មេធាវី​​ការពារក្ដី​លោក សុន ឆ័យ ដាក់​ពាក្យប្ដឹង​ជំទាស់​ជា​ផ្លូវការ​ប្រឆាំង​សាលក្រម​សាលាដំបូង ទាមទារ​ទម្លាក់​បទចោទ​លើកូនក្ដី

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសវនាការសំណុំរឿងពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារក្ដីលោក សុន ឆ័យ នៅតែទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើកូនក្តី និងដាក់ពាក្យបណ្តឹងជំទាស់ប្រឆាំងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឱ្យកូនក្ដីបង់ប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួន៧៥ម៉ឺនដុល្លារ ក្រោមបទចោទប្រកាន់ «បរិហារកេរ្តិ៍ជាសាធារណៈ»។

លោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក សុន ឆ័យ មានប្រសាសន៍នៅថ្ងៃអង្គារ​ថា កាលពីសប្តាហ៍មុន លោកបានដាក់ពាក្យបណ្តឹងជំទាស់នឹងសាលក្រមសាលាដំបូង ដែលសម្រេចកាលពីថ្ងៃទី៧ ខែតុលា បង្គាប់ឱ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បង់ប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា ចំនួន៣ពាន់លានរៀល ឬស្មើប្រមាណ៧៥ម៉ឺនដុល្លារ។

លោក ជូង ជូងី ចាត់ទុកការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ជារឿងអយុត្តិធម៌ ទើបគាត់ពិភាក្សាជាមួយកូនក្តី ដាក់ពាក្យបណ្តឹងជំទាស់ទៅសាលាឧទ្ធរណ៍កាលពីសប្តាហ៍មុននេះ​ ដើម្បីប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ រួមទាំងទាមទារឱ្យតុលាការទម្លាក់បទចោទ ដោយសារកូនក្តីលោកមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

លោកមានប្រសាសន៍ថា៖ «ឯកឧត្តម សុន ឆ័យ ផ្តល់បទសម្ភាសដល់កម្មវិធី IDEAR Talk របស់លោក តាំង សារ៉ាដា គឺអត់មានបំណងបរិហារកេរ្តិ៍គណបក្សប្រជាជនក៏អត់មាន បំណងបរិហារកេរ្តិ៍ គ.ជ.ប [ក៏អត់មាន]ដែរ គឺមានបំណងតស៊ូមតិឱ្យ គ.ជ.ប រៀបចំការបោះឆ្នោតឱ្យមានសេរី និងយុត្តិធម៌ត្រឹមត្រូវ។ អ៊ីចឹងគាត់អត់បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។ អ៊ីចឹងហើយបានគាត់តវ៉ាឱ្យទម្លាក់ចោលការចោទប្រកាន់ចំពោះគាត់»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃនេះ។

នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា មេធាវីលោក សុន ឆ័យ ប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ជាសិទ្ធិក្នុងការតស៊ូមតិតាមនីតិវិធីច្បាប់។ ប៉ុន្តែលោកថា តុលាការគួរតែទម្លាក់ការចោទប្រកាន់មកលើលោក សុន ឆ័យ ដ្បិតការរិះគន់របស់លោកជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ជាសេរីភាពបញ្ចេញមតិស្របតាមច្បាប់តែប៉ុណ្ណោះ។

ផ្ទុយទៅវិញ លោក សំ គន្ធាមី បញ្ជាក់ថា បើការរិះគន់ជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោតមិនបាន ហើយមានការចោទប្រកាន់បែបនេះ អាចធ្វើឱ្យប៉ះពាល់ដំណើរការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

លោកមានប្រសាសន៍ថា៖ «គណបក្សនយោបាយ គេមានសិទ្ធិផ្តល់សម្ភាសដល់អ្នកសារព័ត៌មាន។ ហើយបើយើងប្តឹង ទោះបីជា គ.ជ.ប ក៏ដោយ ធម្មតា គ.ជ.ប ជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បើយើងនិយាយ គាត់ជាកីឡាករ គាត់ជាអាប៊ីត គាត់មិនគួរប្តឹងកីឡាករទេ មានតែកីឡាករទេប្ដឹងអាប៊ីត។ ដូច្នេះ គ្រាន់តែហៅមកសាកសួរបន្តិចទៅ មិនបាច់ប្តឹងផ្តល់ដល់តុលាការទេ វាធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខែ៧ ឆ្នាំក្រោយនេះ»។

លោកបន្ថែមថា៖ «ជាយោបល់ខ្ញុំ សាលាឧទ្ធរណ៍គួរតែទម្លាក់បទចោទបណ្តឹងហ្នឹងចោលទៅ ដើម្បីឱ្យមានបរិយាកាសល្អឡើងវិញលើផ្នែកនយោបាយ»។

កាលពីថ្ងៃទី៧ ខែតុលា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានប្រកាសសាលក្រមផ្ដន្ទាទោស និងពិន័យលោក សុន ឆ័យ ឱ្យបង់ថវិកាចូលរដ្ឋចំនួន៨លានរៀល និងបង់សំណងជំងឺចិត្តទៅគណបក្សប្រជាជនកម្ពុជា ចំនួន៣ពាន់លានរៀល ស្មើនឹងប្រមាណ៧៥ ម៉ឺនដុល្លារ ក្រោមបទចោទប្រកាន់ «បរិហារកេរ្តិ៍ជាសាធារណៈ» ដោយសារលោក សុន ឆ័យ រិះគន់បក្សកាន់អំណាច អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។

ថ្លែងក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លើកទី៥១ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ លោក វិទិត មុនតាប៊ន (VititMuntarbhorn) បានបង្ហាញជា​ការព្រួយបារម្ភអំពីការគាបសង្កត់​ផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា។ លោក​បន្តថា លំហ​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​ ​កាន់តែ​រួម​តូច ដែលកើតឡើងបន្ទាប់ពី​មានការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ដោយលោក​បានចាត់ទុកការរំលាយនេះត្រូវបានធ្វើឡើងដោយ​អ​​​​​យុត្តិធម៌។

អ្នក​រាយការណ៍​ពិសេស UN ដដែល បន្តថា ការកាត់ទោសទ្រង់ទ្រាយធំ​លើក្រុមបក្សប្រឆាំងដែលកំពុងបន្តធ្វើឡើង គឺបាននិងកំពុងរារាំងដល់​ការចូលរួម​របស់ពួកគេ​នៅក្នុងការបោះឆ្នោត​ជាតិនៅឆ្នាំក្រោយ ខណៈលោកក៏បានជំរុញឱ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់នានា និងបញ្ចប់ការគំរាមកំហែង​លើប្រជា​ពលរដ្ឋដែល​ប្រឆាំងលើការគ្រប់គ្រងរបស់ពួកគេផងដែរ។

អ្នករាយ​ការណ៍​ពិសេស​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​របស់​អង្គ​ការសហប្រជាជាតិប្រចាំកម្ពុជា បាន​លើកឡើង​ពី​កា​រ​ព្រួយ​បារម្ភ​អំពី​ការ​បោះឆ្នោតជាតិ​នា​ពេលខាងមុខ​របស់កម្ពុជា ដោយក្នុងនោះ លោក​ក៏បាន​រម្លឹកពី​ការរំលាយ​គណបក្សប្រឆាំងដោយអយុត្តិធម៌ និងការកាត់ទោស​ទ្រង់ទ្រាយធំ​លើក្រុម​បក្សប្រឆាំង​ដែលកំពុង​បន្តធ្វើផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ