ក្រុមយុវជន​​ស្រលាញ់​​បរិស្ថាន​​បន្ត​​ប្ដេជ្ញា​​ តស៊ូ​មតិ​​ដោយ​​សន្តិវិធី​ បើ​ទោះ​ប្រឈម​នឹង​តុលាការ​

ក្រុមយុវជនស្រឡាញ់ធម្មជាតិនាំគ្នាដើរហែក្បួនយកដាក់ញត្ដិទៅដាក់នៅក្រសួងបរិស្ថាន ក្នុងគោលបំណងឱ្យមន្ត្រីក្រសួងបរិស្ថានឈប់បិទសិទ្ធិការពារព្រៃឈើ និងបើកចំហសេរីភាពសាធារណជនក្នុងការចូលរួមល្បាតព្រៃឈើ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមយុវជនស្រលាញ់បរិស្ថានវ័យក្មេងប្ដេជ្ញាការពារបរិស្ថានតាមរយៈការរៀបចំជាយុទ្ធនាការតស៊ូមតិ​​របស់​​​ខ្លួន ទោះកន្លងមកធ្លាប់មានសកម្មជនបរិស្ថានមួយចំនួន ត្រូវប្រឈមមុខតាមផ្លូវតុលាការ រហូតមានការចាប់​​ខ្លួនក៏ដោយ ខណៈដែលពួកគេមើលឃើញថា​​ ការអភិវឌ្ឍន៍ក្នុងពេលកន្លងទៅ តែងបង្កើតការឈឺចាប់ និង​មិនបាន​​ចូល​​រួម​​ការពារបរិស្ថាន និងធនធានធម្មជាតិទេ។

លោក ផៃ ផាន់យ៉ា ជាយុជវនដែលស្រលាញ់វិស័យធនធានធម្មជាតិម្នាក់ក្នុងចំណោមយុវជនដទៃទៀត ដែលតែងតែចូលរួមសកម្មភាពតស៊ូមតិផ្នែកបរិស្ថាននៅតាមទីសាធារណៈ បានប្រាប់វីអូឌី នៅថ្ងៃនេះថា លោកនៅតែបន្តចូលរួមសកម្មភាពតស៊ូមតិដើម្បីការពារព្រៃឈើ និងបរិស្ថានទៀត ទោះបីដឹងថានៅពេលខាងមុខប្រឈមនឹងការចោទប្រកាន់តាមប្រព័ន្ធតុលាការក៏ដោយ។ បើទោះបែបណា យុវជនរូបនេះមើលឃើញថា ការចូលរួមដោះស្រាយបញ្ហាបរិស្ថាន ជាសកម្មភាពស្របច្បាប់។ ​

លោកបន្តថា៖ «ខ្ញុំប្ដេជ្ញាចិត្តថា នឹងចូលរួមការពារធនធានធម្មជាតិ ព្រៃឈើ មិនថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយឬក៏រងការគម្រាមកំហែងពីសំណាក់អាជ្ញាធរ ឬភាគីណាមួយ»។

យុវជនវ័យ២០ឆ្នាំរូបនេះបន្តថា ទោះបីជាពេលកន្លងមក មិនទាន់មានបញ្ហាប្រឈមជាមួយអាជ្ញាធរមានសមត្ថកិច្ចទាក់ទងនឹងសុវត្ថិភាពផ្លូវកាយក៏ពិតមែន ការបំបាក់ផ្នែកខាងបញ្ញាស្មារតី តាមរយៈការចោទ​​ប្រ​​កាន់ ឬលាបពណ៍ពីសំណាក់មន្ត្រីរដ្ឋាភិបាលថា​ ជាក្រុមយុវជនកំពុងធ្វើតាមបញ្ជាពីក្រៅប្រទេស ឬក៏ធ្វើអ្វីមួយបំពេញចិត្តម្ចាស់ជំនួយក្តី  ក៏បញ្ហានេះមិនអាចបញ្ឈប់សកម្មភាព​​នៃការតស៊ូមតិដោយសន្តិ​​វិធីរបស់​​ពួក​​គេបានដែរ។

លោកថា៖ «សម្រាប់ខ្ញុំ វាហាក់ដូចជាអត់មានប្រសិទ្ធិភាព(ប៉ះពាល)អី្វមកដល់ខ្ញុំទេ ដោយសារឃើញថាយើងធ្វើសកម្មភាពមួយដើម្បីការពារធនធានធម្មជាតិការពារបរិស្ថាន ដោយយើងផ្អែកទៅលើភស្តុតាងជាក់ស្ដែដូចជា យើងបានឃើញសកម្មភាពបំផ្លាញព្រៃឈើដោយផ្ទាល់ៗភ្នែកហើយនិងសកម្មភាពមួយចំនួនទៀតដែលប៉ះពាល់ដល់ធនធានធម្មជាតិ។ ទោះបីជា ការគម្រាមកំហែងហ្នឹងវាផ្ដោតទៅលើសតិអារម្មណ៍ក៏ដោយ ប៉ុន្តែវាហាក់ដូចជាមិនមានប្រសិទ្ធភាពសម្រាប់ខ្ញុំដែលឃើញស្ថានភាពបែបនេះស្ដែងៗ»។

កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០ យុវជនមាតាធម្មជាតិចំនួនបីនាក់ រួមមាន លោក ថុន រដ្ឋា​ កញ្ញា ឡុង គន្ទា និងកញ្ញា​ភួន កែវរស្មី ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីប្រកាសបើកយុទ្ធនាការដើរថ្មើរជើងពីវត្តភ្នំ ទៅ​​​ផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គោលបំណងរបស់ពួកគេ ដើម្បីដាក់ញត្តិសុំឱ្យបញ្ឈប់ការលុបបឹងទំនប់កប់ស្រូប ឬបឹងតាមោក ក្នុងរាជធានីភ្នំពេញ។ ការតស៊ូមតិរបស់ក្រុមយុវជនទាំងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ១៨ខែ និងពិន័យជាប្រាក់ម្នាក់ៗ​ ៤ 000 000 រៀល ក្រោមបទចោទ«ញុំញង់បង្កឱ្យមានវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម »។

កញ្ញា មាន លីសា ជានិស្សិតផ្នែកច្បាប់នៅសាកលវិទ្យាល័យមួយនៅក្នុងក្រុងភ្នំពេញ និយាយថា កន្លងមក នៅពេលដែលចុះទៅតស៊ូមតិ មិនថានៅក្នុងទីក្រុងភ្នំពេញ ឬនៅតាមបណ្ដាខេត្តទេ គឺធ្លាប់រង់ការគំរាមកំ​​ហែ​​​​ង​​​ពីសំណាក់អាជ្ញាធរតាមរូបភាពផ្សេងៗដូចជា មានការទាមទារយកអត្តសញ្ញាណ ឬលេខទូរសព្ទ និងក្នុងរូបភាពដទៃទៀតដែលបណ្ដាលឱ្យមានការភ័យខ្លាច ជាពិសេសនៅពេលដែលទើបតែចាប់ផ្ដើមសកម្ម​​ភា​ព​​នេះ។

កញ្ញបន្តថា៖ «ដូចខ្ញុំចឹង ត្រូវ Intern នៅក្នុងកន្លែងមេធេវី Law firm អីមួយ ដើម្បីយើងអនុវត្តទ្រឹស្ដី អីចឹងណា៎(បង) ក៏ប៉ុន្តែគេអត់សូវទទួលយើងចឹង ដោយសារតែយើងអាចនិយាយបានថា ចូលជាសកម្មភាព Activist(សកម្មជន)ច្រើន ចឹងទៅធ្វើឱ្យប្អូនប៉ះពាល់ ប៉ុន្តែប្អូនគិតថាទាំងអស់ហ្នឹងវាជាកាត្វកិច្ចរបស់យុវជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ អ៊ីចឹងបើម្នាក់ៗគិតថា ត្រូវបោះបង់វាដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួនចឹងវា ខ្ញុំអត់គិតថា វាអ្វីដែលល្អ ចឹងណា៎បង។ ចឹងខ្ញុំនៅតែអត់បោះបង់វាទេបង ទោះវាប៉ះទង្គិចប៉ុណ្ណា»។

បើទោះជាត្រូវជួបឧបសគ្គ កញ្ញា មាន សីលា នៅតែប្ដេជ្ញា ក្នុងការបន្តការងារនេះដោយមិនរាថយ ព្រោះថា វាជាការបង្ហាញក្ដីស្រឡាញ់របស់ខ្លួនទៅលើធនធានធម្មជាតិ និងជាកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមជាចំ​​ណែ​កមានប្រយោជន៍ដល់សង្គម។

វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានភ្លាមៗនៅ​​ឡើ​​យ​​​​ទេ នៅថ្ងៃ​​នេះ។បើទោះបែបណា លោក នេត្រ ភក្រ្តា ធ្លាប់ចំអកឱ្យក្រុមយុវជន ដែលត​​ស៊ូមតិ​​ដើ​​ម្បី​​​ប​​រិ​​ស្ថា​​​​នថា ពួកគេធ្វើកិច្ចការដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមជ្ឈដ្ឋាន និងបម្រើផល​​ប្រយោជន៍​​ឱ្យប​រ​​ទេស។

សម្រាប់ លោក សាន់ ម៉ាឡា មន្ត្រីតស៊ូមតិរបស់សមាគមបណ្តាញយុវជនកម្ពុជា ដែលហៅកាត់ថា CYN និ​​យា​យ​ថា ការចូលរួមក្នុងសកម្មភាពតស៊ូមតិ ឬកិច្ចការពារធនធានធម្មជាតិក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះមិនខ្លាំងដូចកាលពីអំឡុង៩ឆ្នាំមុននោះទេ។ ទោះជាមានសន្ទុះមិនសូវខ្លាំងដូចពីមុនមែន ក៏លោកបញ្ជាក់ដែរថា អ្នកដែលនៅបន្តចូលរួមកិច្ចការសង្គមមួយនេះគឺមានភាពចាស់ទុំជាងមុន​ និងមានប្រសិទ្ធភាពដែរ។

លោកបន្តថា៖ «យើងឃើញរដ្ឋាភិបាលគាត់មិនសូវលើកទឹកចិត្តដល់ការចូលរួមរបស់យុវជននៅក្នុងការងាប្រ​​​ទេសជាតិទេ។ យើងឃើញជាក់ស្ដែងមានការចាប់ខ្លួន មានការគម្រាមកំហែងដល់អ្នកការពារបរិស្ថានជាយុ​វ​ជន ចឹងហើយបង្កការភ័យខ្លាចដល់យុវជនដទៃទៀត ជាពិសេសគឺនៅសាលារបស់ពួកគាត់ផ្ទាល់តែម្ដង​។​មានយុវជនខ្លះក៏ត្រូវបានសាលាហាមឃាត់ ព្រមានដកអាហារូបករណ៍អីជាដើម កត្តាទាំងអស់នេះហើយគឺប៉ះពាល់ទៅដល់ការរីកចម្រើនលូតលាស់ផ្នែកគំនិត ផ្នែកប្រាជ្ញាស្មារតីរបស់យុវជន »។

លោក សាន់ ម៉ាឡា ក៏អំពាវនាវឱ្យអាជ្ញាធរ និងរដ្ឋាភិបាលត្រូវគោរពការចូលរួមរាល់សកម្មភាពរបស់យុវជនទាំងអស់មិនថាក្នុងរូបភាពអ្វីនោះទេ ព្រោះវាជាផ្នែកមួយក្នុងការអភិវឌ្ឍន៍សង្គម និងមានការការពារដោយច្បាប់រដ្ឋធម្មនុញ្ញថែមទៀតផង។

រដ្ឋធម្មនុញ្ញមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋទទាំងពីរភេទ​ មានសិទ្ធចូលរួមយ៉ាងសកម្មក្នុងជីវភាពន​​យោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។​ ចំណែកមាត្រា៤១ វិញចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ