សង្គមស៊ីវិលជំរុញអាជ្ញាធរចាត់វិធានការលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ

អ្នក​សារព័ត៌មានវីអូឌី និងយុវជនខ្មែរថាវរៈ ​ត្រូវបាននាំទៅសួរនាំពី​សំណាក់​​​មន្ត្រី​កង​អង្គ​រក្ស​នាយក​រដ្ឋ​មន្ត្រី​​ អំឡុងពេលអ្នកសារព័ត៌មានវីអូឌី និងសកម្មជនខ្មែរថាវរៈ ចុះយកព័ត៌មាននិងថតរូបវីដេអូ នៅតំបន់​ព្រៃ​ភ្នំ​តាម៉ៅ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការសង្គមស៊ីវិល និងស្ថាប័នព័ត៌មានជាង​៣០ ជំរុញ​​​ឱ្យ​អា​ជ្ញាធរ​មាន​វិធានការ​ស៊ើបអង្កេត និង​ចាប់ឧក្រិដ្ឋជនសម្លាប់​អ្នក​សារព័ត៌មានយក​​ម​ក​​ផ្ដន្ទា​ទោសតាមច្បាប់​ ដើម្បីផ្ដ​ល់យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ និងបញ្ចប់​និទណ្ឌភាពលើឧក្រិដ្ឋកម្ម​​ប្រឆាំងអ្នកសារព័ត៌មាន​នៅកម្ពុជា។

ការជំរុញនេះបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ របស់​​អង្គ​ការ​សង្គមស៊ីវិល​ធ្វើការ​ផ្នែក​​សិទ្ធិ​​មនុស្ស និង​ប្រព័ន្ធផ្សព្វ​ផ្សាយ​ និង​ស្ថាប័ន​សារព័ត៌​មាន​​ សរុប​​​ចំនួន៣២​ ក្នុងទិវា​អន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្ម​ប្រឆាំងអ្នកសារព័ត៌មាន។ អង្គការសង្គមស៊ីវិល​ទាំង​នោះ រួម​មាន វិទ្យាស្ថាន​​តស៊ូ​មតិ​​​ និង​​​គោល​​នយោ​បាយ, មជ្ឈមណ្ឌលកម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ, សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា, វិទ្យា​ស្ថានប្រជាធិបតេយ្យកម្ពុជា, សមាគមការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក និងមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា ជាដើម។

ក្នុងសេចក្តីថ្លែងការណ៍នោះបាន​លើកឡើង​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤មក យ៉ាង​ហោចណាស់ ​​អ្នក​សារព័ត៌មានចំនួន​១៧​នាក់ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ ​អ្នកសារ​​ព័ត៌​​មាន​​ចំនួន១២​នាក់បានរាយកា​រណ៍​អំពីបញ្ហារសើបនៅពេលពួកគេត្រូវបានសម្លាប់ ហើយគ្មានជនល្មើសណាម្នាក់ត្រូវបាននាំមកផ្តន្ទាទោសឡើយក្នុងករណីទាំង១២នេះ។

អង្គការ​សង្គមស៊ីវិលទាំងនោះបន្តថា ការ​យាយី និង​ឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌​មាន​នៅតែជាក្តីបារម្ភខ្ពស់នៅក្នុង​ឆ្នាំ២០២២នេះ ហើយ​​បើ​យោង​តាម​សមាគម​សម្ព័ន្ធ​អ្នកសារ​ព័ត៌​មាន​​កម្ពុជា (CamboJA) អ្នកសារព័ត៌មានចំនួន៥៧នាក់ត្រូវបានយាយីក្នុងរយៈពេល១០ខែចុងក្រោយនេះ ក្នុង​នោះ អ្នកសារព័ត៌មាន២៣នាក់​ទទួល​​រ​ង​​អំពើ​ហិង្សា​​និង​​ការ​​គំរាម​កំហែង ១២នាក់​ត្រូវបានចាប់ខ្លួន ១២នាក់​ប្រឈមនឹងការ​យាយី​តា​​ម​ផ្លូវ​តុលាការ ៦នាក់​ត្រូវ​បាន​ឃុំខ្លួន​ដើម្បី​សាក​សួរ និងអាជ្ញាបណ្ណសារព័ត៌មានចំនួន​៤​ត្រូវ​បាន​ដក​ហូត។

ប្រភពដដែលបន្តថា នៅឆ្នាំនេះដែរ ទាំង​អ្នកសារព័ត៌មាន​កម្ពុជា និង​បរទេសមួយចំនួន​ ក៏​បាន​​ជួប​ប្រទះ​នូវ​អំពើ​ហិង្សា ការ​យាយី និងកា​រ​បំភិត​បំភ័យ​ម្តង​ហើយ​ម្តងទៀត​ពីសំណាក់​អាជ្ញាធរ និង​តួអង្គ​ដទៃ​ទៀត ខណៈកំពុងរាយការណ៍អំពីកូដកម្មការងារ​ដែលកំពុងបន្តរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ អ្នកសារព័ត៌មានរបស់​វីអូឌី (VOD) ចំនួន៥នាក់ ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ និងសាកសួរអស់រយៈពេលប្រមាណ​ ៧ម៉ោ​ង ខណៈ​ចុះយ​កព័​ត៌មានអំពីការកាប់ឆ្ការ និងការដាំកូនឈើឡើងវិញនៅភ្នំតាម៉ៅ។

សេចក្តីថ្លែងការណ៍នោះក៏បានលើកឡើងពីដំណើរការក្តីលើសំណុំរឿងអតីត​​អ្នក​សារ​ព័ត៌​មាន​​អាស៊ីសេរី ២នាក់ ដែល​បានអូសបន្លាយ​រយៈពេល៥ឆ្នាំមកនេះ ថាជា​ការ​​រំលោភ​សិទ្ធិរបស់​ពួកគេ​​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​ឱ្យ​បាន​លឿន និងការ​រឹតត្បិតលើ​សេរីភាពក្នុងការធ្វើដំណើរផង​ដែរ។

អង្គការសង្គមស៊ីវិលទាំង៣២​ស្ថាប័ន ចាត់​ទុក​ការ​យាយី និងការធ្វើទុក្ខបុកម្នេញលើអ្នកសារ​ព័ត៌​មាន​ដែលកំពុង​រាយ​ការណ៍ដើម្បីជាប្រយោជន៍សាធារណៈថា ធ្វើឱ្យប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មាន គំរាមកំហែងដល់ការទទួលបានព័ត៌មានរបស់សាធារណជន និងមានការពិបាកសម្រាប់ឱ្យបុគ្គលមានអំណាចទទួលខុសត្រូវនូវអ្វីដែលខ្លួនបានប្រព្រឹត្ត។

សេចក្ដីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «យើងថ្កោលទោសចំពោះនិទណ្ឌភាព ដែលឧក្រិដ្ឋកម្មប្រឆាំង​អ្នក​សារ​ព័ត៌មាន​ត្រូវ​បាន​ប្រព្រឹត្តនៅកម្ពុជា។ យើងអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការ​ជាក់​ស្តែង ដើម្បីធានា​ថា ការ​ស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព លើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌​មាន ត្រូវ​បាន​ធ្វើ​ឡើ​ង ដែលជនល្មើសត្រូវបានផ្តន្ទាទោស ហើយ​ថា​អ្នកសារព័ត៌មានដែលបានជួបប្រទះឧក្រិដ្ឋ​កម្ម​ទាំង​នេះ​ទទួលបានយុត្តិធម៌។ យើង​ក៏សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់ ដើម្បី​ធានាសុវត្ថិភាព​អ្នកសារព័ត៌មានទាំងអស់ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេសកម្ពុជា ដើម្បីឱ្យពួកគេប្រើប្រាស់សេរីភាព​ក្នុងការ​បញ្ចេញ​មតិ និង​សារព័ត៌មាន ហើយបម្រើសាធារណជនដោយគ្មានការភ័យខ្លាច»។

សម្រាប់​ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា យុត្តិធម៌សម្រាប់អ្នកសារព័ត៌មានពិតជាមានសារៈសំខាន់ ដោយសារ​អ្នកសារ​ព័ត៌មាន​ដើរតួនាទីសំខាន់​​សម្រាប់ប្រទេស​ដែល​កាន់លទ្ធិ​ប្រជាធិបតេយ្យ ហើយក៏ជាកញ្ចក់​ឆ្លុះបញ្ចាំង​ពីភាពខ្វះចន្លោះចំពោះការអនុវត្តរបស់រដ្ឋាភិបាល។

លោកថា៖«ដូច្នេះ បើសិនជា​មានការធ្វើទុក្ខ​បុកម្នេញ ឬ​ឈានទៅដល់ការសម្លាប់អ្នក​សារព័ត៌​មាន​ទៀត គឺថា​មិនមានការកយុត្តិធម៌ ឬរកជនដែលប្រព្រឹត្តឬជនដៃដល់មក​ផ្ដន្ទាទោស​បាន អាហ្នឹង​ខ្ញុំគិតថា វាធ្វើឱ្យមានការប៉ះពាល់ដល់ភាពភ័យខ្លាច​របស់​អ្នក​សារព័ត៌​មាន ដែល​ធ្វើឱ្យប៉ះពាល់ដល់ដំណើរការយកព័ត៌មាន​ផ្សេងៗ វាធ្វើឱ្យអ្នកសារព័ត៌មានមានការព្រួយបារម្ភ។ អ៊ីចឹងទេ បានជាយើងតែងតែស្នើឱ្យរដ្ឋាភិបាលធ្វើការដោះស្រាយ ឬផ្ដន្ទាទោសជន​ដែលប្រព្រឹត្តបទល្មើសទៅលើអ្នកសារព័ត៌មាន និងបើកលំហសេរីភាពអ្នកសារព័ត៌មាន ដើម្បីឱ្យអ្នកសារព័ត៌មានមានលទ្ធភាពគ្រប់គ្រាន់ក្នុងការយកព័ត៌មានឱ្យបានត្រឹមត្រូវ»

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ យល់ថា ការកត់ត្រា​ទិន្នន័យ​ស្ថាប័ន​ព័ត៌​មាន និង​​សង្គមស៊ីវិល ពុំបានធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធនឹងករណីនីមួយៗឱ្យបានលម្អិត និងជម្រៅនោះទេ។ លោក​កត់សម្គាល់ថា អ្នកសារព័ត៌មានដែលរងគ្រោះនោះ មិនមែនសុទ្ធតែពាក់ព័ន្ធនឹងការបំពេញវិជ្ជាជីវៈ ឬការចុះទៅយកព័ត៌មានរបស់ខ្លួននោះទេ ដោយសារ​ករណីខ្លះជារឿងគ្រោះថ្នាក់ចរាចរណ៍ ហើយ​ករណីខ្លះទៀតមក​ពីទំនាស់ផលប្រយោជន៍​​រវាងបុគ្គលនិងអ្នកសារព័ត៌មាន។

លោកចាត់​ទុក​ការ​លើក​ឡើង​របស់​ស្ថាប័នព័ត៌មាន និងសង្គមស៊ីវិល ដែលថាអ្នកសារព័ត៌​មានដែល​រង​គ្រោះ ជាអ្នក​ដែលរាយការណ៍រឿងរសើប និង​រឿងក្ដៅ​នោះ ​ថាធ្វើ​ឡើង​មិនផ្អែក​ទៅលើ​អង្គ​ហេតុ និងអង្គច្បាប់។

លោកថា៖ «ខ្ញុំយល់ថា ការវាយតម្លៃបែបនេះ គឺជាការវាយតម្លៃមួយដែលមិនបានផ្អែកអង្គហេតុ និង​អង្គច្បាប់ ឬតាមដានទៅលើការអនុវត្តនីតិវិធីករណីនីមួយៗនោះទេ។ ការ​ធ្វើសេច​ក្ដី​សន្និដ្ឋាន ការ​វាយ​តម្លៃ ដោយពុំផ្អែកទៅលើអង្គហេតុឱ្យបានច្បាស់លាស់លម្អិតនៅឡើយ​ទេ ហើយធ្វើសេចក្ដីសន្និដ្ឋាន​បែបនេះ ខ្ញុំយល់ថា វាជាការអនុវត្តមួយ​ប្រាស​ចាក​ពីក្រមសីលធម៌ក្នុង​នាម​ជាអ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន ដែលធ្វើការវិនិច្ឆយមុននៅពេលដែលអង្គសេចក្ដីនេះមិនទាន់បិទបញ្ចប់»

លោកបន្តថា ដរាបណាសំណុំរឿង​អ្នកសារព័ត៌មាននៅ​មិនទាន់បានបិទបញ្ចប់​ការ​ស៊ើបអង្កេត ឬ​កំណត់​មុខសញ្ញា​​ជន​ល្មើស​នៅឡើយ នោះសំណុំរឿងនោះ​នៅមិនទាន់ចាត់ទុក ជា​និទណ្ឌភាព​។

លោកពន្យល់​ថា៖ «បញ្ហានិទណ្ឌភាព គឺយើងចង់សំដៅ​ថា ក្នុងករណីដែលពិនិត្យឃើញថា ជនល្មើស​ឬជនបង្កហ្នឹង​ត្រូវបានរកឃើញហើយ ស្ថាប័ន​មាន​សមត្ថកិច្ចមិនចាប់ឬឃាត់ខ្លួន មក​អនុវត្តទោសទៅតាមនីតិវិធីច្បាប់នោះ ទើបយើងហៅនិទណ្ឌភាព។ ក៏ប៉ុន្តែនៅពេលដែល​ដំណើរការក្ដីសំណុំរឿងនីមួយៗមិនទាន់បានបិទបញ្ចប់ នោះយើងមិនទាន់អាចចាត់ទុកថាជាបញ្ហានិទណ្ឌភាពបានទេ»

លោក សុភ័ណ្ឌ បញ្ជាក់ថា មូលហេតុដែល​ពិបាកកំណត់មុខជនល្មើស ដោយសារបញ្ហាបច្ចេកទេសនៃការស៊ើបអង្កេតរបស់ស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ