តុលាការ​ឃុំខ្លួន​អនុ​ប្រធានការិយាល័យ​ស្រុកលើកដែក និង​បក្ខ​ពួក​រឿង​«ការ​ទិញ​​ពេស្យា​ចារ​​កុមារ​»

ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ (ហ្វេសប៊ុក៖ អធិការដ្ឋាននគរបាលស្រុកលេីកដែក-Police Inspectorate Of Lerkdaek)

ចៅក្រមសាលាដំបូងខេត្តកណ្តាល បានបញ្ជាឱ្យសមត្ថកិច្ចឃុំខ្លួន អនុប្រធាន​ការិយាល័យ​​នីតិកម្ម​មន្ត្រី​​សាលាស្រុក​លើកដែក និងបក្ខពួកដែល​ជាជនជាតិវៀតណា​ម្នាក់ទៀត ពាក់ព័ន្ធសំណុំរឿង “​ការទិញ​ពេស្យាចារ​កុមារ”។

បើតាម​របាយ​ការ​ណ៍​របស់​សមត្ថកិច្ច​ស្រុក​លើក​ដែកកាលពីថ្ងៃទី ៧ ខែតុលា ​បានឱ្យដឹងថា ​ឈ្មោះ ម៉ន សិលា អាយុ៣៥ឆ្នាំ ដែលជា អនុប្រធាន​ការិយាល័យ​នីតិកម្ម​មន្ត្រី​សាលាស្រុក​លើកដែក និងបក្ខពួកពីរនាក់ទៀត រួមមានឈ្មោះ រតនា ស្រីនាថ ឈ្មោះ អ៊ុក ទឹង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម គឺបាន​ធ្វើសកម្មភាពអូសទាញ លួងលោមកុមារីអាយុ ១៤ឆ្នាំម្នាក់ ក្រោមរូបភាពផ្សេងៗ ហើយ ឈ្មោះ ម៉ន សិលា និងឈ្មោះ អ៊ុក ទឹង បានរំលោភ​ទៅកុមារី​រងគ្រោះជាបន្តបន្ទាប់។

ទាក់ទិននឹងបញ្ហានេះ  អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល លោក សូ សារិន បានប្រាប់ វីអូឌី នៅថ្ងៃចន្ទ​ថា កាលពីថ្ងៃទី២៩ ខែតុលានេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន បាន​​ចេញ​ដីកា​ឃុំ​ខ្លួន ​អនុប្រធាន​ការិយាល័យ​នីតិកម្ម​មន្ត្រី​សាលាស្រុក​លើកដែកលោក ម៉ន សិលា និង​បក្សពួក​ជា​ជនជាតិ​វៀតណា​មឈ្មោះ អ៊ុក ទឹង  ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោម​ការចោទប្រកាន់​  “​ការទិញ​ពេស្យាចារ​កុមារ ” តាម​មាត្រា​៣៤ កថាខណ្ឌ​២ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ។

លោក សូ សារិន បញ្ជាក់ថា បច្ចុប្បន្ននេះ ចៅក្រមកំពុងតែបន្តនីតិវីធីសាកសួរជនល្មើសទាំងពីរនាក់ និងបន្តស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត​យក​មកផ្តន្ទាទោសតាមច្បាប់ផងដែរ ។

លោក សូ សារិន មានប្រសាសន៍ថា៖ «តំណាងអយ្យការគឺលោក អ៊ុន សុវណ្ណធានី គាត់ចោទប្រកាន់ពីបទ ការទិញពេស្យាចារកុមារ  ក្នុងនោះមានចៅក្រមស៊ើបសួរ មានលោកស្រី ពេជ ម៉ារ៉ែន ហើយតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល»។

នាយក​​ទទួល​​បន្ទុក​កិច្ចកា​រ​ទូទៅនៃអ​ង្គ​ការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា មន្ត្រីតុលាការដែលកាន់សំណុំរឿងនេះ ត្រូវ​ស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ​ ​ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងជាគំរូល្អ កុំឱ្យមានរឿងបែបនេះកើតឡើងបន្តទៀត ។

លោក អំ សំអាត មានប្រសសន៍ថា៖ «បើសិនជាតុលាការរកឃើញទៅជនដែលពាក់ព័ន្ធ ឃើញថាមានការជួញដូរផ្លូវភេទ ឬក៏ពេស្យាចារកុមារ ត្រូវបង្កើននូវស្ថានទម្ងន់ទោស ដោយកំណត់ដាក់ទោសទៅលើអ្នកដែលប្រព្រឹត្ត បើជនហ្នឹងជាមន្ត្រីរាជការ ឬក៏ជាអ្នកដែលមានអំណាច អញ្ចឹងកាលណា​អនុវត្តតាមគោលការណ៍នៃច្បាប់ គឺបំណងដើម្បីធ្វើឱ្យអ្នកដែលប្រព្រឹត្តរាងចាល ហើយកុំឱ្យអ្នកដទៃយកគំរូតាម បើសិនជាយកត្រូវទទួល​ទោសដូចគ្នាអញ្ចឹងដែរ»។

របាយការណ៍ថ្មីមួយដែលមានឈ្មោះថា ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា (Disrupting Harm in Cambodia) ត្រូវបាន​ប្រកាស​ផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដៃគូនានារួមទាំងយូនីសេហ្វប្រចាំនៅកម្ពុជា។

 របាយការណ៍នេះបានរកឃើញថា កុមារ​ដែលប្រើប្រាស់អ៊ិនធឺណិតចំនួន១១% អាយុចន្លោះពី១២ដល់១៧ ឆ្នាំ ធ្លាប់ទទួលរងនូវការរំលោភបំពាន និង ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញក្នុងទម្រង់មួយ​ចំនួនជាក់លាក់ នៅឆ្នាំមុនពេលការអង្កេតនេះចាប់ផ្តើម។ ប្រភពដដែលបន្តថា ប្រសិនបើគិត​តាមចំនួនប្រជាជនកម្ពុជានៅក្នុងក្រុមអាយុនេះ បង្ហាញ​ថា មានកុមារប្រមាណ ១៦០ ០០០នាក់ធ្លាប់បានទទួលរងការបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទ​តាមប្រព័ន្ធអនឡាញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ