បទយកការណ៍៖ ការ​រឹត​ត្បិត​សេរីភាព​បង្កើត​​សហជីព​ឯករាជ្យ​ជា​ផ្នែក​ជំរុញ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​ការងារ​កម្មករ

កូដករណាហ្គាវើលដ៍បន្តតវ៉ាទាមទារដំណោះស្រាយការងារ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុម​អ្នកធ្វើការងារ​ក្នុងវិស័យ​លើកកម្ពស់សិទ្ធិ​កម្មករ​​និយាយថា សេរីភាពបង្កើតសហជីព​ឯករាជ្យ ​និងការផ្តល់បរិយាកាស​​ល្អប្រសើរសម្រាប់សកម្មភាព​សហជីព​ដែល​អាចការពារ​ប្រយោជន៍កម្មករ​ពិតប្រាកដ​ជារឿងចាំបាច់ ដើម្បីបញ្ចៀស​ការរំលោភសិទ្ធិការងារពី​សំណាក់ថៅកែ និយោជក ក៏ប៉ុន្តែ​ប្រសិនបើ​ សេរីភាព​ទាំងនេះ​មិនត្រូវបាន​ធានា ​ហើយ​ត្រូវបានរឹតត្បិត និងរើសអើង គឺជាមូលហេតុចម្បងមួយ​នាំឱ្យមាន​ការរំលោភសិទ្ធិកម្មករ​ក្នុងវិស័យការងារ​នៅកម្ពុជា។

ជាមួយគ្នានេះ ប្រសិនបើ​ការរំលោភសិទ្ធិការងារ​កម្មករកាន់តែអាក្រក់ ក៏ជាហេតុជំរុញឱ្យកម្ពុជា​អាចធ្លាក់ចូលទៅក្នុងបញ្ជីខ្មៅរបស់​អង្គការពលកម្មអន្តរជាតិ (ILO) ខណៈ​ប្រទេសលោក​សេរីវិញ ក៏កំពុងតាមដានលើបញ្ហា​ទាំងនេះ ត្បិតជាផ្នែកមួយ​ដើម្បីវាយតម្លៃពី​លទ្ធភាពក្នុងការ​សម្រេចផ្តល់ភាព​អនុគ្រោះពន្ធ ឬ​មិនផ្តល់សម្រាប់​ការនាំចេញទំនិញពីកម្ពុជា​ទៅកាន់ទីផ្សាររបស់ពួកគេ។

១. ទិដ្ឋភាព​ច្បាប់​ស្តីពីការ​បង្កើតសហជីព

ច្បាប់ស្តីពីការងារ មាត្រា២៦៦ បានចែងអំពី​សិទ្ធិក្នុងការ​បង្កើតសហជីព។ មាត្រានេះ បញ្ជាក់ថា សហជីព​អាចបង្កើតឡើងដោយ​​គ្មានការប្រកាន់អ្វីទាំងអស់ និងដោយ​ពុំចាំបាច់​មានការអនុញ្ញាត​ជាមុននោះទេ។ កម្មករនិយោជិត​មានសិទ្ធិបង្កើត​អង្គការវិជ្ជាជីវៈ តាមការ​ជ្រើសរើស​របស់ខ្លួន​ក្នុងគោលបំណង​សម្រាប់តែ​ការសិក្សា ការលើកតម្កើង​ផលប្រយោជន៍ និងការពារសិទ្ធិ ក៏ដូចជា ផលប្រយោជន៍ផ្នែក​ស្មារតី និងសម្ភារៈជា​សមូហភាព និងជា​ឯកត្តជន​ឬជនដែលមាន​សិទ្ ធិនិងកាតព្វកិច្ចផ្លូវច្បាប់ ចំពោះបុគ្គល​ដែលលក្ខន្តិកៈរបស់​អង្គការនោះបានកំណត់។

ច្បាប់ស្តីពីសហជីព ដែលត្រូវបានព្រះមហាក្សត្រខ្មែរ ឡាយព្រះហស្ថលេខា​ឱ្យប្រើកាលពីឆ្នាំ២០១៦ មាត្រា១ បានអះអាងពី​គោលបំណង​នៃការ​បង្កើតច្បាប់នេះ ដើម្បីផ្តល់សិទ្ធិ​និងសេរីភាពដល់សហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមច្បាប់ការងារ ព្រមទាំង​បុគ្គលិក​ធ្វើការងារតាមផ្លូវអាកាស និងសមុទ្រ។ លើសពីនេះ កំណត់ពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គការវិជ្ជាជីវៈរបស់និយោជិត និងនិយោជកនៅកម្ពុជា។

ដោយឡែក មាត្រា២ វិញបានចែងអំពីគោលដៅនៃច្បាប់ស្តីពីសហជីពនេះ ថាធ្វើឡើងដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់ជនទាំងឡាយណាដែលស្ថិតនៅក្រោមច្បាប់ការងារ និងបុគ្គលធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ។ បន្ថែមពីនេះ ធានានូវ​សិទ្ធិសេរីភាពក្នុងការចរចា​ជាសមូហភាពរវាងកម្មករ និយោជិត និងនិយោជក​ដោយជំរុញឱ្យមាន​សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

មាត្រា២ ដដែលនេះ ក៏ធ្វើឡើងក្នុងគោលដៅ រួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគផងដែរ។

ចំណែកមាត្រា៥ ស្តីអំពីសិទ្ធិក្នុងការបង្កើត និងចូលរួមនៅក្នុងសហជីពឬសមាគមនិយោជកវិញ ចែងថា សិទ្ធិក្នុងការ​បង្កើត និងចូលរួម​ត្រូវធ្វើឡើងដោយ​គ្មាន​ការ​​ប្រកាន់អ្វីទាំងអស់។ កម្មករ និយោជិត និងនិយោជក មានសិទ្ធិបង្កើតសហជីព ឬសមាគមនិយោជកតាមការជ្រើសរើសរបស់ខ្លួន។ មាត្រានេះ ក៏បាន​ហាម​ឃាត់ផងដែរ ចំពោះការបង្កើតសហជីពឬសមាគមនិយោជកទាំងឡាយដែលរួមបញ្ចូលទាំងនិយោជកផង កម្មករផង ក្នុងសហជីព ឬសមាគមនិយោជក​តែមួយជាមួយគ្នា។

២. ការរឹតត្បិត​សេរីភាព​ក្នុងការ​បង្កើត​សហជីព​មូលដ្ឋាន

ទោះបីជាច្បាប់ការងារ និងច្បាប់សហជីព បានចែងអំពីការ​ផ្តល់សេរីភាព​ក្នុងការបង្កើតសហជីព​ក្នុងរោងចក្រ ឬសហគ្រាសក្តី ប៉ុន្តែការអនុវត្តជាក់ស្តែង​ត្រូវបាន​កម្មករ និងតំណាងពួកគេ​អះអាង​ថា មានការ​គាបសង្កត់ធ្ងន់ធ្ងរ។ ជាមួយគ្នានេះ ច្បាប់ស្តីពីសហជីព នៅមាន​ចំណុចមួយចំនួន​ដែលបង្ហាញពី​ការរឹតត្បិតសេរីភាព ឬបង្កជា​ឧបសគ្គដល់​ការចងក្រង ឬបង្កើតសហជីព​នៅមូលដ្ឋាន​។

ក្រុមសហជីព និងសង្គមស៊ីវិលផ្នែកការងារ និយាយថា ភាពស្មុគស្មាញ​នៃការចុះបញ្ជីការសហជីព និងលក្ខខណ្ឌ​តម្រូវមួយចំនួន​ក៏ជា បញ្ហាប្រឈម​ក្នុងការរារាំងដល់​ការបង្កើតសហជីព​នៅមូលដ្ឋាន។ បន្ថែមពីនេះ ការប្រើប្រាស់​នូវកិច្ចសន្យារយៈពេលខ្លី ក៏ជា​ហានិភ័យ​សម្រាប់សមាជិកសហជីព ឬ​ក្រុម​អ្នកដែល​មានបំណងចងក្រងបង្កើតជា​សហជីពដើម្បីការពារប្រយោជន៍​និយោជិតក្នុងរោងចក្រ ឬសហគ្រាសផងដែរ។

កាលពីដើមឆ្នាំ២០១៨ ក្នុងជំនួបរវាង​លោកនាយករដ្ឋមន្ត្រី ជាមួយកម្មករនិយោជិត​នៅតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ លោក ហ៊ុន សែន បានបញ្ជា​ឱ្យស្ថាប័ន​ពាក់ព័ន្ធជួយលើក​តម្កើងលក្ខខណ្ឌការងារ​ និងត្រូវពិនិត្យលើកិច្ចសន្យាការងាររបស់កម្មករ ធ្វើយ៉ាងណា​ឱ្យពួកគេអាច​ទទួលបានកិច្ចសន្យា​ការងាររយៈពេលវែង​។ ប៉ុន្តែប៉ុន្មានឆ្នាំ​ក្រោយបទបញ្ជានេះ កិច្ចសន្យារយៈពេលខ្លី​សម្រាប់កម្មករនិយោជិតនៅតែកើតមានឡើង។ 

កម្មការិនីនៅរោងចក្រអ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី (Eastcrown Footwear Co.LTD) ដែលជា​រោងចក្រផលិតស្បែងជើងម៉ាកភូម៉ា(Puma) មានទីតាំង​នៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ អ្នកស្រី ស៊ឹង វទុម មានប្រសាសន៍ថា អ្នកស្រី​បានធ្វើការងារនៅរោងចក្រនេះ​រយៈពេលប្រមាណ​៧ខែ។ ដោយសារឃើញពី​ការរំលោភសិទ្ធិកម្មករ ដូចជាការបង្ខំឱ្យ​ធ្វើការងារថែមម៉ោង ការយកម៉ោងសម្រាក​ទៅប្រជុំការងាររោងចក្រ ការពិបាកសុំច្បាប់សម្រាក បើ​ទោះបីជា​ កម្មករមានច្បាប់ប្រចាំឆ្នាំក្តី ការជេរប្រមាថ​កម្មករជាដើមនោះ ពួកគាត់​ជាង១០នាក់ ក៏បានប្រមូល​ចងក្រងគ្នាដើម្បីបង្កើត​សហជីពឯករាជ្យ​មួយក្នុងរោងចក្រ។

កម្មការិនីដែលត្រូវបាន​សមាជិកបោះឆ្នោតឱ្យធ្វើជា ប្រធាន​សហជីពឯករាជ្យក្នុងរោងចក្រអ៊ីស្តក្រោន រូបនេះបន្តថា ក្រោយភាគីរោងចក្រ​ដឹងថា ពួកគាត់បាន​បង្កើតសហជីព​ដើម្បីការពារប្រយោជន៍កម្មករនោះ ក៏មានសកម្មភាពទាក់ទាញ និងទិញទឹកចិត្ត ព្រមទាំងគំរាម​កំហែងឱ្យបញ្ឈប់សកម្មភាពនេះ ប៉ុន្តែពួកគាត់​១០នាក់មិនព្រម ទើបក្រោយ​មកក៏មានឈ្មោះ ៧នាក់ត្រូវ​បានបញ្ចប់កិច្ចសន្យាការងារ​ក្នុងខែតុលា​ ខណៈ៣នាក់ទៀត​នឹងអាចមាន​ឈ្មោះ​បញ្ឈប់ពី​ការងារ​នាពេលក្រោយ។ ​

អ្នកស្រី ស៊ឹង វទុម ថ្លែងថា៖ «ខ្ញុំយល់ថា នេះជាការរើសអើង​របស់ក្រុមហ៊ុន​ដែលមិនចង់ឱ្យមាន​សហជីពឯករាជ្យ​នៅក្នុងហ្នឹងបង ដោយសារតែ​យើងមាន​សហជីពឯករាជ្យ​នៅក្នុងរោងចក្រ ការបង្ខំចំនួន​[ចំនួនដេរស្បែងជើង]​យើង ការបង្ខំឱ្យយើង​ថែមម៉ោងហ្នឹង វានឹងធ្វើលែងកើត។ ដល់អ៊ីចឹងទៅ គាត់​[រោងចក្រ]​មិនចង់ឱ្យ​ពួកខ្ញុំបង្កើត​សហជីពនៅក្នុងហ្នឹង»។

ប្រភពដដែលនិយាយទៀតថា ​ប្រសិនបើរោងចក្រ ឬសហគ្រាសមួយ​មានសហជីពឯករាជ្យ​មិនរណប ឬចំណុះថៅកែ​នឹងជួយ​ការពារផល​ប្រយោជន៍កម្មករ​បានច្រើន ពិសេសកាត់បន្ថយ​ពីការរំលោភ​បំពានសិទ្ធិការងាររបស់ពួកគេ។

លិខិតជូនដំណឹងរបស់ក្រុមហ៊ុនអ៊ីស្តក្រោន ដែល វីអូឌី ទទួលបាននៅថ្ងៃទី១៨ ខែតុលា ស្តីពីការបញ្ចប់កិច្ចសន្យាការងារ​ចំពោះកម្មករចំនួន៧នាក់ ក្នុងខែតុលា ដែលពួកគេទាំងនោះជា​សមាជិក និងថ្នាក់ដឹកនាំសហជីពឯករាជ្យ រួមមាន ឈ្មោះ អៀម សំបាត់, ដួង សុខណា, ដួង សុកណាង, ម៉ាត់ វី, សារ៉េម ថារ៉ីម, សួង សារិន​​ និង អាន យូសា។

កម្មការិនីមួយរូបទៀត ដែលមានស្រុកកំណើតមកពីខេត្តព្រៃវែង អ្នកស្រី អាន យូសា និយាយថា គាត់​ត្រូវបានរោងចក្រអ៊ីស្តក្រោន​បញ្ឈប់ពីការងារ ដោយសារ​ពាក់ព័ន្ធការបង្កើត​សហជីពឯករាជ្យក្នុងរោងចក្រ​​។

សហស្ថាបនិកសហជីពឯករាជ្យ​នៅរោងចក្រអ៊ីស្តក្រោន រូបនេះនិយាយ​ថា ប្រសិនបើរោងចក្រ​គ្មានសហជីពឯករាជ្យទេ កម្មករនឹងជៀស​មិនផុតពី​ការរំលោភសិទ្ធិការងារ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម  ព្រមទាំងបញ្ហាប្រឈមជាច្រើនទៀត។

អ្នកស្រី អាន យូសា និយាយថា៖ «គឺគេ[ថៅកែ] ជិះជាន់កម្មករ គេបង្ខិតបង្ខំឱ្យថែមម៉ោង គេទាមទារចំនួន គេប្រជុំមុនម៉ោងអ៊ីចឹង។ គឺ គេ[ថៅកែ] នឹងធ្វើអ៊ីចឹង ប្រសិនបើមិនមាន[សហជីព]កម្មករ បើមានតែសហជីពក្រុមហ៊ុន គឺគេនឹងធ្វើអ៊ីចឹង តែបើមានពួកខ្ញុំធ្វើ[សហជីព] គេ[ថៅកែ] នឹង​លែងធ្វើអ៊ីចឹងបានទៀត។ អ៊ីចឹង គឺគេមិនទុកទេ គេមិនទុកពួកខ្ញុំទេ»។

មានតួនាទីជាហិរញ្ញឹកនៃ​សហជីពឯករាជ្យ​ប្រចាំរោងចក្រអ៊ីស្តក្រោន កញ្ញា ដួង សុខណា និយាយថា ការបញ្ឈប់ពួកគាត់ពីការងារ គឺជាការ​រើសអើង​ក្នុងការបង្កើតសហជីព ត្បិតរោងចក្រ​ក៏មានសហជីពមួយ ដែល​គេ​អាចបង្កើត និងដំណើរការទៅបាន។

កញ្ញា ដួង សុខណា ថ្លែងថា៖ «អ្វីដែលខ្ញុំចង់បាន ចង់បានក្នុងរោងចក្រហ្នឹងមានសហជីពឯករាជ្យមួយដែលនៅឈរខាងកម្មករ។ ពេលកម្មករស្នើអ្វីមួយ ត្រូវធ្វើជូនកម្មករ ទោះបីជាបាន ឬមិនបានក៏យើងត្រូវតែធ្វើដើម្បីកម្មករ ព្រោះយើងមានឈ្មោះថា សហជីពខាងកម្មករ មិនមែនសហជីពខាងរោងចក្រ»។

មិនខុសគ្នានេះ អតីតកម្មកររោងចក្រ ឈី មីងស៊ីន ហ្វេកធើរី(Qi MING XINFactory) ​មានទីតាំងស្ថិតនៅ​សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែល​ផលិតស្បែកជើងយីហោម៉ាកវ៉ល់ម៉ាត(Walmart)លោក រឿន សុភា និយាយថា លោកត្រូវបានភាគីរោងចក្របញ្ឈប់ពីការងារកាលពីខែកុម្ភៈ ឆ្នាំ​២០២២ អំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។

អតីតកម្មកររូបនេះបន្តថា ការបញ្ឈប់លោកទាំងមិនបានជូនដំណឹងពេលនោះ ដោយសារពួកលោកបាននាំគ្នាបង្កើតសហជីពឯករាជ្យឡើង ដោយសារ​តែការមើលឃើញ​ពីការរំលោភសិទ្ធិកម្មករនៅទីនោះ។​

លោក រឿន សុភា បន្ថែមថា៖ «មូលហេតុ[ចូលរួមបង្កើតសហជីព] ដោយសារឃើញកម្មករទាំងអស់ហ្នឹងពិបាកពេក ធ្វើការងារហួសកម្លាំង គេជេរ​ស្តីឱ្យដូចទាសករ។ ដល់អ៊ីចឹងហើយ ជំរុញឱ្យខ្ញុំចូលសហជីព ដល់ពេលខ្ញុំចូលរួចហើយ ដល់ពេលខ្ញុំបង្កើត[សហជីព]បាន គេ[រោងចក្រ]ដកខ្ញុំចោល»។

អតីត​លេខាធិការ​សហជីពឯករាជ្យនៃរោងចក្រឈី មីងស៊ីន រូបនេះនិយាយថា ការបញ្ឈប់ពេលនោះ គឺមានចំនួន៥នាក់ ដែលជាថ្នាក់ដឹកនាំ និងសមាជិកសហជីព។

៨ខែក្រោយថៅកែបញ្ឈប់ពីការងា​រដោយសាររឿងបង្កើតសហជីពឯករាជ្យនេះ លោក សុភា ក៏បាន​សម្រេចចិត្ត​ធ្វើជាកម្មករ​សំណង់មួយរយៈពេល​ដើម្បីរកកម្រៃ​ទ្រទ្រង់ជីវភាពគ្រួសារ ប៉ុន្តែដោយសារកាលពីខែកញ្ញា និងដើមខែតុលា ​ភ្លៀងធ្លាក់ច្រើនពេក បណ្តាលឱ្យការងារសំណង់ត្រូវបានផ្អាក។

ជាមួយគ្នានេះ ភរិយារបស់លោក គឺអ្នកស្រី ដួង សុកណាង ដែលធ្វើការនៅរោងចក្រអ៊ីស្តក្រោន បច្ចុប្បន្ន ក្រោយពី​រោងចក្រ​ ឈី មីងស៊ីន បញ្ឈប់ពីការងារ​ដោយសារការបង្កើតសហជីព​នោះ ក៏ត្រូវបានរោងចក្រអ៊ីស្តក្រោនបញ្ចប់កិច្ចសន្យាការងារ​ជាថ្មីទៀត​ដោយសារ​ការចងក្រង​បង្កើតសហជីព​ការពារ​ប្រយោជន៍​កម្មករ​។

ទាំងពីរនាក់ប្តីប្រពន្ធ ក្រោយគ្មានការងារធ្វើ និងមិនមានប្រាក់សម្រាប់បង់ថ្លៃបន្ទប់ជួលនៅម្តុំក្រុងតាខ្មៅផងនោះ ពួកគេក៏សម្រេចចិត្តរើអីវ៉ាន់ចេញពីបន្ទប់ជួល ហើយត្រឡប់ទៅស្រុកកំណើតខាងប្តីនៅ​ស្រុកស្អាង ខេត្តកណ្តាល ដើម្បីកាត់បន្ថយការចំណាយ ទម្រាំរកការងារថ្មីបានធ្វើឡើងវិញ។

អ្នកស្រី ដួង សុកណាង ដែលត្រូវបានសមាជិកបោះឆ្នោតជាប់ជាប្រធាន​សហជីពឯករាជ្យប្រចាំរោងចក្រឈី មីងស៊ីន​ និយាយថា ការរើសអើងសហជីព និង​ការរឹតត្បិតសេរីភាពសហជីពនេះហើយ ដែលជាហេតុនាំឱ្យពួកគាត់ត្រូវបាត់បង់ការងារធ្វើ និងត្រូវបង្ខំចិត្តវិលទៅស្រុកកំណើតវិញទាំងអាលោះអាល័យ។

សហស្ថាបនិកសហជីពឯករាជ្យរោងចក្រអ៊ីស្តក្រោន និងធ្លាប់បម្រើការងារនៅរោងចក្រឈី មីងស៊ីន ហើយត្រូវបានរោងចក្រនេះបញ្ឈប់ពីការងា​រនោះ លោក ឌួង តុលា មានប្រសាសន៍ថា ដំបូងឡើយសហស្ថានិកបង្កើតសហព័ន្ធសហជីពឯករាជ្យក្នុងរោងចក្រអ៊ីស្តក្រោន មានចំនួន១៦រូប ប៉ុន្តែ៦រូប ត្រូវបាន​ភាគី​រោងចក្រ​​ចរចា​រក្សាទុកពួកគេ​ឱ្យនៅធ្វើការដដែល ជាថ្នូរនឹងការដកខ្លួនចេញពី​សហជីពដែលពួកលោកបានបង្កើត។ ចំណែក១០នាក់ផ្សេងទៀត រួមទាំង​លោកផង ដោយមិនព្រមដកខ្លួនចេញពី​សហជីពដែលខ្លួនបង្កើតនោះ ភាគីរោងចក្រក៏បានចេញឈ្មោះ​បញ្ចប់កិច្ចសន្យាការងារ​ជាបន្តបន្ទាប់ តែឈ្មោះរបស់​លោក និងមនុស្ស២នាក់ទៀត​នៅមិនទាន់ឃើញធ្លាក់នៅឡើយទេ រហូតមកទល់ថ្ងៃទី១៩ ខែតុលា​​។

ក្នុងអាជីពជាអ្នកធ្វើការងារនៅរោងចក្រ លោក ឌួង តុលា ធ្លាប់​បម្រើការងារនៅរោងចក្រធំៗចំនួន៤ ហើយត្រូវបានរោងចក្រទាំងនោះបញ្ឈប់ពីការងារ ដោយសារ​តែសកម្មភាពចងក្រង និងបង្កើតសហជីពឯករាជ្យក្នុងរោងចក្រដើម្បីការពារសិទ្ធិកម្មករឱ្យរួចផុតពីការកេងប្រវ័ញ្ច និងរំលោភបំពានសិទ្ធិផ្សេងៗ។

បើតាមមន្ត្រីសហជីពមូលដ្ឋានរូបនេះ យល់ឃើញថា ភាគីរោងចក្រតែងខ្លាចវត្តមានសហជីពឯករាជ្យ ដែលមិនចំណុះនិយោជក ឬអាជ្ញាធរ ត្បិតវត្ត​មាន​សហជីពឯករាជ្យនឹងធ្វើឱ្យថៅកែខាតប្រយោជន៍​របស់ពួកគេ។

លោក ឌួង តុលា មានប្រសាសន៍ថា៖ «អ៊ីចឹងខ្ញុំគិតថា វត្តមានសហជីពឯករាជ្យ ​វត្តមានសហជីពដែលបម្រើឱ្យវិស័យ ឬក៏ជាឆ្អឹងទទឹងកគេ[ថៅកែ] ឬក៏ជាសំរាមក្នុងភ្នែកគេហើយ គឺគេមិនទុកទេ។ គេ[ថៅកែ] គិតថា ប្រសិនបើពួកខ្ញុំចូលទៅ អត្ថប្រយោជន៍ដែលគេត្រូវបានកឹបកេងឬ គេត្រូវ​បាន​គាបសង្កត់ អ្វីដែលគេទាមទារឱ្យលើសចំនួននឹងលែងប្រើបានដូចមុន»។

​បុរសម្នាក់ដែលអះអាងថា ជាប្រធានរដ្ឋបាលប្រចាំរោងចក្រអ៊ីស្តក្រោន ឈ្មោះ អ៊ី ហុង និយាយប្រាប់ វីអូឌី នៅថ្ងៃទី១៨ ខែតុលា ដោយបដិសេធថា ខាង​រោងចក្រស្បែកជើងមួយនេះមិនបានបញ្ឈប់កម្មករដោយសាររឿងបង្កើតសហជីពឯករាជ្យនោះឡើយ។

ដោយឡែក តំណាងរដ្ឋបាលប្រចាំរោងចក្រឈី មីងស៊ីន វិញ លោក ហាង សេងហុង មានប្រសាសន៍ថា រោងចក្រមិនបានរើសអើង និងរឹតត្បិត​ក្នុង​ការបង្កើត​សហជីពនោះឡើយ ហើយក៏គ្មានការគាបសង្កត់កម្មករនោះដែរ។ លោកបន្តថា បច្ចុប្បន្នរោងចក្រនេះ​មានសហជីពមួយ​កំពុងដំណើរការដោយ​មិនរណប​ថៅកែទេ។ ​

លោកនិយាយថា ការបញ្ឈប់ថ្នាក់ដឹកនាំនិងកម្មករចំនួន៥នាក់ កាលពីខែកុម្ភៈនោះ មិនមែនជាការរើសអើងសហជីពទេ ដោយសាររោងចក្រមិនបានដឹងថា ពួកគេបង្កើតសហជីពឡើយ ម្យ៉ាងការបញ្ឈប់ពេលនោះដោយសារកំហុសការងាររបស់ពួកគេតែប៉ុណ្ណោះ។

យ៉ាងនេះក្តី លោក សេងហុង បញ្ជាក់ថា ក្នុងចំណោម៥នាក់ដែលបញ្ឈប់ ខាងភាគីរោងចក្របានទទួលយកពួកគេ​២នាក់ ឱ្យចូលធ្វើការវិញកាលពីខែសីហា ប៉ុន្តែនៅខែតុលានេះ​ពួកគេទាំងពីរនាក់ក៏ព្រមឈប់តាមការសម្រេចរបស់រោងចក្រជាថ្មីទៀត។

សម្រាប់ថ្នាក់ដឹកនាំសហជីព៣នាក់ទៀត រួមមាន លោក ឌួង តុលា លោក រឿន សុភា និងអ្នកស្រី ដួង សុកណាង តំណាងភាគីរោងចក្រ​ ឈី មីងស៊ីន ដដែលបញ្ជាក់ថា ខាងក្រុមហ៊ុនបានឯកភាពទទួលយកពួកគេឱ្យចូលធ្វើការងារវិញ ហើយរោងចក្រត្រូវបញ្ជូនលិខិតជូនដំណឹងទៅក្រសួងការងារនៅថ្ងៃទី១៩ ខែតុលា បន្ទាប់មកនឹងជូនដំណឹងទៅសាមីខ្លួន។

លោក ហាង សេងហុង អះអាងថា បច្ចុប្បន្នរោងចក្រ ឈី មីងស៊ីន ផលិតស្បែកជើងម៉ាក វ៉ល់ម៉ាត(Walmart) សម្រាប់យកទៅលក់នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលមានកម្មករ​ជាង១ ០០០នាក់។

សហជីពឯករាជ្យ ដែលស្ថិតនៅក្រោមសហព័ន្ធសហជីពឯករាជ្យ ហៅកាត់ថា អ៊ីនទូហ្វី(INTUFY) ដឹកនាំដោយ លោក រី សិទ្ធីណែត។

ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត មានប្រសាសន៍ថា សហជីពមូលដ្ឋានដែលស្ថិតនៅក្រោមសហព័ន្ធសហជីពលោកមានចំនួន១០ ហើយ​នៅ​ឆ្នាំ២០២២នេះ ពួកលោកបានចងក្រងសហជីពមូលដ្ឋានចំនួន៤ទៀត ប៉ុន្តែក្នុងចំណោម៤នោះ មាន២រោងចក្រ បានបញ្ឈប់ថ្នាក់ដឹកនាំ ឬសកម្មជន​សហជីព​​​ពីការងារ។ ក្រោយមានការប្តឹងតវ៉ា លោកថា ក្រសួងសម្រេចឱ្យនិយោជកទទួលយកថ្នាក់ដឹកនាំសហជីពមូលដ្ឋានទាំងនោះចូលធ្វើការវិញ ប៉ុន្តែ​មកទល់ពេលនេះ​ភាគីថៅកែ​នៅមិនទាន់បានអនុវត្តសេចក្តីសម្រេចរបស់ក្រសួងនៅឡើយ។

លោកមើលឃើញថា សេរីភាពសហជីពឯករាជ្យដែលមានទិន្នាការការពារកម្មករតែងរងការធ្វើទុក្ខបុកម្នេញ ការគាបសង្កត់ និងរកលេសស្ទើរ​គ្រប់យ៉ាងដើម្បី​បញ្ចប់កិច្ចសន្យាការងាររបស់សហជីពទាំងខុសច្បាប់។

លោក រី សិទ្ធីណែត លើកឡើងថា៖ «ជាទូទៅនៅពេលយើងមានសហជីពឯករាជ្យនៅក្នុងរោងចក្រមួយ ជាទូទៅសហជីពតែងតែព្យាយាម ការពារកម្មករ​និយោជិតពីការកេងប្រវ័ញ្ចកម្មករនិយោជិត តាមរយៈការកេងប្រវ័ញ្ចប្រាក់ឈ្នួល ការបង្ខំថែមម៉ោង ការហៅកម្មករប្រជុំមុនម៉ោង ការហៅកម្មករ​ប្រជុំ​ក្រោយ​ម៉ោងធ្វើការ។ មាន័យថា ប្រសិនបើកម្មករធ្វើការម៉ោង៧ គាត់ត្រូវហៅប្រជុំម៉ោង៦:៥០។ អ៊ីចឹងមានន័យថា គាត់[ថៅកែ]ត្រូវការកេងប្រវ័ញ្ចម៉ោង កម្មករដើម្បីឱ្យចូលធ្វើការមុនដើម្បីកុំឱ្យខាតម៉ោងក្នុងការដេរផលិតកម្មរបស់គាត់។ ទីពីរការបើកប្រាក់ឈ្នួលដូចគ្នាដែរ។ ថ្មីៗនេះ យើងឃើញថា រោងចក្រ​ជាច្រើន នៅតែកេងប្រវ័ញ្ចកម្មករនិយោជិត ដោយការបើកប្រាក់ឈ្នួលយឺតថ្ងៃ។ ទីពីរការបើកប្រាក់ខែជាប្រាក់រៀល។ នៅកន្លែងនេះខ្ញុំ​សុំបញ្ជាក់ដែរ​ថា មិនមែនយើងរើសអើងប្រាក់រៀលទេ ដោយសារច្បាប់បាននិយាយថា ប្រាក់ឈ្នួលកម្មករនិយោជិត​កំណត់ជាប្រាក់​ដុល្លារ។ ដោយសារមួយរយៈក្រោយនេះ រដ្ឋាភិបាលបានប្រកាសថា ក្រោម១០ដុល្លារបើកជាលុយខ្មែរ ប៉ុន្តែជាទូទៅរោងចក្រភាគច្រើនលុយបើក​ឱ្យ[ជាលុយដុល្លារ]តែ១០០ដុល្លារ ឬ២០០ដុល្លារអីទេ សល់កន្ទុយ៧០ដុល្លារ ៨០ដុល្លារ ៥០ [ដុល្លារ]អីហ្នឹងគឺគាត់បើកជាលុយខ្មែរទាំងអស់ ហើយអ្វីដែល​សំខាន់គឺ អត្រាប្តូរប្រាក់របស់រោងចក្រដែលបានផ្តល់ឱ្យកម្មករនិយោជិត គឺ១ដុល្លារស្មើ៤ ០០០រៀល»។

. រដ្ឋាភិបាលនៅតែអះអាងពីភាពល្អប្រសើរនៃសេរីភាពសហជីព

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» កាលពីថ្ងៃទី​១២ ខែតុលា ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបង្ហាញថា កម្ពុជាមានអង្គការវិជ្ជាជីវៈ បានចុះបញ្ជីសរុបចំនួន ៥ ៩០៦ ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ ២០២១ មានចំនួន ៥ ៧៤៦។

ចំណែក សហជីពមូលដ្ឋានដែលបានចុះបញ្ជីការក្នុងឆ្នាំ២០២២ មានចំនួន ៥៥៩១ ខណៈឆ្នាំ២០២១ មានចំនួន ៥ ៤៤២។ រីឯ​សហព័ន្ធសហជីព​កាលពីឆ្នាំមុន​មានចំនួន ២៥២ ហើយនៅឆ្នាំ២០២២នេះ មានចំនួន ២៦៣។ សម្រាប់សហភាពសហជីពកាល​ពីឆ្នាំមុននិងឆ្នាំនេះ មានចំនួន ៤០ដដែល ខណៈ​សមាគមនិយោជកមានចំនួន១២ ក្នុងឆ្នាំ២០២២នេះ។ លោកថា បើធៀបទៅនឹងរោងចក្រនៅកម្ពុជាដែលមានចំនួនប្រមាណ១ ២០០ បង្ហាញថា ជាមធ្យម​ក្នុងរោងចក្រមួយ​មានសហជីពចំនួន៤។

ការកើនឡើងចំនួនចុះបញ្ជីការអង្គការវិជ្ជាជីវៈ ពិសេសកំណើនសហជីពមូលដ្ឋាននេះហើយ ដែលលោក ហេង សួរ និយាយថា សេរីភាព​ក្នុងការបង្កើតសហជីព​ស្ថិតក្នុងរូបភាពល្អប្រសើរ ដោយថាសេរីភាពនេះត្រូវបានធានា លើកកម្ពស់ និងមិនមានការថមថយឡើយ។

ដោយឡែកពាក់ព័ន្ធរោងចក្រ ឈី មីងស៊ីន និងរោងចក្រអ៊ីស្តក្រោននេះ លោកនៅមិនទាន់ដឹងពីរឿងបញ្ឈប់កម្មករដោយសារបង្កើតសហជីពនេះនៅឡើយទេ ប៉ុន្តែអ្វីដែលលោកដឹងច្បាស់នោះ គឺរោងចក្រទាំងពីរមានសហជីពនៅទីនោះរួចទៅហើយ តែច្បាប់ក៏មិនបានហាមប្រាម​មិនឱ្យបង្កើតសហជីព​លើសពីមួយ​ក្នុងរោងចក្រតែមួយនោះដែរ។

យ៉ាងណាក៏ដោយចុះ លោកនឹងឱ្យមន្ត្រីចុះពិនិត្យមើលលើការបញ្ឈប់កម្មករពីការងារ​ ដោយសារការបង្កើតសហជីពនេះ។

លោក ហេង សួរ មានប្រសាសន៍ថា៖ «​អានេះ ខ្ញុំគ្រាន់តែចង់បញ្ជាក់មកវិញថា ករណីរោងចក្រទាំងពីរនេះ [រោងចក្រ ឈី មីងស៊ីន និងរោងចក្រអ៊ីស្តក្រោននេះ] ក្រសួងនឹងចុះទៅពិនិត្យមើលករណីនេះ ដែលថា មានការបញ្ឈប់សកម្មជនដែលចង់បង្កើតសហជីពនេះ។ តើមូលដ្ឋាននៃការបញ្ឈប់ហ្នឹងវាត្រឹមត្រូវឬទេ? ប្រសិនបើមិនត្រឹមត្រូវ គឺយើងអាចបញ្ជាឱ្យទទួលពួកគាត់ចូលធ្វើ[ការងារ]វិញ»។

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ​លោក ហេង សួរ អះអាងថា គ្មាននិយោជកណា​អាចបញ្ឈប់កម្មករដោយសារការចងក្រងបង្កើតសហជីពបានឡើយ ហើយថៅកែ​ក៏មិនអាចរំលាយសហជីព និងមិនអាចបញ្ឈប់​ថ្នាក់ដឹកនាំសហជីពពីក្នុងរោងចក្ររបស់ខ្លួនបាននោះដែរ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ធ្លាប់បានអះអាងប្រាប់ លោក TakanobuTeramoto ប្រធានប្រតិភូបេសកកម្ម និងប្រតិភូបេសកកម្ម​ផ្ទាល់របស់អង្គការពលកម្មអន្តរជាតិ (ILO) កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២​ ថា ​ ប្រទេសកម្ពុជាមិនបានហាមឃាត់ ឬរឹតត្បិត​សេរីភាព​របស់ជនណាម្នាក់ក្នុងការចូលរួម​សហជីពណាមួយ ដោយផ្អែកលើឆន្ទៈរបស់ពួកគេឡើយ។

លោកថា សេរីភាពជាមូលដ្ឋាន ក៏ដូចជាសេរីភាពក្នុងការចូលរួម ឬបង្កើតសហជីពដែលមានចែង​ក្នុងក្រប​ខណ្ឌ​ច្បាប់អន្តរជាតិ ត្រូវបានទទួលស្គាល់ និងធានាក្រោមច្បាប់កម្ពុជា។ ​

រដ្ឋមន្ត្រីក្រសួងការងារ​ សរសេរលើហ្វេស៊បុកថា៖ «​ការគោរពសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈត្រូវបានធានា និងលើកកម្ពស់នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។ កម្ពុជា ផ្សាភ្ជាប់ការគោរពលក្ខខណ្ឌការងារជាមួយពាណិជ្ជកម្មអន្តរជាតិ។ យ៉ាងណាមិញ អនុលោមតាមអនុសញ្ញា​អន្តរជាតិខាង​ការងារលេខ៨៧ ច្បាប់ស្តីពីសហជីពនៃព្រះរាជាណាចក្រកម្ពុជាផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញទៅកម្មករនិយោជិត និងនិយោជក​ក្នុងការបង្កើត និងអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី គ្មានការបង្ខិតបង្ខំ និងគំរាមកំហែង។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនទាន់ដែលមាន ហើយក៏នឹងមិនអនុញ្ញាតឱ្យមានករណីដែលកម្មករនិយោជិត ឬថ្នាក់ដឹកនាំសហជីពត្រូវបានចាប់ខ្លួន ឬធ្វើទុកបុកម្នេញដោយសារ​សកម្មភាពស្របច្បាប់របស់ខ្លួន​ក្នុងការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈឡើយ»។

លោក អ៊ិត សំហេង អះអាងថា ក្រសួងការងាររង់ចំាទទួលយក​អនុសាសន៍របស់តំណាង ILO ​ដើម្បីកែលម្អលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាព​របស់​អង្គការវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមបរិបទសង្គម និងសេដ្ឋកិច្ចកម្ពុជា។

៤. របក​គំហើញ​អំពីសេរីភាព​សហជីព​រងការរឹតត្បិត

បើទោះបីជាច្បាប់កំណត់ថា ថៅកែមិនអាចរំលាយសហជីពក្នុងរោងចក្រ សហគ្រាសរបស់ខ្លួនបានក៏ដោយ ក៏ប៉ុន្តែវិវាទការងារក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ ដែលបានអូសបន្លាយជាង​១ឆ្នាំមកនេះ ក៏ត្រូវបានបុគ្គលិក និងអ្នកធ្វើការងារលើកកម្ពស់សិទ្ធិកម្មករមើលឃើញថា ដើមហេតុនៃ​វិវាទគឺក្រុមហ៊ុន​មានចេតនា​ក្នុងការ​ជីករំលើង​សហជីពមិនឱ្យមានជីវិតបន្តទៀត។ ចេតនាក្នុងការរំលាយសហជីពនោះ ក្រោយក្រុមហ៊ុនបានប្រកាសបញ្ឈប់កម្មករជាង១ ៣០០នាក់​ក្រោមហេតុផលវិបត្តិកូវីដ-១៩ ប៉ុន្តែក្នុងចំណោមពួកគេទាំងនោះគឺមានជាង៨០០នាក់ ជាសមាជិក ថ្នាក់ដឹកនាំ និងប្រតិភូសហជីព ក្នុងក្រុមហ៊ុន​ដែលមាន​ឈ្មោះបញ្ឈប់ពីការងារ។

​ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ មានប្រសាសន៍ថា មកទល់ពេលនេះ​ការតវ៉ា​របស់​បុគ្គលិកនិយោជិតដើម្បីទាមទារឱ្យក្រុមហ៊ុនគោរពច្បាប់ ពិសេសព្រមទទួលយកថ្នាក់ដឹកនាំ និងសមាជិកសហជីពចូលធ្វើការងារវិញ នៅមិនទាន់មាន​លទ្ធផលវិជ្ជមាន​នៅឡើយទេ។ ការអូសបន្លាយមិនព្រមដោះស្រាយបញ្ចប់វិវាទការងារនេះ កញ្ញាថា ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ​សេរីភាពសហជីព​ទាំងមូល​នៅកម្ពុជា ត្បិតច្បាប់មិនអាចចាប់បង្ខំឱ្យថៅកែនិយោជកឱ្យអនុវត្តតាមបាន បើទោះបីជាពួកគេបានរំលោភបំពានសិទ្ធិការងារក៏ដោយ។

កញ្ញា ឈឹម ស៊ីថរ បន្ថែមថា៖ «ចាស៎! កន្លែងហ្នឹងជាបញ្ហា[គ្មានដំណោះស្រាយវិវាទការងារណាហ្គា] ដែលយើងអាចនិយាយបានថា នឹងធ្វើឱ្យ​ប៉ះពាល់ដល់​សិទ្ធិសេរីភាពរបស់សហជីព ហើយនឹងសិទ្ធិការងាររបស់កម្មករនិយោជិត។ មែនទែនទៅ មិនមែនសម្រាប់តែក្រុមហ៊ុនណាហ្គាវើលដ៍ ក៏ប៉ុន្តែវានឹងឆ្លុះបញ្ចាំងទៅស្ថាប័នផ្សេងៗ ទៅនិយោជិតផ្សេងៗទៀត ប្រសិនបើករណីនៅណាហ្គាវើលដ៍នេះ មិនត្រូវបានដោះស្រាយ ហើយចេតនា​ពិតប្រាកដក្នុងការដែលមិនព្រមដោះស្រាយនៅកន្លែងនេះ ដោយសារយើងមើលឃើញថា ក្រុមហ៊ុនណាហ្គាវើលដ៍តែងតែ​មានចិត្តក្នុងការ​រំលាយ​សហជីព ក៏ដូចជារើសអើងសហជីព។ មិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនបញ្ឈប់​តំណាងសហជីពជាលក្ខណៈទាំងក្រុមតែម្តង គឺតាំងពីឆ្នាំ២០០៩ ក៏មានករណីនេះម្តងរួចមកហើយ ប៉ុន្តែដោយសារយន្តការក្នុងការដោះស្រាយវិវាទមិនមានប្រសិទ្ធភាព ធ្វើឱ្យថ្នាក់ដឹកនាំជំនាន់នោះ​ពួកគេបង្ខំចិត្តបោះបង់​ក្នុងការទាមទារត្រឡប់ចូលធ្វើការវិញ ហើយព្រមទទួលយកសំណង ហើយដើរចេញពីកន្លែងធ្វើការហ្នឹងទៅ។ ប៉ុន្តែនៅពេលដែលក្រុមពួកយើង ដែលជាក្រុមតំណាងថ្មី ត្រូវបានជ្រើសរើសនិងបោះឆ្នោតជាប់ថ្មីហ្នឹង បន្តយល់ព្រមការងារជាតំណាងសហជីពនៅក្នុងកន្លែងធ្វើការហ្នឹង ឥឡូវហ្នឹង​យើងជួបរឿង​ដដែលហ្នឹងទៀត។ ប៉ុន្តែក្រុមថ្មីនេះគឺយើងមិនបានជ្រើសរើសផ្លូវដើររបស់ក្រុមចាស់ ដែលសុខចិត្តទទួលរងភាពអយុត្តិធម៌ ហើយយកលុយដើរចេញពីកន្លែងធ្វើការ។ សម្រាប់ពួកយើង គឺយើងមិនទទួលយកសំណង ប៉ុន្តែយើងនៅបន្តតស៊ូមតិទៀត ដើម្បីទាមទារមក​វិញនូវសេរីភាពសហជីព ហើយសិទ្ធិកម្មករនិយោជិត។ អ្វីដែល យើងចង់បង្ហាញនោះ គឺចង់បង្ហាញថា សិទ្ធិការងារ និងសេរីភាពសហជីព​ គឺមិនអាចដោះដូរជាមួយប្រាក់សំណង ឬក៏ជាលុយកាក់បានទេ»។

សម្រាប់អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ វិញ បញ្ជាក់ថា ក្រសួងមិនដែលចាត់ទុកវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ជារឿងតូចតាចនោះឡើយ ហើយនីតិវិធីក្នុងការសម្របសម្រួលក៏បានឆ្លងផុតដំណាក់កាលក្រសួង ដំណាក់កាលក្រុមប្រឹក្សាអាជ្ញាកណ្តាល ប៉ុន្តែភាគីជម្លោះ​នៅតែមិនព្រមទទួល​យកការ​សម្របសម្រួលដោយប្រកាន់ជំហរដាច់ខាតរៀងខ្លួន។ លោកថា នីតិវិធីបន្តទៀត មានតែយន្តការប្តឹងទៅតុលាការតែប៉ុណ្ណោះ ដោយសារមានតែតុលាការ​ប៉ុណ្ណោះដែលអាចសម្រេចថាខាងណាខុសឬត្រូវ ហើយនីតិវិធីដោះស្រាយនេះមានតែដើរទៅមុខ មិនអាចបក​ក្រោយ​បានទេ។

យ៉ាងណា ប្រធានសហជីពប្រចាំក្រុមហ៊ុនល្បែងនិងសណ្ឋាគារណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ លើកឡើងថា ការចេញតវ៉ារបស់កូដករជាង១ឆ្នាំមកនេះ ពួកគេជួបបញ្ហាប្រឈមជាច្រើន​ដូចជា​ បញ្ហាជីវភាពក្នុងគ្រួសារ ការគំរាមកំហែង ការរឹតត្បិតសេរីភាពក្នុងការជួបជុំ ការចាប់ឃុំខ្លួន និងចាប់បញ្ជូនទៅ​កន្លែងឆ្ងាយ​ពីទីតាំងត្រូវតវ៉ា ការប្រើអំពើហិង្សាពីសំណាក់សមត្ថកិច្ចទៅលើកូដករជាស្ត្រី ការបៀតបៀនរាងកាយ និងកេរ្តិ៍ភេទជាដើម។ កញ្ញាបន្តថា ការតស៊ូទាមទាររបស់កូដករទាំងនោះ គឺមាន​បំណងដើម្បីរក្សាវត្តមានសហជីពដែលការពារប្រយោជន៍កម្មករក្នុងក្រុមហ៊ុន ត្បិតពួកគេនៅតែយល់ថា សហជីពឯករាជ្យពិតជាអាចជួយកម្មកររួចផុតពីការរំលោភសិទ្ធិការងារបាន។

កញ្ញា ឈឹម ស៊ីថរ មានប្រសាសន៍ថា៖ «ជារួមគឺ វត្តមានសហជីពគឺមានសារៈសំខាន់ណាស់សម្រាប់កម្មករនិយោជិតនៅកន្លែងធ្វើការ។ មួយទៀត​វត្តមាន​សហជីពហ្នឹងឯង ដែលគេហៅថា តុល្យភាពជាមួយនិយោជក ថាតើនិយោជក គាត់បានអនុវត្តត្រឹមត្រូវ​តាមច្បាប់ដូចអ្វី​ដែលមាន​ចែងក្នុងច្បាប់​ឬអត់? រឿងសំខាន់ពីរទៀតនោះ ​ជាអ្វីដែលធ្វើឱ្យកម្មករនិយោជិតយើងគាំទ្រសហជីពខ្លាំងហ្នឹង គឺយើងតែងតែនិយាយ​ជាមួយក្រុមហ៊ុន​អំពីប្រាក់ឈ្នួល​រស់នៅសមរម្យ បានន័យថា យើងព្យាយាមលើកកម្ពស់ជីវភាពកម្មករនិយោជិតចេញពីភាពក្រីក្រទៅកាន់ជីវភាពមួយដែលកណ្តាល ហើយនេះក៏ស្រប​ទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់ភាពក្រីក្រ»។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខៅឌូ (CCAWDU) បានចេញសេចក្តីថ្លែងការណ៍មួយ​ដោយអះអាង​ថា មានរោងចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប១ ៤០៨នាក់ បានរងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិ​ក្នុងការបង្កើតសហជីពក្នុងសហគ្រាស និងគ្រឹះស្ថានដែលពួកគេកំពុងធ្វើការ។

លើសពីនេះ សហជីពស៊ីខៅឌូអះអាងថា សំណុំរឿងមួយចំនួនដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយ និងសម្រេចឱ្យកម្មករឈ្នះហើយ ក៏ថៅកែ​មិនបានអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែរ។ ករណីនេះ សហជីពចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាការកេង​ប្រវ័ញ្ចកម្លាំងពលកម្មកម្មករ ដែលត្រូវបានច្បាប់ហាមឃាត់​។

ដោយឡែក របាយការណ៍ឆ្នាំទី៦ នៃគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលរៀបចំដោយអង្គការសិទ្ធិមនុស្ស និងការងារចំនួន៣ រួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និង​មជ្ឈមណ្ឌល​អាមេរិកកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ​​ បានរកឃើញថា លំហសេរីភាព​ជាមូលដ្ឋានកាលពីឆ្នាំ២០២១នៅតែបន្តរងការរឹតត្បិតធ្ងន់ធ្ងរ។

ក្នុងសេចក្តីសន្និដ្ឋាននៃរបាយការណ៍នេះ អះអាងថា បើទោះបីជារាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការគោរព ការពារ និងលើកកម្ពស់សេរីភាពខាងសមាគម សហជីព ការបញ្ចេញមតិនិងការជួបជុំក្តី ប៉ុន្តែគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានបានកត់ត្រានូវករណីរឹតត្បិត និងការរំលោភបំពានលើសេរីភាពមូលដ្ឋាន​ចំនួនជាង៣០០ករណីនៅគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា។

ក្នុងរបាយការណ៍ឆ្នាំទី៦ដដែលនេះ បានអះអាងថា សេរីភាពខាងសមាគម ជាសេរីភាពមូលដ្ឋាន​មួយដែលរងការរឹតត្បិតធ្ងន់ធ្ងរជាងគេ។ អង្គការសង្គមស៊ីវិល សហជីព និងគណបក្សនយោបាយនានារងការរឹតត្បិតពីសំណាក់រដ្ឋាភិបាលនិងភាគីទីបី ដែលបង្កើតនូវបរិយាកាស​មិនអំណោយផល​ដល់ការអនុវត្ត​សេរីភាពខាងសមាគម។

​មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ឱ្យដឹងថា មានថ្នាក់ដឹកនាំសហជីពជាង៣០នាក់ ត្រូវបានរងបណ្តឹង​ពីសំណាក់ថៅកែ​ពាក់ព័ន្ធរឿងព្រហ្មទណ្ឌ និងរឿងស៊ីវិល ឬរដ្ឋប្បវេណី ដោយសារសកម្មភាពការពារប្រយោជន៍កម្មករនៅកន្លែងការងារ។ 

បន្ថែមពីនេះមានថ្នាក់ដឹកនាំសហជីព សកម្មជនសហជីព ជាច្រើនត្រូវបានបញ្ឈប់ពីការងារទាំងខុសច្បាប់ ដោយសារសកម្មភាពបង្កើតសហជីព និងការបំពេញការងារដើម្បីការពារសិទ្ធិកម្មកររបស់ពួកគេ។

ប្រធានកម្មវិធី​ការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ស្ថានភាពសហជីពបច្ចុប្បន្នគឺស្ថិតនៅក្នុងរូបភាពគំរាមកំហែង ការរឹតត្បិត និងការធ្វើទុក្ខបុកម្នេញ ពិសេសចលនាសហជីពឯករាជ្យ​ដែលមិនចំណុះថៅកែឬរដ្ឋាភិបាល។

លោក ឃុន ថារ៉ូ មានប្រសាសន៍ថា៖ «យើងសង្កេតឃើញថា សេរីភាពជាមូលដ្ឋានរបស់សហជីពក្នុងបរិបទប្រទេសកម្ពុជា ជាពិសេសចលនា​សហជីព​ឯករាជ្យត្រូវទទួលរងនូវការគំរាមកំហែង ជាពិសេសការរឹតត្បិតសិទ្ធិសេរីភាពនៅកម្ពុជា។ បញ្ហាចម្បងនោះ គឺទាក់ទងការអនុវត្តច្បាប់ស្តីពី សហជីព ដែលមានការរឹតត្បិតសិទ្ធិជាមូលដ្ឋានក្នុងការធ្វើកូដកម្ម សិទ្ធិសេរីភាពក្នុងការចរចាជាសមូហភាព។ សិទ្ធិសេរីភាពក្នុង​ការជំរុញឱ្យមាន​ការអនុវត្តសិទ្ធិ​ការងារ​​ពេញលេញនៅកន្លែងការងារ។ អ៊ីចឹងយើងឃើញថា ថ្នាក់ដឹកនាំសហជីព ពិសេសថ្នាក់ដឹកនាំ​សហជីពឯករាជ្យ​នៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ត្រូវរងការចោទប្រកាន់ទាក់ទងសកម្មភាពសហជីព ដូចជាការចោទប្រកាន់បទញុះញង់ ឬក៏សកម្មភាពក្នុងការធ្វើកូដកម្ម ការតវ៉ាជាដើម» ។

មន្ត្រីឃ្លាំមើលសិទ្ធិការងាររូបនេះ យល់ថា ការរឹតត្បិតសេរីភាពសហជីពឯករាជ្យឬសហជីពការពារប្រយោជន៍ជូនកម្មករនៅកម្ពុជាត្រូវបានធ្វើឡើងជាប្រព័ន្ធ ខណៈការអនុវត្តច្បាប់ស្តីពីសហជីពទៀតសោត គឺមានបញ្ហាស្មុគស្មាញក្នុងដំណាក់កាលចុះបញ្ជីការនៅតាមរោងចក្រ សហគ្រាស ដែលជាឧបសគ្គចម្បង​សម្រាប់សហជីពក្នុងការអនុវត្តសកម្មភាពស្របច្បាប់របស់ខ្លួន។

៥. ភាព​អនុគ្រោះ​សម្រាប់​កម្ពុជានឹង​បន្តកើត​ឡើង បើសេរីភាព​សហជីពត្រូវបាន​ធានា

សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បាន​ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរ​យ​ពីកម្ពុជា ​ ក្រោមហេតុផលថា កម្ពុជាមិនបាន​ធានា​នូវការគោរពសិទ្ធិមនុស្ស ​ សិទ្ធិការងារ និងសិទ្ធិនយោបាយឱ្យបានពេញលេញ ពោលគឺមានការរំលោភបំពាន​ជាប្រព័ន្ធថែមទៀតផង។ ​អឺរ៉ុប ក៏ធ្លាប់បាន​ព្រមានថា ពួកគេនឹងដកប្រព័ន្ធអនុគ្រោះពន្ធនេះទាំងស្រុង ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស សិទ្ធិការងារ និងនយោបាយនៅប្រទេស​កំពុងអភិវឌ្ឍន៍មួយនេះ​គ្មានភាពប្រសើរឡើងវិញ។

ចំណែក ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់​សហរដ្ឋអាមេរិក បានផ្តល់លទ្ធភាពឱ្យកម្ពុជា​នាំទំនិញជាង៥ ០០០មុខ ចេញទៅកាន់​ទីផ្សារអាមេរិក ដោយមិនបង់ពន្ធគយ​។ ប៉ុន្តែប្រព័ន្ធអនុគ្រោះពន្ធនេះបានផុតសុពលភាពកាលពីឆ្នាំ២០២០ ហើយមិនទាន់​បានផ្តល់សុពលភាព​ឡើងវិញទេ ចាប់តាំងពី​ដើមឆ្នាំ២០២១មក។

កញ្ញា ឈឹម ស៊ីថរ មើលឃើញថា ប្រសិនបើវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ ព្រមទាំងករណីការរំលោភបំពានសេរីភាពសហជីព សំណុំរឿងបញ្ឈប់​តំណាងកម្មករពី​ការងារ ​មិនត្រូវបានដោះស្រាយ កម្ពុជាងាយនឹងធ្លាក់ក្នុងបញ្ជីខ្មៅនៃការរំលោភសិទ្ធិកម្មករ ពិសេសយន្តការបណ្តឹង​របស់​អង្គការ​ពលកម្ម​អន្តរជាតិ នឹងយកបញ្ហាទាំងនេះទៅជជែកក្នុងកិច្ចប្រជុំសំខាន់ៗរបស់ពួកគេ។

សម្រាប់លោក ឃុន ថារ៉ូ វិញមានប្រសាសន៍ថា កម្ពុជាគួរតែពិនិត្យឡើងវិញនូវរាល់សេរីភាពបំពេញការងាររបស់សហជីព សេរីភាពក្នុងការចងក្រង និង​ការបង្កើតសហជីពដែលការពារប្រយោជន៍កម្មករពិតប្រាកដឱ្យកាន់តែប្រសើរ​ ដើម្បីធានាសិទ្ធិការងារនៅកម្ពុជាត្រូវបានលើកកម្ពស់ និងដើម្បីបញ្ចៀស​មិនឱ្យកម្ពុជា​រងទណ្ឌកម្មផ្សេងៗបន្តទៀត។

លោក ឃុន ថារ៉ូ លើកឡើងថា៖ «អ៊ីចឹងវិធានការជាក់លាក់របស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យមាននូវការលើកកម្ពស់នូវសិទ្ធិការងារនេះ គឺជា​រឿងចាំបាច់ក្នុងការរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ​របស់សហភាពអឺរ៉ុប។ ដោយឡែក នៅសហរដ្ឋអាមេរិកវិញ ប្រព័ន្ធអនុគ្រោះពន្ធGSP ហ្នឹង​សហរដ្ឋអាមេរិក​នៅមិនទាន់ផ្តល់ជូនប្រទេសកម្ពុជា ខណៈដំណើរការនេះកំពុង ស្ថិតនៅក្នុងការអនុវត្ត និង​ការតាមដានត្រួតពិនិត្យ​របស់ព្រឹទ្ធសភា​របស់សហរដ្ឋអាមេរិកក៏ដូចជារដ្ឋបាលរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន។ អ៊ីចឹង ចំណុចមួយនេះ ខ្ញុំគិតថា វាជាហានិភ័យ​មួយសម្រាប់ប្រទេស​កម្ពុជាប្រសិនបើមិនមានការគិតពិចារណាឱ្យបានល្អិតល្អន់។ កម្ពុជា នឹងអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទាំងនោះ ឬក៏អាចប៉ះពាល់​នូវប្រយោជន៍​សេដ្ឋកិច្ចណាមួយ។ ដោយឡែក ប្រសិនបើរាជរដ្ឋាភិបាលមិនមានវិធានការជាក់លាក់ដើម្បីលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិមនុស្ស ​សិទ្ធិពលរដ្ឋ ឬក៏សិទ្ធិនយោបាយនៅកម្ពុជាទេ ឱកាសបាត់បង់នូវការអនុគ្រោះពន្ធផ្នែកសេដ្ឋកិច្ច ដែលជាប្រយោជន៍ធំធេងសម្រាប់ប្រទេសកម្ពុជា វានឹងជះឥទ្ធិពល​ទៅដល់ស្ថិរភាពការងារ ជះឥទ្ធិពលទៅដល់សេដ្ឋកិច្ចរបស់កម្មករនិយោជិត ជាង១លាននាក់ដែលកំពុងបម្រើការងារក្នុងវិស័យវាយនភណ្ឌកាត់ដេរ ដេរស្បែកជើង និងផលិតផលធ្វើដំណើរ»៕


អត្ថបទនេះត្រូវបានផលិតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Rosa-Luxemburg-Stiftung នៅអាស៊ីអាគ្នេយ៍ តាមរយៈការិយាល័យរបស់ខ្លួនក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ