តុលាការកំពូល​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​ស្នើសុំ​លិខិតឆ្លងដែន​របស់​អតីត​បុគ្គលិក​អាស៊ីសេរី នៅថ្ងៃស្អែកវិញ

លោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខបរិវេណតុលាការកំពូល ពាក់ព័ន្ធនឹង​​បណ្ដឹងសាទុក្ខ​​​​សុំលិខិតឆ្លងដែន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ឱ្យដឹងថា ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​​នៃ​តុលាការ​កំពូល គ្រោងនឹងប្រកាសសេចក្ដីសម្រេចចិត្តរបស់ខ្លួន​លើ​​បណ្ដឹង​សាទុក្ខ​​​​សុំលិខិតឆ្លងដែនរបស់អតីតអ្នក​រាយការណ៍ព័ត៌មាន​​​អាស៊ីសេរី នៅថ្ងៃសុក្រស្អែកនេះវិញ។

កាលពីថ្ងៃម្សិលមិញ តុលាការ​កំពូលបាន​​បើកសវនាការ​លើបណ្តឹង​សុំដកលិខិត​ឆ្លងដែនទៅកាន់​​កាប់​របស់​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា អតីតអ្នករាយការណ៍​ព័ត៌មាន​អាស៊ី​​​​សេរី។ ក្រោយ​បញ្ចប់ការសួរដេញដោល​រួច​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក គង់ ស្រ៊ីម ​គ្រោងនឹងប្រកាសសាលដីកាលើសំណុំរឿងនេះ ​នៅថ្ងៃទី​២ ខែ​​វិច្ឆិកា ឆ្នាំ២០២២

តែយ៉ាងណា មេធាវី​ការ​ពារ​ក្តីឱ្យ​អតីតអ្នកសារព័ត៌មានអាស៊ីសេរី គឺលោក សំ ចំរើន បានឱ្យ​ដឹង​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​​នេះថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ប្តូរពេលវេលានៃការ​​ប្រកាសសាលដីកាលើសំណុំរឿង​​ស្នើសុំដកលិខិតឆ្លងដែនរបស់កូនក្តីខ្លួន​ ពីថ្ងៃទី២ ខែវិច្ឆិកា មក​​ថ្ងៃទី២៨ ខែ​តុលា ស្អែកនេះវិញ។

ប្រាប់ក្រុម​អ្នកសារព័ត៌មាន​នៅខាងមុខបរិវេណតុលាការកំពូល នៅព្រឹកថ្ងៃទី២៦ ខែតុលា ម្សិល​​មិញ លោ​​ក យាង សុធារិន្ទ មាន​សុទិដ្ឋិ​និយម​ថា ការ​ស្នើ​សុំ​លិខិត​ឆ្លងដែន​ដើម្បី​យក​មក​ប្រើប្រាស់​នេះ តុ​​​លា​​ការនឹងបើកផ្លូវសម្រាប់ខ្លួន ដោយយោងលើស្ថានភាពជាក់ស្តែង​​ ខណៈ​សាច់ញាតិ​របស់លោក ​នៅឯ​​ដែន​​ដី​​កំ​​ណើ​​ត​កម្ពុជាក្រោម កំពុងជួបទុក្ខ ដែល​លក្ខខណ្ឌនេះ តុលា​ការ​​គួរ​ពិចារណា​ក្នុង​​ការ​​ផ្តល់​លទ្ធ​​ភាព​​​សម្រា​​ប់​​​​​លោក។

លោកបន្តថា៖ «រឿងនេះ ខ្ញុំយល់ថា ប្រសិនជាការសម្រេចហ្នឹង វាអត់មានផ្សារភ្ជាប់នឹងរឿងនយោបាយ ហើយបើការសម្រេចហ្នឹង​ឈរលើគោលការណ៍មនុស្សធម៌ ដូចជា ខ្ញុំបានស្នើសុំហើយ​​ថា ករណី​​ខ្ញុំ​​នេះ វាអភព្វមែនទែន ដែលថាមិន​មាន​ឱកាស​សូម្បីទៅ​ជួប​ឪពុក​​ម្តាយ ពេលឪពុកម្តាយ​​ឈឺ។​​ ឥលូវ​​នេះ ​​​​បងឈឺធ្ងន់មែនទែន ឈឺដល់ដំណាក់កាលចុងក្រោយ​ហើយ ហើយប្រសិនបើតុលាការ​​ពិចារ​​ណា​​ទៅលើគោលការណ៍មនុស្សធម៌ ហើយផ្សារភ្ជាប់ទៅនឹងការអះអាង​របស់​មេធាវីខ្ញុំ ទាក់​ទងនឹង​​ផ្លូវច្បាប់ ថាពួកខ្ញុំលែងជាប់កាតព្វកិច្ចក្រោមការត្រួតពិនិត្យរបស់តុលាការ។ បើគិតពីរយៈពេលនៃការស៊ើបអង្កេតមកដល់ពេលនេះ មានរយៈពេល៥ឆ្នាំហើយ ដែលអត់មានដំណើរការអីជាលទ្ធផលសោះហ្នឹង គឺផ្អែកលើហេតុផលទាំងបីហ្នឹង ខ្ញុំគិតថាលិខិតឆ្លងដែនដែលខ្ញុំស្នើសុំហ្នឹង វាគួរតែបាន»។

លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា និងលោក អ៊ួន ឈិន អ្នករាយការណ៍ព័ត៌មាន​​វិទ្យុ​​អា​ស៊ី​សេរី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់ ម៉ារឌី ក្នុងខណ្ឌ​​មាន​​ជ័​យ​ រាជធានីភ្នំពេញ។ អ្នកទាំង២ ត្រូវរងការចោទប្រកាន់ពីបទ​​ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌​​​មានជា​អា​ទិ៍ ដែលអាចឱ្យអន្តរាយការការពារជាតិ»។ គិតពីថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនមកដល់ពេលនេះ សំ​​ណុំរឿងព្រហ្មទណ្ឌមួយនេះបានអូសបន្លាយជិត៥ឆ្នាំទៅហើយ។

កាលពី​​​ថ្ងៃ​ទី៧ ខែមេសា ឆ្នាំ២០២២ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានច្រានចោលម្តងរួចហើយ នៅបន្ទាប់ពី​លោក យាង សុធារិន្ទ តាម​​រ​​យៈ​​មេធាវី​​កា​​​រ​​​​ពារសិទ្ធិរបស់ខ្លួន ដាក់សំណើសុំលិខិតឆ្លងដែននេះដើម្បីយកទៅប្រើប្រាស់។ កាលពីថ្ងៃទី១២ ខែកក្កដា ជនជាប់ចោទ បាន​ធ្វើបណ្តឹង​សាទុក្ខ ប្តឹងមកតុលាការកំពូល​បន្ត ក្រោ​​យ​ពីសភាស៊ើបសួរនៃតុលាការថ្នាក់កណ្តាល​បដិសេធជាថ្មីទៀត កាលពីខែមិថុនា ឆ្នាំ២០​​​២​​២​​​ ចំ​​ពោះ​​​​ការស្នើសុំដកលិខិតឆ្លងដែននេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ