បក្សភ្លើងទៀនអំពាវនាវដល់អាជ្ញាធរបញ្ឈប់ការគំរាមកំហែងឱ្យសមាជិក្រុមប្រឹក្សារបស់ខ្លួនចុះហត្ថលេខាលើញត្តិថ្កោលទោស

បុរសម្នាក់ពាក់អាវមានស្លាកគណបក្សភ្លើងទៀន ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)

​គណបក្ស​ភ្លើងទៀន នៅថ្ងៃ​សុក្រនេះ​ អំពាវនាវ​ដល់អាជ្ញាធរ​​បញ្ឈប់​​សកម្មភាព​​គំរា​ម​​​កំហែង និង​បង្ខិត​បង្ខំ​​​ឱ្យ​សមាជិក-សមាជិកា​​ក្រុមប្រឹក្សាឃុំ-សង្កាត់​របស់ខ្លួន ឱ្យ​​ចូលរួម​អនុ​ម័ត​ និង​ចុះហត្ថ​លេខា​​លើញត្តិដែលរៀបចំដោយ​អាជ្ញាធរ ​ថ្កោល​​ទោស​​ចំពោះ​​បុគ្គល​ទាំង​ឡាយ​ណាដែ​ល​មាន​ចេតនា​ប្រមាថអង្គ​ព្រះ​មហា​ក្សត្រ។

សេចក្តីថ្លែងការណ៍របស់គណបក្ស​ភ្លើងទៀន ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បាន​លើកឡើង​ថា ក្នុងពេលថ្មីៗនេះ ​សមាជិក-សមាជិកា​​ក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សភ្លើងទៀន នៅទូ​ទាំង​ប្រទេស បាន​រងនូវការ​គំរាម​កំហែង និង​ការបង្ខិតបង្ខំពីសំណាក់អាជ្ញាធរ​មូលដ្ឋាន ឱ្យ​ចូលរួម​អនុម័ត និងចុះហត្ថលេខាលើញត្តិដែលរៀបចំដោយអាជ្ញាធរ​មានសមត្ថកិច្ច​ ដែលផ្ទុយពីឆន្ទៈរបស់ពួកគេ។

គណបក្ស​នេះយល់ថា ​សកម្មភាព​​គំរាមកំហែង​ និងបង្ខិតបង្ខំ​ឱ្យសមាជិករបស់​ខ្លួន​ចូល​រួមថ្កោល​​ទោស​​នេះ​ ជា​ការ​រំលោភ​​រដ្ឋធម្ម​នុញ្ញ​ និងកតិកាសញ្ញា​អន្តរជាតិស្តីពីសិទ្ធិ​ពលរដ្ឋ និងសិទ្ធិនយោបាយ​ពាក់ព័ន្ធនៃសេរីភាពបញ្ចេញមតិ​របស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

សេចក្តីថ្លែងការណ៍ដដែលនោះបានគូសបញ្ជាក់ថា គណបក្សភ្លើងទៀនបានបញ្ជាក់ជំហររួចហើយ​ពាក់ព័ន្ធ​នឹងការ​ថ្កោលទោស​ចំពោះបុគ្គលទាំងឡាយ​ណា​ដែលមាន​ចេតនាប្រមាថ ឬរំលោភបំពាន​ដល់អង្គព្រះមហាក្សត្រ ហើយសមាជិក-សមាជិកាក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់បក្សនេះនៅទូទាំង​ប្រទេស ​ក៏បាន​បង្ហាញការគាំទ្រ​រួចហើយដែរ ដែលករណីនេះ គណបក្សភ្លើងទៀន អំពាវនាវ​ដល់​អាជ្ញាធរគ្រប់ជាន់ថ្នាក់បញ្ឈប់នូវរាល់សកម្មភាពគំរាមកំហែង និងបង្ខិតបង្ខំពួកគេ​បន្ត​ទៀត។

សេចក្តីថ្លែងការណ៍នោះបន្តថា៖ «[…] នឹងស្នើសុំដល់​ក្រសួងមហាផ្ទៃ ធ្វើសេចក្តីណែនាំទៅអាជ្ញាធរ​មូល​ដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ឱ្យបញ្ឈប់សកម្មភាពគំរាមកំហែង និងបង្ខិតបង្ខំសមាជិក-​សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់​មកពីគណបក្សភ្លើងទៀន​ តទៅទៀត ដើម្បីធានាបរិយាកាស​ល្អប្រសើរ​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាលទី៧ ឆ្នាំ២០២៣ ខាង​មុខនេះ ឱ្យ​ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌»។

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ លោក ថាច់ សេដ្ឋា​ មានប្រសាសន៍ថា រូបភាពនៃ​ការគំរាមកំហែង និងបង្ខិតបង្ខំទៅលើសមាជិក-សមាជិកាក្រុមប្រឹក្សា​ឃុំ-សង្កាត់មកពីគណបក្សភ្លើង​ទៀន​ មាន​ដូច​ជា ការកោះហៅទៅប្រជុំដើម្បីផ្តិតមេដៃ និងករណីខ្លះទៀត​ទៅដល់តាមផ្ទះ។

លោកថា​៖ «​បើមិន​ធ្វើ​ញត្តិ​ទេ​ ​គេរំលាយ​គណបក្ស​ គេ​ចាប់ ​​គេចង​ដាក់គុក​​ដាក់ច្រវាក់ ​អាហ្នឹងដែលរូបភាពដែលគំរាម​នេះឯង​ ដែលយើងទទួលបានព័ត៌មានមក ​[…] អ្វីក៏ដោយក្នុងច្បាប់​របស់ប្រទេសកម្ពុជា យើង​ត្រូវតែមានការគោរព​សិទ្ធរបស់​ប្រជាពលរដ្ឋរបស់យើង ​គោរពសិទ្ធិបុគ្គល​ ដូចជាការចង់ធ្វើអ្វីមួយ​ ឬផ្ដិ​តមេដៃគាំទ្រញត្តិ ឬក៏យ៉ាងម៉េច​ អាហ្នឹងគឺជាសិទ្ធិរបស់បុគ្គលម្នាក់​ៗ យើង​មិន​អាចទៅ​គំរាម​កំហែង​​តាមរូបភាពបែបនេះបាន​នោះទេ នេះគឺជាទង្វើខុសច្បាប់ហើយ​»។

តែយ៉ាងណា លោក​ថា គណបក្សនេះនៅមិនទាន់បូកសរុប​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​របស់ខ្លួនដែលរង​នូវការ​គំរាមកំហែង និងការបង្ខិតបង្ខំឱ្យ​ចុះហត្ថលេខាលើញត្តិថ្កោលទោស​ ថា​មានប៉ុន្មានករណីនៅឡើយទេ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ស្រុកគូលែន​​ ខេត្តព្រះវិហារ លោក ប៉ូយ ទុំ បានអះអាងថា អា​ជ្ញាធរ​​មូល​ដ្ឋាន​ ឬ​​មន្រ្តី​គណបក្សប្រជាជន​កម្ពុជា​ នៅ​ស្រុក​គូលែន ​បា​ន​​គំរាម​​​កំហែង​ និង​​ បង្ខិត​​បង្ខំ​​ឱ្យ​​សមាជិក​ក្រុម​ប្រឹក្សា​​​គណបក្ស​ភ្លើងទៀន ចំនួន​៣ឃុំ​ ​ចេញ​​ញត្តិ​​ថ្កោល​ទោស​​លោក​ សម រង្ស៊ី បើមិនដូច្នោះទេ ពួកគេ​​នឹងប្រឈម​ការបាត់បង់តួនាទី​។ តែយ៉ាងណា លោកថា ក្រុមប្រឹក្សា​គណបក្សភ្លើងទៀន មិនបានចេញញត្តិថ្កោលទោស​នោះទេ ដោយសម្អាង​ថា ពួក​គេ​​អនុវត្តទៅតាម​លក្ខន្តិកៈគណបក្ស​​ស្រប​តាម​ផ្លូវ​ច្បាប់​ ហើយ​លោក សម រង្ស៊ី ក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្សភ្លើងទៀននោះដែរ។

លោកថា៖ «បើអត់ធ្វើ​ គេ​ថា​យើងអស់តួនាទី!​ យើង​ធ្វើទៅ ​បាន​តួនាទី!​ គណបក្សភ្លើងទៀន គេនឹង​រំលាយ​ឆាប់​នេះ […]​ អ៊ីចឹង​យើង​សូម​អំពាវនាវ​​ដល់​ប្រមុខ​រដ្ឋាភិបាល ​សុំឱ្យបញ្ឃប់ជាបន្ទាន់​ការគំរាម​កំហែងផ្នែកនយោបាយ​ លទ្ធិប្រជាធិបតេយ្យ មិនអាចយកការគំរាម​កំហែងផ្នែកនយោបាយបានទេ​ ហៅថា​ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ​ទាល់តែមានការបើក​ឱ្យទូលាយ​ កុំចងដៃខាងបក្សប្រឆាំង ហើយខ្លួនឯងធ្វើតាមចិត្ត»។

​​​តែយ៉ាងណា អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក ខៀវ សុភ័គ មាន​ប្រសាសន៍ថា ​មិនមានករណី​​អាជ្ញាធរទៅគំរាមកំហែង​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សភ្លើងទៀននោះ​ទេ ហើយ​អាជ្ញាធរក៏គ្មានភាពចាំបាច់ណាមួយ​ដែល​​​ត្រូវ​​គំរាម​កំហែង និងគាបសង្កត់ទៅលើពួកគេ​ដែរ ព្រោះករណីនេះជាការ​សម្រេច​ចិត្តរបស់បុគ្គលរៀងៗខ្លួន។

លោកថា៖ «គ្មានប្រយោជន៍នឹងឆ្លើយតប​ទេ ​និយាយទៅ វាដដែលៗ! ​ឱ្យតែមានអីតិច អាជ្ញាធរគំរាម​កំហែង អាជ្ញាធរគាប​សង្កត់​ បើគា​ត់នៅ​​ធ្វើ​សកម្មភាពបែបហ្នឹង គ្មានប្រយោជន៍អី​​​ទៅ​គំរាម​កំហែងអីនោះទេ។​ យើងគិតទៅហើយ ដឹងហើយ រាប់សន្លឹក​ឆ្នោត​ដែលព​លរដ្ឋគាំទ្រ​[គណបក្សប្រជាជនកម្ពុជា]​ អាចដឹកនាំប្រទេសជាតិតទៅទៀតបានហើយ​ អត់ត្រូវការពឹងពាក់​ទេ ភ្លើងទៀន​ភ្លើងអីទេ​»។​

អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា លើកឡើងថា ប្រសិន​បើមានការគំរាមកំហែង​ទៅលើ​សមាជិកក្រុមប្រឹក្សា​មកពីគណបក្ស​ភ្លើង​ទៀន ឱ្យ​អនុម័ត ឬចុះហត្ថលេខានៅលើញត្តិថ្កោលទោស​លោក សម រង្ស៊ី ពីសំណាក់​អាជ្ញាធរ​មែននោះ នឹង​ធ្វើ​ឱ្យ​មន្ត្រីរដ្ឋាភិបាលដើរ​ផ្ទុយ​ពី​រដ្ឋធម្ម​​នុញ្ញ និង​គោលការណ៍ច្បា​ប់ផ្សេងៗ ហើយ​នយោ​បាយ​នៅ​​កម្ពុជានឹង​​​​បន្ត​​មាន​ការបែកបាក់បន្ថែមទៀត។

លោកថា៖ «អ៊ីចឹងទេ ខ្ញុំមើលមើលឃើញថា ឆ្លុះបញ្ចាំងពីរបបប្រ​ជាធិបតេយ្យ ហើយរ​ដ្ឋធម្មនុញ្ញរបស់​កម្ពុជាបា​​នបង្ហាញ​ថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើទុក្ខបុកម្នេញ សកម្មជន និងអ្នកនយោ​បាយ​គណបក្សប្រឆាំងខ្លាំងមែនទែន»។

កាលពី​​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ២០២២​នេះ គណបក្ស​ភ្លើង​ទៀន ក៏បានចេញសេចក្តីថ្លែងការណ៍មួយ​ផងដែរ បដិសេធ​ចំពោះការចោទ​​ប្រកាន់​នានាអំពី​ទំនាក់​ទំនង​ជាមួយ​លោក សម រង្ស៊ី និង​​ថ្កោល​​ទោសបុគ្គល​ទាំង​ឡាយ​ណាដែល​មាន​ចេតនា​ប្រមាថ ឬ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ អង្គ​ព្រះ​ម​ហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ