សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សភ្លើងទៀនតាមបណ្ដាខេត្តមួយចំនួនបានហៅការបង្ខិតបង្ខំឱ្យពួកគេផ្តិតមេដៃលើញត្តិថ្កោលទោស លោក សម រង្ស៊ី ថាជាការគំរាមកំហែងផ្នែកនយោបាយ ហើយពួកគេក៏ស្នើទៅអាជ្ញាធរទាំងអស់ឱ្យបញ្ឈប់សកម្មភាពទាំងនេះបន្តទៀត ដោយថា ថ្នាក់ដឹកនាំពួកគេក៏បានចេញញត្តិបញ្ជាក់រួចហើយលើបញ្ហានេះ។
កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ គណបក្សភ្លើងទៀនបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយ អំពាវនាវដល់អាជ្ញាធរបញ្ឈប់សកម្មភាពគំរាមកំហែង និងបង្ខិតបង្ខំឱ្យសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ឱ្យចូលរួមអនុម័ត និងចុះហត្ថលេខាលើញត្តិដែលរៀបចំដោយអាជ្ញាធរ ដើម្បីថ្កោលទោសចំពោះបុគ្គលទាំងឡាយណាដែលមានចេតនាប្រមាថអង្គព្រះមហាក្សត្រ។
ជំបន់ទី២ ភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អ្នកស្រី អឿង សារី ប្រាប់វីអូឌីនៅថ្ងៃសៅរ៍នេះថា អ្នកស្រីនិងអ្នកផ្សេងទៀតដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សភ្លើងទៀនត្រូវអភិបាលស្រុកកណ្ដាលស្ទឹង បានហៅពួកគាត់ឱ្យទៅផ្ដិតមេដៃលើញត្តិថ្កោលទោសលោក សម រង្ស៊ី បន្ថែមទៀត។
អ្នកស្រី បន្តថា ទោះបីពួកគាត់មិនព្រមផ្ដិតមេដៃលើញត្តិក្ដី ប៉ុន្តែអាជ្ញាធរស្រុក និងឃុំនៅតែបន្តគំរាមកំហែង និងបង្ខិតបង្ខំពួកគាត់ម្ដងហើយម្ដងទៀត។
អ្នកស្រីបន្តថា៖«ខ្ញុំបានយកសេចក្ដីថ្លែងការណ៍រួចយកដាក់ ប៉ុន្តែគេថាអានឹងជារឿងរបស់បក្សទេ ព្រោះយើងជាមន្ត្រីរាជការក្នុងជួរដ្ឋាភិបាល ត្រូវតែធ្វើតាម ជួរតាមរដ្ឋបាលមន្ត្រីរាជការ ប្រើពាក្យដល់បើយើងមិនផ្ដិត មិនអី វាពាក់ព័ន្ធនឹងការផុយស្រួយ គេអនុវត្តច្បាប់ទៅផ្នែកខាងមុខ ពាក់ព័ន្ធនឹងការងារអ្វីក៏គេមិនធានាមិនដឹងអីចឹង វាមិនដឹងថា ម៉េចគេអនុវត្តផ្លូវច្បាប់ទៅ វាលក្ខណៈនិយាយមកដូចគំរាមអ៊ីចឹង ។ និយាយដាក់បន្ទុកដល់គ្រួសារចេះចុះសួរដល់គ្រួសារយើងក៏នៅនឹងអីនឹង។ អ៊ីចឹងយើងគួរគិតមើលតួនាទីយើង ប្រាក់អីនឹងចង់ឱ្យបាត់បង់មែន»។
អ្នកស្រី អឿង សារី បន្តថា បើសិនបុគ្គលណាប្រមាថព្រះមហាក្សត្រអ្នកស្រីលើទឹកចិត្តឱ្យអាជ្ញាធរ និងរដ្ឋាភិបាលអនុវត្តទៅតាមច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មិនគួរមកគំរាមកំហែង ព្រមទាំងដាក់សម្ពាធលើពួកគាត់ឱ្យផ្ដិតមេដៃបែបនេះទេ។ អ្នកស្រីបង្ហាញក្ដីបារម្ភ ប្រសិនជាអាជ្ញាធរទៅតែបន្តធ្វើសកម្មភាពគំរាមកំហែងបែបនេះ វានឹងប៉ះពាល់ដល់សតិអារម្មណ៍ដែលធ្វើឱ្យឃើញមានរូបភាពកាន់តែអាក្រក់។
អ្នកស្រីបន្តថា៖«មានការកោះប្រជុំបន្ទាន់ នៅពេលយើងមិនទៅត្រូវដាក់លិខិត ដល់ដាក់លិខិតហើយ យើងអត់មានមេឃុំ តេហៅ ជជែកគាប់សង្កត់យើងមែនទែន ។ ខ្ញុំមិនអាចទទួលយកបានត្រង់ថា បើសិនជាហៅទៅរៀនដើរតួនាទីបម្រើប្រជាពលរដ្ឋហៅប៉ុណ្ណឹង ក្រុមប្រឹក្សាទៅរៀនហើយយកមកបម្រើប្រជាពលរដ្ឋល្អហើយ ប៉ុន្តែនេះជារឿងញត្តិសោះបែរជាគាត់យកចិត្តទុកដាក់ណាស់»។
ជំទប់ទី២ ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក សន មាង លើកឡើងថា មេឃុំបានហៅពួកគាត់ទាំង ៤នាក់ដែលសមាជិកក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀនឱ្យផ្ដិតមេដៃលើញត្តិថ្កោលទោសលោក សម រង្ស៊ី ប៉ុន្តែពួកគាត់បដិសេធ ដោយយល់ថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានសេចក្ដីថ្លែងការណ៍រួចហើយ។
លោកចាត់ទុកការសកម្មភាពទាំងអស់នេះ ជារូបភាពគំរាមកំហែងផ្នែកនយោបាយ ដោយថា ប្រជាពលរដ្ឋមានសិទ្ធិ សម្រេចចិត្ត ក្នុងការធ្វើអ្វីមួយបាន ឬមិនធ្វើបាន ដោយគ្មានការបង្ខិតបង្ខំនិងគំរាមកំហែងឡើយ។
លោកស្នើទៅអាជ្ញាធរ និងរដ្ឋាភិបាលបញ្ឈប់សកម្មភាពបង្ខិតបង្ខំ និងកៀរគរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សភ្លើងទៀនទៅគាំទ្រ ឬចុះចូលជាមួយបក្សផ្សេងទៀត ដែលធ្វើឡើងផ្ទុយពីគោលការណ៍សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ។
លោកថា៖«សំណូមពរឱ្យអាជ្ញាធរក៏ដូចជារាជរដ្ឋាភិបាលឈប់ការបង្ខិតបង្ខំ ឬការកៀរគរអីឱ្យសមាជិក-សមាជិកាអីគាំទ្រអ្នកណាផ្សេងទៀត ព្រោះអីរក្សាសិទ្ធិ ក្នុងការបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្ស ក្នុងរបបប្រជាធិបតេយ្យ។ មានការព្រួយបារម្ភខ្លះដែរ ពេលខ្លះអាជ្ញាធរដូចជាយប់ថ្ងៃទី២៦ ខែតុលានេះ គាត់ហៅទាំងយប់តែម្ដង ដល់យើងអត់បានទៅ គេថាយើងអត់បានគោរពគេ ប៉ុន្តែគេអត់ដឹងផុតម៉ោងរដ្ឋបាល »។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការប្រមាថព្រះមហាក្សត្រដែលតំណាងឱ្យជាតិនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិទាំងមូល ទោះបីជាថ្នាក់ដឹកនាំបក្សភ្លើងទៀនបានចេញសេចក្ដីថ្លែងការណ៍រួមក៏ពិតមែន។ លោកថា សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់បក្សក្រៅរដ្ឋាភិបាលនេះ គប្បីត្រូវផ្ដិតមេដៃគាំទ្រដែរ ប៉ុន្តែបើមិនគាំទ្រទេ វាបង្ហាញឱ្យឃើញថា បក្សនេះកំពុងបែកបាក់ដោយសារមេនិងកូនចៅដើរផ្ទុយគ្នា។
លោកបន្តថា ក្រុមប្រឹក្សាឃុំ-សង្កាត់ណាក៏ដោយ ឱ្យតែចូលកាន់តួនាទីមន្ត្រីរាជការនោះ វាជាបុគ្គលិករដ្ឋដែលដឹកនាំដោយរដ្ឋាភិបាល។ ដូច្នេះ លោកថា រដ្ឋាភិបាលដែលជាកូនចៅព្រះមហាក្សត្រត្រូវការពារព្រះអង្គ។
លោកលើកឡើងថា៖«កុំចោទប្រកាន់គេថា គេគាបសង្កត់ អត់មានអ្នកណាគាបសង្កត់ទេ ព្រោះអានេះ វាជាកាតព្វកិច្ចនិងករណីកិច្ចរបស់ខ្លួនឯង ត្រូវតែការពារជាតិ មិនមែនតែកាពារតែព្រះមហាក្សត្រទេ ការពារព្រះមហាក្សត្រ មានន័យថាការពារជាតិហ្នឹង ព្រោះព្រះមហាក្សត្រតំណាងឱ្យជាតិ។ ការពារខ្លួនឯង ការពារអាយុជីវិតខ្លួនកុំឱ្យមានការប្រមាថទៀត។ អាហ្នឹងវាជាការត្រឹមត្រូវ ហើយកុំឱ្យប្រកាន់គេថា គេគាបសង្កត់ខ្លួនពីព្រោះខ្លួនឯងមិនយល់ពីកាតព្វកិច្ចខ្លួនឯងយើងទៅប្រកែកម៉េច»។
នាយកប្រតិបត្តិអង្គការអ្នកឃ្លាំមើលការបោះឆ្នោតនិកហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា គណបក្សភ្លើងទៀនបានសេចក្ដីថ្លែងការណ៍រួចហើយ។ ដូច្នេះ លោកថា អាជ្ញាធរមិនមានសិទ្ធិបង្ខិតបង្ខំ និងគំរាមកំហែងឱ្យសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំសង្កាត់មកពីបក្សភ្លើងទៀននៅតាមមូលដ្ឋានធ្វើអី្វទៅតាមការចង់បានរបស់គណបក្សប្រជាជនកម្ពុជានោះទេ។
លោកចាត់ទុកការបង្ខិតបង្ខំទាំងនេះ ថាបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយដែលមានចែងក្នុងច្បាប់។
លោកថា៖«មានអីត្រូវពាក់ព័ន្ធ ហើយច្បាប់មាត្រាណា អត់ផ្ដិតមេដៃប្រឈមនឹងផ្លូវច្បាប់ ព្រោះអីអាហ្នឹងជាសេរីភាពរបស់គេតើ។ ស្នាក់ការកណ្ដាលរបស់គេ ក៏គេបានរៀបចំ អស់ហើយគេធ្វើអស់ហើយតើ ព្រោះអីគេតំណាងគណបក្សមួយទាំងមូលគេធ្វើរួចហើយតើ។ អាហ្នឹងអត់មានទៅគំរាមគេអ៊ីចឹងទេ ប្រឈម ច្បាប់មាត្រាណា ដែលអត់ផ្ដិតមេដៃសុទ្ធប្រឈមផ្លូវច្បាប់ គណបក្សគេចេញរួម មានអីទៅពាក់ព័ន្ធសមាជិកគេនៅតាមបណ្ដាឃុំសង្កាត់ ។ អាហ្នឹងវាប៉ះពាល់ដល់ដំណើរការបោះឆ្នោតដែរ ព្រោះអីវាគំរាមកំហែង អាហ្នឹងក៏ជាផ្នែកនយោបាយដែរ ព្រោះអីសម្ដេច ស ខេង ក៏ដោយ ចង់ឱ្យដំណើរការវារលូន កុំឱ្យមានការគំរាមកំហែងគាបសង្កាត់ណា រឿងសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ »។
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ គណបក្សភ្លើងទៀន ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ បដិសេធចំពោះការចោទប្រកាន់នានាអំពីទំនាក់ទំនងជាមួយលោក សម រង្ស៊ី និងថ្កោលទោសបុគ្គលទាំងឡាយណាដែលមានចេតនាប្រមាថ ឬរំលោភបំពានរដ្ឋធម្មនុញ្ញ អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
ភ្លាមៗក្រោយគណបក្សភ្លើងទៀនចេញសេចក្តីថ្លែងការណ៍នេះ លោក ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុករបស់លោកក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សក្រៅរដ្ឋាភិបាលមួយនេះ ដែលបានចេញលិខិតថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រតាមការស្នើសុំរបស់លោក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២៕