មន្ត្រី​​ថា​ ​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ភាព​ផុស​ផុល​ជាង​អាណត្តិ​មុន​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឱ្យដឹងថា ប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំឡើងទៅ បាននាំគ្នាទៅចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដើម្បីចូលរួមការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខនេះ ​មានភាពស្រួចស្រាវ និងផុសផុលជាងអាណត្តិមុន។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ប្រាប់វីអូឌីថា គិតត្រឹមថ្ងៃអាទិត្យនេះ  បើតាមការសង្កេតរបស់លោក  ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានសម្រុកទៅចុះឈ្មោះបោះឆ្នោតដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ   មាន​ជាង១០ម៉ឺននាក់ ពោលគឺមានការកើនឡើង និងមានការចាប់អារម្មណ៍ការបោះឆ្នោតជាងអាណត្តិមុន។

លោកក៏អំពាវនាវទៅប្រជាពលរដ្ឋគ្រប់អាយុ ១៨ឆ្នាំឡើងទៅ ដែលមិនទាន់បានទៅចុះឈ្មោះ ត្រូវទៅចុះឈ្មោះ និងពិនិត្យមើលបញ្ជីបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីប្រាកដថា ពួកគេមានឈ្មោះបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ។

លោកអំពាវនាវថា៖ «ការចុះឈ្មោះឆ្នាំ២០២២ ត្រៀមបោះឆ្នោតឆ្នាំ២០២៣មានភាពស្រួចស្រាវ មានភាពផុលផុស ក្នុងការចូលរួមក្នុងវិស័យបោះឆ្នោត អាចនិយាយថា ប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ខ្លាំងក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ។

លោកបន្ថែមថា៖ «គ.ជ.ប សុំអំពាវនាវទៅប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលមានអាយុ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត      អញ្ជើញទៅចុះឈ្មោះឱ្យ​បានគ្រប់ៗគ្នា ហើយអ្នកដែលផ្លាស់ទីលំនៅចាស់ ទៅទីលំនៅថ្មី ក៏ទៅចុះឈ្មោះបោះឆ្នោតផងដែរ ដើម្បីឱ្យ គ.ជ.ប លុបឈ្មោះនៅទីលំនៅចាស់ចេញ»។

លោក ហង្ស ពុទ្ធា បញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  ត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតនៅឃុំ-សង្កាត់របស់គាត់ជាដើម។

អ្នក​នាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ខាងមុខនេះ គណបក្សលោកសង្ឃឹមថា ពលរដ្ឋនឹងបោះឆ្នោតគាំទ្រច្រើន ។ ករណីនេះ លោកអំពាវនាវទៅប្រជាពលរដ្ឋ ជាពិសេសយុវជនដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា  ដើម្បីផ្លាស់ប្តូរមេដឹកនាំថ្មី ដែលអាចដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «សូមឱ្យប្រជាពលរដ្ឋទៅពិនិត្យឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់របស់ខ្លួន បើសិនជាឈ្មោះរបស់យើងត្រូវបានគេលុប ឬខុសកន្លែងណា បើចង់បានកិច្ចអន្តរាគមន៍ សូមមេត្តាទាក់ទងមកភ្នាក់ងារគណបក្សភ្លើងទៀនរបស់យើងនៅគ្រប់ការិយាល័យនៃការចុះឈ្មោះបោះឆ្នោតឃុំសង្កាត់»។

លោកមានប្រសាសន៍បន្តថា៖ «ទី២ សូមអំពាវនាវដល់យុវជនដែលមានអាយុ១៨ឆ្នាំ គ្រប់បោះឆ្នោត មេត្តាទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ព្រោះអ្វីដែលយើងចង់បានគឺចង់មានការផ្លាស់ប្តូរ និងរកមេដឹកនាំល្អមួយសម្រាប់ប្រទេសជាតិយើង ដូច្នេះអំណាចរបស់យើងគឺនៅលើដៃប្រជាពលរដ្ឋដែលទៅបោះឆ្នោតហ្នឹងហើយ»។

នាយកប្រតិបត្តិ​អង្គការ​ឃ្លាំមើលការបោះឆ្នោត​និកហ្វិច លោក សំ គន្ធាមី យល់ថា​ ប្រពលរដ្ឋដែលទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ខាងមុខនេះ ដោយសារពួកគេចង់បានមេដឹកនាំដែលខ្លួនពេញចិត្ត។ ប៉ុន្តែលោកថា ដើម្បីឱ្យការបោះឆ្នោតថ្នាក់ជាតិខាងមុខ  ទទួលបានសេរី ត្រឹមត្រូវ និងយុត្តិធម៌ លុះត្រាតែកុំឱ្យមានការគំរាមកំហែងផ្នែកនយោបាយ ឬគំរាមកំហែងពលរដ្ឋម្ចាស់ឆ្នោតជាដើម។ បន្ថែមពីនេះ ក៏ត្រូវបើកលំហ​សេរីភាពធ្វើនយោបាយសម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ផងដែរ។

លោកមានប្រសាសន៍ថា៖ «ត្រូវបើកចំហសេរីភាពនយោបាយ និងពលរដ្ឋម្ចាស់ឆ្នោតឱ្យបានពេញលេញ គ្រប់គណបក្ស និងពលរដ្ឋដែលធ្វើសកម្មភាពនយោបាយឱ្យមានភាពស្មើគ្នា កុំមានការរើសអើង មានការរិតត្បិត គំរាមកំហែង ពីអាជ្ញាធរ ហើយពលរដ្ឋក៏មានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំដែលពួកគេពេញចិត្តបានស្របតាមច្បាប់»។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ​ដោយគិតរួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ​ គ.ជ.ប ធ្លាប់ឱ្យដឹងថា ​ចំនួ​ន​អ្នក​ចុះ​ឈ្មោះបោះឆ្នោតថ្មីក្នុងឆ្នាំ២០២២ ត្រូវ​បាន​ប៉ាន់​ស្មានថា ​មាន​ជាង ៤០​ម៉ឺន​នាក់ (៤០៩ ០៥៦នាក់)។

​កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ខាងមុខនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ