កម្មករជិត១ពាន់នាក់ធ្វើការនៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ ផ្ទុះការតវ៉ាក្រោយថៅកែបញ្ឈប់តំណាងសហជីពពីការងារ

កម្មករ-កម្មការិនីបម្រើ​ការ​ងារ​នៅ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ «ញូមីងដា (ខេបូឌា) ខូអិលធីឌី (New MINGDA CAMBODIA Co., Ltd)» ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ា ក្រោយថៅកែបញ្ឈប់តំណាងសហជីពម្នាក់​ពីការងារ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កម្មករ-កម្មការិនី​ជិត១ ០០០នាក់ បម្រើ​ការ​ងារ​នៅ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ «ញូមីងដា (ខេបូឌា) ខូអិលធីឌី (New MINGDA CAMBODIA Co., Ltd)» ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ានៅថ្ងៃពុធ​នេះ ក្រោយថៅកែបញ្ឈប់តំណាងសហជីពម្នាក់​ពីការងារ។

លោក ប៊ុន សុភី ដែលអះអាងថាជាប្រធានសហជីពមួយ ដែលលោកសុំមិនប្រាប់ឈ្មោះ និងជាកម្មករ​បម្រើការ​ងារ​នៅ​រោង​ចក្រ ញូមីងដា បាន​​ប្រាប់ វីអូឌី នៅកន្លែង​តវ៉ា​មុខ​រោង​ចក្រ​ថា ការ​តវ៉ា​របស់​ក្រុម​កម្មករ​នេះធ្វើឡើងក្នុងគោលបំណង​ទាម​ទារទៅថៅកែឱ្យទទួលយកថ្នាក់ដឹក​នាំ​សហជីព​​របស់​​លោក​ម្នាក់​ចូល​ធ្វើការងារ​​វិញ និងមួយទៀត សុំ​កុំ​ឱ្យ​ក្រុម​ហ៊ុន​កាត់​បំណាច់ឆ្នាំរបស់​កម្មករ នៅ​ពេលដែលពួកគេព្យួរការងារដោយសារគ្មានការងារធ្វើ ខណៈពួកគេទទួលបានប្រាក់ឈ្នួល៥០ភាគរយ។

លោក​បន្តថា កម្មករ​​ជាង១០នាក់បាន​នាំគ្នា​ច​ង​ក្រង​​បង្កើត​សហជីព​ក្នុង​រោង​ចក្រ ញូមីង​ដា រយៈពេលជាង​២ខែហើយ ដើម្បី​ការ​ពារ​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​កម្មករ។ លោកថា ក្រោយការបង្កើតសហជីពនេះ ថៅកែបានបញ្ចប់កិច្ចសន្យាការ​ងារ​ថ្នាក់ដឹកនាំសហជីពរបស់លោកម្នាក់។

មួយទៀតនោះ លោកថា ខាងរោងចក្របានព្យួរការងារកម្មករមួយចំនួន​ ដោយផ្តល់ប្រាក់ឈ្នួលត្រឹម៥០ភាគរយ ប៉ុន្តែត្រូវកាត់កងជាមួយបំណាច់ឆ្នាំ ដែលធ្វើឱ្យកម្មករមិនសប្បាយចិត្ត ហើយផ្ទុះការតវ៉ា។

លោកបន្ថែមថា៖ «ខាងក្រុមហ៊ុនមានការរើសអើងស​ហជីព ហើយ​បាន​បញ្ឈប់​ថ្នាក់ដឹកនាំសហជីពយើង ហើយក៏មានការតវ៉ាពីបងប្អូនកម្មករ។ តវ៉ាមួយទៀតនោះ ដោយសារខាងក្រុមហ៊ុនឱ្យកម្មករឈប់ ហើយកាត់បំណាច់ឆ្នាំ ប៉ុន្តែក្រោយមានការតវ៉ាពីកម្មករ ខាងក្រុមហ៊ុនក៏បានយល់ព្រមឱ្យឈប់សម្រាក​​ដោយទទួលបានប្រាក់ឈ្នួល៥០ភាគរយ ដោយ​មិន​មាន​ការកាត់​បំណាច់​ឆ្នាំទេ»

កម្មការិនីផ្នែកដេរ​ម្នាក់​ កញ្ញា ហ៊ន់ សុខខា និយាយថា កម្មករដែលត្រូវបញ្ឈប់ពីការងារនោះ គឺពុំធ្លាប់មានកំហុសអ្វីនោះទេ។ កញ្ញាចាត់ទុកករណី​ថៅកែបញ្ឈប់​កម្មកររូបនោះ ថា​ជាការរើសអើងសហជីព។

កញ្ញាបន្ថែមថា៖ «យើងតវ៉ានេះ ដោយសារតែខាងរោងចក្របញ្ឈប់តំណាងសហជីពខ្ញុំ គាត់រើសអើងសហជីព។ អ៊ីចឹងហើយពួក​ខ្ញុំមិនសុខចិត្ត បាននាំគ្នាតវ៉ា! តវ៉ាឱ្យ​ខាងរោងចក្រទទួលយកគាត់ចូលធ្វើការងារ​វិញ ដោយ​គ្មាន​ការ​រើស​អើង គ្មាន​ការ​គុំកួនលើ​កម្មករ»

វីអូឌី មិនអាចសុំការឆ្លើយតបពីតំណាងរោងចក្រ ញូមីងដា ​បានទេ នៅថ្ងៃពុធនេះ។

អនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកូដកម្មគ្រប់មុខសញ្ញា ​នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ូ រតនា មានប្រសាសន៍ថា ករណីថៅកែបញ្ឈប់កម្មករនោះ​ជារឿងវិវាទ​បុគ្គល ដែល​ករណីនេះ ក្រសួងនឹងបន្តដោះ​ស្រាយ​តាម​នីតិវិ​ធី​។

លោកបន្ថែមថា៖ «យើងដោះស្រាយបានសះជាហើយតើ! កម្មករបានឯកភាពចូលធ្វើការងារវិញ។ ការបញ្ឈប់សហជីពនោះ គឺយើងធ្វើការដោះស្រាយបន្តនៅក្រសួងការងារ ព្រោះអាហ្នឹងជារឿងវិវាទបុគ្គល មិនមែនជាវិវាទរួមនោះទេ»

ប្រធានសមាគម​អភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា លោក ព្រុំ ប៊ុនថន ដែលឃ្លាំមើលរឿងនេះ មានប្រសាសន៍ថា នេះមិនមែនជាករណី​លើកទី១នោះទេ ដែលថៅកែបានបញ្ឈប់កម្មករ ដោយសារតែពួកគាត់នាំគ្នាបង្កើតស​ហជីពនៅក្នុងរោងចក្រ គឺមានរោង​ចក្រជាច្រើនផ្សេងទៀតដែលបានធ្វើបែបនេះ។ លោកថា ទង្វើនេះជាទង្វើខុសច្បាប់ និងរំលោភបំពានសិទ្ធិរបស់កម្មករធ្ងន់ធ្ងរ។

មន្ត្រីស​ង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងាររូបនេះ បន្តថា ជុំវិញវិវាទការ​ងារនេះ រដ្ឋាភិបាល ជាពិសេសក្រសួងការងារ ហាក់​ពុំបានជំរុញឱ្យថៅកែ​គោរព​ច្បាប់ និងចាត់វិធានការ​តឹងរ៉ឹងចំពោះម្ចាស់រោងចក្រ ឬថៅកែដែលរំលោភច្បាប់ និងសិទ្ធិកម្មករ​នេះ​ទេ។

លោកបន្ថែមថា៖ «អ៊ីចឹងខ្ញុំគិតថា ខាងក្រសួងការងារ គួរតែអនុវត្តវិធានការច្បាប់ឱ្យបានតឹងរ៉ឹង និងមានប្រសិទ្ធភាព ចំពោះករណី​និយោជកដែលបានបញ្ឈប់តំណាងសហជីពនេះ ព្រោះនេះជាការ​រើសអើង និងរំលោភច្បាប់ហើយ យើង​អត់ចង់ឱ្យទិដ្ឋភាពនេះកើតឡើងទេ។ កាល​ណាកើតឡើង វាបាត់ផលប្រយោជន៍ទាំងសងខាង ទាំងកម្មករ និងនិយោជក។ អ៊ីចឹងក្នុងរឿងនេះ ខ្ញុំថាមាន​តែក្រសួងការងារហ្នឹងឯង ដែលដើរតួសំខាន់ក្នុងការជំរុញឱ្យភាគីនិយោជកគោរពលក្ខខណ្ឌច្បាប់ដែលតម្រូវ​មក​នោះ»

កាលពីខែសីហា ឆ្នាំ២០២២ កម្មករជិត១ ០០០នាក់របស់​រោងចក្រ ​ញូមីង​ដា បានផ្ទុះការតវ៉ាម្តងហើយ ក្រោយពីថៅកែគ្រោង​បញ្ឈប់​តំណាង​កម្មករ​ចំនួន៥នាក់ពី​ការ​ងារ ប៉ុន្តែកម្មករបានចូលធ្វើការងារវិញ បន្ទាប់ពីថៅកែលុប​គម្រោង​បញ្ឈប់កម្មករ​ទាំ​ង​នោះ។

បើតាមកម្មករ រោងចក្រ ​ញូមីងដា ជារោងចក្រផលិតសម្លៀកបំពាក់ មាន​កម្មករប្រមាណ៨០០នាក់កំពុងបម្រើការងារ និងថៅកែជាជនជាតិចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ