លោក ហ៊ុន សែន ថ្លែងថា​អំណាច​រដ្ឋសភា​កម្ពុជា​ខ្លាំង បើ​ធៀប​បណ្ដា​ប្រទេស​ដទៃ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អំណាចនៅរដ្ឋសភាកម្ពុជាខ្លាំងជាងគេ បើធៀបទៅនឹងបណ្ដាប្រទេសដទៃ រាប់ទាំងប្រទេសអង់គ្លេស និងប្រទេសម៉ាឡេស៊ី។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែវិច្ឆិកា លោក ហ៊ុន សែន ថ្លែងវាយបកអ្នករិះគន់មួយចំនួនដែលជំទាស់ទៅនឹងវិសោធនរដ្ឋធម្មនុញ្ញ ព្រមទាំងរិះគន់ការតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី លោក ឌិត ទីណា កាលពីពេលថ្មីៗនេះ។

លោកបន្តថា បើទោះបីព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ត្រី ឬចាត់តាំងនាយករដ្ឋមន្ត្រី ឱ្យបង្កើតរដ្ឋាភិបាលក៏ដោយ ក៏ប៉ុន្តែត្រូវយកទៅសុំការទុកចិត្តនឹងអំណាចរដ្ឋសភាដែរ។ ផ្ទុយពីបណ្ដា​ប្រទេសមួយចំនួន រាប់ទាំងប្រទេសអង់គ្លេស តួនាទីសភាស្ទើរតែគ្មាន ដោយសារការតែងតាំងតំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសអង់គ្លេស មិនចាំបាច់សុំការទុកចិត្តពីរដ្ឋសភាឡើយ។

លោកមានប្រសាសន៍ថា៖ «ពិតហើយ! សមាជិកគណបក្សអភិរក្ស ​​មិនបោះឆ្នោតឱ្យលោក Sunak ដែលជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ ​នៅពេលនោះ ហើយនាយករដ្ឋមន្ត្រី នាពេលនេះ ​ដែលគាត់ជាជនជាតិឥណ្ឌានោះ ​ធ្វើជានាយករដ្ឋមន្រ្តីទេ! គាត់បោះឆ្នោតឱ្យលោកជំទាវ Truss ប៉ុន្តែលោកជំទាវ Truss គាត់ឈ្នះនៅក្នុងការបោះ​ឆ្នោត។ ពេលដែលឈ្នះ គាត់ចូលគាល់ចំពោះព្រះមហាក្សត្រិយានី អេលី ហ្សាប៊ែត ដូចត្រឹមតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ ​ចេញបន្ទាប់ទៅ ព្រោះមហាក្សត្រ [មហាក្សត្រិយានី] អាលី ហ្សាប៊ែត ក៏សោយទិវង្គត។ ​តែអ្នកស្រី Truss បានក្លាយជានាយកមន្ត្រី មិនចាំបាច់ទៅឆ្លងសភាទេ​ ខ្លួនគាត់ក៏មិនចាំបាច់ទៅឆ្លងសភា បោះឆ្នោតសុំការទុកចិត្តពីសភា ​​ហើយគាត់តែងតាំងរដ្ឋមន្ត្រី ក៏មិនចាំបាច់​សុំការទុកចិត្ត»​។

ចំណែកប្រទេសកម្ពុជា លោក ហ៊ុន សែន ថ្លែងថា ដ្បិតព្រះមហាក្សត្រតែងតាំងឱ្យបុគ្គលណាមួយធ្វើនាយករដ្ឋមន្ត្រី ដើម្បីរៀបចំរដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា រដ្ឋាភិបាលនោះជារដ្ឋាភិបាលផ្លូវការបានទេ ប្រសិនបើមិនបានសុំការទុកចិត្តនិងបោះឆ្នោតពីរដ្ឋសភា មុនឈានទៅសុំព្រះរាជក្រឹត្យតែងតាំងរដ្ឋាភិបាលនោះ។

លោកថា៖ «ការដកនាយករដ្ឋមន្ត្រី គឺនាយករដ្ឋមន្ត្រីមានសិទ្ធិដក ព្រោះនេះ ច្បាប់អនុញ្ញាតឱ្យដក បូកនឹងមាត្រា២១នៃរដ្ឋធម្មនុញ្ញដែលព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិឡាយព្រះហស្ដលេខាក្នុងការដក ដាក់ មន្ត្រីនានា ទាំងរដ្ឋបាល ទាំងតុលាការ ប៉ុន្តែច្បាប់ស្ដីពីការចាត់តាំង និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី បានចែងច្បាស់ថា នាយករដ្ឋមន្ត្រីមានសិទ្ធិដករដ្ឋមន្ត្រី តាមរយៈព្រះរាជក្រឹត្យស្នើទៅព្រះមហាក្សត្រ ប៉ុន្តែនៅពេលតែងតាំងរដ្ឋមន្ត្រីឱ្យចូលកាន់តំណែង យើងត្រូវសុំការទុកចិត្តពីសភា។ អ៊ីចឹងតួនាទីសភា វាខ្លាំងជាងប្រទេសដទៃ រាប់ទាំងប្រទេសអង់គ្លេស ឬប្រទេសម៉ាឡេស៊ី»។

ការថ្លែងអះអាងនេះធ្វើឡើងបន្ទាប់អង្គការសង្គមស៊ីវិល គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនបានរិះគន់រដ្ឋាភិបាលកម្ពុជា បន្ទាប់ពីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមលើកទី១០ លើចំនួន៨មាត្រា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។  ពួកគេបានបង្ហាញក្ដីបារម្ភ និងរិះគន់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ និងធម្មនុញ្ញបន្ថែមលើកទី១០ បានកាត់​បន្ថយ​អំណាច​​សភា និងប៉ះ​ពា​ល់ដ​ល់​ប្រព័ន្ធ​សភានិយមអាស្រ័យធម្មនុញ្ញ​នៅកម្ពុជា។

បើតាមមាត្រា១១​​៩នៃរដ្ឋធម្មនុញ្ញដែល​ស្នើកែនោះ​​ បា​ន​ផ្តល់​សិទ្ធិអំ​ណាចឱ្យទៅ​គ​ណ​ប​ក្សដែ​​​លមា​ន​សំ​ឡេ​ង​​ឆ្នោតនាំមុខគេ ជាអ្ន​កស្នើផ្ទាល់​​ទៅ​ព្រះមហា​ក្ស​ត្រ ដើម្បីចា​ត់តាំ​ងនា​យ​ករ​ដ្ឋម​ន្ត្រី​​ ខណៈមាត្រា១១៩ចាស់នៃរដ្ឋធម្មនុញ្ញ បាន​ផ្ដល់សិទ្ធិអំណាច​ឱ្យ​ទៅ​ប្រធានរដ្ឋស​ភា ដោយ​មាន​ការឯកភាពពីអនុប្រធានទាំងពីរ ជា​អ្នកសើ្នទៅអង្គ​ព្រះមហាក្ស​​ត្រ ក្នុ​​ងកា​​រតែ​​​ង​តាំ​​ង​វីរ​ជ​ន ​ដើ​ម្បីបង្កើ​តរដ្ឋាភិបាលថ្មី។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ប្រសិនបើមើលត្រឹមរូបភាពខាងក្រៅ សភាមានអំណាចជាងសភាអង់គ្លេសពិតមែន ប៉ុន្តែអំណាចសភាជាក់ស្ដែងស្ថិតនៅក្រោមឥទ្ធិពលអ្នកនយោបាយ ដោយសាររដ្ឋាភិបាលបានធ្វើច្បាប់បោះឆ្នោតមួយចងសភា។ បន្ថែមពីនេះ សភារបស់ប្រទេសលោកសេរី មានឯករាជ្យភាព ដោយមិនស្ថិតនៅក្រោមឥទ្ធិពលអ្នកនយោបាយ និងគិតប្រយោជន៍ជាតិជាធំ។

លោកថា៖ «សមាជិកសភានៅលោកខាងលិច គេមានឯករាជ្យគេត្រង់ហ្នឹង គេអត់ស្ដាប់អ្នកណាគេ! មានសុច្ឆន្ទៈ គេមានឧត្ដមគតិ គេគិតថា មតិគំនិតមិនឆ្លើយតបផលប្រយោជន៍ជាតិទេ គេអាចជំទាស់បាន។ ដោយឡែក សភានៅកម្ពុជាមិនដែលហ៊ានជំទាស់ ឬក៏លើកពហិកាទៅនឹងគំនិតទស្សនៈមេបក្សរបស់ខ្លួន ហើយមេបក្សនៅកម្ពុជា គឺនាយករដ្ឋមន្ត្រីហ្នឹង។ អំណាចនៅក្នុងកម្ពុជា វាហាក់ដូចជាអំណាចប្រមូលផ្ដុំទៅហើយ ដែលយើងនិយាយទៅ»។

មាត្រា១៣៩នៃច្បាប់បោះឆ្នោត ចែងថា សមាជិករដ្ឋសភាត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន ករណីសាម៉ីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនបាយរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ