អនុប្រធាន​ការិយាល័យ​នីតិកម្ម​ស្រុកលើកដែក ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​កុមារី​ម្នាក់

ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ (ហ្វេសប៊ុក៖ អធិការដ្ឋាននគរបាលស្រុកលេីកដែក-Police Inspectorate Of Lerkdaek)

​សមត្ថកិច្ចខេត្តកណ្ដាល​ បានឱ្យដឹងថា អនុប្រធានការិយាល័យនីតិកម្មស្រុកលើកដែក ត្រូវ​​បាន​ចាប់​​ខ្លួន​​ជាមួយ​នឹង​បុរស​ម្នាក់​ទៀត​ក្នុង​សប្ដាហ៍​នេះ ​ពីបទ «​បង្ខាំង​ ​និង​​​រំលោភសេពសន្ថវៈ» លើ​កុមារីម្នាក់​អាយុ១៤ឆ្នាំ​ នៅ​ផ្ទះ​សំណាក់។

មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ភ្នំ លោក តុង ទីន មានប្រសាសន៍ថា ជនសង្ស័យឈ្មោះ ម៉ម សិលា ដែល​​មា​ន​​តួនាទី​ជាអនុប្រធានការិយាល័យនីតិកម្មស្រុកលើកដែក ​ទទួល​បន្ទុក​ដោះស្រាយ​​វិវាទ​ ត្រូវ​​បាន​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ២០២២ នៅ​ភូមិ​អំពិល ​ឃុំ​កំពង់ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល។

លោក តុង ទីន បាន​បន្ត​ថា ឈ្មោះ ម៉ម សិលា អាយុ៣៥​ឆ្នាំ និង​ អ៊ុក ទឹង អាយុ៣៦​ឆ្នាំ ត្រូវបាន​ចោទ​ប្រកាន់ពី​បទ «បង្ខាំង និងរំលោភសេពសន្ថវៈ» លើកុមារីម្នាក់អាយុ១៤ឆ្នាំ​ជាច្រើន​ដង។

លោកបន្ថែមថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បុរសម្នាក់ទៀតជាជនទី៣ ដែលមិនត្រូវបានចាប់ខ្លួន បាន​ហៅកុមារី​រង​គ្រោះទៅញ៉ាំបាយជាមួយឈ្មោះ ម៉ម សិលា និងបាន​ឱ្យកុមារីរងគ្រោះផឹក​ស្រារហូត​ដល់​ស្រវឹង មុន​ពេល​នាំ​កុមារីរងគ្រោះទៅផ្ទះដើម្បីរំលោភ។

លោកបន្ថែម​ថា ប្រហែល​៣​ថ្ងៃ​​ក្រោយ​​មក ​បក្ខពួកជនសង្ស័យបានប្រើវិធីសាស្រ្តដ​ដែល ដើម្បី​លួងលោម​កុមារីរងគ្រោះយកទៅរំលោភម្តងទៀត ប៉ុន្តែ​នាង​​បាន​ពួន​នៅ​ក្រោមសាឡុង ពួក​គេក៏​យក​នាង​ទៅ​ផ្ទះ​វិញ។

មួយសប្តាហ៍ក្រោយមក ឈ្មោះ ម៉ម សិលា បាននាំកុមារីរងគ្រោះទៅផ្ទះសំណាក់ម្តងទៀត។ លើក​នេះ ​ជន​សង្ស័យ ឈ្មោះ អ៊ុក ទឹង បានរំលោភ​កុមារីរងគ្រោះ។

លោក តុង ទីន បន្ថែមថា៖ «​យើង​​អញ្ជើញ​ជនសង្ស័យ​ឱ្យមក​ញ៉ាំ​អី ហើយ​យើង​ចាប់ខ្លួន​ពួកគេ​។ យើង​សហការ​ជាមួយ​នគរបាល​ស្រុក​ ដើម្បី​ចាប់​ខ្លួន​ពួកគេ»។

លោកបន្តថា ​ឥលូវ​នេះ ​នគរបាល​ស្រុក​កំពុង​ពិនិត្យមើល​ករណី​នេះ។

វីអូឌី មិនអាចទាក់ទងអធិការ​នគរបាល​ស្រុកលើកដែក លោក ​អាំ​ ធូ ​សុំ​ការ​អធិប្បាយបាន​ទេ ខណៈលោក ឯក ស៊ុនរស្មី អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្តកណ្តាល ​បាន​បញ្ជាក់​ថាមានករណីនេះកើតឡើងពិតប្រាកដមែន ប៉ុន្តែ​លោក​ថា ​ករណីនេះស្ថិត​ក្នុង​ដៃ​សមត្ថកិច្ច​នៅ​​ឡើយ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Kandal District Official Arrested for Alleged Child Rape

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ