ក្រុមយុវជនខ្មែរថាវរៈ ធ្វើយុទ្ធនាការបង្អត់អាហារក្នុងរយៈពេលមួយសប្ដាហ៍ ដើម្បីទាមទារឱ្យតុលាការដោះលែងមេធាវីអន្តរជាតិសញ្ជាតិខ្មែរ-អាមេរិកាំង គឺកញ្ញា សេង ធារី ឱ្យមានសេរីភាពក្រោយជាប់ពន្ធនាគាររយៈពេល១៥២ថ្ងៃ ដោយគិតត្រឹមថ្ងៃពុធនេះ។
ទំព័រហ្វេសប៊ុករបស់ខ្មែរថាវរៈ បានបង្ហោះនៅថ្ងៃទី២ ខែវិច្ឆិកា អមដោយរូបភាពយុវជនចំនួន៦នាក់នាំគ្នាលើករូបភាពកញ្ញា សេង ធារី និងយកស្កុតបិទមាត់របស់ពួកគេ បញ្ជាក់ពីយុទ្ធនាការពហិការបង្អត់អាហារ។ ប្រភពដដែលបន្តថា ពួកគេទាំង៦នាក់ចាប់ផ្ដើមយុទ្ធនាការបង្អត់អាហារជាមួយកញ្ញា សេង ធារី រយៈពេលមួយសប្តារហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីស្នើទៅតុលាការដោះលែងមេធាវីអន្តរជាតិរូបនេះ។
សមាជិកខ្មែរថាវរៈមួយរូប គឺកញ្ញា ឈឿន ដារ៉ាវី បានបង្ហោះសារនិងរូបភាព ដោយសរសេរថា ការតស៊ូមតិរបស់ពួកគេនេះ ដោយបារម្ភពីសុខភាពនិងសុវត្ថិភាពរបស់កញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធនាគាក្នុងខេត្តព្រះវិហារ ជាប់ព្រំប្រទល់ប្រទេសថៃ។
ទំព័រហ្វេសប៊ុកកញ្ញា ដារ៉ាវី ថា៖ «យើងខ្ញុំទាំងអស់គ្នា នឹងចាប់ផ្ដើមយុទ្ធនាការបង្អត់អាហារជាមួយបងស្រី សេង ធារី រយៈពេលមួយសប្តារហ៍ ចាប់ពីថ្ងៃទី៧-១៤ វិច្ឆិកា ខាងមុខ ដើម្បីស្នើទៅតុលាការដោះលែងរូបគាត់។ ពួកយើងទាំងអស់គ្នាមានការបារម្ភពីសុខភាពនិងសុវត្ថិភាពរបស់បងស្រី សេង ធារី ក្រោយពីជាប់ពន្ធនាគារយៈពេល១៥២ថ្ងៃមកនេះ»។
ចំណែកសមាជិកខ្មែរថាវរៈម្នាក់ទៀត កញ្ញា ឆែម ស្រីគា បានឱ្យដឹងថា ពួកគេនឹងបង្អត់អាហារ ដោយទទួលទានតែទឹកនិងភេសជ្ជៈប៉ុណ្ណោះ។ កញ្ញាបន្តថា ការបង្អត់អាហាររបស់ពួកគាត់នេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាលផ្តល់សេរីភាពឡើងវិញដល់កញ្ញា សេង ធារី ដែលកំពុងបាត់បង់ និងបង្ហាញថាក្រុមខ្មែរថាវរៈក៏កំពុងតស៊ូមតិនៅខាងក្រៅជាមួយកញ្ញា សេង ធារី ដែរ។
កញ្ញាថា៖ «រឿងហ្នឹងច្បាស់ជាទ្រាំទ្រអត់បានហើយ ព្រោះយើងត្រូវការអាហារមួយថ្ងៃ៣ពេល នៅពេលដែលអត់ញ៉ាំបាយ អត់ញ៉ាំអាហារអ៊ីចឹងវានឹងប៉ះពាល់ដល់សុខភាព តែយើងចង់បង្ហាញឱ្យបងស្រី សេង ធារី ឃើញថា ក្រៅពីគាត់ ក៏យើងចាំលើកទឹកចិត្តគាត់ និងបង្ហាញក្ដីស្រឡាញ់ទៅកាន់គាត់»។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី បានលើកឡើងថា កូនក្តីរបស់លោកពិតជាបង្អត់អាហារ ដើម្បីទាមទារយុត្តិធម៌សម្រាប់ខ្លួនគាត់ពិតមែន។ លោកបន្តថា ដើមចមដែលនាំឱ្យកូនក្តីរបស់លោកបង្អត់អាហារ ដោយសារតែគាត់មានអារម្មណ៍ប៉ះពាល់ផ្លូវចិត្ត ដោយសារតែការចោទប្រកាន់និងការឃុំខ្លួនគាត់ដោយពុំមានកំហុស។
លោកមានប្រសាសន៍ថា៖ «ចំពោះបញ្ហាសុខភាពផ្លូវកាយ គាត់អត់មានបញ្ហាអ្វីទេ ប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់ គាត់មានបញ្ហាសុខភាពផ្លូវចិត្ត ដូចថាគាត់ប៉ះពាល់ផ្លូវចិត្តគាត់ខ្លាំង ដោយសារតែគាត់យល់ថាគាត់អត់បានប្រព្រឹត្តខុសច្បាប់ផង បែរជាតុលាការផ្តន្ទាទោសគាត់ពីបទរួមគំនិតក្បត់ ខណៈដែលកន្លងមក គាត់អត់ដែលមានទំនាក់ទំនងជាមួយអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ»។
យ៉ាងណា លោក ជូង ជូងី ស្នើទៅតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងកូនក្តីរបស់គាត់ឱ្យមានសេរីភាពវិញ ដោយថា កូនក្តីមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ ។
លោកអំពាវនាវថា៖ «បណ្តឹងតវ៉ារបស់យើងដាក់ទៅសាលាឧទ្ធរណ៍ ទាមទារឱ្យមានការទម្លាក់ចោលការចោទប្រកាន់គាត់ ហើយយើងបានដាក់បណ្តឹងតវ៉ាទៅតុលាការកំពូលផង ដើម្បីទាមទារឱ្យដោះលែងគាត់មានសេរីភាព ប៉ុន្តែខ្ញុំមានការសោកស្តាយ ដែលសាលាឧទ្ធរណ៍ និងតុលាការកំពូល អត់មានការដោះលែង ហើយអត់មាននាំគាត់ចូលរួមសវនាការ។ ជាគោល យើងទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងគាត់ឱ្យមានសេរីភាពវិញ»។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានឱ្យដឹងថា ការបង្អត់អាហាររបស់កញ្ញា សេង ធារី នេះ គឺជាសិទ្ធិរបស់គាត់ ប៉ុន្តែមន្រ្តីពន្ធនាគារនៅតែណែនាំគាត់ឱ្យថែទាំសុខភាពជាប្រចាំ។
លោកថា៖ «អាហ្នឹងគឺជាសិទ្ធិរបស់គាត់ យើងអត់អាចបង្ខំគាត់ឬគំរាមគាត់ឱ្យគាត់ហូបអាហារ ឬធ្វើអីខុសពីចិត្តដែលគាត់ចង់នោះទេ ប៉ុន្តែមានតែការលើកទឹកចិត្តនិងណែនាំគាត់ថែរក្សាសុខភាពខ្លួនគាត់ ហើយយើងយកចិត្តទុកដាក់ត្រៀមគ្រូពេទ្យដើម្បីតាមដានសុខភាពគាត់»។
កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិមួយរូបផងនោះ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទ «ញុះញង់ និងរួមគំនិតក្បត់»។ ក្រៅពីកញ្ញា សេង ធារី ចៅក្រមជំនុំជម្រះ ក៏បានផ្ដន្ទាទោសថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ចំនួន៥០នាក់ផ្សេងទៀត ដាក់ពន្ធនាគារចន្លោះពី៥ទៅ៨ឆ្នាំ ក្រោមបទចោទដូចគ្នានេះ ជុំវិញការប្រកាសជំហរគាំទ្រការធ្វើមាតុភូមិនិវត្តន៍ថ្ងៃ៩ វិច្ឆិកា របស់លោក សម រង្ស៊ី។
ក្រោយការប្រកាសសាលក្រមមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូនកញ្ញា សេង ធារី ចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ និងមិនព្រមបញ្ជូនមកឃុំនៅពន្ធនាគារព្រៃសវិញឡើយ ក្រោមហេតុផលថា ដោយសារបារម្ភពីការប៉ះពាល់ដល់សន្តិសុខក្នុងពន្ធនាគារ ប៉ុន្តែមេធាវីការពារក្តីកញ្ញា ថាជារឿងមិនសមហេតុផល៕