អ្នកស្រី រ៉ូហ្សិត ប្ដឹង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរចារ​មកពី​បក្សកាន់អំណាច​មួយរូប​ករណី​ប្រើ​ហិង្សា​លើខ្លួន

ចៅសង្កាត់រងទី២ នៅសង្កាត់អូរចារ ខេត្តបាត់ដំបង មកពីគណបក្សភ្លើងទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត និងសមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតមកពីគណបក្សប្រជាជន អ្នកស្រី យាន រ៉ាស៊ី នៅសាលាសង្កាត់អូរចារ ខេត្តបាត់ដំបង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុកអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត)

ចៅសង្កាត់រងទី២ នៅសង្កាត់អូរចារ ខេត្តបាត់ដំបង មកពីគណបក្សភ្លើងទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត បានឱ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្ដឹងទៅកាន់នគរបាលយុត្តិធម៌ ប្រឆាំងនឹងសមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតមកពីគណបក្សប្រជាជនមួយរូបដែលបានប្រើហិង្សាលើអ្នកស្រី បន្ទាប់ពីទាស់ពាក្យសម្ដីគ្នា​រឿងការងារ។

យោងតាមវីដេអូផ្សាយផ្ទាល់មួយនៅលើបណ្ដាញសង្គមហ្វេសបុក (Facebook) របស់ចៅសង្កាត់រងទី២ខាងលើ ដែលថតចេញពីសាលា​សង្កាត់​អូរចារ កាលពីថ្ងៃទី២៦ ខែតុលា សប្ដាហ៍មុន ក្នុងនោះ គេសង្កេតឃើញថា ជម្លោះមួយនេះបានកើតឡើង ខណៈសមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតមកពីគណបក្សប្រជាជន អ្នកស្រី យាន រ៉ាស៊ី បានធ្វើសកម្មភាព​ឆក់យកទូរសព្ទពីដៃ និងខ្ទប់មុខ​អ្នកស្រី រ៉ូហ្សិត ក្នុងចេតនារារាំងអ្នកស្រីកុំឱ្យថតផ្សាយវីដេអូ។

ទាក់ទិននឹងករណីនេះ ចៅសង្កាត់​អូរចារ លោក ឯម សុផល បានលើកឡើងថា ការទាស់ពាក្យសម្ដីគ្នានេះកើតឡើងបន្ទាប់ពីអ្នកស្រី យាន រ៉ាស៊ី បានស្នើឱ្យភ្នាក់ងារសង្កេតការណ៍បោះឆ្នោតមកពីគណបក្សភ្លើងទៀន ធ្វើជាសាក្សីសម្រាប់ប្រជាពលរដ្ឋមួយរូបដែលសុំធ្វើសំបុត្រកំណើត។

លោកបន្តថា អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត នៅថ្ងៃបន្ទាប់ ក៏ស្រាប់តែមកកាន់សាលាសង្កាត់ ដើម្បី​ជំទាស់​នឹង​សំណើ​នេះ ដែល​នាំ​ឱ្យមាន​ជាការ​ប៉ះ​ទង្គិច​គ្នាតែម្ដង។

ដោយបដិសេធថាករណីនេះមិនបានបង្កជាអំពើហិង្សាអ្វីធ្ងន់ធ្ងរ លោក ឯម សុផល បន្ថែមថា​៖ «ដូចយើងដឹងស្រាប់ហើយអំ​ពី​អាកប្បកិរិយា​របស់គាត់ [អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត] បើ​ថា​មិនបានបញ្ចេញ​កំហឹង គឺគាត់​​និយាយ​មិនចេញនោះទេ​។ គាត់មិនគួរស្រែក​ខ្លាំងៗ ហើយ​វាយ​​តុ​បែបនេះឡើយ​។ វា​ជា​រឿងដ៏​គួរ​ឱ្យ​អាម៉ាស់»។

ទោះជាយ៉ាងណា អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត បានឱ្យដឹងនៅក្នុងវីដេអូមួយផ្សេងទៀតថា ប្រជាពលរដ្ឋដែលស្នើសុំធ្វើសំបុត្រកំណើតនោះ គឺជាស្ត្រីចំណាស់មួយរូបដែលត្រូវបានស្គាល់ថាជាអ្នកដែលមានសតិមិនប្រក្រតី ខណៈមន្ត្រីសង្កាត់មិនគួរយកករណីបែបនេះមកលេងសើចលើស្ត្រីរូបនោះ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតមកពីបក្សភ្លើងទៀននោះទេ។

អ្នកស្រីថា៖ «ខ្ញុំបានប្រាប់គាត់ថា នេះមិនមែនជារឿងលេងសើចនោះទេ។ អ្នកអាចលេងសើចបែបនេះជាមួយសមាជិករបស់អ្នកបាន ប៉ុន្តែ​មិនមែនជាមួយសមាជិកគណបក្សភ្លើងទៀន ជា​ពិសេស​ជាមួយ​មនុស្ស​ដែល​មានសតិមិនប្រក្រតីបែបនេះ»។

ជាមួយគ្នានេះ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត ​បន្ថែម​ថា ​គាត់ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់នគរបាលយុត្តិធម៌ ទាក់ទងនឹងការប្រើប្រាស់អំពើ​ហិង្សា​លើរូបអ្នកស្រីផងដែរ។

នាយ​នគរបាលប៉ុស្តិ៍​​​រដ្ឋបាល​សង្កាត់​អូរចារ លោក ប្រាក់ គី បានឱ្យដឹងកាលពីថ្ងៃចន្ទកន្លងទៅថា លោកនៅមិនទាន់ទទួលបានពាក្យបណ្ដឹងរបស់អ្នកស្រី ​រ៉ូហ្សិត នេះនៅឡើយទេ ខណៈលោកក៏មិនដឹងថាតើអ្នកស្រីដាក់ពាក្យបណ្ដឹងនេះទៅកាន់អាជ្ញាធរខាងណាមួយនោះដែរ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Sin Rozeth Clashes with Ruling Party at Battambang Commune Council

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ