រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា នឹងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យទូកចម្លងអ្នកដំណើរនៅទូទាំងប្រទេស ឱ្យស្របតាមស្ដង់ដារបច្ចេកទេស និងពន្លឿនការចេញសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់កំពង់ផែឱ្យបានលឿន ដើម្បីទប់ស្កាត់កុំឱ្យមានករណីលិចទូកចម្លងបណ្តាលឱ្យមនុស្សស្លាប់បន្តទៀត។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសាធារណការ និងដឹកជញ្ចូន» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កាលពីពេលថ្មីៗនេះ មានឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បណ្ដាលឱ្យសិស្សសាលាស្លាប់ចំនួន១១នាក់ និង៤នាក់ទៀតរួចផុតជីវិតពីហេតុការណ៍ដ៏អាក្រក់នេះ។

លោកបង្ហាញការសោកស្តាយនៅពេលដែលទទួលបានព័ត៌មានដ៏អាក្រក់បែបនេះកើតឡើង។ តែយ៉ាងណា លោកថា នឹងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យទូកដឹកជញ្ជូនអ្នកដំណើរនៅទូទាំងប្រទេស ឱ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីទប់ស្កាត់កុំឱ្យមានរឿងបែបនេះកើតឡើងបន្តទៀត ។
លោកថ្លែងថា៖ «ខ្ញុំក៏ឱ្យអគ្គនាយកដឹកជញ្ជូនតាមផ្លូវទឹក ពិនិត្យពិចារណាក្នុងការត្រួតពិនិត្យទូកនៅកម្ពុជាយើង។ ឡានយើងយកទៅឆៀក ប៉ុន្តែទូក យើងមិនទាន់ [ពិនិត្យ] ដោយសារតែច្បាប់ដឹកជញ្ជូនផ្លូវទឹកមិនទាន់បានធ្វើចេញនៅឡើយ ដូច្នេះយកទៅអនុវត្តបង្ខំគេឱ្យមកបញ្ជាក់ទូកមិនទាន់បានត្រឹមត្រូវ អ៊ីចឹងខ្ញុំឱ្យឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការទទួលបន្ទុកជំរុញច្បាប់ដឹកជញ្ជូនតាមផ្លូវទឹក ច្បាប់កំពង់ផែ ឱ្យបានលឿន ដើម្បីយើងមើលឱ្យបានត្រឹមត្រូវ»។
លោកថ្លែងបន្តថា៖ «រាល់ថ្ងៃនេះ អត់ដែលបានទៅត្រួតពិនិត្យ[ទូក]ទេ អ៊ីចឹងការងារនះជាកំហុសរបស់យើងដែរ យើងមិនបានត្រួតពិនិត្យទេ ថាទូកដមានគ្នាជិះប៉ុន្មាននាក់? បើថាបាន៥០នាក់ ត្រូវមានអាវពោង៥០ ប៉ុន្តែយើងអត់បានធ្វើ ច្បាប់អត់ទាន់មាន ប៉ុន្តែយើងក៏ប្រហែសដែរ បើយើងអត់មានច្បាប់ ក៏យើងជួយទៅណែនាំដែរ។ អ៊ីចឹងយកឱកាសនេះ ឱកាសអកុសល យកទៅជំរុញធ្វើច្បាប់ឱ្យបានលឿន ចុះត្រួតពិនិត្យឱ្យបានដិតដល់អំពីអាវពោងសុវត្ថិភាពនៅតាមទូកនីមួយៗ»។
លោក សុខ ចាន់ វ័យ៣៩ឆ្នាំ ប្រជាពលរដ្ឋរស់នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ដែលត្រូវជាឪពុកបង្កើតរបស់កុមារ ចាន់ សុខជីម ដែលស្លាប់ក្នុងឧបទ្ទវហេតុលិចទូកនៅខេត្តកណ្តាលនោះ សាទរចំពោះចំណាត់ការរបស់ក្រសួង ដែលឱ្យមន្ត្រីចុះត្រួតពិនិត្យបច្ចេកទេសទូកដឹកអ្នកដំណើរ និងពន្លឿនការបង្កើតច្បាប់ពាក់ព័ន្ធ ដើម្បីទប់ស្កាត់បញ្ហាលិចទូកបណ្តាលឱ្យមនុស្សស្លាប់នេះបន្តទៅទៀត។
លោកថា៖ «អាជ្ញាធរត្រូវតាមដានមើល ត្រូវនិយាយប្រាប់ម្ចាស់អាជីវកម្មទូក មានអាវពោងពាក់ ពេលមានគ្រោះថ្នាក់ យើងកាត់បន្ថយពេលមានគ្រោះថ្នាក់អ៊ីចឹងទៅ»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការសោកស្តាយចំពោះករណីឧបទ្ទវហេតុលិចទូកចម្លងដែលបណ្តាលឱ្យកុមារជាង១០នាក់ស្លាប់នាពេលកន្លងមកនេះ ហើយអាជ្ញាធរពាក់ព័ន្ធទើបតែខ្នះខ្នែងនាំគ្នាយកចិត្តទុកដាក់លើការតាមដាន និងត្រួតពិនិត្យបច្ចេកទេសទូកដ ឬទូកដឹកអ្នកដំណើរនៅពេលនេះ។
យ៉ាងណា លោកអំពាវនាវទៅក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការត្រួតពិនិត្យទូកដឹកអ្នកដំណើរឱ្យមានតម្លាភាព និងកុំឱ្យមានអំពើពុករលួយ ទើបអាចទប់ស្កាត់បញ្ហានេះបាន។
លោកអំពាវនាវដូច្នេះថា៖ «មន្ត្រីក្រសួងសាធារណការ ដែលចុះទៅពិនិត្យនិងណែនាំទៅដល់មន្ត្រីផ្សេង ឬក៏អ្នកដែលជាម្ចាស់អាជីវកម្មផ្ទាល់ ហើយបើសិនជាមន្ត្រីមូលដ្ឋាន ឬម្ចាស់អាជីវកម្មគប់គិតគ្នា មិនអនុវត្តតាម មិនធ្វើតាមទេ នៅពេលដែលមានបញ្ហា ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ឬក៏មិនទាន់មានបញ្ហា នៅពេលដែលដាក់វិធានការហើយ អ្នកទាំងអស់ហ្នឹងមិនអនុវត្ត ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ផ្អាកអាជីវកម្ម ឬបិទអាជីវកម្មជាដើម»។
ឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានកើតឡើងនៅម៉ោងជិត៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបណ្ដាលឱ្យសិស្សសាលាចំនួន១៥នាក់ មានអាយុចន្លោះពី១២ឆ្នាំ ទៅ១៤ឆ្នាំ បានបាត់ខ្លួន។ ក្រោយមក សមត្ថកិច្ច និងក្រុមជួយសង្គ្រោះ បានរកឃើញកុមារចំនួន១១នាក់ស្លាប់បាត់បង់ជីវិត ខណៈកុមារ៤នាក់ទៀតបានរួចផុតជីវិតពីហេតុការណ៍ដ៏អាក្រក់នេះ។
ហេតុការណ៍នេះបានកើតឡើង ដោយសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនមានការប្រុងប្រយ័ត្ន ដោយគ្មានអាវពោងសម្រាប់ការពារ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទូកដ ២នាក់ និងអ្នកបើកទូកម្នាក់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ដើម្បីសួរនាំ និងបញ្ជូនសំណុំរឿងទៅតុលាការ។ បន្ទាប់មក នៅថ្ងៃទី១៧ ខែតុលា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លោក លាវ ស្រេង ដែលកាន់សំណុំរឿងនេះ បានសម្រេចដោះលែងពួកគេវិញ ក្រោយសមត្ថកិច្ចបានសួរចម្លើយ និងធ្វើកំណត់ហេតុស្របតាមច្បាប់រួចហើយ។ យ៉ាងណា លោកថា សំណុំរឿងនេះនៅតែបន្តតាមនីតិវិធីច្បាប់នៅតុលាការដដែល៕