យុវជន​មើលឃើញ​ថា​វិស័យ​ព័ត៌មាន​អនឡាញ​នៅ​កម្ពុជា​បច្ចុប្បន្ន​មិនទាន់​មាន​ភាព​ល្អប្រសើរ

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ (ហេង វិចិត្រ​)

យុវជននៅតែបន្តព្រួយបារម្ភចំពោះ​ស្ថាប័នព័ត៌មាននៅកម្ពុជាមួយចំនួនមិនបានប្រកាន់នូវគោលការណ៍វិជ្ជាជីវៈ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមតាមរយៈការផ្សាយព័ត៌មានមិនពិត ខណៈដែលស្ថាប័នព័ត៌មានអនឡាញមួយចំនួនទៀតបន្តផ្សាយព័ត៌មានដែលគ្មានក្រមសីលធម៌ត្រឹមត្រូវ។

និសិ្សតឆ្នាំទី៣ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ កញ្ញា ចាន់ រតនាវត្តី យល់ឃើញថា វិស័យព័ត៌មានបច្ចុប្បន្ន គឺស្ថិតនៅស្ថានភាពមួយមិនសូវល្អ ដោយកញ្ញាឃើញនូវចំណុចខ្វះខាតមួយចំនួនសម្រាប់អ្នកសារព័ត៌មានខ្លះ ដោយសារពួកគាត់រាយការណ៍ព័ត៌មានប្រាសចាកនឹងក្រមសីលធម៌ ហើយមិនបានឆ្លងកាត់ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ។

កញ្ញាឱ្យដឹងថា៖ «ខ្ញុំឃើញថា អ្នកសារព័ត៌មានដែលមិនគោរពក្រមសីលធម៌នៅតាមបណ្តាញសង្គម រឹតតែបន្តកើនឡើង ជាហេតុធ្វើឱ្យខ្ញុំនៅតែមានក្តីបារម្ភចំពោះអ្នកទទួលបានព័ត៌មាន ដោយភាគច្រើនពួកគាត់ផ្អែកទៅលើបណ្តាញសង្គម។ ដូច្នេះ វានៅតែជាបញ្ហា។»

និស្សិតរូបនេះបន្តថា សេរីភាពអ្នកសារព័ត៌មាននៅតែមានបញ្ហាប្រឈមមួយចំនួនផងដែរ ជាពិសេសអ្នកដែលហ៊ានរាយការណ៍​រឿងរសើប ដូចករណីរឿងនយោបាយ អំពុករលួយ និងបញ្ហាដីធ្លី ជាដើម។ កញ្ញាចាត់ទុកថា កត្តានេះជាហេតុធ្វើឱ្យអ្នកសារព័ត៌មានពិបា​កក្នុងការបំពេញតួនាទីរបស់ខ្លួន។

សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលធ្វើឡើងក្នុង​ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានអះអាងថា នៅកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានរងនូវការដៅជាមុខសញ្ញា។ អ្នកសារព័ត៌មានដែលធ្វើការនៅ​កម្ពុជាតែងតែរងការបំភិតបំភ័យ ឃ្លាំមើល គំរាម និងយាយីតាមប្រព័ន្ធតុលាការ ចំពោះការបំពេញការងារស្របច្បាប់របស់ខ្លួន។

ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់ត្រាទុកថា មានអ្នកសារព័ត៌មានយ៉ាងហោចណាស់ចំនួន ៩នាក់ ​បានប្រឈមនឹងការយាយីតាមប្រព័ន្ធតុលាការ រួមមាន ការគំរាមកំហែង និងការកោះហៅពីតុលាការ រហូតដល់ការចាប់ខ្លួនតាមអំពើចិត្ត និងការផ្ដន្ទាទោសដោយហេតុផលនយោបាយ។

ចំណែកលោក ចាន់ថងន៍ បូរ៉ាមី ស្ថាបត្យករដំណោះស្រាយបច្ចេកវិទ្យា និងជាអ្នកជំនាញផ្នែកព័ត៌មានភូមិសាស្ត្រ បានលើកឡើងថា ការផ្សាយព័ត៌មាននៅតាមបណ្ដាញសង្គមភាគច្រើន គឺធ្វើឡើងដោយមិនស្របតាមវិជ្ជាជីវៈ និងក្រមសីលធម៌ ពោលគឺអ្នកចុះយកពត៌មានមិនបានសិក្សាអង្គហេតុឱ្យបានគ្រប់ជ្រុងជ្រោយ និងមិនសូវគោរពសិទ្ធិបុគ្គលឡើយ។

លោកឱ្យដឹងថា៖ «ខ្ញុំយល់ថា វិស័យព័ត៌មាននៅកម្ពុជានៅមានកម្រិត ជាពិសេសលើវិជ្ជាជីវៈ ក្រមសីលធម៌ និងតម្លាភាព។ ដោយឡែក យើងក៏ឃើញនៅមានភាពអសកម្មជាច្រើនក្នុងវិស័យព័ត៌មាន។ និយាយជារួម វិស័យព័ត៌មានស្ថិតក្នុងស្ថានភាពប្រឈមនឹងបញ្ហាជាច្រើន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីក្រសួងនិងអាជ្ញាធរដែលពាក់ព័ន្ធ»។

ឆ្លើយតបរឿងនេះ លោក ក្វាន់ ឆា អ្នកសារព័ត៌មានអនឡាញ ទទួលស្គាល់នូវពាក្យដែលមហាជនរិះគន់ថា អ្នកសារព័ត៌មានអនឡាញមិនបានគោរពទៅតាមវិជ្ជាជីវៈត្រឹមត្រូវ។ ប៉ុន្តែលោកថា ការដែលមិនប្រកប​​តាម​វិជ្ជា​​ជីវៈ​​នេះ វាមិនមែនទាំងអស់នោះទេ។ លើសពីនេះទៀត ក្នុងនាមលោកជាអ្នកសារព័ត៌មានអនឡាញមួយ​រូប លោកមិនបានប្រព្រឹត្តប្រាសចាកក្រមសីលធម៌នោះឡើយ ហើយក៏មិនចង់ឱ្យអ្នកអាននិងអ្នកស្តាប់ទទួលបាននូវអ្វីដែលមិនពិតនោះដែរ។

លោកបន្តថា៖ «ខ្ញុំគិតថា អ្នកដែលទទួលបាននូវរាល់ព័ត៌មានទាំងអស់ គួរតែពិចារណា និងផ្តល់ជាសំណូមពរ ដើម្បីបញ្ជ្រាបទៅកាន់ក្រសួងពាក់ព័ន្ធ ជាជាងរិះគន់តែមិនមានដំណោះស្រាយ»។

ឆ្លើយតបទៅនឹងបញ្ហានេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្នុងសន្និសីទថ្នាក់ជាតិស្តីពី «ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ» លោកស្រី​​​ ផៃ ចន្ទរិទ្ធីសូលីដា រដ្ខលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងព័ត៌មានមិនបានទទួលខុសត្រូវនូវរាល់ស្ថាប័នសារព័ត៌មានទាំងអស់​នោះទេ។ ក្នុងនោះ លោកស្រីថា ស្ថាប័នដែលក្រសួងព័ត៌មានគ្រប់គ្រង រួមមាន ការផ្សព្វផ្សាយតាមរយៈបណ្តាញទូរទស្សន៍ និងភ្នាក់ងារសារព័ត៌មាន AKP ពោលគឺស្ថាប័នរដ្ឋ។ ដូច្នេះ បុគ្គលដែលតាំងខ្លួនជាអ្នកសារព័ត៌មានតាមបណ្តាញសង្គម ត្រូវមានការទទួលខុសត្រូវដោយខ្លួនឯង។

ដោយឡែក លោក ណុប វី​ នាយកប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJa)​ យល់ឃើញថា សា​រ​ព័ត៌មានអនឡាញបច្ចុប្បន្ន គឺមានភាពរីកចម្រើន ដោយមានការចាប់អារម្មណ៍ទៅលើវិស័យបច្ចេកវិទ្យាប្រ​ព័ន្ធ​​ឌីជីថល។ ប្រភពបន្តថា បើពិនិត្យទៅលើគុណភាពនៃការផលិតព័ត៌មានរបស់អ្នកកាសែតអនឡាញ គឺមិនទាន់មាន​ភាពល្អប្រសើរគ្រប់ជ្រុងជ្រោយនៅឡើយទេ ដោយការយល់ដឹងមិនទាន់ទូលំទូលាយ។

លោកបន្តថា៖ «លោកចង់ចូលរួមបណ្តុះបណ្តាលអ្នកសារព័ត៌មានអនឡាញ ដើម្បីឱ្យពួកគេមានសមត្ថភាព និងចំណេះដឹងខ្ពង់ខ្ពស់ ធានានូវផលិតភាពការងារប្រកបទៅតាមវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវដំណឹងពិត»។

កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី «ការ​អនុវត្ត​វិជ្ជាជីវៈ និង​សេរីភាព​សារព័ត៌មាន​ក្នុង​ក្របខណ្ឌ​ច្បាប់​​កម្ពុជា» លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បានលើកឡើង​ថា ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ចំនួន ៨០% មិន​បាន​រៀន​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន និង​មិន​បាន​ឈ្វេងយល់​ទៅលើ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​ច្បាប់​ព្រហ្មទណ្ឌ​នោះ​ទេ ដោយ​ភាគច្រើន​ពួកគេ​ចាប់ផ្ដើម​ប្រកប​អាជីព​អ្នក​សារព័ត៌មាន​តែម្តង៕


រាយការណ៍ដោយ៖ កញ្ញា គុជ ស៊ីកុល

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ