រដ្ឋ​មន្ត្រី​​ក្រសួង​​ព័ត៌មាន​​ថា ​សេចក្ដី​ព្រាង​ច្បាប់​​ស្ដីពី​​សិទ្ធិ​ទទួល​ព័ត៌មាន​​បាន​​បញ្ជូន​​ដល់​ដៃ​​គណៈ​រដ្ឋ​មន្ត្រី

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន អះអា​ង​ថា សេចក្តី​ព្រាង​​ច្បាប់​​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌​មាន​​បាន​បញ្ជូន​ទៅ​ដល់​ដៃ​គណៈរដ្ឋមន្ត្រីមួយរ​យៈ​ហើយ ដោយ​រង់ចាំ​តែ​ស្ថាប័ន​នេះ​​ប្រជុំ​ពិនិត្យប៉ុណ្ណោះ។

​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ស្តីពី​ «ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ» នៅ​រាជធានីភ្នំពេញ នា​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ២០២២នេះ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កញ្ញា​រីទ្ធ ថ្លែង​ថា ជា​ធម្មតា ការ​រៀបចំ​ច្បាប់ គឺ​មាន២ដំណាក់​កាល ក្នុងនោះរួមមាន​ការ​ប្រជុំគ្រប់ភាគីពាក់ព័ន្ធ ហើយ​បន្ទាប់​មកត្រង់ជំពូកពាក់ព័ន្ធនឹង​​​ទោសប្បញ្ញត្តិ គឺត្រូវឆ្លងទៅក្រសួងយុត្តិធម៌ជាអ្នកកំណត់។

លោកបន្ត​ថា មកទល់ពេលនេះ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវ​បាន​បញ្ចប់​នូវ​ដំណាក់កាល​ទាំង​២នេះ​រួច​រាល់​អស់ហើយ និងបានបញ្ជូនទៅ​ដល់ដៃគណៈរដ្ឋមន្ត្រីហើយ​ដែរ ដូច្នេះ​នៅសល់​តែដំណាក់​កាល​គណៈ​រដ្ឋមន្ត្រី​រើសពេលវេលាប្រជុំ​​​ពិនិត្យ​ប៉ុណ្ណោះ។

លោកថា៖ «ឥលូវនិយាយរួម យើងចប់អស់ហើយ នៅតែដល់គណៈរដ្ឋមន្រ្តី នឹងធ្វើការប្រជុំ នៅពិនិត្យ។ ពីព្រោះធម្មតា ច្បាប់ កាលណារៀបចំច្បាប់មាន២ដំណាក់កាល គឺការប្រជុំដោយគ្រប់ភាគីដែលពាក់ព័ន្ធ បន្ទាប់មកទោសប្បញ្ញត្តិ គឺឆ្លើយឆ្លងទៅ គឺក្រសួងយុត្តិធម៌ជាអ្នកកំណត់។ អ៊ីចឹងឥលូវនេះ វាបានចប់អស់ហើយ យើងដាក់ទៅគណៈរដ្ឋមន្រ្តីហើយ អ៊ីចឹងគណៈរដ្ឋមន្រ្តីនឹងរើសពេលវេលាដើម្បីប្រជុំ។ [ដាក់ទៅគណៈរដ្ឋមន្ត្រីតាំងពីពេលណាដែរ?] ដាក់យូរហើយ តាំងប៉ុន្មានខែហើយ»។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោក​មិន​បាន​ដឹង​ថាមានការ​បញ្ជូន​សេចក្តីព្រាងច្បាប់នោះមកគណៈរដ្ឋមន្ត្រីនៅឡើយទេ។ លោក​ថា ជាទូទៅ គណៈរដ្ឋមន្ត្រីត្រូវរៀបចំពេលវេលានិង​កាលវិភាគ ដើម្បី​ប្រជុំពេញ​អង្គ បើសិនមានការបញ្ជូនសេចក្តីព្រាង​ច្បាប់​ណាមួយ​​មក​ដល់។

លោក ផៃ ស៊ីផាន ថា៖ «តាមធម្មតា គណៈរដ្ឋមន្ត្រីហ្នឹងត្រូវរៀបចំមើលកាលវិភាគណាមួយដែលទំនេរ និងបញ្ចូលជាមួយច្បាប់ដទៃទៀត ដើម្បីចូលពេញអង្គគណៈរដ្ឋមន្ត្រី និងរង់ចាំតែពេលវេលាមកប្រជុំពេញអង្គទេ។ ហើយពេញអង្គ ច្បាប់តែមួយ ការពង្រាងតែមួយ មិនអាចប្រជុំពេញអង្គបានទេ លើកលែងតែច្បាប់ហ្នឹងប្រញាប់។ ប៉ុន្តែច្បាប់នេះជាច្បាប់ធម្មតាទេ ច្បាស់ជារង់ចាំបង្គ្រប់ជាមួយច្បាប់ដទៃទៀត។ អាស្រ័យហេតុដូច្នេះ ខ្ញុំអត់ដឹងកាលវិភាគនៅថ្ងៃណាមួយនោះទេ។ ប្រជុំពេញអង្គ គឺដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រជុំដើម្បីត្រួតពិនិត្យមើលសាជាថ្មី មុននឹងបញ្ជូនទៅរដ្ឋសភា»។

យ៉ាងណា មន្ត្រីរដ្ឋាភិបាល​រូបនេះ​ថា លោកក៏មិនដឹងដែរថាតើគណៈរដ្ឋមន្ត្រីនឹងប្រជុំពិនិត្យករណីនេះនៅពេលណា។

អ្នកសារព័ត៌មានមួយរូបនៅវិទ្យុសំឡេងសហរដ្ឋអាមេរិក លោក លាស់ លីបលីប មើលឃើញថា ដំណាក់កាលវិវត្តន៍នៃ​សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ហាក់មិនទាន់មានភាពច្បាស់លាស់នៅឡើយ។ យ៉ាងណា លោកចង់ឃើញសេចក្តីព្រាងច្បាប់នេះចូលជាធរមានឱ្យបានឆាប់។

លោកថា៖ «សម្រាប់ខ្ញុំ ខ្ញុំក៏ចង់ឃើញថា សេចក្តីព្រាងច្បាប់នេះអាចចូលជាធរមាននៅពេលណាមួយខាងមុខឆាប់ តាមដែលក្រសួងសាម៉ីពាក់ព័ន្ធហ្នឹងធ្វើទៅបាន»។

អ្នកសារព័ត៌មានរូបនេះជឿថា ច្បាប់ស្តីពីសិទ្ធិទទួល​ព័ត៌មាន នឹងអាចបម្រើផលប្រយោជន៍ច្រើនដល់ពលរដ្ឋក្រោយអនុម័ត ព្រោះថា ពលរដ្ឋអាចទទួលព័ត៌មានពាក់ព័ន្ធតាម​អ្វីដែលចង់ដឹង មិន​ថា​ការអភិ​វឌ្ឍ ឬ​បញ្ហាផ្សេ​ងៗ​ក្នុង​សង្គម។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី សាទរចំពោះការវិវត្តថ្មីមួយនៃដំណើរការឈានទៅអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ខណៈបានរង់ចាំវត្តមានច្បាប់នេះអស់រយៈពេល​ប្រមាណ៤ឆ្នាំមក​ហើយ​​ រាប់តាំងពីឆ្នាំ​២០១៨មក។

យ៉ាងណា លោកទទូចឱ្យក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ ផ្តល់សេចក្តីព្រាងច្បាប់នេះ​នា​ពេលបច្ចុប្បន្ន​ ដល់​សង្គម​ស៊ីវិល​ផង ដើម្បី​ឱ្យ​ពួកគេមានឱកាសបានចូលរួមពិនិត្យ និង​ផ្តល់យោបល់លើខ្លឹមសារព្រាង​ចុងក្រោយនេះ ខណៈ​សេចក្តីព្រាង​ដែលសង្គមស៊ីវិល​បានទទួលកាលពីដំបូង គឺ​មាន​ចំណុចមួយចំនួន​ដែលអាចថាមានផលប៉ះពាល់ដល់សិទ្ធិទទួលព័ត៌មាន។

លោក ណុប វី ថា៖ «សេចក្តីព្រាងដែលបានធ្វើដំបូងហ្នឹង គឺថាមានចំណុចមួយចំនួនដែលធ្វើឱ្យអង្គការសង្គមស៊ីវិលហ្នឹង យើងមានការព្រួយបារម្ភ ហើយដែលយើងយល់ឃើញថានឹងធ្វើឱ្យប៉ះពាល់ទៅដល់ស្តង់ដារនៃច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលយើងបានព្រមព្រៀងគ្នាពីដើម។ អ៊ីចឹងហើយបានយើងទទូចមានការបន្តនូវការបើកឱកាសឱ្យមានការចូលរួមពីអង្គការសង្គមស៊ីវិលហ្នឹង។ […] អ៊ីចឹងហើយសូមឱ្យក្រសួង ក៏ដូចជាទីស្តីការគណៈរដ្ឋមន្ត្រី លោកបើកចិត្តទូលាយ ដើម្បីទទួលឱ្យមានការចូលរួមផ្តល់យោបល់ ហើយនឹងពិនិត្យមើលឡើងវិញ ចំពោះខ្លឹមសារនៃសេចក្តីព្រាងនៅក្នុងពេលបច្ចុប្បន្នហ្នឹង»។

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន មាន៩ជំពូក ៣៧មាត្រា ត្រូវបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សានិងពង្រាងជាច្រើនឆ្នាំមកហើយ ដោយ​មានការចូលរួមផ្តល់យោបល់ពីអង្គការយូណេស្កូ (UNESCO) វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការតម្លាភាពកម្ពុជា (TI) ជាដើម។

តែយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកធ្វើការលើវិស័យសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បាន​ចេញលិខិតចំហរួមគ្នាមួយទាមទារឱ្យរដ្ឋាភិបាលលុបចោលចំណុច៧ មាត្រា២០​ នៃច្បាប់នេះ ដោយថា ចំណុច​នោះមានន័យទូលំទូលាយពេក និងខ្វះនូវភាពជាក់លាក់ក្នុងការលាតត្រដាងព័ត៌​មាន​សាធារណៈ។

ចំណុច​៧ មាត្រា២០ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ចែងថា «ព័ត៌មានសម្ងាត់ដទៃទៀតដែលស្ថិតក្នុងបទប្បញ្ញត្តិត្រូវហាមឃាត់» ដែលមានន័យថា ព័ត៌មានសម្ងាត់ដែលមានចែងក្នុងច្បាប់ផ្សេងៗត្រូវបាន​ហាមឃាត់ក្នុងការបញ្ចេញទៅឱ្យអ្នកដែលស្នើសុំ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ត្រូវបានអនុញ្ញាតឱ្យតាក់តែងនៅឆ្នាំ២០១៣ ដោយមានក្រសួងព័ត៌មានជាអ្នកទទួលបន្ទុក។ ច្បាប់​នេះមានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មានពីស្ថាប័នសាធារណៈ​ដោយស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ