មន្ត្រី​ក្រសួង​ការងារ​ថា​ មិន​មាន​ជន​ជាតិ​ខ្មែរ​ណា​ម្នាក់​រង​គ្រោះ​ក្នុង​ហេតុការណ៍​​រត់​ជាន់​គ្នា​​​នៅ​កូរ៉េ​ខាង​ត្បូង​​ឡើយ​

ក្រុមអ្នកស៊ើបអង្កេតពិនិត្យមើលកន្លែងកើតហេតុ ដែលមនុស្សជាច្រើនបានស្លាប់ និងរងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween នៅសង្កាត់អ៊ីថេវ៉ុន (Itaewon) ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។ (REUTERS/Kim Hong-ji)

មន្ត្រីជាន់ខ្ពស់ក្រសួងការងារបានឱ្យដឹងថា យ៉ាងហោចណាស់មានជនបរទេសប្រមាណ ២០នាក់ បានបាត់បង់ជីវិត និងមួយចំនួនទៀតរងរបួស ដោយសារឧបទ្ទវហេតុរត់ជាន់គ្នា នៅសង្កាត់អ៊ីថេវ៉ុន (Itaewon) ប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃទី២៩ ខែតុលា ប៉ុន្តែមិនមានជនជាតិខ្មែរណាម្នាក់​រងគ្រោះក្នុងហេតុការណ៍នោះឡើយ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Rueter) បានចុះផ្សាយនៅថ្ងៃអាទិត្យថា ព្រឹត្តិការណ៍រត់ជាន់គ្នានៅកណ្តាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាឱកាសបុណ្យ Halloween  កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បណ្តាលឱ្យមនុស្សប្រមាណ១៥១ នាក់ស្លាប់ ក្នុងនោះមានជនបរទេសចំនួន ១៩នាក់។ ដោយឡែក អ្នករងរបួសវិញ មានចំនួនជិត ១០០នាក់(៨២នាក់) ក្នុងនោះរងរបួសធ្ងន់មានចំនួន១៩នាក់ផងដែរ។

ប្រភពដដែល ក៏បានដកស្រង់ការលើកឡើងនូវសេចក្តីថ្លែងការណ៍មួយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលបានប្រកាសរយៈពេលនៃការកាន់ទុក្ខជាតិចំពោះសោកនាដកម្មនេះ។ ​

លោក Yoon បានសម្តែងការរំលែកទុក្ខដល់ជនរងគ្រោះ ដែលភាគច្រើនជាក្មេងជំទង់ និងមនុស្សដែលមានអាយុរង្វង់ ២០ឆ្នាំ ហើយលោកក៏សូមជូនពរឱ្យអ្នករបួសជាច្រើននាក់ឆាប់ជាសះស្បើយឡើងវិញ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានសរសេរសារ​លើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ​ថា  កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២​ មានឧបទ្ទវហេតុរត់ជាន់គ្នា នៅសង្កាត់អ៊ីថេវ៉ុន (Itaewon) ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បណ្តាលឱ្យជនបរទេសប្រហែល​ ២០នាក់ បានបាត់បង់ជីវិត និងមួយចំនួនទៀតរងរបួស  ប៉ុន្តែក្នុងសោកនាដកម្មនោះមិនមានជនជាតិខ្មែរឡើយ។ នេះបើគិតត្រឹមម៉ោង១២ ថ្ងៃត្រង់ ម៉ោងនៅប្រទេសកូរ៉េ  ដែលត្រូវនឹងម៉ោង​ ១០ និង៤០នាទីព្រឹក ថ្ងៃអាទិត្យ ម៉ោងនៅកម្ពុជា។ ​

លោកសរសេរថា៖ «យើងក៏ពុំទទួលបានព័ត៌មានណាមួយពាក់ព័ន្ធនឹងបងប្អូនខ្មែរយើង ក្នុងចំណោមអ្នករងរបួសដែរ»។

លោក ហេង សួរ អះអាងប្រាប់វីអូឌីបន្ថែមថា ​ ស្ថានឯកអគ្គរាជទូតកម្ពុជា រួមទាំងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េ ​កំពុងបន្តទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចកូរ៉េ និងសហគមន៍ខ្មែរនៅជុំវិញទីក្រុងសេអ៊ូលជាប្រចាំ  ដើម្បីតាមដានព័ត៌មានពាក់ព័ន្ធនឹងជនជាតិខ្មែរផងដែរ។

លោកមានប្រសាសន៍ថា៖ «ក្រុមការងារយើងកំពុងធ្វើការងារជាមួយសមត្ថកិច្ចកូរ៉េ ក៏ដូចជាសហគមន៍ខ្មែរយើងនៅប្រទេសកូរ៉េ ដើម្បីពិនិត្យរកព័ត៌មាន ក្រែងមានករណីចៃដន្យណាមួយពាក់ព័ន្ធជាមួយបងប្អូនខ្មែរយើង។ ប៉ុន្តែតាំងពីព្រឹករហូតមកដល់ពេលនេះ យើងមិនទាន់ទទួលបានព័ត៌មានណាមួយដែលពាក់ព័ន្ធជាមួយជនខ្មែរយើងនៅក្នុងឧបទ្ទវហេតុនេះទេ»។

លោកបន្ថែមថា៖ «យើងដឹងថា មានជនជាតិខ្មែរយើងពីរនាក់ គាត់បានទៅកាន់កន្លែងកើតហេតុនេះ មុនពេលដែលឧបទ្ទវហេតុនេះកើតឡើង។ អ៊ីចឹងពួកគាត់សុវត្ថិភាពទេ ហើយដូចខ្ញុំបញ្ជាក់អ៊ីចឹងរហូតមកដល់ម៉ោងនេះ យើងមិនទាន់ទទួលបានព័ត៌មានណាមួយពីសមត្ថកិច្ចកូរ៉េ ឬពីសហគមន៍យើងថា មានជនជាតិខ្មែរយើងស្លាប់ឬរងរបួសក្នុងព្រឹត្តិការណ៍នេះទេ»។

លោក ហេង សួរ បានអំពាវនាវទៅប្រជាពលរដ្ឋខ្មែរដែលនៅក្នុងហេតុការណ៍នោះ ឬពលរដ្ឋដែលដឹងថាមានសាច់ញាតិ និងមិត្តភក្តិនៅក្នុងហេតុការណ៍នោះ  ត្រូវទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ​ តាមរយៈលេខទូរសព្ទ 010 7510 4324 ឬ 010 8898 8644 ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ស្ថានឯកអគ្គរាជទូតកម្ពុជា រួមទាំងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េ ត្រូវសហការជាមួយអាជ្ញាធរកូរ៉េ ដើម្បីតាមដានព័ត៌មានពាក់ព័ន្ធនឹងជនជាតិខ្មែរ ដែលរស់នៅ ឬធ្វើដំណើរទៅកាន់តំបន់នោះ   បើមានឧបទ្ទវហេតុណាមួយកើតឡើង ត្រូវជួយសង្គ្រោះគាត់ឱ្យបានទាន់ពេលជាដើម។

លោកមានប្រសាសន៍បន្តថា ក្រសួងការងារ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ ត្រូវ​ណែនាំ ឬផ្សព្វផ្សាយព័ត៌មានប្រាប់ទៅប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសកូរ៉េ កុំធ្វើដំណើរទៅកាន់ តំបន់រត់ជាន់គ្នា នៅសង្កាត់អ៊ីថេវ៉ុន (Itaewon) និងមានការប្រុងប្រយ័ត្នបន្ថែមទៀត ទើបទប់ស្កាត់ ឬបង្ការកុំឱ្យមានហានិភ័យបែបនេះកើតមានឡើងប៉ះពាល់ដល់ជីវិតរបស់ពួកគេ ។

លោកមានប្រសាសន៍ថា៖ «យើងត្រូវណែនាំអំពីសុវត្ថិភាព ទាក់ទងនិងកន្លែងដែលប្រឈមមុខរងគ្រោះផ្សេងៗ ហើយស្ថានទូកម្ពុជានៅប្រទេសកូរ៉េ ត្រូវធ្វើការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសកូរ៉េ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុណាមួយលើពលករខ្មែរនៅទីនោះ»។

ចំណែកនៅកម្ពុជាវិញ លោក អំ សំអាត ផ្តល់ជាអនុសាសន៍ថា នាដូវបុណ្យទានធំៗ ជាពិសេសការប្រារព្ធពិធីបុណ្យអុំទូកនៅតាមបណ្តាខេត្ត និងជាយរាជធានីភ្នំពេញជាដើម អាជ្ញាធរ​ត្រូវ​ណែនាំដល់ប្រជាពលរដ្ឋកុំឱ្យទៅកន្លែងប្រជុំជនដែលមានមនុស្សកុះករច្រើន និងដាក់កម្លាំងសមត្ថកិច្ចពង្រាយ ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលទៅកំសាន្តនៅទីនោះផងដែរ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងដោយយថាហេតុណាមួយ។

លោកមានប្រសាសន៍ថា៖ «នៅកន្លែងមួយៗ សមត្ថកិច្ចមិនត្រូវឱ្យមានមនុស្សទៅកុះករ ប្រជ្រៀតគ្នាច្រើនពេកទេ គួរតែរៀបចំសន្តិសុខឱ្យបានច្បាស់លាស់ ដើម្បីធានាកុំឱ្យមានឧបទ្ទវហេតុរត់ជាន់គ្នាបណ្តាលឱ្យមនុស្សស្លាប់និងរងរបួសកើតឡើងដូចនៅកោះពេជ្រ និងនៅប្រទេសកូរ៉េ»។

ទាក់ទិននឹងឧបទ្ទវហេតុរត់ជាន់គ្នានេះដែរ ករណីបែបនេះក៏បានកើតឡើង​នៅប្រទេសកម្ពុជា នារាត្រីចុងក្រោយ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ កាលពី​ថ្ងៃ​ទី២២​ ខែវិច្ឆិកា ​ឆ្នាំ​២០១០។ ​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា ​​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ក្នុងប្រទេសកម្ពុជាពេលនោះ  បណ្តាលឱ្យ​មនុស្ស​​ចំនួន ៣៥៣​នាក់ស្លាប់ ​​ និង​ជាង​៤០០​នាក់ទៀតរង​របួស។

យ៉ាងណា ហេតុការណ៍អាក្រក់នាពេលនោះ មិនមាននរណាម្នាក់ចេញមុខទទួលខុសត្រូវឡើយ ក្រៅពីការផ្តល់ថវិកាមួយចំនួនដល់ជនរងគ្រោះដែលស្លាប់ និងរបួសពេលនោះពីសំណាក់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ទីតាំងស្ពានពេជ្រដែលមនុស្សម្នារត់ជាន់គ្នាពេលនោះ ក៏ត្រូវបានវាយកម្ទេចចោល ក្រោយមកក៏បាន​សាងសង់ស្ពានថ្មថ្មីធំជាងមុនជំនួសវិញ ខណៈស្តូបសម្រាប់គោរពវិញ្ញាណក្ខន្ធជនរងគ្រោះក៏ត្រូវបានសាងសង់ឡើងនៅខាងលិច​ក្បែរក្បាលស្ពានថ្មថ្មីនោះដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ