ក្រុមយុវជនខ្មែរថាវរៈ បានបង្ហាញក្ដីបារម្ភថា តំបន់ភ្នំតាម៉ៅអាចនឹងយកទៅប្រើប្រាស់ក្នុងទិសដៅអ្វីផ្សេង ដោយសារតែទីតាំងនោះត្រូវបានរឹតត្បិតមិនឱ្យចូលទៅពិនិត្យ និងអង្កេតពីការដាំដើមឈើឡើងវិញ ក្រោយពីគម្របព្រៃឈើប្រមាណ៥០០ហិកតា ត្រូវបានក្រុមហ៊ុនឯកជនឈូសឆាយ ក្រោមរូបភាពនៃការអភិវឌ្ឍកាលពីពេលកន្លងទៅ ប៉ុន្តែក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីប្រកាសលុបចោលគម្រោងអភិវឌ្ឍន៍នោះវិញ និងបញ្ជាឱ្យដាំកូនឈើលើតំបន់ដែលឈូសឆាយឡើងវិញ។
យុវជនខ្មែរថាវរៈ និងជា អ្នកការពារធនធានធម្មជាតិ លោក ហ៊ុន វណ្ណៈ បានលើកឡើងថា ការចាប់ខ្លួនពួកលោកកន្លងមក គឺជារូបភាពមួយដែលផ្ទុយពីអ្វីដូចកងអង្គរក្ស និងរដ្ឋាភិបាលប្រកាសថា តំបន់ភ្នំតាម៉ៅនឹងមិនមានការហាមឃាត់ ឬត្រូវបិទបាំងនោះទេ។
លោក ហ៊ុន វណ្ណៈ ថ្លែងថា៖ «នៅតែបារម្ភ នៅតែសង្ស័យហើយនឹងភ័យខ្លាចដែរ ព្រោះថា មកដល់ពេលនេះអត់ទាន់មានរូបភាពណាស្វាមគន៍ឱ្យអ្នកសារព័ត៌មាន ឬក៏សកម្មជនផ្សេងៗដែលចង់ឃើញអីដែលគេធ្វើនៅក្នុងភ្នំតាម៉ៅហ្នឹង វាដល់ណាហើយ ហីគេបានស្ដារតំបន់ហ្នឹងដាំដើមព្រៃឈើយ៉ាងម៉េចក៏អត់ទាន់បានព័ត៌មានអីច្បាស់លាស់ដែរ ព្រោះយើងចូលអត់បាន»។
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២ អ្នកសារព័ត៌មាន វីអូឌី ៥ នាក់ និងយុវជនមួយក្រុមទៀតដែលមានគ្នា ៤នាក់ បានចុះទៅកាន់គោលដៅនោះ ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីការដាំកូនឈើឡើងវិញ ប៉ុន្តែត្រូវកងអង្គរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលឈរជើងបរិវេណទីតាំងដែលបានឈូសឆាយនោះឃាត់ខ្លួន។
លោក ហ៊ីង ប៊ុនហៀង ដែលជាមេបញ្ជាការកងអង្គរក្ស ទទួលស្គាល់ថា ពិតជាមានហេតុការណ៍នេះកើតឡើងពិតមែន ប៉ុន្តែលោកថា ដើមហេតុឈានដល់ការប្រើហិង្សា និងការឃាត់ខ្លួននេះ ព្រោះតែអ្នកទាំង ៩ នាក់នោះមិនបន្ទន់ឥរិយាបថជាមួយអាជ្ញាធរ ខណៈអាជ្ញាធរគ្រាន់តែសួរនាំធម្មតា។
មិនខុសគ្នាដែរ លោក ស្វាយ សំណាង ដែលជា យុវជនខ្មែរថាវរៈម្នាក់ទៀត ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា បញ្ហាភ្នំតាម៉ៅនេះនៅតែជាក្ដីបារម្ភរបស់យុវជន និងបណ្ដាអ្នកស្រលាញ់បរិស្ថាន រួមទាំងប្រជាពលរដ្ឋទូទៅដែរ។ លោកបន្តថា មកដល់ពេលនេះអាជ្ញាធរ នៅតែមិនទាន់បានបើកទ្វារស្វាគមន៍ជាចំហសម្រាប់ក្រុមយុវជន និងពលរដ្ឋដែលមានបំណងចង់ទៅមើលដោយផ្ទាល់ តើថាទីតាំងនោះបានធ្វើអ្វី ក្រោយពីឈូសឆាយរួច និងដាក់ឱ្យដាំកូនឈើឡើងវិញ។
លោក ស្វាយ សំណាង ថ្លែងថា៖ «ការមិនអនុញ្ញាតឱ្យយុវជន និងប្រជាពលរដ្ឋដែលគាត់ចង់ដឹងការវិវឌ្ឍន៍ និងស្ដារគម្របព្រៃឈើនេះមានការលាក់បាំងអ្វីមានការធ្វើរបងមិនឱ្យពួកយើងចូលទៅមើល អានេះខ្ញុំគិតថា វាអាថ៍កំបាំងអីនៅក្នុងការស្ដារគម្របព្រៃឈើហ្នឹង»។
ប្រភពដដែលបន្តថា នេះជាកត្ដាមួយដែលធ្វើឱ្យក្រុមយុវជនមានការសង្ស័យនឹងបារម្ភពីការលាក់បាំងព័ត៌មានរបស់អាជ្ញាធរ។ ក្រោយពីហេតុការណ៍កើតឡើង ក្រុមយុវជនខ្មែរថាវរៈ បានចុះទៅអង្កេតទីតាំងដាំកូនឈើឡើងវិញ ក៏ប៉ុន្តែត្រូវបានកងអង្គរក្សរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឃាត់ខ្លួន និងប្រើប្រាស់ហិង្សាប្រឆាំងក្រុមយុវជន មុននឹងបញ្ជូនពួកគេទៅសាក់សួរនៅ អធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ។
លោក ស្វាយ សំណាង បន្តថា៖ «សម្រាប់ខ្ញុំ រាជរដ្ឋាភិបាលគួរតែផ្ដល់ឱកាសឱ្យក្រុមយុវជនក៏ដូចជា ស្ថាប័ន និងប្រជាពលរដ្ឋទូទៅដែលគាត់ចង់ដឹងអំពីការវិវឌ្ឍន៍នៃការដាំដើមឈើ និងការស្ដារគម្របព្រៃឈើនៅក្នុងតំបន់ភ្នំតាម៉ៅនេះវាដល់កម្រិតណា តើគុណភាពវាទៅតាមស្ដង់ដារដូចដែលប្រជាពលរដ្ឋ និងយុវជនត្រូវដែរឬទេ ត្រង់ចំណុចនេះ រដ្ឋាភិបាលគួរបើកឱ្យក្រុមយុវជនតាមចូលទៅមើលបាន»។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទីស្ដីការគណៈរដ្ឋមន្រ្តី បានចេញសេចក្ដីសម្រេចមួយ ឱ្យក្រុមហ៊ុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលបានសិទ្ធិឈូសឆាយដីព្រៃ នៅតំបន់ភ្នំតាម៉ៅ។សេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តីនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ៦ មករា ឆ្នាំ២០២២ បើកផ្លូវឱ្យមានការវិនិយោគនៅទីនោះ។
ទាក់ទិនបញ្ហានេះ អភិបាលស្រុកបាទី ខេត្តតាកែវ លោក ភួន ឈីម បដិសេធក្នុងការអត្ថាធិប្បាយ ដោយលោកតម្រូវឱ្យអ្នកព័ត៌មាន ចុះទៅដល់ទីតាំងសាលាស្រុកផ្ទាល់ ទើបអាចផ្តល់ព័ត៌មានលម្អិតបាន។
លោក ភួន ឈីម ថ្លែងថា៖ «អញ្ជើញមកដល់សាលាស្រុកមក ខ្ញុំរៀបចំក្រុមការងារបំភ្លឺជូន»។
ដោយឡែក ប្រធានរដ្ឋបាលខេត្ដតាកែវ លោក មាស អ៊ុយ បានមានប្រសាសន៍ថា រាល់គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់នៅក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ត្រូវបាននិរាករណ៍រួចរាល់ហើយ ហើយរដ្ឋបាលខេត្តតាកែវ ក៏គ្មានអ្វីត្រូវបន្ដនឹងធ្វើសកម្មភាពទៀតឡើយ។ មិនតែប៉ុណ្ណោះ ការបិទសិទ្ធិមិនឱ្យចេញចូលតំបន់ដាំកូនឈើឡើងវិញ ក៏មិនមានទៀតនោះដែរ។
លោក មាស អ៊ុយ ថ្លែងថា៖ «សម្រាប់ខេត្តតាកែវ លុបចោលអស់ហើយ អត់មានអីទៀតទេ។ អារឿងហាមឃាត់អីដូចជាអត់មានទេ»។
រដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគឱ្យក្រុមហ៊ុនឯកជនចំនួន៤ អភិវឌ្ឍន៍នៅលើដីទំហំ ១ ៥០០ហិកតា។ ក៏ប៉ុន្តែ ក្រោយមានការរិះគន់ និងប្រតិកម្ម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចលុបចោលរាល់គម្រោងអភិវឌ្ឍន៍ទាំងនោះវិញភ្លាម កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) ចាត់ទុកថា បើតំបន់ភ្នំតាម៉ៅជាតំបន់អភិរក្ស និងត្រូវស្ដារគម្របព្រៃឈើឡើងវិញ មិនគួរមានអ្វីជាអាថ៍កំបាំង និងត្រូវបានហាមឃាត់ទេ ពីព្រោះការចូលរួមការពារធម្មជាតិ វាជាកាតព្វកិច្ចរបស់ពលរដ្ឋ និងយុវជនគ្រប់រូប។ លោក ហេង គឹមហុង ហៅការហាមឃាត់ និងការរឹតត្បិតរបស់អាជ្ញាធរនេះថា ជារឿងដែលមិនគួរបន្ដទៀតនោះទេ។
លោក ហេង គឹមហុង ថ្លែងថា៖ «ខ្ញុំគិតថា អាជ្ញាធរគួរតែបើកទូលាយឱ្យមានការចូលរួមពីចំណោមសាធារណៈជន និងអ្នកចង់ចូលរួមការពារធនធានធម្មជាតិឱ្យបានប្រសើរឡើង ដើម្បីជម្រុញឱ្យមានភាពសកម្មនៅក្នុងចំណោមពលរដ្ឋកម្ពុជាដែលមានលទ្ធភាពពេញលេញក្នុងការអនុវត្ដសិទ្ធិសេរីភាពរបស់ខ្លួន»។
ចំណែក អ្នកសម្របសម្រួលគម្រោងធុរៈកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ថ្លែងថា ការព្រួយបារម្ភរបស់យុវជនគឺជារឿងត្រឹមត្រូវពីព្រោះថា បើសិនគ្រាន់តែជាកន្លែងដាំកូនឈើ មិនគួរជាកម្មវត្ថុនៃការហាមឃាត់ទេ។
លោកបន្តថា ប្រសិនបើអាជ្ញាធរព័ទ្ធរបង នៅបរិវេណទីតាំងដីដែលដាំកូនឈើឡើងវិញដើម្បីការពារខ្លាចមានសត្វទៅបំផ្លាញ វាមិនទាស់ខុសអ្វីឡើយ។ក៏ប៉ុន្ដែបើឈានដល់ការហាមឃាត់មិនឱ្យសាធារណៈជន មានលទ្ធភាពចូលទៅមើល និងតាមដានបាននោះវាធ្វើមានការសង្ស័យថាមូលហេតុអ្វីជាតំបន់នេះ ត្រូវស្ថិតនៅក្នុងបម្រាមទៅវិញ។
លោក វណ្ណ សុផាត ថ្លែងថា៖ «វាអាចក្លាយជាទីតាំងគោលដៅអីផ្សេងទៀតដែលខុសពីអ្វីដែលរដ្ឋាភិបាលបានប្រកាសថា នឹងរក្សាដីហ្នឹងវិញ។ធម្មតាមានការព្រួយបារម្ភចឹងហើយ បើសិនជាមិនឱ្យយុវជនក៏ដូចជា សាធារណៈជនទៅក្បែរបាន វាជារឿងចម្លែកនឹងគួរឱ្យសង្ស័យមែនហ្នឹងហើយ»។
មន្ដ្រីសង្គមស៊ីវិលរូបនេះលើកឡើងថា កន្លងមកមានការចាប់ខ្លួនយុវជន និងអ្នកកាសែតវាសុទ្ធសឹងតែជាព្រឹត្ដិការណ៍មួយដែលបង្ហាញពីការរឹតត្បិត។ជាងនេះទៀត ការដាក់តំបន់នោះ ជាតំបន់អគោចរ បង្ហាញថា អាជ្ញាធរ និងភាគីពាក់ព័ន្ធមានភាពលាក់លៀមព័ត៌មាន ដែលនាំឱ្យការស្តារឡើងវិញនៅគម្របព្រៃឈើ ក្នុងតំបន់ភ្នំតាម៉ៅ ស្ថិតនៅក្នុងមន្ទិលសង្ស័យ៕
រាយការណ៍ដោយ៖ ជា រ៉ាយុទ្ធ