បក្សភ្លើងទៀន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នានា​អំពី​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី

ទិដ្ឋភាពក្បួនហែគណបក្សភ្លើងទៀន ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)

គណបក្សភ្លើងទៀន បដិសេធ​ចំពោះការចោទ​ប្រកាន់​នានាអំពី​ទំនាក់​ទំនង​ជាមួយ​លោក សម រង្ស៊ី និង​ថ្កោល​ទោសបុគ្គល​ទាំង​ឡាយ​ណាដែល​មាន​ចេតនា​ប្រមាថ ឬ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ អង្គ​ព្រះ​ម​ហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

ក្នុងសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចេញ​នៅ​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ២០២២​នេះ បានលើកឡើង​ថា គណបក្ស​ភ្លើង​ទៀន ​គោរព​នូ​វ​ព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រ ដែលមាន​ចែងក្នុងរដ្ឋធម្មនុញ្ញដែល​ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ គណបក្ស​ភ្លើង​ទៀន បាន​ថ្កោល​ទោស​ចំពោះ​បុគ្គល​ទាំង​ឡាយ​ណាដែ​ល​មាន​ចេតនា​ប្រមាថ ឬ​រំលោភបំ​ពាន​រដ្ឋធម្មនុញ្ញ អង្គ​ព្រះ​មហា​ក្សត្រ និង​របប​រាជា​និយមអាស្រ័យ​រដ្ឋ​ធម្ម​នុញ្ញ ដែល​ការ​ពារ​ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបដិសេធចំពោះ​ការ​ប្រកាន់នានាអំពីទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី។

សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «គណបក្សភ្លើងទៀន គោរព​និង​អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ​រដ្ឋធម្មនុញ្ញ ច្បាប់ស្ដី​ពី​គណបក្ស​នយោបាយ និង​ច្បាប់​ជា​ធរមាននានានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​លក្ខន្តិកៈ​គណបក្សដែល​បាន​តម្កល់​នៅ​ក្រសួង​មហា​ផ្ទៃ»។

ប្រភព​ដដែល​បន្តថា គណបក្សភ្លើងទៀនបាន​ដំណើការ​ការងារ និង​ធ្វើសេចក្ដីសម្រេចចិត្តនានាដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​អធិបតេយ្យភាពពេញលេញរបស់ខ្លួនស្របតាមលក្ខន្តិកៈ ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា​ដោយផ្ទាល់​ ឬប្រយោល​ពី​បុគ្គល ឬ​គណបក្ស​នយោ​បាយ​ណាមួ​យ​ឡើយ។

គណបក្ស​ភ្លើង​ទៀន ក៏បាន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មាន​ឈ្មោះក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវ​ការ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗ​គ្នាចាប់​ពី​ថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែ​​ធ្នូ ឆ្នាំ​២០២២ នៅតាមសាលាឃុំ-សង្កាត់ ឬ​នៅ​​តាម​បណ្ដា​ភូមិ​សាម៉ី ដើម្បី​មាន​​​សិទ្ធិ​បោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាង​មុខនេះ។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍​នេះ​​ថា ការ​​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​របស់​គណបក្ស​ភ្លើង​ទៀន ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ។ ប៉ុន្តែលោកថា ប្រសិន​បើ​គណបក្ស​នេះ​បញ្ជាក់ហើយនៅតែមាន​ចោទប្រកាន់ទៀតនោះ​ នោះ​​​ជា​ការ​បំពានទៅ​លើគ​ណបក្សភ្លើងទៀនហើយ។ លោក​បន្តថា គណបក្សនេះអនុវត្តទៅតាមលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ និងច្បាប់ស្ដីពីគណបក្សនយោបាយ ហើយ​​រាល់​សេច​ក្ដីសម្រេច និងគោលនយោបាយរបស់បក្ស ធ្វើឡើង​ដោយ​ថ្នាក់ដឹកនាំបក្សភ្លើងទៀនផ្ទាល់ និង​​​មិន​មាន​​អ្នក​​បង្គាប់​បញ្ជា​ឡើយ។

លោកថា៖ «យើងកំពុងធ្វើការតស៊ូមតិដែរ ដោយឃើញអាជ្ញាធរមួយចំនួនបានទៅគំរាមកំហែងដល់ក្រុមប្រឹក្សារបស់យើងនៅឃុំសង្កាត់ដែល​បាន​ជាប់​ឆ្នោត​ហ្នឹង ឱ្យ​ផ្ដិត​មេដៃថ្កោ​ល​ទោស ថ្កោល​អី​ហ្នឹង។ ដូច្នេះ យើង​ចាត់ទុកថា នេះជាការគំរាមកំហែងមួយ ពីព្រោះអ្វីក៏ដោយ ទាល់​តែគោរព​សិទ្ធិ​​​ការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ក្នុងកា​រ​សម្រេច​ចិត្ត​ថា ផ្ដិត​មេដៃ ឬ​ធ្វើអី្វ​មួយនោះ»។

អ្នក​នាំពាក្យគណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​ចេញ​សេច​ក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​ថាគ្រាន់​តែ​ជា​ទ្រឹស្ដីតែ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​អនុវត្តជាក់ស្ដែងវិញនោះ អាស្រ័យ​ទៅ​សមត្ថ​កិច្ច និង​តុលាការ។ តែយ៉ាងណា លោកថា​ ការចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសនេះ ឆ្លុះបញ្ចាំងឱ្យឃើញ​ពី​ទំនាក់​ទំនង​ថ្នាក់​ដឹក​នាំ​បក្ស​ភ្លើង​ទៀន ជាមួយ​នឹង​លោក សម រង្ស៊ី បាន​បែក​បាក់។

លោកថា៖ «អត់ទេ! បញ្ជាក់យ៉ាង​ម៉េច​ក៏អត់កើត​ដែរ មិន​មែន​សាម៉ី​ខ្លួន​ជា​អ្នក​បញ្ជាក់​ទេ វា​អាស្រ័យទៅលើសមត្ថកិច្ចគេស្រាវជ្រាវ និង​តុលាការ​គេ​ស្រាវជ្រាវ​យ៉ាង​ម៉េច។ បើ​សិន​ជា​មាន​ពិរុទ្ធ​ភាព ទោះ​បី​ជា​ធ្វើ​សេចក្ដីថ្លែងការណ៍ថ្កោល​ទោស ឬបដិសេធយ៉ាងណា ក៏វាមិនអាចលាងការពិតជាក់ស្ដែងបានដែរ»។

តែយ៉ាងណា​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បាន​បង្ហាញ​ការ​កោតសរ​សើរ និង​ថ្លែងអំណរ​គុណ​ចំពោះថ្នាក់​ដឹក​នាំ​គណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការណ៍​ថ្កោលទោស​អ្នកទាំងឡាយ​ណា​ដែល​មាន​ចេតនា​ប្រមាថព្រះមហាក្សត្រ តាមការ​ស្នើរបស់​លោក​​ផង​ដែរ។

កាលពីថ្ងៃម្សិលមិញ នៅក្នុង​ពិធីជួបសំណេះសំណាលជាមួយពលរដ្ឋនៅខេត្តកំពង់ឆ្នាំង លោក​​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​​ឱ្យ​ថ្នាក់ដឹកនាំ​គណ​បក្សភ្លើង​​ទៀន ក្នុង​នោះ​មាន​​លោក ទាវ វណ្ណុល លោក សុន ឆ័យ និងលោក ថាច់ សេដ្ឋា ចេញ​មុខ​មក​​បញ្ជាក់​​ចំពោះការ​​លើក​ឡើង​​របស់​​លោក សម រង្ស៊ី ដែលបានប្រមាថព្រះមហាក្សត្រ ដោយលោក​ថា ដើម្បី​ឱ្យ​អស់មន្ទិល​សង្ស័យ ខណៈបក្សភ្លើងទៀននេះ លោក សម រង្ស៊ី ជាអ្នកបង្កើតឡើង។ លោកបន្ត​ថា បច្ចុប្បន្ន​ ដ្បិត​​លោក សម រង្ស៊ី មិន​បាន​ដឹក​នាំ​គណបក្សនេះ​​ក៏ពិតមែន​ ប៉ុន្តែដើម្បី​ជម្រះ​មន្ទិល​​នោះ ថ្នាក់​ដឹកនាំគណបក្សភ្លើងទៀនត្រូវចេញបកស្រាយឱ្យច្បាស់លាស់។

ស្ថាបនិកអង្គការ​អភិវឌ្ឍន៍​ផ្នត់​​គំនិត លោក សេក សុជាតិ មានប្រសាសន៍ថា ទំនាក់​ទំនង​រវាង​លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន មិន​អាច​កាត់​បាន​ទេ ដោយ​សារ​លោក សម រង្ស៊ី ជា​អ្នក​បង្កើត​គណបក្ស​នេះ។ ប៉ុន្តែដើម្បីបង្ហាញឱ្យសាធារណជនបានដឹងនោះ លោក​ថា គណបក្សភ្លើងទៀន ត្រូវ​ធ្វើការ​ផ្សព្វ​ផ្សាយ និងបញ្ជាក់ពីជំហររបស់ខ្លួនឱ្យបាន​ច្បាស់ បើពុំនោះ​ទេ អាចនឹង​​ត្រូវ​ប្រឈមនឹងការរំលាយតាម​ច្បាប់ស្ដីពីគណបក្សនយោបាយ។

លោកថា៖ «ឧទាហរណ៍​យើង​ធ្វើយ៉ាង​ម៉េច ឧបមាថា លោក សម រង្ស៊ី លោកថា​មិន​បាន​ពាក់ព័ន្ធ​ទេ គណបក្សភ្លើងទៀនថាគាត់មិនបានពាក់ព័ន្ធជាមួយនឹងលោក សម រង្ស៊ី ទេ​ តែ​ពីរ​នាក់នឹង​​ជួប​គ្នា យើង​ដឹង​ហើយ​​ថា វាអាច​មាន​តាមប​ណ្ដាញ​ ធ្វើម៉េចក៏​ដោយកុំឱ្យគេចាប់យកបណ្ដាញ​​យក​​មក​ធ្វើភស្ដុតាង​​ ជាពិសេសយើងដឹងហើយ​ គណបក្សភ្លើងទៀន ទោះ​បី​​ជា​អនុ​ប្រធាន ឬប្រធានបក្សបច្ចុប្បន្ន មិនទាក់ទងផ្ទាល់ ក៏ប៉ុន្តែអាច​ទាក់ទងប្រយោល​តាម​រយៈណា​មួយ ឬតាមរយៈអ៊ីម៉ែល ឬក៏តាមរយៈបណ្ដាញសង្គម ឬក៏​ប្រព័ន្ធអីមួយ​ដែលគេចាប់ អាហ្នឹងសុទ្ធ​តែ​ជា​រឿង។ ដូច្នេះ យើង​គួរតែ​បញ្ចប់​ទំនាក់​ទំនង ដោយប្រកាសជាឱឡារិក ដើម្បី​ឱ្យសាធារណជន​​ជាតិ និងអន្តរជាតិ គេបានមើលឃើញអំពីការប្ដេជ្ញាចិត្ត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ