តៃវ៉ាន់ជំរុញចិនបញ្ឈប់ការគំរាមកំហែងផ្នែកកម្លាំងយោធាមកលើខ្លួន

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី 蔡英文 អំឡុងពេលចុះពិនិត្យសមយុទ្ធយោធាដែនអាកាស នាចុងខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ 蔡英文 Tsai Ing-wen)

រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​កិច្ចការ​ចិនដីគោក​របស់​តៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិនគួរតែបញ្ឈប់​ការ​គំរាមកំហែង​ផ្នែក​កម្លាំង​យោធាមកលើដែនកោះរបស់ខ្លួន ហើយជំនួសមកវិញនូវការ​រក្សាសន្តិភាព និងស្ថិរភាព។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌​មាន Reuters

ការជំរុញ​នេះបាន​ធ្វើឡើង ខណៈយោធាចិនក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានសង្កេតឃើញថា មាន​ការ​ធ្វើស​ម​យុទ្ធ​របស់ខ្លួនជាច្រើននៅជិតកោះតៃវ៉ាន់ ដែលធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធាន​​រដ្ឋសភា​​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់ដែនកោះមួយនេះកាលពីខែសីហាកន្លងទៅ។

ទាក់ទិននឹង​ករណីនេះ រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​កិច្ចការ​ចិនដីគោក លោក Chiu Tai-san បានឱ្យដឹងថា៖ «ប្រទេសចិនគួរតែបញ្ឈប់នូវការគំរាមកំហែងផ្នែកកម្លាំងយោធារបស់ខ្លួន ខណៈវាមិនបានជួយអ្វីក្រៅតែពីធ្វើឱ្យភាគីទាំងពីរកាន់តែឃ្លាតឆ្ងាយពីគ្នា និងបង្កើនភាពតានតឹងនៅក្នុងតំបន់នោះទេ»។

លោកបន្ថែមថា៖ «យើងជំរុញឱ្យចិនដីគោកបញ្ឈប់ការប្រើប្រាស់អាវុធ ហើយងាកមករក្សាសន្តិភាព និងស្ថិរភាពជំនួសវិញ»។

លោកបន្តថា៖ «គន្លឹះឆ្ពោះទៅកាន់សន្តិភាព គឺការបង្វែរផ្នត់គំនិតពីការដោះស្រាយបញ្ហា​ដោយ​ប្រើប្រាស់​កម្លាំង ខណៈចិនគួរតែជ្រើសរើសការដោះស្រាយ​តាមរយៈការសន្ទនាដោយ​គ្មាន​ការ​កំណត់​លក្ខខណ្ឌជាមុន»។

គួរបញ្ជាក់ថា ភាពតានតឹងរវាងតៃវ៉ាន់ និងចិន បានកើនឡើងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលចិននៅតែបន្តអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន។

ទោះជាយ៉ាងណា ប្រធានាធិបតីតៃវ៉ាន់​ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សង្គ្រាមរវាងតៃវ៉ាន់ និងចិន គឺពិតជាមិនមែនជាជម្រើសឡើយ ដោយលោកស្រីក៏បាន​បញ្ជាក់សា​ជា​ថ្មី​អំពីឆន្ទៈក្នុងការពិភាក្សាជាមួយចិន និងសន្យាពង្រឹងការការពារដែនកោះមួយនេះបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ