​កាន់ចក្រ​ភព​អង់​គ្លេស ដើម្បីជួយ​បណ្តុះ​បណ្តាល​ដល់​ទាហាន​អ៊ុយ​ក្រែន​នៅ​ទី​នោះ និង​បញ្ជូន​រថពាសដែកចំនួន៣០​គ្រឿង​បន្ថែម​ទៀត​ដល់អ៊ុយក្រែនផងដែរ។ បើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌​មាន Reuters

ថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុកមួយ រដ្ឋមន្រ្តី​ការពារជាតិ​អូស្រ្តាលី​ លោក Richard Marles បានលើកឡើងថា៖ «ស្ថានភាព [សង្រ្គាមនៅអ៊ុយក្រែន] នៅ​ពេល​នេះ​ ​អាចជា​ជម្លោះដែលនឹង​អូសបន្លាយរយៈពេលយូរ។ ដូច្នេះហើយ យើងយល់ថា អ៊ុយក្រែនសម្រាប់ពេលបច្ចុប្បន្ននេះ គឺពិតជាត្រូវការការគាំទ្រក្នុងរយៈពេលវែង ប្រសិន​បើ​ពួក​គេ​ត្រូវដោះស្រាយ​ជម្លោះនេះដោយ​​ខ្លួន​​ឯង​​ផ្ទាល់»។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba តាម​រយៈ​បណ្តាញ​សង្គមធ្វីតធ័រ (Twitter) ក៏បានថ្លែងអំណរគុណដល់អូស្ត្រាលីសម្រាប់ជំនួយ​ចុង​ក្រោយ​នេះ​ផង​ដែរ ដោយ​លោក​ថា រថពាស​ដែក​​​ដែល​បានផ្ដល់ជូននេះពិតជាមានសារៈសំខាន់ក្នុងសមរភូមិ។

ទាក់ទិននឹងករណីនេះ​ លោកបន្ថែមថា៖ «យើងនឹងចងចាំជានិច្ចនូវការគាំទ្ររបស់អូស្ត្រាលី»។

អូស្ត្រាលីបានផ្គត់ផ្គង់ជំនួយ និងឧបករណ៍យោធា​សម្រាប់អ៊ុយក្រែនជាបន្តបន្ទាប់ ខណៈកញ្ចប់ជំនួយដែល​ត្រូវបានផ្ដល់ជូន គិតរហូតមកដល់ពេលនេះ បាន​ឈានដល់​ចំនួន​ប្រមាណ​ជា៤២៥​លាន​ដុល្លារហើយ ​គិតចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានកាលពីខែកុម្ភៈកន្លងទៅ។

ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំងបន្ទាប់ពីរុស្ស៊ី​​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំទៅ​លើ​ប្រទេស​ក្បែរ​ខាង​របស់ខ្លួនមួយនេះ ដែល​ធ្វើ​ឡើងបន្ទាប់​​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើ​ប្រល័យពូជ​សាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះ ត្រូវបានបណ្ដាប្រទេសមួយចំនួន​ចាត់ទុកថាជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ