តំណាងពលរដ្ឋមានវិវាទដីធ្លីនៅខេត្តសៀមរាបខកចិត្ត ក្រោយអាជ្ញាធរស្រុកមិនបានចុះមកជួបតាមការសន្យា

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

តំណាង​​ពលរដ្ឋ​​២១០គ្រួសារ នៅភូមិស្នាសង្គ្រាម ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខកចិត្ត ដែលអភិបាលស្រុកប្រាសាទបាគង មិនបានចុះមកជួបពលរដ្ឋពាក់ព័ន្ធបញ្ហាដីធ្លីរ៉ាំរ៉ៃតាមការសន្យា ខណៈអភិបាលស្រុកអះអាងថា គាត់មិនបានសន្យាថាមកជួបពលរដ្ឋនៅថ្ងៃអង្គារនេះឡើយ។

ការខកចិត្តនេះកើតឡើងក្រោយពេលពួកគាត់បានទទួលដំណឹងពីមេភូមិថា អភិបាលស្រុកប្រាសាទបាគង នឹងចុះមកជួបពលរដ្ឋភូមិស្នាសង្គ្រាម នៅថ្ងៃទី១ ខែវិច្ឆិកា។ យ៉ាងណា មិនបានឃើញអភិបាលស្រុកចុះមកជួបតាមការណាត់ឡើយ ហើយពលរដ្ឋបានបន្តរង់ចាំស្ទើរពេញមួយថ្ងៃ។

ពលរដ្ឋរស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក សំ មុំ ប្រាប់ VOD ថា គាត់និងអ្នកភូមិប្រមាណ១០០នាក់ផ្សេងទៀត តំណាងឱ្យ​ពលរដ្ឋមានវិវាទដីធ្លីសរុប២១០គ្រួសារបានប្រមូលផ្តុំគ្នានៅកណ្តាលភូមិ រង់ចាំអភិបាលស្រុក ដើម្បីជួយដោះស្រាយបញ្ហាដីធ្លីរ៉ាំរ៉ៃ​ ដែលអាជ្ញាធរអប្សរាបានវាទីយកតាំងពីឆ្នាំ២០០៥។

លោកថា ការប្រមូលផ្តុំរង់ចាំនេះ គឺបន្ទាប់ពីពួកគាត់ទទួលព័ត៌មានពីអាជ្ញាធរភូមិ កាលពីថ្ងៃទី២៩ ខែតុលា ថាអភិបាលស្រុកប្រាសាទបាគង នឹងចុះមកជួបពលរដ្ឋជួយដោះស្រាយពាក់ព័ន្ធរឿងដីធ្លីនេះនៅថ្ងៃទី១ ខែវិច្ឆិកា។

លោកថា៖ «ខាងគាត់សន្យាថាគាត់មក ដល់ពេលអត់មក យើងសោកស្តាយមែន។ ប្រជាពលរដ្ឋគាត់ខំមកអង្គុយរង់ចាំ ដោយសារថាខាងស្រុកខាងអីគេចុះមក។ យើងសង្ឃឹមថាគាត់មកជួយដោះស្រាយប្រជាពលរដ្ឋ តែដល់ពេល អត់ឃើញគាត់មក»។

លោកថា នៅថ្ងៃទី២ ខែវិច្ឆិកា ​ពលរដ្ឋនឹងប្រមូលផ្តុំគ្នាទៅរកដំណោះស្រាយដល់សាលាស្រុកតែម្តង។

ពលរដ្ឋមួយរូបទៀត លោក រ៉ាន់ រ៉ា លើកឡើងថា គាត់ពិតជាបានទទួលព័ត៌មានពីមេភូមិស្នាសង្គ្រាម ថាអភិបាលស្រុកប្រាសាទបាគង នឹងចុះមកជួបពលរដ្ឋនៅថ្ងៃទី១ ខែវិច្ឆិកា​។ យ៉ាងណា អ្នកភូមិមិនបានឃើញវត្តមានអភិបាលស្រុក នៅថ្ងៃអង្គារនេះឡើយ។

លោកថា៖ «ខកចិត្ត! ចេះតែចាំមើលតាំងពីព្រលឹម ថាចាំគាត់ចុះមកសហការគ្នា។ ថាថ្ងៃទី១ [វិច្ឆិកា] មកដល់ថ្ងៃទី១ អត់ឃើញ ប្រជាជនសួរខ្ញុំឡើងវ៉ូស។ មេភូមិ [ស្នាសង្គ្រាម]​ ប្រាប់ខ្ញុំថា អភិបាលស្រុកប្រាសាទបាគងមក»។

ចំណែកអភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង ថ្លែងថា លោកមិនបានសន្យាចុះទៅជួបពលរដ្ឋនៅថ្ងៃនេះទេ ​។ យ៉ាងណា លោក​មិនទាន់ដឹងទេថានឹងឱ្យក្រុមការងារចុះទៅតំបន់មានវិវាទដីធ្លីនេះនៅពេលណានោះឡើយ ដោយគ្រាន់តែប្រាប់ឱ្យអ្នកភូមិស្ងាត់ស្ងៀមសិន។

លោក សូរ ប្លាតុង ថ្លែងថា៖ «អត់ទេ! ខ្ញុំមានបានថាចុះទៅឯណា! យើងបានប្រាប់គ្នាអស់ហើយតើ! ខ្ញុំបានប្រាប់ហើយ ទី១ ក្រុមការងារយើងនឹងចុះទៅ។ ចុះទៅភ្លាមៗម៉េច? បើយើងត្រូវរៀបចំឯកសាររៀបចំអីសិនឱ្យបានច្បាស់។ ទី២ យើងនឹងទៅខាងអប្សរា ដើម្បីសួរនាំគាត់ខ្លះដែរ ថាការងារហ្នឹងត្រូវដោះស្រាយយ៉ាងម៉េច។ ហើយទី៣ ឱ្យបងប្អូននៅស្ងាត់ស្ងៀមសិន ដើម្បីរង់ចាំយើងផ្តល់ព័ត៌មានទៅគាត់»។

មេភូមិស្នាសង្គ្រាម លោក ពេញ ព្រន បដិសេធនូវការលើកឡើងរបស់អ្នកភូមិ ដោយថា អ្នកភូមិស្តាប់ច្រឡំ ព្រោះតាមពិត គាត់គ្រាន់តែប្រាប់ឱ្យអ្នកភូមិមកប្រជុំគ្នានៅថ្ងៃទី១ ខែវិច្ឆិកា ដើម្បីប្រាប់ឱ្យពួកគាត់វាស់វែងកំណត់ព្រំដីរបស់ខ្លួនឱ្យរួចសិន ដើម្បីត្រៀមទៅរកដំណោះស្រាយជាមួយអភិបាលស្រុកនៅថ្ងៃទី២ ខែវិច្ឆិកា។

លោក ពេញ ព្រន ថា៖ «វាខុសគ្នាទេ! ចៅហ្វាយស្រុក គាត់ជម្រាបប្រាប់មកប្រជាពលរដ្ឋ ថាឱ្យប្រជាពលរដ្ឋមកវាស់ដី សម្គាល់ព្រំខ្លួនឯងមក។ រួចពេលណា គាត់នឹងឱ្យជំនាញរបស់គាត់ត្រួតពិនិត្យបន្ថែម។ ហើយដល់ប្រជាពលរដ្ឋ គាត់ចេះតែចាំមើល គាត់ធ្វើរួចហើយ! ប្រជាពលរដ្ឋ ដូចដឹងស្រាប់ហើយ គាត់ចង់បានតែការងារអ្វីមួយទៅលឿន។ ដល់អភិបាលស្រុក គាត់មិនដឹងជារវល់ ឬមិនដឹងម៉េច គាត់មិនឃើញមានការឆ្លើយតបចំពោះប្រជាពលរដ្ឋវិញ ថាគាត់អញ្ជើញមកថ្ងៃណា អីថ្ងៃណី! ត្រង់ហ្នឹង ខ្ញុំអត់ទាន់ដឹងទេ»។

​អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌល​​​សិទ្ធិ​​កម្ពុ​​ជា លោក វណ្ណ សុផាត យល់ថា តាមបទពិសោធ ករណីនេះអាចដោយសារតែមានការភ័ន្តច្រឡំណាមួយ និងមានការឆកល្វែងក្នុងប្រព័ន្ធការងារគ្រប់គ្រងព័ត៌មានរបស់ថ្នាក់ស្រុក និងថ្នាក់មូលដ្ឋាន។ ដូច្នេះ លោកថា អាជ្ញាធរគួរផ្តល់ព័ត៌មានឱ្យបានជាក់លាក់ដល់ពលរដ្ឋ ដើម្បីឱ្យពួកគេមានជំនឿចិត្តនាពេលក្រោយៗទៀត។

លោក វណ្ណ សុផាត ថ្លែងថា៖ «អាជ្ញាធរ ពិសេសស្ថាប័នដែលមានសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធហ្នឹង មិនត្រូវទុកយូរដល់ថ្នាក់ហ្នឹងទេ ដល់រាប់ទសវត្សរ៍ ២ទសវត្សរ៍អីហើយនោះ។ ហើយរឿងដីធ្លីហ្នឹង បើសិនជាកន្លែងណាដែលចង់ដោះស្រាយ យើងមើលថា បើដោះស្រាយឱ្យក្រុមហ៊ុន ដោះស្រាយឱ្យឧកញ៉ាអីលឿន! ហើយដល់ដោះស្រាយឱ្យប្រជាពលរដ្ឋហ្នឹង ឃើញថារហូតដល់រាប់ទសវត្សរ៍អ៊ីចឹង។ ជួនកាលទៅ សម្បទានដីសេដ្ឋកិច្ចមួយចំនួនប្រើរយៈពេលតែពីរបីខែយ៉ាងយូរអីហ្នឹង គឺថាចេញលទ្ធផល ប៉ុន្តែដោយឡែកខាងប្រជាពលរដ្ឋ ឃើញថាក្នុងពេលកន្លងមកនេះឈានដល់រាប់ទសវត្សរ៍»។

លោកបន្តថា៖ «អ៊ីចឹងយើងមើលទៅឃើញថា អាជ្ញាធរ និងស្ថាប័នដែលមានសមត្ថកិច្ច ហាក់បីដូចជាមើលរំលង ហើយអនុវត្តនូវច្បាប់ហ្នឹងមិនស្មើភាពគ្នារវាងប្រជាពលរដ្ឋដែលក្រីក្រ ហើយនឹងក្រុមហ៊ុនឬមួយក៏ឧកញ៉ា អ្នកមានអំណាច។ អ៊ីចឹងទៅឃើញថា វាមានអតុល្យភាពត្រង់ចំណុចហ្នឹង សង្គមយើងបច្ចុប្បន្ន»។

កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ក្រុមប្រជាពលរដ្ឋជាង១០០នាក់ដែលអះអាងថាតំណាងឱ្យពលរដ្ឋ២១០គ្រួសារ លើទំហំដី១៦០ហិកតា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានលើកគ្នា​មកតវ៉ានៅមុខសាលាខេត្ត ដើម្បីទាមទារ​សំណងដីធ្លីសមរម្យតាម​តម្លៃទីផ្សារ ខណៈ​មន្ត្រីធ្លាប់សន្យាថានឹងទូទាត់សំណងជូនពួកគាត់​ តែ​ពួកគេ​មិនបានគោរពសន្យាឡើយ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ