សាច់ញាតិ​កម្មករ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំពង់ស្ពឺ​កាលឆ្នាំមុន ទាមទារ​យុត្តិធម៌​ឱ្យ​អ្នកស្លាប់​និង​របួស

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រុមគ្រួសារ និង​សាច់ញាតិ​​​​ប្រហែល​៣០នាក់​របស់កម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញ​កាលពីឆ្នាំមុន បាននាំគ្នាទៅ​ប្រមូលផ្តុំតវ៉ា និងដាក់ញត្តិ​នៅរដ្ឋបាលខេត្តកំពង់ស្ពឺ ស្នើកុំកិច្ច​អន្តរាគមន៍​រកយុ​ត្តិធម៌​ ដោយថាជនបង្កមិនទាន់ទទួលទោស ហើយជនរងគ្រោះមិនទាន់ទទួលសំណងត្រឹមត្រូវ។ (ផ្ដល់ឱ្យ)

ក្រុមគ្រួសារ​ និងសាច់ញាតិ​​​​កម្មករនៅខេត្តកំពង់ស្ពឺ ដែល​ជួប​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​មុន បាន​តវ៉ា​ទាម​ទារ​រក​យុត្តិធម៌​ជូនកម្មករ​ដែល​ស្លាប់និង​របួស ក្រោយហេតុការណ៍នេះ​បានកើតឡើងរយៈពេល១ឆ្នាំហើយ​ ប៉ុន្តែជនបង្កមិន​ត្រូវ​បាន​តុលាការចាប់​មកទទួលខុសត្រូវ និងផ្ដល់សំណងដល់ជនរងគ្រោះតាមផ្លូវច្បាប់។

ក្រុមគ្រួសារ និង​សាច់ញាតិ​​​​ប្រហែល​៣០នាក់​របស់កម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលត្រលប់​មក​ពី​បំពេញការ​ងារ​នៅ​រោងចក្រមួយ​នៅភ្នំពេញ​កាលពីឆ្នាំមុន បាននាំគ្នាទៅ​ប្រមូលផ្តុំ លើកបដាតវ៉ា និងដាក់ញត្តិ​នៅសាលាដំបូងខេត្ត និងរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បី​ស្នើ​ដល់​​ស្ថាប័ន​ទាំង២​នេះជួយ​អន្តរាគមន៍​រកយុ​ត្តិធម៌​ជូន​ប្រពន្ធ កូន និងសាច់ញាតិ​របស់​ពួក​គេ។

ក្នុង​ញត្តិ​ដាក់​ទៅ​សាលាដំបូងខេត្ត និងរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បាន​ឱ្យដឹង​ថា កាល​ពី​ថ្ងៃ​ទី១១ ខែសីហា ឆ្នាំ​២០២១ កម្មករ-កម្មការិនី​បម្រើការងារនៅរោងចក្រ ប៊ឺរី អីភែរឹល (Berry Apparel) បានជួបគ្រោះថ្នាក់ចរាចរណ៍លើកំណាត់​ផ្លូវ​លេខ​៤១ ស្ថិត​នៅ​ភូមិ​សំរោង ឃុំត្រពាំងគង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យកម្មការិនីចំនួន​​៤នាក់​​ស្លាប់ របួសធ្ងន់​៩នាក់ និងរបួសស្រាល២៧នាក់ ក្នុងនោះក៏មានកម្មករ​ខ្លះ​ត្រូវពិការផង​ដែរ។

ញត្តិដដែលនេះបន្ត​ថា ចាប់​តាំ​ង​ពី​ថ្ងៃ​កើត​ហេតុ​រហូតមកដល់បច្ចុប្បន្ននេះ មាន​រយៈ​ពេល​ជាង​១ឆ្នាំ​ហើយ​ គឺជនរងគ្រោះមិនទាន់​ទទួល​បាន​យុត្តិធម៌ និង​សំណង​​ពីជនបង្ក​នៅឡើយ​ទេ។

តាមរយៈញត្តិនេះ ក្រុមគ្រួសារ​និងសាច់ញាតិកម្មករ​បាន​ស្នើដល់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង និង​ប្រធានសាលា​ដំបូង​ខេត្តកំពង់​ស្ពឺ លោក ឡុង កេស​ភីរម្យ ជួយអន្តរាគមន៍ដោះស្រាយឱ្យជនរងគ្រោះទទួលបានសំណង និងយុត្តិ​ធម៌ ខណៈ​ជន​បង្ក​ដែល​ជាម្ចា​ស់រថយន្ត​ឈ្នួល​ដឹកកម្មករ ជាអ្នករស់នៅក្នុងភូមិឃុំ​ជាមួយកម្មកររង​គ្រោះ ហើយ​​​​កំពុង​រស់​នៅ​ក្រៅ​ឃុំ​​ជាមួយ​​ក្រុមគ្រួសារ​​យ៉ាង​សុខស្រួល​ និង​​មិន​ត្រូវ​​បាន​​ដាក់​​ទោស​តាម​​ច្បាប់។

លោក សៀង សម្បត្តិ ជាប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ និងជាសាច់ញាតិ​​ជន​រង​គ្រោះមួយ​រូប​ បាន​ឱ្យដឹង​ថា ប្អូនជីដូន​មួយ​​ម្នាក់ និងម្តាយមីង​​​​រប​ស់​​លោកម្នាក់​ បាន​ស្លាប់នៅក្នុង​​​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។ លោកបន្ត​ថា ម្ចាស់រថយន្ត​ដឹក​កម្មករបានបើកបរក្នុងស្ថានភាពស្រវឹង និង​ល្បឿន​លឿន ហើ​យ​ទៅ​ប៉ះ​ជាមួយ​រថយន្ត​​​​ដឹក​​​ឥដ្ឋ បណ្តាលឱ្យរថយន្ត​​​ដឹក​កម្មករ​​ក្រឡាប់ និងមានកម្មករស្លាប់និងរបួស​ក្នុងចំនួនច្រើន។

លោកអះអាងថា រហូត​មកដល់​បច្ចុប្បន្ន សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះ តុលាការខេត្ត​កំពង់ស្ពឺ មិនទាន់​បាន​កោះ​ហៅសាច់ញាតិ និង​ជន​បង្ក​ដែលជាម្ចាស់រថយន្ត​ដឹកកម្មករ ទៅរកដំណោះស្រាយនៅឡើយ។

លោកបន្ថែមថា៖ «បន្ទាប់ពីគាត់ [អ្នកបើករថយន្តដឹកកម្មករ] ធ្វើឱ្យមនុស្សស្លាប់​ ហើយគា​ត់​មិន​ត្រូវ​បាន​ទទួល​ទោស​ទណ្ឌ​ ឬ​ការ​ឃុំខ្លួន​ទេ។ ធម្មតា នីតិវិធីនៃច្បាប់ កាលណាយើង​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ដោយ​ចេតនាឬអចេតនា​ក៏​ដោយ ក៏​ត្រូវ​មានទោស​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្ម​​ទណ្ឌ​ដែរ ប៉ុន្តែ​គាត់​នេះ​ហាក់​បី​ដូចជា​គ្មាន​អ្នក​ចាត់វិធានការអីលើ​គាត់​ទាំងអស់។ មិនត្រឹមតែអ៊ីចឹងទេ គាត់​ប្រើពាក្យសម្តីមិនល្អទៅលើសាច់ញាតិបងប្អូន​កម្មករ​ដែល​បាន​ស្លាប់និងរបួសថែមទៀត»

លោក ជុំ សាង ជាប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ស្រះ​ស្រង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំព​ង់​ស្ពឺ បាន​ឱ្យ​ដឹង​ថា ភរិយា​របស់​លោក​បាន​​ស្លាប់ក្នុង​ហេតុ​ការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ដោយមិនទាន់ទទួល​បាន​ការ​ដោះស្រា​យ និង​សំណង​ណាមួយ​នៅ​​ឡើយ។ លោក​បន្ត​ថា គ្រួសារ​លោក​បាន​ជួប​ការ​លំបាក​ក្នុង​ជីវភាព ក្រោយ​ភរិយារ​បស់លោកបាន​ស្លាប់ ខណៈ​លោក​មាន​មុខរបរ​ត្រឹម​តែ​ធ្វើ​ស្រែចម្ការ និង​សំណង់ ហើយ​ត្រូវទទួលបន្ទុកចិញ្ចឹម​កូនចំនួន​ ៤នាក់​ តែ​ម្នាក់​ឯង។

ករណីនេះ លោក​ស្នើដល់តុលាការខេត្តកំពង់ស្ពឺ សើរើសំណុំរឿងគ្រោះថ្នាក់​ចរាចរ​ណ៍នេះ​​ឡើងវិញ ដើម្បីរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។

លោកបន្ថែមថា៖ «ខ្ញុំសុំ​ឱ្យពន្លឿនការងារហ្នឹង ដោយ​ដោះស្រាយឱ្យបានយុត្តិធម៌ដល់​គ្រួសារ​ពួ​ក​ខ្ញុំ។ ពួកខ្ញុំ​កំពុង​ពិបាក ខ្ញុំ​ចង់បាន​សំណង ហើយសុំឱ្យជនបង្កហ្នឹង​គាត់​ចេញ​មក​ទទួល​ខុស ​ព្រោះរឿងនេះ​បាន​កើត​ឡើង​១ឆ្នាំជាង​ហើយ។ ឥលូវគ្រួសារ​ជន​រង​គ្រោះទាំ​ង​អស់​ហ្នឹង​យ៉ាប់​មែន​ទែន។ កាល​ពីមុន កូនខ្ញុំរៀន​ដល់​សាកល​វិទ្យាល័យ​ដែរ តែ​លូវ​ឈប់​អស់​ហើយ មូល​ហេតុ​ពេល​ដែល​គ្រួសារ​ខ្ញុំស្លាប់ទៅហ្នឹង មានចំណូលអីណាឱ្យពួកគាត់រៀន បើ​ខ្ញុំនៅតែឯងធ្វើតែស្រែហ្នឹង អត់​មានពេល​រកលុយផងហ្នឹង»

វីអូឌី មិនអាចសុំការឆ្លើយតបពីលោក អឹម លន ដែល​ក្រុមគ្រួសារ​​កម្មករ​​ប្រាប់​ថាជា​ជន​បង្ក​ដែល​ជាម្ចាស់រថយន្តដឹកកម្មករ និងអភិបាល​ខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បាន​ទេ ដោយ​ទូរសព្ទចូលគ្មានអ្នកទទួល។

ចំណែកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ មិនអាចឆ្លើយជុំវិញរឿ​ងនេះ​បានទេ ដោយអះអាងថា នៅថ្ងៃនេះ លោកមានបេសកកម្ម​នៅ​ខាង​ក្រៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ