កម្មករ​ជំពាក់​បំណុល​ថៅកែឡឥដ្ឋ​ក្នុង​ខេត្តកំពង់ចាម​ត្រូវបាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ

ឡឥដ្ឋមួយកន្លែងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ (រួន រី)

ស្ត្រី​ម្នាក់​ដែល​អះអាងថាត្រូវបាន​ថៅកែ​ឡឥដ្ឋមួយកន្លែង​ក្នុងឃុំជាលា ស្រុកបាធាយ ខេត្ត​កំពង់ចាម ​ឃាត់ខ្លួនទុកមិនឱ្យចាកចេញពីទីតាំងរបស់ខ្លួន ​ត្រូវ​បាន​ដោះលែងឱ្យមានសេរីភាព​វិញ​ បន្ទាប់​ពី​ក្រុម​គ្រួសារ​របស់គាត់យល់​ព្រម​សង​បំណុល​ចំនួន៥ ០០០ដុល្លារ​ទៅ​កាន់ម្ចាស់ទីតាំងមួយនេះ។

យោងតាមរបាយការណ៍មួយដែលទទួលបានតាមរយៈបណ្តាញទូរសព្ទទាន់ហេតុការណ៍១១៧ កាលពីថ្ងៃទី២៨ ខែតុលា បានឱ្យដឹងថា ស្រ្តីដែលមិនមានការបញ្ជាក់ពីអត្តសញ្ញាណមួយរូបត្រូវបានថៅកែឃុំខ្លួនទុកនៅក្នុងទីតាំងឡឥដ្ឋ ក្នុងឃុំជាលា ខណៈមន្ត្រី​សមត្ថកិច្ច​ស្រុកក៏​បាន​ចុះ​ទៅ​កាន់​ទីតាំង​នៅ​ថ្ងៃ​ដដែល​ ដើម្បី​ពិនិត្យលើករណីនេះ។

របាយការណ៍ដដែលបន្តថា ម្ចាស់ទីតាំង​មិន​អនុញ្ញាត​ឱ្យ​ស្ត្រី​រូបនេះ​ចាកចេញពីឡឥដ្ឋនោះឡើយ​ គឺដោយសារតែគាត់នៅជាប់​ជំពាក់បំណុល។

តាមរយៈការសម្របសម្រួលដោយសមត្ថកិច្ចជាមួយម្ចាស់ឡឥដ្ឋ នៅថ្ងៃទី២៩ ខែតុលា ស្រ្ដីខាងលើនេះគឺត្រូវបានអនុញ្ញាតឱ្យចាកចេញពីទីតាំង បន្ទាប់ពីគ្រួសាររបស់ខ្លួនយល់ព្រមសងប្រាក់៥ ០០០ដុល្លារក្នុងរយៈពេលមួយខែ។

ទាក់ទិននឹងករណីនេះ មេឃុំជាលា លោក លុយ តុងឆេង បានលើកឡើងថា ស្ត្រីរូបនោះ និងប្តីរបស់ខ្លួន កាលពីពេលកន្លងទៅ បានធ្វើការនៅទីតាំងឡឥដ្ឋខាងលើនេះទាំងពីរនាក់ ប៉ុន្តែមានថ្ងៃមួយ ពួកគេក៏បានចាកចេញទីតាំង ដោយនៅពេលដែលត្រលប់មកវិញ គឺឃើញមានតែស្រ្ដីជាប្រពន្ធប៉ុណ្ណោះ។

លោកបន្តថា ម្ចាស់ទីតាំងឡឥដ្ឋ បន្ទាប់មកក៏​មិន​អនុញ្ញាត​ឱ្យ​ស្ត្រីរូបនោះចាកចេញ​ទៀត​ទេ ដោយសារ​តែនៅជំពាក់​បំណុល​។

ទោះជាយ៉ាងណា​ លោក លុយ តុងឆេង បន្ថែមថា៖ «ខាងគ្រួសាររបស់ស្រ្តីរូបនេះបានធានាសងប្រាក់ទៅកាន់ម្ចាស់ទីតាំងឡឥដ្ឋវិញក្នុងរយៈពេលមួយខែ ខណៈម្ចាស់ទីតាំងក៏បានយល់ព្រមប្រគល់សៀវភៅគ្រួសារ សំបុត្រកំណើត និងអត្តសញ្ញាណបណ្ណមកវិញផងដែរ។ បញ្ហានេះ​ត្រូវបានដោះស្រាយ​បញ្ចប់​ហើយ»។

មេឃុំដដែល​បន្តថា ក្រៅពីករណីរបស់ស្រ្តីខាងលើនេះ ក្នុងនោះក៏មានកម្មករប្រមាណ​៥០ទៅ៦០នាក់ផ្សេងទៀតដែលកំពុងតែធ្វើការសងបំណុលនៅក្នុងទីតាំងឡឥដ្ឋមួយនេះ ខណៈមួយចំនួនក៏មានបំណងចង់ចាកចេញពីទីតាំងនេះផងដែរ។

អង្គការ​សម្ព័ន្ធខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ ក៏ធ្លាប់បានចេញរបាយការណ៍មួយក្នុងឆ្នាំ២០១៦ ស្តីពី​ «ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖​ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា​» ដែល​មាន​បង្ហាញ​នូវ​ភស្តុតាង​អំពី​ការ​រីករាល​ដាល​នៃ​ការ​ប្រើប្រាស់​ទម្រង់​ទាសភាព​សម័យ​បច្ចុប្បន្ន​ ក្នុង​ឧស្សាហកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជាផងដែរ​។

របាយការណ៍​នេះ​ត្រូវ​បាន​​ធ្វើ​ឡើង​ដោយ​ផ្អែក​​លើការ​សិក្សា​ស្រាវជ្រាវ​លើ​តំបន់​ផលិតឥដ្ឋ​សំខាន់ៗ​នៅកម្ពុជា​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ​ក្នុងនោះមាន​សិប្បកម្ម​ផលិតឥដ្ឋ​ជាង​១០០​ និង​មាន​កម្មករ​រាប់​ពាន់​នាក់ ​ដែល​ម្ចាស់​សិប្បកម្ម​បានជ្រើសរើស​កម្មករ​​ដោយ​ការ​ផ្តល់​ប្រាក់​កម្ចី​ និង​ការ​ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​គ្រួសារ​ទី​ទ័ល​ក្រ​។​

ម្ចាស់សិប្បកម្ម​ទាំង​នោះ​ធានា​ការ​ផ្ដល់​ប្រាក់​កម្ចី​ដោយ​ការ​សន្យា​របស់​កម្មករ​ថា​ អ្នក​ទាំ​ងនោះ​ត្រូវ​ធ្វើ​ការ​ក្នុង​សិប្ប​កម្ម​រហូត​ដល់​ប្រាក់​កម្ចី​នោះ​ត្រូវ​បាន​ទូទាត់​សង​គ្រប់​ចំនួន​វិញ​។

របាយការណ៍ដដែលបន្ថែមថា ការ​អនុវត្ត​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល ​និង​ពលកម្ម​កុមារ​ ធ្វើ​ឱ្យគ្រួសារ​កម្មករ​ជាច្រើន​ជំនាន់​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ និង​ការ​ជិះជាន់​ឥត​ឈប់​ឈរ ខណៈខ្លួនក៏បាន​សំណូមពរ​ដោយ​ទទូច​ឱ្យរាជ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ជា​បន្ទាន់ ​ដើម្បី​ដោះលែង​កម្មករ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ទាំងអស់​ផងដែរ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Debt Bondage Worker Freed From Kampong Cham Brick Kiln

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ