មន្ត្រីអាដហុក សង្ឃឹម​ថា​តុលាការ​កំពូល​នឹង​ទម្លាក់​ចោល​បទចោទ​ប្រកាន់​ទៅលើ​ពួកគេ

មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក នី សុខា ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធករណី «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» នៅក្រៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ប្រធាន​​សមាគមការពារសិទ្ធិមនុស្ស​​​អាដ​​ហុក បង្ហាញ​ក្ដីសង្ឃឹមថា តុលាការ​កំពូលនឹង​​ទម្លាក់​ចោល​​រាល់ប​​ទ​ចោ​ទ​ប្រកាន់ទៅ​​លើ​បុគ្គលិក​ និង​អតីតបុគ្គលិក​​អាដហុក​​ទាំង​៥រូប​ ដើម្បី​ផ្ដល់យុត្តិ​ធម៌​ដល់​ពួកគាត់​​ដែល​​ជា​​អ្នក​ធ្វើ​ការ​ងារផ្នែក​សិទ្ធិមនុស្សនិង​សង្គម​។

ការបង្ហាញ​ក្ដីសង្ឃឹម​នេះធ្វើឡើងស្រប​ពេល​តុលាការកំពូលបានបើកសវនាការលើ​បណ្ដឹង​សាទុក្ខរបស់​មន្ត្រី​ជាន់​ខ្ពស់​សមាគមអាដហុក​ ចំនួន​៣រូប និង​​អតីត​បុគ្គលិក​អាដហុក ២រូប នា​​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ក្រោយ​​​ពួកគាត់​មិន​សុខចិត្តចំពោះសេចក្ដីសម្រេចរបស់តុលាការ​ជាន់​ទាប ដែលបាន​ផ្តន្ទា​ទោស​ឱ្យ​ពួកគាត់​ជាប់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ​ ក្រោម​​បទចោទប្រកាន់​ «សូក​ប៉ាន់​សាក្សី និង​សមគំនិត​សូក​ប៉ាន់​សាក្សី»

ប្រ​​ធាន​​​សមាគ​ម​​​ការ​ពារ​សិទ្ធិ​​មនុស្ស​អាដ​ហុក លោក នី សុខា​ ប្រាប់អ្នកសារព័ត៌មាន​បន្ទាប់​ពី​ចូល​ស្ដាប់​សវនាការ​ថា ពួក​គាត់​ប្ដឹង​សាទុក្ខ​នេះ ដោយ​សារតែ​សាលា​ដំបូង និង​សាលាឧ​ទ្ធរណ៍រាជ​ធានី​ភ្នំពេញ​ បាន​ចោទប្រកាន់ពួកគាត់ទាំងបំភ្លៃ និង​ខុសពីការពិត។ លោក​បន្ត​ថា ពួក​គាត់ទាំង​អស់​គ្នាធ្វើ​ការងារ​ដើម្បីផលប្រយោជន៍សង្គម ពង្រឹង​វិស័យ​​សិទ្ធិមនុស្ស និងយុត្តិធម៌ បែរជាយក​អ្វី​ដែលពួកគាត់ជួយសង្គម មកចោទប្រកាន់លើពួកគាត់ទៅវិញ។

លោកថា៖ «គាត់ចង់សំដៅទៅលើកញ្ញា ស្រីមុំ​ ថា​យើង​ទៅ​សូក​ប៉ាន់​គាត់​ជា​សាក្សី ប៉ុន្តែ​បើ​យើងពិនិត្យ​មើល​​ក្នុង​​ដីកា​លិខិត​​អញ្ជើញ​របស់​ក្រសួង​​មហា​ផ្ទៃ ដីកា​កោះព្រះរាជ​អាជ្ញា បាន​បញ្ជាក់ពីឋា​នៈរបស់ ស្រីមុំ ​ថា​ជា​ជន​សង្ស័យ ដូច្នេះ​គាត់ប្រឹងបកស្រាយបំភ្លៃផ្លូវច្បាប់​ថាយើង​ទៅ​សូក​ប៉ាន់​សាក្សី។ ដូច្នេះ​ បើយើងមើលទៅលើផ្លូវ[ច្បាប់] គឺ​វាអត់​មាន​តែ​ម្ដង អត់​មាន​អង្គហេតុអីគ្រប់គ្រាន់ និងធាតុផ្សំគ្រប់គ្រាន់​មកធ្វើការចោទប្រកាន់ពួកយើងទេ»។

លោក នី សុខា​ ចាត់ទុកការសម្រេចរបស់តុលាការថ្នាក់ក្រោម ដែល​ចោទប្រកាន់និង​កាត់ទោស​ឱ្យ​ពួកគាត់ជាប់​ពន្ធនាគារ​ ថាជារឿងអយុត្តិធម៌​សម្រាប់អ្នក​ធ្វើការងារ​សង្គម។ តែយ៉ាងណា លោក​សង្ឃឹមថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ដល់ពួកគាត់ ដោយ​លើកលែងការចោទប្រកាន់​ទាំង​អស់ដែលតុលាការបានសម្រេច។

លោកថា៖ «អ្វីដែល​យើង​ស្នើ​ឱ្យមានការលើកលែងការចោទប្រកាន់ ទី១ គឺ​វា​បង្ហាញពីភាព​ផ្ដល់​យុត្តិធម៌​ដល់ពួក​យើង​ផង។ ទី២ វា​បង្ហាញ​ការផ្ដល់យុត្តិធម៌សម្រាប់សង្គមទាំងមូល ពីព្រោះ​អ្នកដែលធ្វើការងារសង្គម យ៉ាងហោច​ណាស់​ក៏ត្រូវទទួលបានយុត្តិធម៌ដែរ។ យើងខំធ្វើការងារជួយសង្គម បែរជារងនូវភាព​​អយុត្តិធម៌ទៅ​វិញ អាហ្នឹងវាអមនុស្សធម៌ណាស់។ ដូច្នេះ​យើងចង់បានយុត្តិធម៌សម្រាប់ខ្លួនឯង​ផង ប៉ុន្តែ​យើង​ចង់​បាន​យុត្តិធម៌សម្រាប់​សង្គម​ទាំងមូល​ ហើយ​ក៏ចង់បានយុត្តិធម៌សម្រាប់អ្នកការពារសិទ្ធិមនុស្សផ្សេងៗទៀតដែលគ្នាខិតខំធ្វើការក្នុង​វិស័យការពារសិទ្ធិមនុស្ស គឺត្រូវទទួលបានយុត្តិធម៌​ពីសង្គមហ្នឹងផង»។

តែយ៉ាងណា នៅក្នុងបន្ទប់សវនាការ នាព្រឹកថ្ងៃសុក្រនេះ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការតុលាការកំពូល លោក ង៉ែត សារ៉ាត បាន​ឡើង​ធ្វើ​សេចក្ដី​សន្និ​ដ្ឋាន ដោយ​ស្នើ​ទៅ​ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក និល ណុន ឱ្យតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាប ទុកជាបានការដដែល ដោយចាត់ទុកការសម្រេចរបស់តុលាការជាន់ទាបទាំង២ ថាជារឿងត្រឹមត្រូវ។

សម្រាប់​ក្រុមមេធាវីការពារក្ដីឱ្យបុគ្គលិក និងអតីតបុគ្គលិក​សមាគម​អាដហុក​ បានលើកឡើងក្នុង​សេច​ក្ដី​សន្និដ្ឋាន​ថា តុលាការថ្នាក់ក្រោម​ បានធ្វើការកាត់សេចក្ដីដោយបំពាន​ច្បាប់ និង​បំភ្លៃអង្គ​ហេតុ។ ករណីនេះ ក្រុមមេធាវីបាន​ស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ ទម្លាក់​បទ​ចោទប្រកាន់​​លើ​​កូន​ក្ដី និង​បដិសេធ​បណ្ដឹង​ព្រះរា​ជអាជ្ញាសាលាដំបូង​ដែល​ប្ដឹង​ឱ្យ​លុប​ចោល​ទោសព្យួរ​ទៅ​លើ​បុគ្គលិក និងអតីត​បុគ្គលិក​សមាគម​អាដហុក​ទាំង៥រូប ដោយ​គ្មាន​ដីកា​បង្វិល​សំណុំរឿង​ផង​ដែរ។

តែយ៉ាងណា ប្រធាន​ក្រុម​ប្រឹក្សាជំ​នុំ​ជម្រះ​នៃតុ​លាការកំពូល លោក និល ណុន បាន​សម្រេចប្រកាស​សាលដីកា​លើ​សំណុំ​រឿងនេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ខាងមុនេះ។

នាយិកា​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ដែលឃ្លាំមើលសវនាការ​នា​ថ្ងៃ​នេះ មាន​ប្រសាសន៍​ថា បើតា​ម​អង្គ​ហេតុ​​និង​អង្គច្បាប់ មេធាវីការពារ​បាន​អះ​អាងហើយ​ថា ​តុលាការ​​គួ​រ​​ពិចារណា និងថ្លឹងថ្លែងទម្លាក់​បទ​​ចោទ​ប្រកាន់​​លើ​បុគ្គលិក និងអតីតបុគ្គលិក​សមាគមអាដហុក​ទាំង​៥​រូប។ យ៉ាងណា ​លោក​​ស្រីយ​ល់​ថា​ សំណុំ​រឿងនេះមាន​ពាក់ព័ន្ធ​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្តច្បាប់ រហូតឈានទៅធ្វើទុក្ខបុក​ម្នេញ​លើ​អង្គ​ការសង្គម​ស៊ី​វិល។

លោកស្រីថា៖ «​ពួកគាត់ទាំង៥​រូបនេះមិនគួរត្រូវបានចាប់ខ្លួននិង​ចោទប្រកាន់នោះទេ ហើយការឃុំខ្លួន​ទៅលើ​ពួក​គាត់ទាំង៥រូប ក្នុង​រយៈ​ពេល​ជាង១​ឆ្នាំកន្លងមកនេះ គឺជាអំពើមួយអយុត្តិធម៌មួយរួច​ទៅហើយ។ ​អ៊ីចឹង​អ្វីដែល​គួរ​តែ​ជាភា​ព​ត្រឹមត្រូវនៅក្នុងដំណើរការនេះ នៅក្នុងដំណាក់កាលតុលាការកំពូលនេះ ខ្ញុំសង្ឃឹម​ថា តុលាការនឹង​ពិចារណាទ​ម្លាក់​បទចោទប្រកាន់ទៅលើពួកគាត់ទាំង៥រូប​​​ ​ដើម្បី​ផ្ដល់​ភាព​ស្អាត​ស្អំនិងយុត្តិធម៌ដល់​ពួក​គាត់ដែល​គ្រាន់​តែ​បំពេញ​វិជ្ជាជី​វៈស្រប​ច្បាប់ ដែលគួរតែទទួលនូវការសាទរ ជាជាង​ការ​យាយី ឬ​ការចោទប្រកាន់បែបនេះ»។

បុគ្គលិក និងអតីតបុគ្គលិកស​មាគម​ការពារសិទ្ធិ​មនុស្ស​អាដ​ហុក ៥​រូប​នោះ រួម​​មាន ​​លោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី និង​អតីតមន្ត្រីអាដហុកចំនួន២រូបទៀត គឺ​លោក ណៃ វ៉ង់​ដា និងលោក នី ចរិយា

ពួកគាត់ទាំង​៥​រូបត្រូវ​​បាន​​សាលាដំបូង​រាជធានីភំ្នពេញ កាត់ទោសឱ្យជាប់ពន្ធនា​គារ​ម្នាក់ៗ​​​ចំនួន​​៥​​ឆ្នាំ​ ក្រោមបទចោទ​ប្រកាន់​​ «សូកប៉ាន់​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​»។ ប៉ុន្តែ​​តុលាការ​សម្រេច​​​ឱ្យអនុ​វ​ត្ត​​ទោសក្នុង​ពន្ធ​នា​គារ​រយៈ​ពេល​​១៤​​ខែ ​ហើយ​ទោសដែលនៅ​សល់​ត្រូវ​​ព្យួរ​។

ពួកគាត់ទាំង​៥នាក់ត្រូវ​បានសមត្ថកិច្ច​ចាប់ខ្លួនកាលពី​​ខែ​មេ​សា ​ឆ្នាំ​២០១៦ ដោយរងការចោទ​ថា​បាន​​ផ្ដល់​​ប្រាក់​​ជាង​២០០​ដុល្លារ ទៅ​ឱ្យអ្នក​នាង​ ខុម ចាន់តារាទី ហៅ ស្រីមុំ ក្នុងនាម​ជនរងគ្រោះដែលរត់មករកអាដហុក​ឱ្យ​ជួយ​​ពេល​នោះ។

ស្ត្រីឈ្មោះ ខុម​ ចាន់តារាទី នៅពេលនោះ ត្រូវបាន​គេ​ចោទថាជាស្រីកំណាន់របស់​លោក កឹម សុខា ដែលមានតួនាទីជាអនុប្រធានគណបក្សសង្គ្រោះជាតិ ពេលនោះ។ ពួកគាត់​ទាំង៥នាក់ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ព្រៃ​ស ​កាលពី​ថ្ងៃ​ទី​១​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ រហូត​ដល់មាន​ការដោះលែងពួកគេឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ