ពលរដ្ឋជាង២០០គ្រួសារ ​តវ៉ានៅមុខ​សាលា​ស្រុក​ប្រាសាទ​បាគង​​ជាថ្មី​ទៀត ក្រោយ​គ្មាន​ដំណោះស្រាយ​រឿង​ដីធ្លី​​​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋមានជម្លោះដីធ្លីជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ាជាថ្មីទៀត នៅសាលាស្រុក នៅថ្ងៃព្រហស្បតិ៍​នេះ ក្រោយគ្មាន​ដំណោះស្រាយលើបញ្ហាដីធ្លីរបស់គាត់​ពី​សំណាក់​អាជ្ញាធរ​​ពាក់​ព័ន្ធ។

ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ២០២២មក ប្រជាពលរដ្ឋ​រាប់សិ​បនា​ក់ រស់​​នៅ​ភូមិ​ស្នា​​សង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង ដែលមាន​ដី​អាស្រ័យ​ផល​​នៅ​ភូមិ​ធម្មជាតិ​រុនតា​ឯក ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី បាននាំដាក់ញត្តិ និងតវ៉ាជាបន្តបន្ទាប់នៅតាមស្ថាប័នរដ្ឋមួយចំនួនក្នុងខេត្តសៀមរាប ដើម្បីទាមទាររក​ដំណោះ​ស្រាយ ដែល​ពួកគេអះអាងថា អាជ្ញាធរជាតិអប្សរា បាន​ហ៊ុំព័ទ្ធ​យក​ដីរបស់ពួកគេអស់ ​១៦០ហិកតា តាំង​ពី​ឆ្នាំ២០០៥ ដើម្បីរៀបចំ​បែង​ចែង​ឱ្យ​ប្រជា​ពលរ​ដ្ឋផ្សេង​ទៀ​ត ដោយ​មិន​បាន​ដោះស្រាយសំណង​ជូន​​ពួកគេ។

លោក សំ មុំ ជា​ប្រជា​​ពលរដ្ឋ​​​រស់នៅភូមិស្នាសង្គ្រាម ប្រាប់វីអូឌីថា នៅថ្ងៃនេះពួកគាត់បាននាំគ្នាទៅប្រមូល​ផ្តុំ​​តវ៉ា នៅមុខ​សាលាស្រុក​ប្រាសាទ​បាគង​ជាថ្មីទៀត ដើម្បីជំរុញ​ឱ្យ​មាន​ការ​ដោះស្រា​យ។

ពលរដ្ឋរូបនេះ​បន្ត​ថា កន្លងមក អ្នកភូមិបានដាក់ញត្តិ​ និង​តវ៉ា​នៅ​សាលាឃុំ​បល្ល័ង សាលាឃុំរុនតាឯក សាលា​ស្រុក​ប្រាសាទបាគង សាលាខេត្តសៀម​រាប និង​អាជ្ញាធរជាតិអប្សរា ប៉ុន្តែអា​ជ្ញាធរ​ទាំង​នេះ មិន​ទទួលខុសត្រូវក្នុងការដោះស្រាយជូនពលរដ្ឋ​នោះ​ទេ និង​បាន​រុញដាក់គ្នាក្នុងការទទួលខុសត្រូវលើការ​ដោះស្រាយរឿងនេះ។

លោកបន្ថែមថា៖ «វាជារឿងអយុត្តិធម៌មួយដែលអាជ្ញាធរជាតិអប្សរា យកស្រែរបស់ពួកយើង ដែលបានអាស្រ័យផលពីដូន​តា​ទៅ​ធ្វើ​ជា​ដី​ឡូតិ៍បែងចែកឱ្យពលរដ្ឋរស់នៅខុសច្បាប់ក្នុងតំបន់អង្គរ ហើយ​ពេល​ពួក​យើង​តវ៉ា គឺអាជ្ញាធរពីថ្នាក់ភូមិឃុំស្រុកខេត្តហ្នឹង រុញ​ដាក់​គ្នាមិន​ព្រមដោះស្រាយជូនពួកយើងនោះទេ»

បើតាមលោក សំ មុំ នៅម៉ោង១១ព្រឹក​នេះ​ អ្នក​ភូមិ​បាន​នាំគ្នា​ត្រឡប់ទៅផ្ទះវិញ ក្រោយ​ពី​អភិបាល​ស្រុក​ប្រាសាទ​បាគង លោក សូរ ប្លា​តុង ចេញ​មក​ជួប​ជាមួយ​ប្រជាពលរដ្ឋ និងសន្យាសម្របសម្រួលដោះស្រាយជូនពលរដ្ឋ ក្រោយចប់​ព្រះរាជ​​ពិធី​បុណ្យអ៊ុំទូក​រួច​។

ជុំវិ​ញ​រឿង​នេះ មន្ត្រីសម្របសម្រួល​គម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា ករណី​អាជ្ញាធរ​មិនទទួលសំណើរបស់ប្រជាពលរដ្ឋ ហើយ​រុញដាក់​គ្នា​នោះ បាន​បង្ហាញ​ពី​កម្សោយ និង​ការ​​មិន​​ទទួលខុស​ត្រូវ​​របស់​អាជ្ញាធរ​ទាំ​ង​នោះ​​ចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ លោកថា ទង្វើនេះគឺផ្ទុយពីរដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែលចែងថា អាជ្ញាធររដ្ឋ​​ត្រូវ​ទទួល​​យក​សំណើរបស់​​ប្រជាពលរដ្ឋទៅពិនិត្យ និងដោះស្រាយយ៉ាង​ហ្មត់​ចត់​ផង​នោះ។

​អ្នកភូ​មិ​អះ​​អាង​​ថា ពួក​គាត់​​ចំនួន​​២១០គ្រួសារ ត្រូវបានអាជ្ញាធរជាតិអប្សរាដាក់បង្គោល​​​ហ៊ុំព័ទ្ធ​យក​ដី​ស្រែ​អស់ ១៦០​​ហិកតា កាល​ពី​ឆ្នាំ២០០៥ ដោយ​សន្យាផ្តល់សំណង​ចន្លោះពី​៥០០​ដុល្លារ ទៅ៧០០ដុល្លារក្នុង១ហិកតា ប៉ុន្តែរហូតមកដល់ឆ្នាំ២០២២​នេះ ស្ថាប័ន​មួយ​នេះ​មិន​ទាន់​​ផ្ត​ល់​សំណងនោះជូនពលរដ្ឋនៅ​ឡើយ និង​បាន​យក​ដី​នោះ​ទៅបែងចែកឱ្យពលរដ្ឋផ្សេង ដែលធ្វើឱ្យពួកគាត់កើតទុក្ខមិនសុខ​ចិត្ត ហើយផ្ទុះការតវ៉ាបែបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ