រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមានពីវិធានការផាកពិន័យធ្ងន់ធ្ងរ ចំពោះជនបរទេសទាំងឡាយណាមិនគោរពច្បាប់កម្ពុជា រួមទាំងអ្នកគប់គិត ដែលជាផ្នែកមួយដើម្បីបង្កើនប្រាក់ចំណូលជាតិ ក្រោយពីរកឃើញថា ជនបរទេសដែលធ្វើការនៅកម្ពុជាជិត៩០ភាគរយកំពុងបំពានច្បាប់កម្ពុជា។
ក្នុងពិធីមួយនៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែតុលានេះ លោក ស ខេង បានរំឭកថា ក្រោយបង្កើតហ្វេសប៊ុកសម្រាប់ទទួលពាក្យបណ្តឹង ជុំវិញបញ្ហាជួញដូរមនុស្ស នាប៉ុន្មានខែចុងក្រោយនេះ លោកទទួលបានព័ត៌មានច្រើនជាងពីមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
លោកគូសបញ្ជាក់ថា មកដល់ពេលនេះ លោកទទួលបានពាក្យបណ្តឹងសរុបជិត៦០០ករណី ហើយថាករណីចុះបង្ក្រាបតាមរយៈពាក្យបណ្តឹងនោះទៀតសោត គឺបានរកឃើញការពិតមែន គ្រាន់តែទម្រង់នៃការជួញដូរនោះមានទម្រង់ខុសគ្នា។
ក្នុងន័យនេះ លោកពន្យល់ថា ជនរងគ្រោះខ្លះត្រូវបានគេធ្វើទារុណកម្ម ខ្លះត្រូវបានបង្ខាំងមិនឱ្យចេញក្រៅ ខ្លះបង្ខំឱ្យធ្វើការលើសម៉ោង និងខ្លះទៀតចាញ់បោកគេតាមរយៈការសន្យាឱ្យប្រាក់ខែ១ ០០០ដុល្លារក្នុងមួយខែ តែបានតែ៣០០ដុល្លារ ជាដើម ដែលការណ៍នេះ លោកថា រដ្ឋាភិបាលកំពុងបន្តស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់។
បើតាមលោក ស ខេង រាជធានី-ខេត្តដែលលោកទទួលបានបណ្តឹងច្រើនជាងគេ មានខេត្តកោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ ស្វាយរៀង និងរាជធានីភ្នំពេញ ជាដើម។
បន្ថែមពីនេះ លោកថា បញ្ហាមួយទៀតដែលកំពុងកើតឡើងយ៉ាងធ្ងន់ធ្ងរដែរនោះ គឺហត្ថពលករបរទេស កំពុងធ្វើការនៅកម្ពុជា ភាគច្រើនខុសច្បាប់រហូតដល់៨៥ភាគរយ ដែលខ្លះមានលិខិតឆ្លងដែន តែគ្មានបណ្ណការងារ និងខ្លះទៀតអត់ទាំងអស់តែម្តង ដែលការណ៍នេះ ជនបរទេសទាំងនោះត្រូវបានបណ្តេញចេញ ឬដាក់ក្នុងបញ្ជីខ្មៅ។
លោកថា៖ «ពីម្សិលម៉្ងៃ [ថ្ងៃទី២៥ ខែតុលា] ខ្ញុំឱ្យទៅឆែកទីតាំងមួយកន្លែងនៅបាវិត គេហៅ ម៉ុកបាយ គ្រាន់តែទៅមួយឆាច់ ឃើញជនជាតិវៀតណាមជិត៣០០នាក់អត់មានទិដ្ឋាការ អត់មានប៉ាស្ព័រ [លិខិតឆ្លងដែន] ចូលស្រុកខ្មែរទេ។ អាហ្នឹងស្រួលដោះស្រាយ ដោះស្រាយយ៉ាងម៉េច? គឺថាធ្វើបញ្ជីហើយ យើងធ្វើប្រកាសបណ្តេញចេញ ដោយដាក់ជាបញ្ជីខ្មៅហាមឃាត់ចូលស្រុកខ្មែរប៉ុន្មានឆ្នាំ។ អាងហ្នឹងស្រួលដោះស្រាយ»។
លោកបានគូសបញ្ជាក់បន្ថែមថា៖ «ព្រោះអាហ្នឹង វាជាបេសកកម្មរបស់យើងដែលច្បាប់បានចែង អ៊ីចឹងយើងត្រួតពិនិត្យពលករបរទេសមកធ្វើការត្រឹមត្រូវ ឬមិនត្រឹមត្រូវ ត្រង់អ្នកឯងមានអាជ្ញាបណ្ណ ឬគ្មានពេលហ្នឹង រកឃើញហើយ តាមជាក់ស្តែងរបស់គេហ្នឹងទៅ ព្រោះបើយើងមិនសម្អាតអ៊ីចឹង មិនបានទេ វាបាត់បង់ចំណូលរបស់រដ្ឋ ព្រោះបណ្ណការងារ បើបណ្ណការងារ វាត្រូវបង់ចំណាយថវិការដ្ឋ ចុះបើមនុស្សរាប់ពាន់រាប់ម៉ឺនអត់មានបណ្ណការងារ វាមិនងាប់ហើយ!»
បញ្ហានេះ លោកគូសបញ្ជាក់ថា លោកកំពុងសហការជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ដើម្បីបង្កើតវិធានការច្បាប់ និងបង្កើនការផាកពិន័យក្នុងកម្រិតធ្ងន់ធ្ងរ ទាំងជនបរទេស ទាំងភាគីក្រុមហ៊ុនដែលផ្តល់ការងារឱ្យជនបរទេសខុសច្បាប់ទាំងនោះ។
លោក ស ខេង ធ្លាប់បង្ហាញជំហរក្នុងការស្វែងរកអ្នកពាក់ព័ន្ធនៅពីក្រោយបទឧក្រិដ្ឋនានា រួមទាំងពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ ដើម្បីស្តារមុខមាត់កម្ពុជា ក្រោយពីសហរដ្ឋអាមេរិកដាក់ប្រទេសកម្ពុជាក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សរបស់ខ្លួន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។
ការទម្លាក់ចំណាត់ថ្នាក់នេះ អាមេរិករកឃើញថា ការជួញដូរជនបរទេសចូលមកប្រទេសកម្ពុជាកំពុងមានការកើនឡើង រួមទាំងការរំលោភបំពានក្នុងវិស័យការងារ ហើយមន្ត្រីមួយចំនួនបានសមគំនិតក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ បញ្ហានេះ អាមេរិកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់ ប្រឆាំងនឹងបទឧក្រិដ្ឋទាំងនោះ រួមទាំងប្រឆាំងមន្ត្រីដែលសមគំនិត និងឧក្រិដ្ឋកម្មជួញដូរដែលពាក់ព័ន្ធ។
ស្នងការនគរបាលខេត្តស្វាយរៀង លោក ពេជ្រ វីរៈ នៅថ្ងៃសុក្រនេះ បានឱ្យដឹងតាមបណ្តាញសង្គមតេឡេក្រាមថា សមត្ថកិច្ចកំពុងអនុវត្តច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារទៅលើជនជាតិវៀតណាមដែលធ្វើការដោយខុសច្បាប់នៅកាស៊ីណូម៉ុកបាយ ក្រោយសមត្ថកិច្ចបានចុះឆែកឆេរទីតាំងនោះ និងរកឃើញនូវបទល្មើស។
ប៉ុន្តែនៅពេលសួរថា ក្រោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទម្លាយរឿងនេះ តើសមត្ថកិច្ចខេត្តនេះមានបានរកឃើញជនបរទេសខុសច្បាប់ធ្វើការនៅទីតាំងផ្សេងទៀតឬទេ? បញ្ហានេះ លោកឱ្យទាក់ទងទៅក្រុមការងារអន្តរក្រសួងដែល VOD មិនអាចទាក់ទងបាន។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ស្វាគមន៍ចំពោះចំណាត់ការរបស់ក្រសួងមហាផ្ទៃ នេះ ដោយសម្អាងថា បើកម្ពុជាគ្រប់គ្រងជនបរទេសបានល្អ អាចទប់ស្កាត់បានទំាងបទឧក្រិដ្ឋជួញដូរមនុស្ស និងទាញបានប្រាក់ចូលថវិកាជាតិពីការបង់ពន្ធអាករ។
លោកថា៖ «ព្រោះបច្ចុប្បន្ន មានជនបរទេសច្រើនណាស់ ដែលពួកគាត់ត្រូវបានគេជួញដូរ គេនាំដោយខុសច្បាប់ចូលមកកម្ពុជា ហើយមកធ្វើកិច្ចការជាច្រើន ដែលកិច្ចការខ្លះជាបទឧក្រិដ្ឋទៅទៀត។ បើកាលណាគាត់មកដោយខុសច្បាប់ បានន័យថា គាត់អត់នៅក្នុងប្រព័ន្ធទិន្នន័យដែលគាត់ធ្វើការ ដើម្បីបានប្រាក់បៀវត្ស ហើយមានការបរិច្ចាគផ្នែកខាងបង់ពន្ធអាករអីជូនរដ្ឋទេ ព្រោះគាត់អត់មានឈ្មោះក្នុងបញ្ជីទេ អ៊ីចឹងវាជាការខាតបង់ថវិកាជាតិមួយដែរ»។
តែយ៉ាងណា លោក ប៉ិច ពិសី បារម្ភថា វិធាននេះនឹងមិនជោគជ័យទេ បើក្រសួងខ្វះយន្តការតាមដានការអនុវត្តច្បាប់របស់មន្ត្រីនៅថ្នាក់ក្រោម រួមទាំងវិធានការវះកាត់មន្ត្រីខិលខូចនោះ។
ដោយឡែក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា បញ្ហានេះអាចមកពីកត្តាធំពីរ ដែលទី១ គឺអំពើពុករលួយបែបប្រទាក់ក្រឡាគ្នា រវាងមន្ត្រីខិលខូចពីថ្នាក់ក្រោមមកថ្នាក់ជាតិ និងទី២ អាចមកពីផលប្រយោជន៍នយោបាយដែរ ដោយសារតែជនបរទេសខ្លះមានកាន់អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ហើយពួកគេក៏បោះឆ្នោតគាំទ្របក្សនយោបាយ ដែលលោកថា ចង់មិនចង់ សារនេះជាផ្នែកមួយដើម្បីបិទបាំងផង និងក៏ដើម្បីទាក់ទាញសន្លឹកឆ្នោតបានខ្លះពីពលរដ្ឋខ្មែរផង។
លោកថា៖ «ពលរដ្ឋកម្ពុជារងផលប៉ះពាល់ច្រើនពីជនអន្តោប្រវេសន្ត ពីការបាត់បង់ការងារ រត់ទៅក្រៅប្រទេសជាដើម ធ្វើឱ្យបក្សកាន់អំណាចហ្នឹងក៏ចង់កៀរគររកប្រជាប្រិយភាពដែរ អាហ្នឹងគេហៅថា ដើម្បីរក្សាសន្តិសុខផង ដើម្បីកៀរគរសំឡេងផង»។
តែយ៉ាងណា លោកថា រដ្ឋាភិបាលអាចទប់ស្កាត់លំហូរជនបរទេសខុសច្បាប់នេះបាន បើការអនុវត្តច្បាប់ឈានទៅកាត់ផ្តាច់ឫសគល់អំពើពុករលួយ រួមទាំងមិនប្រើយន្តការច្បាប់ដើម្បីបម្រើផលប្រយោជន៍នយោបាយនោះ៕