តុលាការ​កំពូល​គ្រោង​បើក​សវនាការ​លើ​បណ្ដឹងសាទុក្ខ​មន្ត្រី​និង​អតីត​មន្ត្រី​អាដហុក​៥រូប​នៅ​ថ្ងៃសុក្រនេះ

មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត (ម៉ាស់ស អាវខៀវ) និងលោក នី សុខា (ម៉ាស់ស អាវពណ៌ផ្ទៃមេឃ) ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធករណី «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» នៅក្រៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

តុលាការ​កំពូល គ្រោង​បើកសវនាការ​លើបណ្ដឹង​សាទុក្ខរបស់មន្ត្រីជាន់ខ្ពស់ និងអតីត​មន្ត្រីស​មាគម​ការ​ពារសិទ្ធិមនុស្ស​អាដហុក ចំនួន៥រូប នៅថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ២០២២។

កាលពីខែកញ្ញា ឆ្នាំ២០១៨ បុគ្គលិកនិងអតីតបុគ្គលិកស​មាគម​ការពារសិទ្ធិ​មនុស្ស​អាដ​ហុក ៥​រូប ត្រូវបានសាលាដំបូងរាជធានីភំ្នពេញកាត់ទោសឱ្យជាប់ពន្ធនា​គារ​ម្នាក់ៗ​​​ចំនួន​៥​​ឆ្នាំ​ ក្រោមបទចោទ​ប្រកាន់​​ «សូកប៉ាន់​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​»។ ប៉ុន្តែ​ទោស៥ឆ្នាំនេះ តុលាការសម្រេច​ឱ្យអនុ​វ​ត្ត​​ទោសក្នុង​ពន្ធ​នា​គារ​រយៈ​ពេល​​១៤​​ខែ ​ហើយទោសដែលនៅ​សល់​ត្រូវ​​ព្យួរ​។

ក្រោយ​តុលាការ​ផ្តន្ទាទោស​ មន្ត្រីនិងអតីតមន្ត្រីសមាគមអាដហុកបានដាក់បណ្តឹងជាបន្តបន្ទាប់​ទៅតុលាការ​ជាន់ខ្ពស់ ដើម្បីប្រឆាំងនឹង​ការ​សម្រេចរបស់​តុលាការ​ជាន់ទាប ដោយ​ពួកគាត់​ថា ការ​សម្រេច​របស់​តុលាការ​សាលាដំបូងរាជធានីភ្នំពេញ ​ជារឿង​អយុត្តិធម៌សម្រាប់ពួកគាត់ដែលជាអ្នកធ្វើការ​ផ្នែកសិទ្ធិមនុស្ស​។

សេចក្តីប្រកាសព័ត៌មានរបស់សមាគមអាដហុក នៅថ្ងៃពុធនេះ បានឱ្យដឹងថា នៅវេលា​ម៉ោង៨:០០​ព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ​តុលាការ​កំពូល​នឹង​បើក​សវនាការលើសំណុំរឿងបណ្តឹង​សាទុក្ខ​របស់មន្ត្រីជាន់ខ្ពស់សមាគមអាដហុកចំនួន៣រូប រួម​មាន ​​លោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី និង​អតីតមន្ត្រីអាដហុកចំនួន២រូបទៀត គឺ​លោក ណៃ វ៉ង់​ដា និងលោក នី ចរិយា

កាលពី​ខែមេសា ​ឆ្នាំ​២០១៦ មន្ត្រីនិងអតីតមន្រ្តីសមាគមការពារ​សិទ្ធិមនុស្ស​​​អាដហុកទាំង៥​រូប ត្រូវបានចាប់ខ្លួនដោយ​ចោទ​​ប្រកាន់​​​ពី​​បទ​ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​» ក្នុង​សំណុំរឿងផ្ដល់ប្រាក់ជាង២០០ដុល្លារ ទៅឱ្យនាង ស្រីមុំ ក្នុងនាម​ជនរងគ្រោះ ដែលរត់មករកអាដហុក​ឱ្យ​ជួយ​​ពេល​នោះ។

​ស្ត្រីឈ្មោះ ខុម​ ចាន់តារាទី នៅពេលនោះ ត្រូវបាន​គេ​ចោទថាជាស្រីកំណាន់របស់​លោក កឹម សុខា ដែលមានតួនាទីជាអនុប្រធានគណបក្សសង្គ្រោះជាតិពេលនោះ។ ពួកគេទាំង៥នាក់ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ព្រៃ​ស ​កាលពី​ថ្ងៃ​ទី​១​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ រហូត​ដល់មានការដោះលែងពួកគេឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងករណីនេះ ប្រ​​ធាន​​សមាគ​ម​​​ការ​ពារ​សិទ្ធិ​​មនុស្ស​អាដ​ហុក លោក នី សុខា​ ធ្លាប់​បាន​បង្ហាញ​ការ​សោក​ស្ដាយ និងចាត់ទុកការសម្រេចរបស់តុលាការ​ជាន់ទាប ថា​ជា​​រឿង​អយុត្តិ​ធម៌សម្រាប់​ពួក​គាត់​ដែលជា​អ្នក​​ធ្វើការលើកកម្ពស់ផ្នែកសិទ្ធិមនុស្ស ហើយ​បែរ​ជាត្រូវតុលាការចោទប្រកាន់ និងកាត់ទោសឱ្យជាប់ពន្ធនាគាររហូត​៥ឆ្នាំទៅវិញ។

លោកបញ្ជាក់ថា តុលាការមិនដែលកោះហៅសាក្សីមកឆ្លើយតទល់ជាមួយពួកគាត់ក្នុង​សវនា​ការ​​ឡើយ ទោះបីជាមានការស្នើសុំយ៉ាងទទូចក៏ដោយ ក៏តុលាការនៅតែយកលិខិតស្នាមរបស់អ្នកនាង ខុម ចាន់តា​រា​ទី ​ឆ្លើយ មកដាក់បន្ទុកលើពួកគាត់ដដែល។

លោកថា៖ «ចំពោះពួកយើងទាំង៥នាក់ដែលយើងបានចូលទៅឆ្លើយបំភ្លឺគ្រប់ដំណាក់កាល ចូលទៅសវនាការដេញដោលចំពោះមុខតុលាការ បែរជាតុលាការមិនមានការជឿជាក់ ឬតុលាការមិនមែនយកពាក្យសម្ដីរបស់យើងទៅធ្វើការពិចារណាទេ។ តុលាការជឿទៅលើពាក្យសម្ដីរបស់សាក្សីដាក់បន្ទុក ហើយដែលពាក្យសម្ដីទាំងអស់ហ្នឹងមិនបានចូលមកដេញដោល បែរជាជឿលើលិខិត ជឿលើក្រដាសប៉ុន្មានសន្លឹកហ្នឹងយកមកដាក់ទោសទណ្ឌពួកយើង។ នេះជារឿងមួយដែលអយុត្តិធម៌បំផុតសម្រាប់ពួកយើង ដែលជាការសម្រេចមួយដែលអយុត្តិធម៌បំផុត អត់មានឈរលើភស្តុតាងទេ ឈរលើសាក្សីដាក់បន្ទុកទៅវិញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ