អាជ្ញាធរមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់ស្លាប់ និងជិត២០នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយសារទទួលព័ត៌មានថា ពួកគេពុលថ្នាំបាញ់ចេក នៅក្នុងក្រុមហ៊ុនចម្ការចេក ឡុងស្រេង កាលពីចុងខែតុលា ឆ្នាំ២០២២។
ជំទប់ទី២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ តូតាមកពីគណបក្សភ្លើងទៀន លោក សំ សារិន បានប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា កាលពីថ្ងៃទី២៦ ខែតុលា លោកទទួលបានព័ត៌មានបឋមពីប្រជាពលរដ្ឋ និងកម្មករនៅក្នុងចម្ការចេករបស់ក្រុមហ៊ុន ឡុងស្រេង ស្ថិតនៅមណ្ឌល៣៥ចាស់ ឃុំព្រែកក់ មានករណីកម្មករចម្ការចេកពុលថ្នាំបាញ់ចេក បណ្ដាលឱ្យស្លាប់ចំនួន៤នាក់ និង១៨នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
ជំទប់ទី២រូបនោះបញ្ជាក់ថា ក្រោយពីកើតហេតុ មេឃុំបានចាត់មន្ត្រីឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្រាវជ្រាវជុំវិញរឿងពុលថ្នាំបាញ់ចេកនោះហើយ ប៉ុន្តែលោកថា រហូតមកដល់ថ្ងៃទី១ ខែវិច្ឆិកានេះ មិនទាន់មានព័ត៌មានអ្វីថ្មីនៅឡើយ ដោយថា ខាងមន្ត្រីអាជ្ញាធរឃុំបានចុះធ្វើកំណត់ហេតុរឿងនេះ ប៉ុន្តែមិនដឹងថាកំណត់ហេតុនោះត្រូវបញ្ជូនទៅណាទេ។
លោកមានប្រសាសន៍ថា៖ «មេឃុំប្រើទៅធ្វើកំណត់ហេតុ ប៉ុន្តែខ្ញុំមិនដឹងថាកំណត់ហេតុហ្នឹង គេបញ្ជូនទៅអធិការ ឬដល់ស្នងការខេត្តកំពង់ចាម ឬស្រុកដឹងឮ! ខ្ញុំអត់បានដឹងដែរ»។
លោកបន្តថា ចំណែកសពកម្មករដែលស្លាប់ទាំង៤នាក់នោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែលោកមិនទាន់ឃើញមានក្រុមហ៊ុន ឬអាជ្ញាធរពាក់ព័ន្ធណាមួយចេញមកដោះស្រាយសំណងជូនកម្មករដែលរងគ្រោះនៅឡើយ។
លោក សំ សារិន មានប្រសាសន៍បន្ថែមថា មុនពេលកើតហេតុ លោកធ្លាប់ប្រាប់ទៅមេឃុំ និងអាជ្ញាធរពាក់ព័ន្ធ ស្រង់ស្ថិតិកម្មករក្នុងចម្ការចេកឡុងស្រេងនោះ ដើម្បីងាយស្រួលគ្រប់គ្រងដែរ ប៉ុន្តែភាគីក្រុមហ៊ុនមិនសហការជាមួយអាជ្ញាធរនោះទេ ដោយមានការលាក់បាំងពីចំនួនកម្មករដែលធ្វើការនៅក្នុងក្រុមហ៊ុននោះថែមទៀតផង។
វីអូឌី មិនអាចសុំការបំភ្លឺពីអធិការនគរបាលស្រុកស្ទឹងត្រង់ លោក ឯម វឌ្ឍនា និងលោក ហេង វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ចាម បានទេ នៅថ្ងៃអង្គារ។
តាមវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១ ខែវិច្ឆិកា តាមរយៈការផ្សាយផ្ទាល់របស់អង្គភាពសារព័ត៌មានក្នុងស្រុកឈ្មោះ អេសប៊ីអិល ប៉ុស្តិ៍ (SBL POST) បង្ហាញថា សាច់ញាតិរបស់ក្រុមគ្រួសារនៃសព បានទ្រហោយំ ជាពិសេសកុមារអាយុ១៤ឆ្នាំ ដែលត្រូវបានឪពុកស្លាប់ចោលដោយសារពុលថ្នាំបាញ់ចេកនោះ ហើយសពនោះក៏ត្រូវបានបូជារួចហើយដែរ។
នៅក្នុងបណ្តាញសារព័ត៌មានដែលបង្ហោះនេះ បញ្ជាក់ថា សាកសពកម្មករដែលស្លាប់ដោយសារពុលថ្នាំបាញ់ចេកនោះ បូជានៅក្នុងវត្ត៣៥ ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើសិនជាមានករណីកម្មករពុលថ្នាំបាញ់ចេក បណ្តាលឱ្យស្លាប់មនុស្ស៤នាក់ និងជិត២០នាក់ប៉ះពាល់សុខភាពនិងកំពុងសម្រាកនៅមន្ទីរពេទ្យពិតមែននោះ អាជ្ញាធរពាក់ព័ន្ធត្រូវស្រាវជ្រាវលើករណីនេះ ដើម្បីឱ្យក្រុមហ៊ុនទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះ ។
លោកមានប្រសាសន៍ថា៖ «អាជ្ញាធរពាក់ព័ន្ធគួរតែធ្វើការស៊ើបអង្កេត និងធ្វើការស្រាវជ្រាវទៅលើរឿងហ្នឹង បើមានមនុស្សស្លាប់ដោយសារពុលថ្នាំច្រើន វាជារឿងមួយធ្ងន់ធ្ងរណាស់ ដែលទាមទារឱ្យមានគណៈកម្មការស៊ើបអង្កេតឱ្យមានតម្លាភាព ហើយនឹងចាត់វិធានការដើម្បីទប់ស្កាត់ ហើយបង្ការកុំឱ្យមានរឿងបែបនេះបន្តទៀត»។
បើតាមជំទប់ទី២ ឃុំព្រែកកក់ មកពីគណបក្សភ្លើងទៀន លោក សំ សារិន បានលើកឡើងបន្តថា ចម្ការចេករបស់ក្រុមហ៊ុនឡុងស្រេងនោះ ដាំចេកអំបូង យកទៅលក់នៅប្រទេសចិន ប៉ុន្តែលោកមិនស្គាល់ថាថៅកែក្រុមហ៊ុននោះជាជនជាតិអ្វីឱ្យពិតប្រាកដនៅឡើយ៕