គ.ជ.ប ​ថា​ចំនួន​អ្ន​ក​ចុះឈ្មោះ​បោះឆ្នោត​បាន​​៥០​​ភាគ​រយ​​គិត​​ចាប់​​ពី​​ថ្ងៃ​ចាប់ផ្តើម​​ដាក់​​ឱ្យ​​ចុះ​ឈ្មោះ

លោក ហង្ស ពុទ្ធា មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ដល់បទសម្ភាសន៍អំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

​មន្រ្តីជាន់ខ្ពស់នៃស្ថាប័នជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លើកឡើងថា ដំណើរការពិនិត្យ​បញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោតឆ្នាំ២០២២​​ ដែល​ទើប​​​​ប្រើ​​​ពេ​​​លបាន​​ជាង២សប្តាហ៍មកនេះ ចំនួន​អ្នកចុះ​ឈ្មោះ​បោះ​ឆ្នោត​​បាន​​កើន​​ឡើង​​​ប្រមាណ ៥០​ភាគរយ ហើយតួលេខនេះ បើគិតក្នុងរយៈពេលដូចគ្នា កាលពី៥ឆ្នាំមុន គឺ​​​មានសន្ទុះលឿនជាង។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍​នេះ​ថា អង្គបោះឆ្នោតហាក់ដូច​​យល់​ដឹង និងចាប់អារម្មណ៍ច្រើនអំពីការបោះឆ្នោត បើធៀបទៅនឹងនីតិកាលទី៦នៃការបោះឆ្នោត​​ជ្រើសតាំង​​តំ​​ណា​​ង​​រាស្រ្ត កាលពីឆ្នាំ២០១៨។ លោកបន្តថា បើពិនិត្យ​ទៅ​លើ​តួ​លេខ ចំនួ​ន​អ្នក​ចុះ​ឈ្មោះបោះ​ឆ្នោត នៅ​ពេល​នេះ​​​មាន​ឈ្មោះនៅ​ក្នុង​បញ្ជី​បោះឆ្នោតជិត ២០ម៉ឺន​នាក់ បើគិតជាភាគរយចំនួ​​ន​​​​​៥០​​ភាគរយ ដែល​ជា​ចំនួន​មួយ​​​ស្ទើ​​​រតែលើសពីការរំពឹងទុក នៅក្នុងផែនការដើម។

លោកបន្តថា៖ «មកដល់ថ្ងៃម្សិលមិញ(ថ្ងៃពុធ)បាន១៨ម៉ឺននាក់ជាងហើយ បាន​មកចុះឈ្មោះនៅទូទាំង​​ប្រ​​ទេ​​​​​ស​​។ នៅឆ្នាំនេះ មានសកម្មភាពផុលផុសជាងតាំងពី​ថ្ងៃចាប់ផ្តើមដំបូង ហើយដោយឡែកថ្ងៃអាទិត្យ​​ គឺសំ​​បូ​​រ​​​​​​អ្នកអញ្ជើញមក​ចុះណាស់ ហើយ​ថ្ងៃធ្វើការធម្មតាមានចំនួនតិចជាង»។

បើតាមលោក ហង្ស ពុទ្ធា នៅចំពោះមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏នឹងត្រៀមលុប​​ឈ្មោះ​​​​​​អង្គបោះឆ្នោ​​តចំនួន ១០ម៉ឺននាក់ ចេញពីបញ្ជីបោះឆ្នោតដែរ។ លោកបន្តថា បញ្ជីបោះឆ្នោតដែល គ.ជ.ប យ​​ក​ម​ក​​ប្រើប្រាស់ជាមូលដ្ឋាន ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣​ខាង​មុខ​​នេះ គឺ​​ជា​​បញ្ជី​​បោះឆ្នោតដែលបានប្រើប្រាស់ជាផ្លូវការ ដែល​បម្រើ​ឱ្យ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ​២០២២។

នេះជាលើកទី៧​ហើយ ដែលកម្ពុជា​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត ឬបោះឆ្នោតសភា​​តំ​​ណា​​​​ង​​រាស្រ្ត។ ក្រោយរបបខ្មែរក្រហម ត្រូវដួលរលំ និងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជាបាន​​រៀ​​ប​​ចំ​​ការបោះឆ្នោតជាលើកដំបូងរបស់ខ្លួន នៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរជាតិបណ្តោះអាសន្ន ដែ​​​ល​​ហៅកាត់ថា អ៊ុនតាក់។ ស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ ការបោះឆ្នោតកាលនោះ ត្រូវបាន​​អ​​ន្ត​​រ​​​ជាតិ​​ចាត់ទុកថា ជាដំណើរការមួយដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងមានយុត្តិធម៌។

ហាក់ផ្ទុយពីការលើកឡើងដោយ គ.ជ.ប នេះ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុម​​ហ្វ្រែ​​​​​​​​​ល លោក កន សាវាង្ស យល់ឃើញថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតកើនឡើងនេះ ហាក់មិនបានឆ្លុះ​​បញ្ចាំ​​ង​​​​ពី​​ការ​​បោះឆ្នោត ដែលធានាពីសេរី ត្រឹមត្រូវ និងយុត្តិធម៌បាននៅឡើយទេ។

ម្យ៉ាងវិញទៀត អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ យល់ឃើញថា ទាក់ទង​​នឹង​​​​បញ្ជី​​ឈ្មោះ​​បោះ​​ឆ្នោ​​ត​​ ឃុំ​​សង្កាត់ ក្នុងពេលកន្លងទៅ ដែលស្ថាប័ន គ.ជ.ប យកទៅប្រើប្រាស់ ក៏ស្ថិតនៅក្នុងមន្ទិលសង្ស័យដែរ ដែល​​បញ្ជី​​​​នោះរកឃើញថា ហាក់មិនមានតម្លា​​ភា​​ព​​​។

លោកបន្តថា៖ «ខ្ញុំនៅតែយល់​ឃើញ​ថា គ.ជ.ប មានករណី​មួយ​ចំនួន​ដែល​អាច​មាន​ការ​ខុស​ពី​ការ​វាយ​តម្លៃ​កន្លង​​​​មក ទាក់ទងនឹងដំណើរការនៃការចុះឈ្មោះហ្នឹង។ មានមូលហេតុអីបានជាខ្ញុំលើកអីចឹង យើង​ឃើញ​ឆ្នាំ​​​២​​០​​​២១ គ.ជ.ប បានធ្វើការប៉ាន់ប្រមាណ១លាន៦សែននាក់ សម្រាប់​​ប្រជាពលរដ្ឋចុះឈ្មោះ​បោះ​​ឆ្នោត ក៏​ប៉ុន្តែ​​​ក្រោ​​​​​​យ​​​​​មក គ.ជ.ប ឆ្នាំ២០២០ គ.ជ.ប ធ្វើការប៉ាន់ប្រមាណបានតែ ៤០ម៉ឺននាក់​ទេ ហើយ​នៅ​ក្នុង​នោះ​​​ដែរ​​​នៅ​​ក្នុង​ឆ្នាំ​២០២១ ​​​យើ​ង​​​ឃើញថា ក្នុង​ចំណោម​១លាន៦សែន​នោះ គឺ គ.ជ.ប ចុះ​បាន​តែ​៤០​ម៉ឺន​នាក់​ដែ​រ គឺ​នៅ​​​សល់​​​១លាន២សែននាក់ទៀត។ ប៉ុន្តែនៅឆ្នាំ​២០២២ គ.ជ.ប យកតួលេខប៉ាន់​ប្រមាណហ្នឹ​ង និងតួ​លេខ​ដែល​ធ្វើការ​ចុះឈ្មោះ​សម្រាប់​ឆ្នាំ២០២១​ហ្នឹង គឺតួលេខ​ហ្នឹង​ស្មើ​គ្នា​ជាមួយ​នឹង​ការ​ចុះ​បាន​ក្នុង​ឆ្នាំ២០២១ អីចឹង​យើងឃើញ​ថាតួលេខនេះ និងការប៉ាន់ប្រមាណនេះ យើងហាក់មានការយល់ឃើញថា គ.ជ.ប ដូ​ច​ជាមានការទម្លាក់ដើម្បីតម្រូវនៃការចុះ ដោយសារតែតួលេខប្រចាំឆ្នាំ ឬយ៉ាង​ម៉េច​យើង​ក៏​មិន​ដឹង​ដែរ។ យើ​​ង​​​គ្រាន់តែធ្វើការសន្និដ្ឋានទេ »។

កាលពីចុងខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះ​​ឆ្នោត​​​​​​ជ្រើស​​តាំង​​​តំណា​​ងរាស្រ្ត​​ស​​ម្រា​ប់នីតិកាលទី៧។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់អះអាងនៅ​​ក្នុង​​វេ​​ទិ​​កាសា​​ធារណៈមួយ ក្នុង​ឆ្នាំ​២០២២នេះថា ​​ក្រោ​​​​​យ​​ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ទៅ លោក​​មាន​​សុទិដ្ឋិនិយមថា រដ្ឋា​​ភិ​​បា​ល​​​របស់លោក​​នឹងឈប់​​មា​ន​​ការ​​រិះគន់ថា ជារដ្ឋសភាជាតិ​​ដឹកនាំ​​តាមរបៀបឯក​​បក្ស​​ទៀតហើយ ព្រោះ​​នឹង​មានបក្សនយោ​​បា​យ​​ផ្សេង ចូ​​ល​​​​ធ្វើការជាមួយដែរ។

បញ្ញត្តិមាត្រា ៤៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កំណត់ថា ប្រជាពលរដ្ឋម្នាក់ៗ ត្រូវ​​មាន​​​ឈ្មោះតែមួយ ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៃការិយាល័យបោះឆ្នោតតែមួយគត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ