ពលរដ្ឋជាង២០០គ្រួសារនៅខណ្ឌឫស្សីកែវទាមទារអភិវឌ្ឍន៍នៅកន្លែងនិងបណ្ណកម្មសិទ្ធិ ខណៈអាជ្ញាធរឱ្យដូរទៅទីតាំងថ្មី

ពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋចំនួន​២៤៤គ្រួសារ នៅភូមិ​ឡ​កំបោរ សង្កាត់ស្វាយ​ប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់​ពី​គម្រោង​ពង្រីក​ផ្លូវ​ ផ្ដល់បទសម្ភាស អំឡុងពេលចេញទាម​ទារ​អភិវឌ្ឍន៍​នៅ​កន្លែង និ​ង​ចេញបណ្ណកម្មសិទ្ធិ ខណៈ​អាជ្ញាធរ​ឱ្យពួកគេដោះដូរទៅទីតាំង​ថ្មី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋចំនួន​២៤៤គ្រួសារ នៅភូមិ​ឡ​កំបោរ សង្កាត់ស្វាយ​ប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់​ពី​គម្រោង​ពង្រីក​ផ្លូវ​ ទាម​ទារ​អភិវឌ្ឍន៍​នៅ​កន្លែង និ​ង​ចេញបណ្ណកម្មសិទ្ធិ ខណៈ​អាជ្ញាធរ​ឱ្យពលរដ្ឋទាំងនោះដោះដូរទៅទីតាំង​ថ្មី។

ប្រជាពលរដ្ឋជាង១០០នាក់ តំណាងពលរដ្ឋ២៤៤គ្រួសារ នៅថ្ងៃអង្គារនេះ បាន​ជួបជាមួយ​តំណាង​រដ្ឋបាល​រាជធានីភ្នំពេញ ដើម្បីជជែកចរចារកដំណោះស្រាយរឿង​ដីធ្លី ក្រោយពីវិវាទដីធ្លី​កើត​ឡើង​ជាង​៣ឆ្នាំមកហើយ​។

ពលរដ្ឋម្នាក់រស់នៅភូមិឡកំបោរ អ្នកស្រី ឡុង ប៉ុច ប្រាប់វីអូឌី​ក្រោយជួបជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ​ថាអ្នក​ភូមិ​បានទៅរស់​នៅ​លើដីមាន​ជម្លោះនោះតាំងពីឆ្នាំ១៩៩០ រហូតមកដល់បច្ចុប្បន្ននេះ ដោយអាជ្ញាធរ​មិន​បាន​ចេញ​បណ្ណកម្មសិទ្ធិជូនឡើយ ទោះ​ពួក​គាត់​បាន​ស្នើ​សុំ​ច្រើន​ដង​ក៏​ដោយ ប៉ុន្តែអាជ្ញាធរបែរជា​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ដល់​អ្នក​មានលុយមានអំណាចដែលមានដីជាប់នោះ។

ពលរដ្ឋរូបនេះ​បន្ត​ថា កាលពីចុងឆ្នាំ២០១៩ អាជ្ញាធរបាន​ជូនដំណឹងពីគម្រោ​ងពង្រីកផ្លូវ ៣០ម៉ែត្រ ទៅ​ដល់​ប្រជាពលរដ្ឋដែលរស់នៅ​ជុំវិញ​តំបន់​​នោះ ដោយគម្រោង​នេះបានធ្វើឱ្យ​​ប៉ះពាល់​ដល់​ដី​ទាំងស្រុង​របស់ប្រជាពលរដ្ឋ​​ខ្លះ និងខ្លះទៀតពាក់កណ្ដាល ហើយ​អាជ្ញាធរបានស្នើដល់ប្រជាពលរដ្ឋដោះដូរទៅទីតាំង​ថ្មី នៅ​តំបន់​អភិវឌ្ឍន៍​ព្រែកអូរ​វែង ស្ថិតនៅភូមិបឹងស្រឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ​វិញ ប៉ុន្តែពលរដ្ឋមិនព្រម។

អ្នកស្រីបន្ថែមថា៖ «ប្រជាពលរដ្ឋរស់នៅទីនេះ​៣០ឆ្នាំហើយ មិនមាន​បណ្ណក​ម្មសិ​ទ្ធិ ប៉ុន្តែបុរី​គេ​ទើប​មក​នៅ​បាន​២ឆ្នាំ​ គេ​បានបណ្ណកម្មសិទ្ធិ អ៊ីចឹងវាអយុត្តិធម៌សម្រាប់ពួកខ្ញុំណាស់។ គេនិយាយរឿងគេអភិវឌ្ឍន៍ ខ្ញុំសួរថាអភិវឌ្ឍន៍ហ្នឹងឱ្យប្រជាជនកាន់​តែ​លិច​លង់ ​ឬ​មួយ​ក៏​អភិវឌ្ឍន៍​ឱ្យ​ប្រជាជន​កាន់​តែ​រីក​ចម្រើន។ ពាក្យថា “អភិវឌ្ឍន៍” មិនមែនអភិវឌ្ឍឱ្យតែរដ្ឋាភិបាល​មាន​បាន ប៉ុន្តែ​ប្រជាជន​រស់​នៅ​វេទនានោះទេ! ពាក្យថា “អភិវឌ្ឍន៍” គឺធ្វើឱ្យរីកចម្រើនទាំងរដ្ឋាភិបាល និងប្រជាពលរដ្ឋ»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឡុង ដារ៉ា បាននិយាយថា គ្រួសារអ្នកស្រីមានក្បាលដី១០ម៉ែត្រគុណ២៥ម៉ែត្រប៉ុណ្ណោះ ខណៈពលរដ្ឋផ្សេងទៀត​មាន​ក្បាល​ដី​ចន្លោះពី​៥ម៉ែត្រទៅ១០ម៉ែត្រ និងបណ្តោយ​ជាង​២៥​ម៉ែត្រ។ អ្នកស្រីថា អ្នកភូមិនៅទីនោះប្រកបរបររកស៊ីលក់ដូរតាមចិញ្ចើមផ្លូវ ដូច្នេះ​ពួកគាត់​មិនអាចដោះ​ដូ​រ​ដីទៅកាន់ទីតាំង​ផ្សេង​​បានទេ​​ ដោយបារម្ភ​ពី​ការ​បាត់​បង់​មុខរបរ និងមានបញ្ហាជីវភាពគ្រួសារ។

អ្នកស្រីបន្តថា ពលរដ្ឋទាំង២៤៤គ្រួសារទាមទារការ​អភិវឌ្ឍ​នៅនឹងកន្លែង និងស្នើសុំ​បណ្ណកម្មសិទ្ធិ ហើយ​ការ​ពង្រីក​ផ្លូវ​៣០ម៉ែត្រ​នោះ​ សុំឱ្យកាត់ដីខាងបុរីពាក់កណ្ដាល។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំទទូចដល់ប្រមុខរដ្ឋាភិបាល សូមជួយដោះស្រាយដល់កូនចៅឱ្យបានរស់នៅលើភូមិឋាន​ហ្នឹង​ផង និងចេញ​បណ្ណ​កម្មសិទ្ធិដីធ្លីហ្នឹងជូនកូនចៅឱ្យបានស្របច្បាប់ដូចខាងបុរីផង។ ខាងបុរីគេអាចធ្វើបណ្ណកម្មសិទ្ធិបាន ចុះហេតុអីកូនចៅអត់​បាន​កម្ម​សិទ្ធិ? ហេតុអីគិតតែចង់ផ្លាស់​ប្តូរឱ្យកូន​ចៅ​ទៅ​កន្លែងផ្សេង​វិញ? ព្រោះកូនចៅបានមករស់នៅយូរណាស់មកហើយ»

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍ថា លោកកំពុងជាប់រវល់ប្រជុំ មិនទាន់អាចនិយាយបាន ខណៈ​វីអូឌី​​មិន​អាច​សុំការឆ្លើយតបពី​អភិបាល​​ខណ្ឌឫស្សីកែវ លោក ជា ពិសី បានទេ ជុំវិញរឿងនេះ។

អ្នកសម្រប​សម្រួល​គម្រោង​ធុរកិច្ច និងសិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា កន្លងមក លោកសង្កេត​ឃើញ​ការ​ដោះ​ស្រាយ​បញ្ហា​ផល​ប៉ះពាល់ ឬបញ្ហាដីធ្លីរបស់អាជ្ញាធរមានស្តង់ដារពីរ ដោយអនុវត្តចំពោះតែប្រជាពលរដ្ឋក្រីក្រ ហើយពួកគេ​មិន​ដែល​ទទួល​បាន​យុត្តិធម៌នោះ​ទេ ប៉ុន្តែសម្រាប់អ្នកមានលុយមានអំណាចវិញមិន​ត្រូវបានអនុវត្តឡើយ។

មន្ត្រីសិទ្ធិមនុស្សរូប​នេះបានទទូចដល់អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយករណីនេះ ដោយឈរលើគោលការណ៍យុត្តិធម៌និងតម្លាភាព ដើម្បីចៀសវាង​ផល​ប៉ះពាល់ទៅ​ដល់សិទ្ធិនិងជី​វភាព​រស់នៅ​របស់ប្រជាពលរដ្ឋ​​ ដែល​ធានាដោយ​ច្បាប់​ជាតិនិងអន្តរជាតិ។

លោកបន្ថែមថា៖ «យើងមិនចេះតែថាឱ្យតែប្រជាពលរដ្ឋរស់នៅដីសាធារណៈរបស់រដ្ឋ ត្រូវតែបណ្តេញពួកគាត់ចេញ ដោយបោះបង់ពួកគាត់ចោលនោះទេ! អាហ្នឹងវាមិនអនុលោម ឬមិនគោរពទៅតាម​ច្បាប់​សិទ្ធិ​មនុស្សរបស់​អង្គការសហប្រជាជាតិនោះទេ។ អ៊ីចឹងរដ្ឋាភិបាលគួរតែលោកគិតគូរដោះស្រាយ​ឱ្យបានច្បាស់លាស់ មិនត្រូវទម្លាក់ចោលការទទួលខុសត្រូវ​អ៊ីចឹង​ទេ»

បើតាមព​លរដ្ឋ​ កន្លងមក ពួកគាត់ធ្លាប់បានរកកិច្ចអន្តរាគមន៍​ពីស្ថានប័នមួយចំនួន ដូចជា ​រដ្ឋសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និង​ស្ថាប័នរដ្ឋផ្សេងទៀត ដើម្បីស្នើឱ្យ​មានកិច្ច​អន្តរាគមន៍​ជួយជំរុញទៅអាជ្ញាធរពាក់ព័ន្ធ​ចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ប៉ុន្តែរហូតមកដល់លពេលនេះ ពុំទាន់​មានដំណោះស្រាយណាមួយនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ