ពលករ​បរទេស​បាន​គប់ដុំថ្ម​ទៅលើ​រថយន្តក្រុង​ក្នុង​ក្រុងបាវិត ខណៈ​អ្នកដំណើរ​ព្យាយាម​សម្រុក​ចេញ​ពី​រថយន្ត

រូបថតអេក្រង់ពីវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គម TikTok បង្ហាញពីសកម្មភាពមនុស្សគប់ដុំថ្មលើឡានក្រុង ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹង​ថា ពលករបរទេសបានគប់ដុំថ្មទៅលើរថយន្ត​ក្រុង ក្នុងក្រុងបាវិត ហើយ​​​​អ្នក​ដំណើរ​​បាន​ព្យាយាម​សម្រុក​ចាកចេញពីរថយន្តក្រុង​នោះ ខណៈ​ប្រជាពលរដ្ឋ​ក្នុង​តំបន់និយាយ​ថា មាន​មនុស្សរាប់រយនាក់បាន​ចាកចេញពីទីតាំងប្រតិបត្តិ​ការ​ឆបោក​​​ក្នុង​ក្រុងបាវិត ខេត្តស្វាយរៀង នៃប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេស​​​វៀត​ណាម ជារៀង​រាល់ថ្ងៃ។

ការសម្រុកចាកចេញ​នេះកើត​ឡើង​បន្ទាប់​ពី​កម្មករប្រតិបត្តិការ​ឆបោក​ ​​ត្រូវ​​បាន​​ផ្ទេរ​ទៅកាន់​កាស៊ីណូ ​ក្នុង​ក្រុងបា​វិត ​បន្ទាប់​ពីសមត្ថកិច្ចធ្វើ​​ការ​​​​ឆ្មក់​ចូលទីតាំងផ្សេងៗ​ក្នុង​ប្រទេស។ បន្ទាប់​​ពីពលករ​បរទេស​អំពាវនាវរកជំនួយជាច្រើនខែ​ពីទីតាំងផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដែល​ពួក​គេនិយាយ​​ថា​​ត្រូវ​បាន​បង្ខាំង និង​បង្ខំ​ឱ្យ​ប្រព្រឹត្តអំពើឆបោកតាមអ៊ីនធឺណិត ប្រទេសកម្ពុជាត្រូវបាន​ទម្លាក់​ចំណាត់​ថ្នាក់​ក្នុង​ករណី​ជួញដូរមនុស្ស។

អធិការនគរបាលក្រុងបាវិត លោក ឯម សុវណ្ណារិទ្ធ មានប្រសាសន៍ថា នៅវេលាម៉ោងប្រមាណ៤និង៣០នាទីទៀបភ្លឺ​ ថ្ងៃអង្គារ [ទី២៥ ខែតុលា ឆ្នាំ២០២២] មាន​មនុស្ស​ប្រមូលផ្តុំគ្នា​នៅជិតច្រកទ្វារ​ព្រំដែនកម្ពុជា-វៀតណាម។ លោក​បន្ថែមថា ពួកគេ​បាន​គប់​ដុំ​ថ្ម ខណៈ​អ្នក​ផ្សេង​ទៀត​ព្យាយាម​​សម្រុកចេញពីរថយន្តក្រុង។ ទោះយ៉ាងណា ហ្វូងមនុស្សបាន​​ចា​ក​ចេញ នៅ​​ពេល​នគរបាល​​ទៅដល់។

លោក​បាន​ថ្លែង​ថា៖​ «​មាន​មនុស្ស​ប្រមាណពី៥០ទៅ៦០​នាក់ ហើយ​​យើង​​មិន​ដឹង​​ថា​​ភាព​ចលាចល​នេះបាន​កើត​ឡើង​ដោយ​របៀប​ណា ឬ​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ។ ពួកគេ​សុទ្ធតែ​ជា​ជនជាតិ​វៀតណាម ហើយ​ពេល​ព្រំដែន​បើក ​ពួកគេ​ទៅ​ស្រុក​កំណើត​»​។

វីដេអូដែល​បាន​បង្ហោះក្នុង​បណ្ដាញសង្គម​ TikTok បាន​បង្ហាញពីទិដ្ឋភាពដ៏ចលាចលនៅខាងក្រៅ​កាស៊ីណូ​ក្រោន​ ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង ដោយមានហ្វូងមនុស្សបិទផ្លូវរថយន្តក្រុងដែលកំពុងចេញដំណើរ និងខ្លះទៀតលោតផ្លោះរបាំងការពារព្រំដែន។ មន្ត្រីនគរបាលបាននិយាយ​ថា គាត់បានឃើញវីដេអូនៅក្នុង TikTok ហើយបានបញ្ជាក់ថា ពិតជាមានករណីនេះកើត​ឡើងមែន។

លោក សុវណ្ណារិទ្ធ បាន​បន្ថែម​ថា បុរសជនជាតិ​ថៃ​ម្នាក់ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បរិវេណ​​កាស៊ីនក្រោន​មួយ​ថ្ងៃ​ មុនករណី​នេះកើតឡើង។

លោកបាន​និយាយ​ថា៖​ «​គាត់​បាន​ធ្លាក់​ពី​អគារ»​។

អ្នកបើកបរម៉ូតូកង់បីក្នុងតំបន់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ​ដោយបារម្ភពីសុវត្ថិភាព បាននិយាយ​ថា គាត់បា​ន​ឃើញមនុស្សរាប់រយនាក់ចាក​ចេញ​ពី​កាស៊ីណូក្រោន កាស៊ីណូម៉ុកបាយ និងកាស៊ីណូហេងហេង ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល៣ថ្ងៃកន្លង​មក​នេះ។

ទីតាំង​ទាំង៣នេះ ប្រឈមនឹងការចោទប្រកាន់ពីបទឆបោកពលករបរទេសឱ្យប្រព្រឹត្តអំពើឆបោក​ជាសកល។

​​អ្នកបើកបរម៉ូតូកង់បីរូបនោះបាន​បន្ត​​ថា គាត់ឃើញមនុស្ស​​ដើរ​ឆ្លង​កាត់​ព្រំដែន​ដោយ​មាន​​វ៉ាលី ហើយ​ជា​ច្រើន​នាក់​ផ្សេងទៀតធ្វើ​ដំណើរ​តាម​រថយន្ត និង​រថយន្ត​ក្រុង។

​គាត់​និយាយថា៖ «​នៅសល់មនុស្ស​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​​នៅក្នុងទីតាំងទាំងនោះ»។

អ្នក​រត់​​ម៉ូតូ​ឌុប​​ម្នាក់បាន​និយាយ​​ថា មនុស្សភាគច្រើនចាកចេញ​នៅ​ពេល​យប់ និង​ព្រឹក​ព្រលឹម។

ទាំងនគរបាល ឬប្រជាពលរដ្ឋក្នុងតំបន់ បានឱ្យដឹងថា ពួក​គេមិ​នដឹ​ង​ពី​មូលហេតុដែលនាំឱ្យ​មាន​​ការ​សម្រុក​ចាក​ចេញ​នេះ​ឡើយ និង​មិន​ដឹង​ថារ​ថយន្តក្រុងដឹកមនុស្សទាំងនោះយក​ទៅណា​ឡើយ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Chaotic Scenes in Bavet Amid Apparent Exodus

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ